លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញឱ្យពលរដ្ឋសិក្សាស្រាវជ្រាវនិងបង្កើតស្នាដៃអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាដោយខ្លួនឯង ខណៈលោកសង្កេតឃើញកន្លងមក ប្រជាជនខ្មែរសិក្សាពីប្រវត្តិសាស្ត្ររបស់ខ្លួនពីស្នាដៃសរសេរដោយបរទេស។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រី បានកើតឡើងកាលពីព្រឹកថ្ងៃទីទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា (១៩២៦-២០២៦) ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅរកការលើកកម្ពស់អត្តសញ្ញាណជាតិ» នៅបរិវេណបណ្ណាល័យជាតិ រាជធានីភ្នំពេញ។
លោក ហ៊ុន ម៉ាណែត បានចាត់ទុកបណ្ណសារដ្ឋានជាតិ ដែលជាកន្លែងរក្សាឯកសារជាតិសំខាន់ៗនោះ ជាទីតាំងបេតិកភណ្ឌជាតិ ព្រោះទីនោះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្តសញ្ញាណជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី។
លោកមានប្រសាសន៍ថា៖ «តាមរយៈតួនាទីរបស់បណ្ណសារដ្ឋានជាតិ ដែលជាទីតាំងតម្កល់ឯកសារប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និងកំណត់ត្រាផ្លូវការដែលមានប្រភពច្បាស់លាស់ បានធ្វើឱ្យទីតាំងនេះក្លាយជាប្រភពភស្តុតាងដែលមានតម្លៃសម្រាប់គាំទ្រដល់ការសិក្សា ការកំណត់ជំហរផ្លូវការ និងការការពារផលប្រយោជន៍ជាតិ»។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី បានសង្កេតឃើញថា ប្រជាជនប្រទេសជឿនលឿនមួយចំនួនបានច្រងក្រង ប្រវត្តិសាស្ត្រខ្លួនដោយខ្លួនឯង ខណៈប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ត្រូវបានចងក្រងដោយជនបរទេសទៅវិញ។ ករណីនេះ លោក ហ៊ុន ម៉ាណែត បារម្ភពីហានិភ័យផ្សេងៗដែលអាចកើតមាន ក្នុងករណីពលរដ្ឋខ្មែរដកស្រង់ឯកសារដែលបរទេសចងក្រង អាចមានកង្វះចន្លោះនៃការស្រាវជ្រាវណាមួយពីសំណាក់អ្នកស្រាវជ្រាវជនបរទេសទាំងនោះ។
«ខ្ញុំចូលទៅក្នុងបណ្ណាល័យនៅអាមេរិក នៅអង់គ្លេស ឃើញតែប្រវត្តិសាស្ត្រដែលសរសេរដោយប្រទេសជនជាតិគេ។ ខ្មែររៀនប្រវត្តិសាស្ត្រខ្មែរពីជនបរទេស សរសេរឱ្យប្រទេសយើង អ៊ីចឹងបានត្រូវការលើកទឹកចិត្តឱ្យខ្មែរស្រាវជ្រាវ កូនខ្មែរស្រាវជ្រាវបង្កើតស្នាដៃចែករំលែកទៅ»។ លោក ហ៊ុន ម៉ាណែត បន្ថែមថា៖ «ការរក្សាឯកសារនៅក្នុង archive ស្លឹករឹតក៏យើងមាន សារមន្ទីរ មានអីផ្សេងៗទៀតទុករក្សា ហើយធ្វើម៉េចបំផុសឱ្យប្រើ រក្សាហើយត្រូវបំផុសឱ្យប្រើ[…]គោលគារណ៍រាជរដ្ឋាភិបាលធ្វើម៉េចទីមួយថែរក្សាឱ្យបានល្អ ឱ្យបានយូរអង្វែង ប៉ុន្តែត្រូវមានលទ្ធភាពចែករំលែកដើម្បីស្រាវជ្រាវ»។
លោក សេង ម៉ានោឫទ្ធិ អគ្គនាយកនៃអគ្គនាយកដ្ឋានរាជកិច្ច និងបណ្ណសារជាតិ បានប្រាប់សារព័ត៌មានខេមបូចា កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកានេះថា ពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា មានរយៈពេល ៣០ថ្ងៃ ដោយ៥ថ្ងៃដំបូងមានពិព័រណ៍សៀវភៅផង។ លោកបានឱ្យដឹងទៀតថា ពិព័រណ៍នេះនឹងតាំងបង្ហាញខ្លឹមសារឯកសារទាំងមុនសម័យអង្គរ សម័យអង្គរ ក្រោយសម័យអង្គរ ព្រមទាំងបង្ហាញពីការវិវឌ្ឍនៃរបៀបរក្សាទុកឯកសារចាប់ពីការកកើតនៃបណ្ណសារជាតិ មក។
ជាមួយគ្នានេះ លោកបានសង្កេតឃើញថា ពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជានេះ មានអ្នកចូលរួមច្រើន។ «មានការចូលរួមច្រើន ហើយក៏មានការភ្ញាក់ផ្អើលច្រើនដែរ ដោយសារតែកន្លងមកហ្នឹង មិនសូវជាមានអ្នកចាប់អារម្មណ៍ថាតើបណ្ណសារដ្ឋានជាអ្វី នៅទីណា មានអ្វីខ្លះនៅក្នុងនោះ យើងអាចមកស្វែងរកអីបានខ្លះ»។
យ៉ាងណាក៏ដោយ លោក សេង ម៉ានោឫទ្ធិ បានលើកឡើងថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ប្រជាជនខ្មែរត្រូវតែសិក្សាស្វែងយល់ពីប្រវត្តិសាវតារបស់ប្រទេសខ្លួន ដោយលោកចាត់ទុកថា ការសិក្សាប្រវត្តិសាស្រ្ត ជាការផ្តល់តម្លៃដល់ជាតិសាសន៍របស់ខ្លួន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ការសិក្សាប្រវត្តិសាស្រ្តវាមិនមែនគ្រាន់តែជាសារសំខាន់នៅពេលដែលយើងមានបញ្ហាជម្លោះណាមួយទេ តែវាជាការផ្តល់តម្លៃទៅលើប្រវត្តិសាស្រ្តនេះ គឺជាសារសំខាន់មួយគ្រប់ពេលវេលា។ អ៊ីចឹងយើងត្រូវតែស្គាល់និងដឹងថា ខ្លួនឯងជាអ្នកណា កើតមកពីណា ហើយធ្លាប់មានភាពខ្លាំងយ៉ាងណា ភាពខ្សោយយ៉ាងណា ទើបយើងអាចអភិវឌ្ឍខ្លួនទៅមុខទៀតបាន»។
ជាមួយហេតុផលនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានរាជកិច្ច និងបណ្ណសារជាតិ លោក សេង ម៉ានោឫទ្ធិ បានលើកទឹកចិត្ដឱ្យសិស្សានុសិស្ស មន្រ្តីរាជការចូលរួមក្នុងពិព័រណ៌នេះ ដើម្បីបានស្គាល់បណ្ណសារដ្ឋានជាតិកាន់តែច្រើនទៀត ព្រមទាំងស្គាល់ពីប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងដឹងពីការងាររបស់បណ្ណសារដ្ឋានជាតិកន្លងមក ក្នុងការរក្សាឯកសារសំខាន់ៗ។

ចំណែកនិស្សិតបរិញ្ញាបត្រគិលានុបដ្ឋាកនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឈ្លឿត ស្រីណុង បានប្រាប់ថា នេះជាលើកទីមួយដែលកញ្ញាបានមកបណ្ណសារដ្ឋានជាតិនៃកម្ពុជា ហើយ ស្រីណុង ចាប់អារម្មណ៍រូបថតនៃខេត្តសៀមរាបពីឆ្នាំ១៩៩២ ដែលតាំងបង្ហាញក្នុងពិព័រណ៍ ព្រោះឃើញថា សៀមរាបជំនាន់នោះនិងពេលបច្ចុប្បន្នមានភាពខុសគ្នាខ្លាំង។
ស្រីណុង បាននិយាយថា៖ «ខ្ញុំអ្នកសៀមរាបដែរ អ៊ីចឹងទៅ រូបហ្នឹងវាមើលទៅប្លែក មានការផ្លាស់ប្ដូរច្រើនតាំងពី១៩៩២មកដល់ឥឡូវ ហើយនិងរូបភាពផ្សេងៗទៀតដែលអត់ដែលបានឃើញពីមុន ហើយខ្ញុំគិតថា ការចងក្រងឯកសារហ្នឹងវាជារឿងមួយដែលល្អមែនទែន ដោយសារតែវាបង្ហាញឱ្យកូនចៅជំនាន់ក្រោយគាត់បានឃើញពីរូបភាពពីដើមៗ ថាតើការអភិវឌ្ឍន៍ពីមុនមកដល់ឥឡូវហ្នឹងមានការផ្លាស់ប្ដូរអីខ្លះពីមួយជំនាន់ដល់មួយជំនាន់»។
យុវតីវ័យ ២១ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា នាងចូលចិត្តសិក្សាពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងធ្លាប់មានឱកាសសិក្សា ព្រមទាំងទស្សនកិច្ចនៅតាមប្រាសាទតាំងតែពីខ្លួនរៀននៅអនុវិទ្យាល័យ។ សម្រាប់ ស្រីណុង ការចេះដឹងពីប្រវត្តិសាស្ត្រជាតិមានសារៈសំខាន់ណាស់ ហើយនាងចង់ឱ្យប្រជាពលរដ្ឋខ្មែរសិក្សាឱ្យបានច្រើន។
កញ្ញា ស្រីណុង បានបញ្ជាក់ថា៖ «នៅពេលមានដូចជាជនជាតិ ឬមួយក៏អ្នកដែលគេមកពីឆ្ងាយគេសួរយើងទាក់ទងនឹងប្រវត្តិសាស្ត្រ ពេលដែលយើងដឹងច្រើន គេក៏យល់ច្រើនពីកម្ពុជាយើងដូចគ្នា»។
ចំពោះលោក គីរី រ័ត្ន ជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏បានឆ្លៀតចូលទស្សនាពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា ពេលលោកឆ្លងកាត់ទៅទទួលកូនចេញពីសាលារៀន។ ទោះបីជាលោកធ្លាប់ចូលបណ្ណាល័យជាតិជាច្រើនហើយញឹកញាប់ផងនោះ តែលោកមិនដែលបានលឺពីបណ្ណសារដ្ឋានជាតិនៃកម្ពុជាទេ ហេតុនេះលោកនឹងនាំកូនៗរបស់លោក មកទស្សនាពិព័រណ៍នៅបណ្ណសារដ្ឋានជាតិនេះដែរ បើសិនជាពួកគេមានពេលទំនេរ។
បុរសវ័យ៦៣ឆ្នាំរូបនេះ បានលើកឡើងថា៖ «នៅសល់ពេលបន្តិចបន្តួចហ្នឹងក៏មើលអស់ហ្នឹងទៅ ហើយស្អែកនេះខ្ញុំនឹងមកមើលទៀតហើយអាន ព្រោះមិញហ្នឹងដើរមើលអត់បានអានទេ»។
ជាមួយគ្នានេះ មន្ត្រីចូលនិវត្តន៍ លោក គីរី រ័ត្ន ចង់ឱ្យយុវជនដែលបានចូលរួមពិព័រណ៍នៅបណ្ណសារដ្ឋានជាតិ ថតពីសកម្មភាពចូលរួម និងផ្សព្វផ្សាយតាមបណ្ដាញសង្គមឱ្យបានទូលំទូលាយ។
លោកបន្ថែមថា៖ «សំណូមពរឱ្យមានអ្នកចូលរួមឱ្យបានច្រើននៅក្នុងព្រឹត្តិការណ៍ហ្នឹង[…]យុវជនយុវតីយើង ទាំងអ្នកដែលមិនទាន់បានមក សូមអញ្ជើញមកទស្សនាស្វែងយល់ពីអ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរយើង ហើយទាំងយុវជនយុវនារីដែលបានមកហើយហ្នឹង បើសិនជាអាចថតឬក៏បញ្ចេញមតិនៅក្នុងប្រព័ន្ធ Facebook, Social media បណ្ដាញសង្គមជួយផ្សព្វផ្សាយបន្តទៀត»។
ចំណែកលោក ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម ចាត់ទុកបណ្ណសារដ្ឋានជាតិនៃកម្ពុជា ជាឃ្លាំងឯកសារមួយដ៏មានសារៈសំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវ ព្រោះនៅទីនោះមានឯកសារជាច្រើនពាក់ព័ន្ធនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌រឿងរ៉ាវនៃទំនាក់ទំនងអន្តរជាតិផង ព្រមទាំងកិច្ចព្រមព្រៀង សន្ធិសញ្ញា ផែនទីជាដើម។
លោកថ្លែងថា៖ «ឥឡូវនេះ កម្ពុជាកំពុងតែមានជម្លោះ វិវាទជាមួយនឹងប្រទេសថៃ អ៊ីចឹងយើងក៏ត្រូវស្រាវជ្រាវមើលឯកសាររឿងរ៉ាវតាំងពីមុនមកក៏មានតម្កល់នៅទីនោះដែរ អាចមានសាលក្រម សាលដីកា ផែនទី មានសន្ធិសញ្ញា អនុសញ្ញា[…]វាជាភស្តុតាងមួយដ៏សំខាន់សម្រាប់កម្ពុជាយកប្រើប្រាស់នៅក្នុងការចរចា ជជែក តតាំងជាមួយនឹងភាគីថៃ អ៊ីចឹងបើនិយាយពីសារសំខាន់វាធំធេងណាស់»។
ជាមួយគ្នានេះ លោក ឈត ប៊ុនថង គាំទ្រការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដែលជំរុញឱ្យពលរដ្ឋខ្មែរសិក្សា និងចងក្រងប្រវត្តិសាស្ត្រដោយខ្លួនឯង។ «ខ្ញុំគាំទ្រពេញទំហឹង ១០០ភាគរយរឿងខ្មែរចងក្រងប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះថារឿងរ៉ាវដែលកើតឡើងនៅស្រុកខ្មែរ វាគួរតែខ្មែរអ្នកយល់ដឹងច្បាស់ជាងគេ! បរទេសជួនកាលគេមើលមកវប្បធម៌ប្រពៃណីទំនៀមទម្លាប់ មើលមកការប្រព្រឹត្តអីរបស់ខ្មែរយើងអាចអត់សូវយល់ដូចខ្មែរយើងមើលខ្លួនឯងទេ»។
យ៉ាងណាក៏ដោយ លោក ប៊ុនថង ក៏នៅតែគាំទ្រឱ្យបរទេសចូលរួមចងក្រងប្រវត្តិសាស្ត្រកម្ពុជា។ លោកបញ្ជាក់ថា៖ «ខ្ញុំនៅតែគាំទ្រឱ្យមានបរទេសចូលរួមចំណែកសរសេរប្រវត្តិសាស្ត្រខ្មែរដែរ ដោយសារថាប្រវត្តិសាស្ត្រគេត្រូវមើលពីក្នុង និងមើលពីក្រៅ។ អ៊ីចឹងទំនាក់ទំនងថ្នាក់ដឹកនាំនយោបាយ ការទូតអីខ្លះក៏បរទេសខាងក្រៅអាចមើលពីជ្រុងខាងក្រៅមកដែរ[…]ដូច្នេះយកខាងក្នុងបូកខាងក្រៅ វាទៅជាប្រវត្តិសាស្ត្រមួយដែលល្អពេញលេញ»៕







