ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។
អ្នកជំនាញក្នុងវិស័យភាពយន្ត និងសិល្បៈវប្បធម៌ ជំរុញឱ្យកម្ពុជាប្រើប្រាស់ភាពយន្ត តន្ត្រី និងបច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងអត្តសញ្ញាណវប្បធម៌ខ្មែរទៅកាន់ពិភពលោក ខណៈអ្នកដឹកនាំរឿងលើកឡើងពីកង្វះមូលនិធិសម្រាប់ការផលិតភាពយន្ត។
ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចពិភាក្សាស្តីពី «បេតិកភណ្ឌរស់ក្នុងយុគសម័យឌីជីថល» (បច្ចេកវិទ្យាសម្រាប់វិស័យទេសចរណ៍ និងវប្បធម៌) ក្រោមប្រធានបទ «នវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវ ដើម្បីទេសចរណ៍ប្រកបដោយចីរភាព និងការតភ្ជាប់អន្តរវប្បធម៌ដើម្បីសន្តិភាព» នៅក្នុងពិព័រណ៍ហ្វ្រង់កូតិច (FrancoTech) ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កាលពីសប្ពាហ៍នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
វេទិកាពិភាក្សានេះមានគោលបំណងស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យានិម្មិត (AR/VR/XR) ការគ្រប់គ្រងគោលដៅទេសចរណ៍ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ការរក្សាទុក និងចងក្រងឯកសារបេតិកភណ្ឌតាមប្រព័ន្ធឌីជីថល ព្រមទាំងការប្រើប្រាស់កម្មវិធីពហុភាសា ដើម្បីលើកកម្ពស់បទពិសោធន៍ភ្ញៀវទេសចរ និងថែរក្សាអត្តសញ្ញាណបេតិកភណ្ឌរបស់សហគមន៍មូលដ្ឋាន។
លោក សុខ វិសាល ស្ថាបនិកក្រុមហ៊ុន KlapYaHandz និង 802 Films នៅកម្ពុជា បានលើកឡើងពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថលក្នុងការផ្សារភ្ជាប់វិស័យភាពយន្ត តន្ត្រី និងសិល្បៈវប្បធម៌ ដើម្បីបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍ និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌កម្ពុជាទៅកាន់ពិភពលោក។
លោកបានបញ្ជាក់ថា ការប្រើប្រាស់បណ្តាញសង្គមតាមរយៈការចែករំលែករូបភាព និងបទពិសោធន៍ផ្ទាល់ខ្លួន អាចបង្កើតភាពទាក់ទាញ និងជួយឱ្យមនុស្សនៅជុំវិញពិភពលោកស្គាល់ពីវប្បធម៌ផ្សេងៗគ្នា។
លោកថ្លែងថា៖ «យើងអាចថតរូប Selfie ដែលមានភាពទាក់ទាញ រួចបង្ហោះចែករំលែកនៅលើបណ្តាញសង្គម។ ការចែករំលែកទាំងនេះអាចបង្កើតភាពទាក់ទាញ និងជួយឱ្យមនុស្សស្គាល់ពីវប្បធម៌ផ្សេងៗគ្នា»។
លោកបន្ថែមថា ការបង្កើតវេទិកា និងគម្រោងថ្មីៗសម្រាប់សិល្បករ អាចជួយឱ្យពួកគេពង្រីកទំនាក់ទំនងជាមួយអ្នកគាំទ្រនៅជុំវិញពិភពលោក និងបង្កើតឱកាសផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាផងដែរ។
លោកថ្លែងថា៖ «យើងអាចបង្កើតទំនាក់ទំនងយូរអង្វែងបាន ពីព្រោះអ្នកគាំទ្រមាននៅគ្រប់ទីកន្លែង»។
លោក Soreasmey KE BIN អ្នកសម្របសម្រួលកិច្ចពិភាក្សា និងជាស្ថាបនិក ព្រមទាំងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Confluences បានយល់ស្របថា សិល្បករ តន្ត្រីករ និងផលិតករភាពយន្ត គឺជាតួអង្គសំខាន់ក្នុងការលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា និងវិស័យទេសចរណ៍។
លោកពន្យល់ថា ភាគីពាក់ព័ន្ធគួរចូលរួមផ្តល់មធ្យោបាយ បង្កើតរចនាសម្ព័ន្ធ និងបរិយាកាសអំណោយផល ដើម្បីគាំទ្រដល់តន្ត្រីករ និងផលិតករឱ្យអាចបង្កើតស្នាដៃ និងផ្សព្វផ្សាយព័ត៌មានអំពីកម្ពុជាទៅកាន់ភ្ញៀវអន្តរជាតិ។
ចំណែកលោក មុនី កណ្ណដារង្គ អ្នកដឹកនាំរឿង បានលើកឡើងថា វិស័យភាពយន្តមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ ព្រោះភាពយន្តមិនត្រឹមតែបង្ហាញទេសភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតទំនាក់ទំនង អារម្មណ៍រវាងអ្នកទស្សនា និងទីតាំងដែលបានបង្ហាញក្នុងសាច់រឿងផងដែរ។
លោកបានពន្យល់ថា នៅពេលភាពយន្តមានសាច់រឿងទាក់ទាញ និងផ្សារភ្ជាប់ជាមួយទីតាំងជាក់លាក់ អ្នកទស្សនាអាចមានអារម្មណ៍ចង់ទៅទស្សនាទីតាំងនោះដោយផ្ទាល់ ជាពិសេសនៅពេលទីតាំងនោះមានទំនាក់ទំនងជាមួយតួអង្គ ឬសាច់រឿងដែលពួកគេចូលចិត្ត។
លោកបានលើកឧទាហរណ៍ថា៖ «ដូចភាពយន្តហូលីវូដ Tomb Raider ដែលសម្តែងដោយ Angelina Jolie ថា ភាពយន្តនេះបានជួយធ្វើឱ្យតំបន់ប្រាសាទតាព្រហ្មមានភាពល្បីល្បាញ និងបន្តទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាជាច្រើនឆ្នាំក្រោយការចាក់បញ្ចាំង»។
ទោះជាយ៉ាងណា លោកបានកត់សម្គាល់ថា វិស័យភាពយន្តកម្ពុជានៅតែប្រឈមនឹងបញ្ហាកង្វះថវិកា និងការវិនិយោគ ជាពិសេសការវិនិយោគលើភាពយន្តដែលផ្តោតលើការអភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ និងអក្សរសិល្ប៍ខ្មែរ។
លោកក៏បានលើកឡើងពីកង្វះធនធានមនុស្សផ្នែកនិពន្ធសាច់រឿង ដោយយល់ថា កម្ពុជាត្រូវការសាច់រឿងថ្មីៗ និងមានលក្ខណៈដើម ដែលអាចរក្សាអត្តសញ្ញាណខ្មែរ ព្រមទាំងធ្វើឱ្យទស្សនិកជនអន្តរជាតិអាចយល់ និងចាប់អារម្មណ៍បាន។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ លោកបានស្នើឱ្យមានការបង្កើតមូលនិធិគាំទ្រវិស័យភាពយន្ត (Film Fund) ដើម្បីជួយដល់ផលិតករដែលចង់ផលិតភាពយន្តពាក់ព័ន្ធនឹងវប្បធម៌ និងគោលដៅទេសចរណ៍កម្ពុជា។ លោកក៏បានលើកឡើងពីភាពចាំបាច់ក្នុងការផ្តល់ការលើកទឹកចិត្តផ្នែកនិពន្ធ និងសម្រួលនីតិវិធីដល់ផលិតករបរទេសដែលចង់មកថតភាពយន្តនៅកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងការគាំទ្រវិស័យនេះ លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌ខេមបូចាថា ដោយយល់ពីសារៈសំខាន់នៃឧស្សាហកម្មភាពយន្តក្នុងការជំរុញវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត។
លោកបានឱ្យដឹងថា ក្រុមការងារនេះមានតួនាទីរៀបចំផែនការយុទ្ធសាស្ត្រ និងសកម្មភាពគាំទ្រវិស័យទេសចរណ៍ភាពយន្ត ព្រមទាំងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងដៃគូជាតិ-អន្តរជាតិពាក់ព័ន្ធនឹងដំណើរការផលិតភាពយន្ត បទចម្រៀងទេសចរណ៍ និងស្ពតពាណិជ្ជកម្ម ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ព្រមទាំងសម្របសម្រួលនីតិវិធី និងដោះស្រាយបញ្ហាប្រឈមនានា។
ក្រសួងក៏បានលើកឡើងពីការសិក្សាបង្កើតមូលនិធិគាំទ្រវិស័យភាពយន្តកម្ពុជា តាមរយៈភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រមទាំងការពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រឧស្សាហកម្មភាពយន្ត។
ក្រសួងទេសចរណ៍ក៏បានលើកឧទាហរណ៍ពីកិច្ចសហការជាមួយផលិតកម្មភាពយន្ត និងក្រុមហ៊ុនអន្តរជាតិមួយចំនួន រួមមាន ការសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោក Marc Forster អ្នកដឹកនាំរឿង និងផលិតករភាពយន្តហូលីវូដ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ និងលទ្ធភាពនៃការផលិតភាពយន្តនៅកម្ពុជា។
បើយោងតាម ស្ថិតិទេសចរប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២,៤លាននាក់ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៦។ តួលេខនេះបានថយចុះប្រមាណ ៤៣,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៤លាននាក់៕










