យោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុន TRM Labs ដែលជំនាញខាងវិភាគទិន្នន័យប្លុកឆេន បានឱ្យដឹងថា កាស៊ីណូមួយចំនួននៅក្នុងខេត្តព្រះសីហនុទទួលបានរូបិយប័ណ្ណគ្រីបតូដែលមានតម្លៃជាង១ពាន់លានដុល្លារ ចាប់ពីខែមករា រហូតដល់ដើមខែកញ្ញា ទោះបីជារដ្ឋាភិបាលបានចាត់វិធានការបង្ក្រាបយ៉ាងខ្លាំងក្លាទៅលើប្រតិបត្តិការឆបោកតាមអនឡាញ និងកាស៊ីណូទាំងនោះក៏ដោយ។
របាយការណ៍ ដែលបានចេញផ្សាយកាលពីចុងខែតុលា បានតាមដានលំហូររូបិយប័ណ្ណគ្រីបតូទៅកាន់កាស៊ីណូចំនួន៣៤កន្លែង នៅក្នុងទីក្រុងមាត់សមុទ្រនេះ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៧ ខែកញ្ញា ហើយបានរកឃើញថា ប្រាក់ទាំងនោះនៅតែបន្តហូរចូល ខណៈពេលអាជ្ញាធរបានប្រកាសជាសាធារណៈអំពីប្រតិបត្តិការចុះបង្ក្រាបសកម្មភាពឆបោកនានាក៏ដោយ។
របាយការណ៍នោះបានអះអាងថា ក្នុងចំណោមទឹកប្រាក់ ១,០៧ពាន់លានដុល្លារ គឺមានប្រហែល៦៨៧លានដុល្លារ ឬស្មើនឹង៦៤% ត្រូវបានផ្ទេរទៅកាន់កាស៊ីណូ ដែលមានទំនាក់ទំនងជាមួយបណ្តាញ ដែលស្ថិតក្រោមទណ្ឌកម្មរបស់ការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស (OFAC) របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក។
តួលេខទាំងនេះ បានគណនាចំនួនរូបិយប័ណ្ណគ្រីបតូ ដែលត្រូវបានផ្ញើទៅកាន់កាបូបឌីជីថល ដែលក្រុមហ៊ុន TRM បានរកឃើញថា មានទំនាក់ទំនងជាមួយកាស៊ីណូទាំងនោះ ដោយផ្អែកលើទិន្នន័យប្លុកឆេនរបស់ខ្លួន។ របាយការណ៍នេះមិនបានបញ្ជាក់ថា តើប្រាក់ទាំងនោះមកពីណា ឬត្រូវបានយកទៅប្រើប្រាស់ក្នុងគោលបំណងអ្វីនោះទេ។
ប៉ុន្តែក្រុមហ៊ុន TRM បានឱ្យដឹងថា តាមរយៈការចុះសង្កេតជាក់ស្តែងនៅក្រុងព្រះសីហនុ ខ្លួនបានរកឃើញថា មានកាស៊ីណូមួយចំនួនទទួលយករូបិយប័ណ្ណគ្រីបតូនៅតាមបញ្ជរទូរទាត់ប្រាក់ ហើយប្តូរវាទៅជាបន្ទះឈីបសម្រាប់លេងល្បែង ឬប្រាក់ដុល្លារអាមេរិក ដោយហាក់ដូចជាមានការត្រួតពិនិត្យតិចតួចប៉ុណ្ណោះលើភ្ញៀវ។ ទោះបីជាយ៉ងណា ប្រតិបត្តិករកាស៊ីណូទាំងនោះ ហាក់មានការប្រុងប្រយ័ត្នជាងមុននៅពេលជួបជាមួយភ្ញៀវ ដែលពួកគេមិនធ្លាប់ស្គាល់។
របាយការណ៍ដដែលបានឱ្យដឹងថា ហាងបញ្ចាំ ហាងលក់ទូរសព្ទ សណ្ឋាគារ ហាងលក់ទំនិញទូទៅ និងកន្លែងប្តូរប្រាក់នៅទូទាំងក្រុង ក៏មានផ្តល់សេវាកម្មប្តូររូបិយប័ណ្ណគ្រីបតូយកជាសាច់ប្រាក់ផងដែរ។
ការរកឃើញទាំងនេះ កើតឡើងក្នុងពេល ដែលអាជ្ញាធរកម្ពុជាបានប្តេជ្ញាថា នឹងលុបបំបាត់សកម្មភាពឆបោកតាមអនឡាញនៅទូទាំងប្រទេស ដែលជាទូទៅប្រើប្រាស់កាស៊ីណូជាអាជីវកម្មស្របច្បាប់ដើម្បីបាំងមុខ ហើយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ដើម្បីបោកប្រាស់ជនរងគ្រោះ និងលាងលុយកខ្វក់ ដែលទទួលបានពីការឆបោកនោះ។ មុនពេលកម្ពុជាចាប់ផ្តើមយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ និងមុនពេលមានសម្ពាធកាន់តែខ្លាំងពីអន្តរជាតិ ដើម្បីចាត់វិធានការលើឧហ្សាហកម្មនេះ ក្រុងព្រះសីហនុបានក្លាយជាមជ្ឈមណ្ឌលកាស៊ីណូ ការលេងល្បែងតាមអនឡាញ និងសកម្មភាពឆបោកនានា ដែលជារឿយៗពឹងផ្អែកលើកម្លាំងពលកម្មដែលត្រូវបានគេជួញដូរ។
យោងតាមបទប្បញ្ញត្តិ ដែលធនាគារជាតិនៃកម្ពុជា (NBC) បានចេញផ្សាយក្នុងឆ្នាំ២០២៤បានឱ្យដឹងថា អាជីវកម្ម ដែលធ្វើការប្តូរប្រាក់ ផ្ទេរ ឬរក្សាទុករូបិយប័ណ្ណគ្រីបតូសម្រាប់អតិថិជន តម្រូវឱ្យមានអាជ្ញាប័ណ្ណពីធនាគារកណ្តាល។
អាជ្ញាធរបានឱ្យដឹងថា ពួកគេបានចុះបង្ក្រាបទីតាំងឆបោកចំនួន៨៣២កន្លែង ក្នុងចន្លោះខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦។ នៅថ្ងៃទី៨ ខែកញ្ញា គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានប្រកាសថា ខ្លួនបានដកហូតអាជ្ញាប័ណ្ណកាស៊ីណូចំនួន១៨កន្លែង និងបានផ្អាកអាជ្ញាប័ណ្ណកាស៊ីណូ៩កន្លែងផ្សេងទៀត។ ក្រុមហ៊ុនជិនប៉ីគ្រុប (Jin Bei Group) ដែលមានកាស៊ីណូ ស្ថិតក្នុងចំណោមទីតាំង ដែលត្រូវបានតាមដានដោយក្រុមហ៊ុន TRM នោះ ក៏មានឈ្មោះនៅក្នុងបញ្ជីកាស៊ីណូ ដែលត្រូវបានដកហូតអាជ្ញាប័ណ្ណផងដែរ។
លោក ឈឹង ចន្ថា ទីប្រឹក្សាបច្ចេកទេស នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (CGMC) បានមានប្រសាសន៍ថា គណៈកម្មការនេះកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសកម្មភាពទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូ ដោយសហការជាមួយធនាគារជាតិ នៃកម្ពុជា(NBC) និងនគរបាលជាតិ។
លោកបានមានប្រសាសន៍ថា ប្រតិបត្តិករល្បែងពាណិជ្ជកម្មត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងមិនឱ្យផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរ ឬទទួលយកការទូទាត់ជារូបិយប័ណ្ណគ្រីបតូឡើយ រួមទាំងប៊ីតខ័ញ (Bitcoin) និងប្រភេទកាក់ USDT ផងដែរ។ លោកមិនបានបញ្ជាក់ទេថា តើការហាមឃាត់នេះត្រូវបានអនុវត្តយ៉ាងដូចម្តេចនោះទេ បើទោះបីជាការសង្កេតជាក់ស្តែងរបស់ TRM បានរកឃើញថា មានកាស៊ីណូមួយចំនួនទទួលយកប្រាក់ USDT នៅតាមបញ្ជរប្តូរប្រាក់ក៏ដោយ។
ធនាគារជាតិ នៃកម្ពុជាមិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា ទោះបីជាមានការរឹតបន្តឹងការអនុវត្តច្បាប់ក៏ដោយ ក៏រូបិយប័ណ្ណគ្រីបតូនៅតែបន្តហូរចូលទៅក្នុងកាស៊ីណូនានានៅក្រុងព្រះសីហនុ ប៉ុន្តែរំហូររូបិយប័ណ្ណគ្រីបតូប្រចាំខែបានថយចុះពីកម្រិតមធ្យម ១៤៨លានដុល្លារ អំឡុងខែមករាដល់ខែឧសភា មកនៅត្រឹមប្រហែល ៩៥លានដុល្លារ អំឡុងខែកក្កដា និងខែសីហា។ ក្នុងនោះ ស្ទើរតែទាំងអស់ គឺ៩៩,៩% គឺជាប្រភេទកាក់ USDT នៅលើបណ្តាញTRON។
USDT ដែលចេញផ្សាយដោយក្រុមហ៊ុន Tether គឺជាប្រភេទកាក់ ដែលត្រូវបានរចនាឡើង ដើម្បីរក្សាតម្លៃឱ្យនៅថេរ ក្នុងកម្រិត១ដុល្លារអាមេរិក។ ចំណែកឯ TRON វិញ គឺជាបណ្តាញប្លុកឆេនមួយ ដែលទទួលបានការពេញនិយម ដោយសារតែមានកម្រៃសេវាប្រតិបត្តិការទាប។ ក្រុមហ៊ុន Tether និង TRON មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបកស្រាយនោះទេ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ការធ្លាក់ចុះភាគច្រើន គឺបណ្តាលមកពីកាស៊ីណូដែលពាក់ព័ន្ធនឹងបណ្តាញ ដែលស្ថិតក្រោមទណ្ឌកម្ម ដោយចំនួនទឹកប្រាក់ ដែលហូរចូលជាមធ្យមក្នុងមួយខែបានធ្លាក់ចុះពី ១០០លានដុល្លារ មកនៅត្រឹមប្រហែល៤៨លានដុល្លារ។ ប៉ុន្តែក្រុមហ៊ុន TRM Labs បានព្រមានថា៖ «ការធ្លាក់ចុះមួយផ្នែកអាចបណ្តាលមកពីប្រតិបត្តិករបានផ្លាស់ប្តូរទៅប្រើកាបូបឌីជីថលថ្មី ដែល TRM មិនទាន់បានកំណត់អត្តសញ្ញាណនៅឡើយ ដូច្នេះតួលេខទាំងនេះអាចនឹងបង្ហាញពីការធ្លាក់ចុះនៃសកម្មភាពប្រតិបត្តិការ ក្នុងកម្រិតខ្ពស់ជាងជាក់ស្តែង»។
កាលពីខែមេសា ការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស (OFAC) បានដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន ព្រមទាំងបុគ្គល និងអង្គភាពចំនួន២៨ផ្សេងទៀតនៅក្នុងបណ្តាញរបស់លោក រួមទាំងក្រុមហ៊ុន Huan Hai Bo Lai International Investment និងសណ្ឋាគារ Xihu Resort Hotel ដែលដំណើរការកាស៊ីណូមួយនៅក្រុងព្រះសីហនុ។ ចំណាត់ការនេះធ្វើឡើង បន្ទាប់ពី OFAC បានដាក់ទណ្ឌកម្មកាលពីខែតុលា ឆ្នាំ២០២៥ លើក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) ព្រមទាំងបុគ្គលនិងអង្គភាពពាក់ព័ន្ធចំនួន១៤៦ផ្សេងទៀត ដែលរួមមានទាំងក្រុមហ៊ុនជិនប៉ី គ្រុប (Jin Bei Group) ផងដែរ។
កាស៊ីណូដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម នៅតែបន្តទទួលបានប្រាក់ជារូបិយប័ណ្ណគ្រីបតូ បន្ទាប់ពីការដាក់ទណ្ឌកម្មទាំងនោះត្រូវបានប្រកាស។ របាយការណ៍បានឱ្យដឹងថា ចន្លោះពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី៧ ខែកញ្ញា ស្ថាប័នមួយចំនួន ដែលក្រុមហ៊ុន TRM បានចាត់ទុកថាមានទំនាក់ទំនងជាមួយកាស៊ីណូ Xihu បានទទួលរូបិយប័ណ្ណគ្រីបតូដែលមានតម្លៃ១៨៤លានដុល្លារ ខណៈស្ថាប័ន ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Huan Hai បានទទួលប្រាក់ ១២៩លានដុល្លារ។ ចំណែក កាស៊ីណូមួយ ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនជិនប៉ី គ្រុប ក៏បានទទួលប្រាក់ចំនួន៩លានដុល្លារផងដែរ បន្ទាប់ពីមានការដាក់ទណ្ឌកម្មលើក្រុមហ៊ុនព្រីនស៍ គ្រុប។
ដោយសារកាស៊ីណូជាច្រើនតែងតែផ្លាស់ប្តូរកាបូបគ្រីបតូរបស់ពួកគេជាញឹកញាប់ ដូច្នេះក្រុមហ៊ុន TRM Labs មិនអាចធ្វើការប្រៀបធៀបប្រតិបត្តិការរបស់ពួកគេជាមួយប្រតិបត្តិការឆ្នាំមុនៗបានដោយងាយស្រួលឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះអាចតាមដានប្រតិបត្តិការឆ្នាំកន្លងមករបស់ក្រុមហ៊ុន Huan Hai ដោយរកឃើញថា កាស៊ីណូនេះបានទទួលរូបិយប័ណ្ណគ្រីបតូដែលតម្លៃ ២៦៤លានដុល្លារ ចន្លោះពីដើមឆ្នាំនេះរហូតដល់ថ្ងៃទី៧ ខែកញ្ញា ដែលកើនឡើងពីទឹកប្រាក់ ៩០លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

លោកស្រី លូ ច័ន្ទដារ៉ាវណ្ឌី នាយកប្រតិបត្តិ នៃសមាគមប្លុកឆេនកម្ពុជាបានមានប្រសាសន៍ថា រូបិយប័ណ្ណ USDT ត្រូវបានជួញដូរយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ មិនមែនមានតែនៅខេត្តព្រះសីហនុប៉ុណ្ណោះទេ។
កញ្ញាបានលើកឡើងថា ការយល់ដឹងមានកម្រិតអំពីរូបិយប័ណ្ណ USDT ក្នុងចំណោមមន្ត្រីអនុវត្តច្បាប់ អាចជាកត្តាមួយ ដែលបង្កឱ្យមានការលំបាកក្នុងការតាមដានការជួញដូររូបិយប័ណ្ណគ្រីបតូ ប៉ុន្តែលោកស្រីបានចង្អុលបង្ហាញថា ចន្លោះប្រហោង នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរកម្ពុជា និងក្រុមហ៊ុនទ្រព្យសកម្មឌីជីថលអន្តរជាតិ គឺជាកង្វល់ដ៏ធំជាងនេះទៅទៀត។
កញ្ញាបានថ្លែងថា៖ «ប្រសិនបើកាស៊ីណូទាំងនោះប្រើប្រាស់ [ទ្រព្យសកម្មឌីជីថល] តាមរយៈក្រុមហ៊ុនអន្តរជាតិ រដ្ឋនឹងមិនអាចតាមដានពួកវាបានឡើយ។ នេះហើយជាមូលហេតុច្បាស់លាស់ ដែលវាត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ការលាងលុយកខ្វក់»។
កញ្ញា ច័ន្ទដារ៉ាវណ្ឌី បានបន្ថែមថា ប្រសិនបើអាជ្ញាធរកម្ពុជាសហការកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនទាំងនោះ ពួកគេអាចស្នើឱ្យក្រុមហ៊ុនទាំងនោះផ្អាកប្រតិបត្តិការ ដែលមានទំហំធំ ឬគួរឱ្យសង្ស័យបាន។
កន្លងមក អាជ្ញាធរបានកំណត់គោលដៅលើបណ្តាញ ដែលត្រូវបានសង្ស័យថា បានប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ដើម្បីលាងលុយកខ្វក់ឱ្យក្រុមឧក្រិដ្ឋជន ដែលប្រព្រឹត្តអំពើឆបោកតាមអនឡាញ។ កាលពីខែកញ្ញា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចោទប្រកាន់ពលរដ្ឋកម្ពុជាម្នាក់ ដែលប្រកបរបរប្តូរប្រាក់ពីបទល្មើសព្រហ្មទណ្ឌជាច្រើនករណី រួមមានការសមគំនិតក្នុងអំពើសូកប៉ាន់ ការរៀបប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបើកអាជីវកម្មប្តូររូបិយប័ណ្ណគ្រីបតូដោយគ្មានការអនុញ្ញាត។
បុរសរូបនេះ ត្រូវបានចោទប្រកាន់ថា បានជួយបុគ្គលជនជាតិចិនម្នាក់ ដែលត្រូវបានសង្ស័យថា ជាមេខ្លោងនៃអំពើឆបោកតាមអនឡាញ ក្នុងការប្តូររូបិយប័ណ្ណ USDT ប្រហែល ២៥០,៦ លាន ដែលមានតម្លៃប្រហែល២៥០លានដុល្លារអាមេរិកទៅជាប្រាក់ដុល្លារអាមេរិក។
អ្នកប្តូររូបិយប័ណ្ណគ្រីបតូម្នាក់នៅក្រុងព្រះសីហនុ ដែលសុំមិនបញ្ចេញអត្ថសញ្ញាណដោយសារក្តីបារម្ភអំពីសុវត្ថិភាព បាននិយាយថា តម្រូវការក្នុងការប្តូរប្រាក់ USDT បានធ្លាក់ចុះ។ អ្នកស្រីបានអះអាងថា ការធ្លាក់ចុះនេះ គឺដោយសារតែជនជាតិចិនបានវិលត្រឡប់ទៅប្រទេសគេវិញ និងកម្មករក្នុងស្រុកបានបាត់បង់ការងារ។
អ្នកស្រីបាននិយាយថា អតិថិជនភាគច្រើនរបស់អ្នកស្រី គឺជាបុគ្គលិកជនជាតិខ្មែរ ដែលធ្វើការនៅតាមហាងលក់ទំនិញតូចៗ និងតាមអាជីវកម្ម ដែលគ្រប់គ្រងដោយជនជាតិចិន។ ពួកគេតែងតែប្តូរប្រាក់ USDT ទៅជាប្រាក់ដុល្លារ ដើម្បីចំណាយលើការរស់នៅប្រចាំថ្ងៃ បន្ទាប់ពីពួកគេទទួលបានប្រាក់ខែ។ ប្រតិបត្តិការភាគច្រើន គឺជាចំនួនទឹកប្រាក់តិចតួច ដែលមានចន្លោះពី ២០០ទៅ៣០០ដុល្លារ។
ដោយសំដៅទៅលើសេវាទូទាត់ប្រាក់ឌីជីថលជាប់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបិទដោយធនាគារជាតិនៃកម្ពុជា អ្នកស្រីបាននិយាយថា៖ «ភាគច្រើន អ្នកដែលមកប្តូរប្រាក់ជាមួយខ្ញុំ ប្តូរតែចំនួនតិចតួចប៉ុណ្ណោះ។ កាលពីមុន មានសកម្មភាពប្តូរប្រាក់ច្រើនជាងនេះឆ្ងាយណាស់ អំឡុងពេលហួយវ័ន ផេ នៅដំណើរការ»។
អ្នកប្តូរប្រាក់រូបនេះ និយាយថា ការបិទទ្វាររបស់ក្រុមហ៊ុន ហួយវ័ន ក៏បានប៉ះពាល់ដល់លទ្ធភាពរបស់អ្នកស្រីក្នុងការចាត់ចែងប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ធំជាងនេះ ដោយសារអ្នកស្រីលែងមានបណ្តាញ ដែលអាចទុកចិត្តបានសម្រាប់ផ្ទេរប្រាក់ទាំងនោះទៀតហើយ។
អ្នកស្រីនិយាយថា៖ «ចាប់តាំងពីហួយវ័ន បិទមក ខ្ញុំលែងមានកន្លែងសម្រាប់ប្តូរ ឬផ្ទេរប្រាក់ទៀតហើយ ដូច្នេះខ្ញុំក៏ឈប់ទទួលប្រាក់ក្នុងចំនួនច្រើន។ ខ្ញុំមិនអាចទទួលប្រាក់ច្រើនដូចមុនបានទេ ព្រោះខ្ញុំគ្មានកន្លែងសម្រាប់ផ្ទេរប្រាក់ទាំងនោះទេ»៕










