របាយការណ៍ថ្មីមួយបង្ហាញថា វិនិយោគិនអឺរ៉ុប និងអន្តរជាតិផ្សេងទៀតបានជួយជំរុញការរីកចម្រើនវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ប៉ុន្តែអ្នកទាំងនោះមិនបានទទួលខុសត្រូវលើអ្វីដែលជាការរំលោភបំពានសិទ្ធិមនុស្ស ក្នុងទំនាក់ទំនងរវាងអ្នកផ្ដល់កម្ចីដែលវិនិយោគិនទាំងនោះគាំទ្រហិរញ្ញវត្ថុនោះទេ។
វីដេអូឯកសារមួយឈ្មោះថា «Debt Inc» បានចេញផ្សាយនៅថ្ងៃអង្គារលើបណ្ដាញសង្គម You Tube ដោយ Ruom Documentary វីដេអូនេះបង្ហាញពីការតាមដានលើទំនាក់ទំនងរបស់ស្ថាប័នអន្តរជាតិ និងវិនិយោគិនបរទេសនៅពីក្រោយវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា។ បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ កម្ពុជាជាប្រទេសមួយដែលមានប្រជាពលរដ្ឋជាប់បំណុលមីក្រូហិរញ្ញវត្ថុច្រើនបំផុតមួយនៅលើពិភពលោក។
វីដេអូឯកសារនេះ គឺជាឯកសារស៊ើបអង្កេតមួយផលិតក្នុងឆ្នាំ២០២៥ ដោយអ្នកសារព័ត៌មាន Claire Stam ។ ឯកសារនេះពិនិត្យលើអ្នកវិនិយោគអឺរ៉ុប និងបរទេសផ្សេងទៀតដែលបានផ្ដល់ហិរញ្ញប្បទានដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលគ្រឹះស្ថានទាំងនេះរងការចោទប្រកាន់ថាបានដាក់សម្ពាធដល់កូនបំណុលឲ្យលក់ដី ចំណាកស្រុកដើម្បីធ្វើការ និងចាកចោលគ្រួសារដើម្បីរកប្រាក់ដោះបំណុល។
ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុនៅអឺរ៉ុប និងអាមេរិក បានចាក់លុយរាប់រយលានដុល្លារទៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ដែលជាអ្វីគេចាត់ទុកថាជាឧបករណ៍ជួយលើកកម្ពស់វិធានការកាត់បន្ថយភាពក្រីក្រ។
ក្នុងឆ្នាំ២០២២ ទំហំទឹកប្រាក់កម្ចីក្នុងវិស័យនេះមានប្រហែល៩,៤ពាន់លានដុល្លារ ដែលវាមានចំនួនច្រើនជាង៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ នេះបើតាមការសិក្សាមួយរៀបចំដោយសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា។ ក្រុមអង្គការសិទ្ធិមនុស្សបានលើកឡើងថាវិស័យនេះបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនធ្លាក់ក្នុងបំណុលវ័ណ្ឌក បង្ខំចិត្តលក់ដីសងបំណុល និងការរំលោភបំពានផ្សេងៗទៀត។
ការសិក្សាកាលពីឆ្នាំ២០២២ មួយរៀបចំដោយរដ្ឋាភិបាលអាល្លឺម៉ង់ បានប៉ាន់ប្រមាណថា មានប្រជាពលរដ្ឋកម្ពុជាប្រែហល១៦៧ ០០០គ្រួសារបានលក់ដីដើម្បីដោះបំណុលក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។ អ្នកសារព័ត៌មាន និងក្រុមអង្គការសិទ្ធិមនុស្ស បានរកឃើញថា មានបញ្ហាអសន្តិសុខស្បៀង ប្រើប្រាស់កម្លាំងពលកម្មកុមារ និងការធ្វើអត្តឃាត បានកើនមានឡើងដោយសារតែបំណុលមីក្រូហិរញ្ញវត្ថុ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា សមាគម និងសមាជិករបស់ខ្លួនបានយកចិត្តទុកដាក់ខ្ពស់លើរបាយការណ៍ទាក់ទងនឹងសុខុមាលភាពរបស់កូនបំណុល បញ្ហាបំណុល និងការអនុវត្តក្រមសីលធម៌អាជីវកម្ម។ លោកទទួលស្គាល់ថាទន្ទឹមនឹងការរីកចម្រើននៃវិស័យនេះ ក៏មានបញ្ហាស្មុគស្មាញមួយចំនួនមកជាមួយដែរ។ លោកថាសមាគមកំពុងធ្វើការជាមួយធនាគារជាតិនៃកម្ពុជា និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងការអនុវត្តក្រមប្រតិបត្តិរបស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។
លោកបន្ថែមថា៖ «សមាគមនៅតែមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការស្ថាបនា ការជជែកដោយបើកចំហជាមួយក្រុមអង្គការសង្គមស៊ីវិល ស្ថាប័នអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុ និងស្ថាប័នស្រាវជ្រាវនានាដើម្បីធានាពីតម្លាភាព ភាពធន់ និងការគោរពសិទ្ធិមនុស្ស នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»។
ការលើកឡើងពីបញ្ហាបំណុល និងការចោទប្រកាន់អំពីការរំលោភបំពានសិទ្ធិមនុស្សនេះកើតមានឡើងកាលពីឆ្នាំ២០២២ ពេលដែលបណ្ដាញអង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការសមធម៌កម្ពុជា បានដាក់បណ្ដឹងតំណាងឲ្យកូនបំណុលចំនួន១៨នាក់ទៅកាន់ស្ថាប័ន Compliance Advisor Ombudsman។ Ombudsman គឺជាការិយាល័យឯករាជ្យមួយសម្រាប់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា IFC ដែលជាផ្នែកមួយនៃវិស័យឯកជនរបស់ធនាគារពិភពលោកក្នុងការផ្ដល់ប្រាក់កម្ចី។
ក្រោយការស៊ើបអង្កេតការិយាល័យ Ombudsman បានរកឃើញបញ្ហាទាក់ទងនឹងការត្រួតពិនិត្យរបស់ IFC មុនមានការវិនិយោគ។ ការិយាល័យនេះបានតាមដានលើការវិនិយោគទាំងនោះ និងរបៀបដែល IFC ឆ្លើយតបទៅនឹងគ្រោះថ្នាក់ រួមទាំងគ្រោះថ្នាក់កើតមានលើជនងាយរងគ្រោះ និងសហគមន៍ជនជាតិដើមភាគតិច។ នៅខែមិថុនា ក្រុមប្រឹក្សាភិបាលរបស់ IFC បានច្រានចោលរបាយការណ៍របស់ការិយាល័យនេះ។
អ្នកស្រី Janine Ferretti អគ្គនាយិកាការិយាល័យ Ombudsman បានលាលែងពីតួនាទីក្រោយការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលរបស់ IFC ដែលការណ៍នេះបានបង្កជាកង្វល់ និងការរិះគន់ជាខ្លាំងពីក្រុមអង្គការសិទ្ធិមនុស្ស។
លោក Thomas Cristofoletti ជាសហផលិករភាពយន្តឯកសារជាមួយលោក Robin Narciso លើកឡើងថា ពេលវេលានៃការចេញផ្សាយគឺមានសារសំខាន់ក្រោយពីការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលរបស់ IFC។ និយាយក្នុងនាមជាសហផលិតករភាពយន្ត លោកថា ពួកលោកសង្ឃឹមថាភាពយន្តនេះនឹងអាចជួយដល់កូនបំណុលដែលថាសិទ្ធិរបស់ពួកគាត់ត្រូវគេរំលោភបំពាន អាចទទួលបានសំណង និងយុត្តិធម៌វិញភ្លាមៗ។
លោកបន្ថែមថា៖ «សម្រាប់រយៈពេលវែង យើងសង្ឃឹមថាការចេញផ្សាយនេះនឹងអាចនាំឲ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងពីអ្នកវិនិយោគបរទេសមកលើវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងឲ្យមានការផ្លាស់ប្តូរប្រកបដោយអត្ថន័យលើរបៀបដែលពួកគេអនុវត្តក្នុងវិស័យនេះ»។
ការស៊ើបអង្កេតរបស់អ្នកស្រី Stam ចុងក្រោយនេះ គឺហួសពីIFC។ អ្នកស្រីបានទាក់ទងទៅកាន់ស្ថាប័នហិរញ្ញវត្ថុធំៗជាច្រើននៅអឺរ៉ុបដែលបានវិនិយោគនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា រួមទាំងធនាគារអភិវឌ្ឍន៍របស់រដ្ឋអាល្លឺម៉ង់KfW និងបុត្រសម្ព័ន្ធរបស់ធនាគារនេះ ដូចជា DEG, Triodos Investment Management, Oikocredit និង the Dutch Entrepreneurial Development Bank ដែលគេស្គាល់ថា FMO។ ក្នុងចំណោមស្ថាប័នដែលអ្នកស្រីបានទាក់ទង មានតែ Oikocredit មួយទេដែលបានយល់ព្រមផ្ដល់បទសម្ភាសន៍ចំពោះមុខកាមេរ៉ា។ តំណាងស្ថាប័ននេះបានលើកឡើងថា ស្ថាប័នរបស់ខ្លួនបានដឹងពីបញ្ហាបំណុលវ័ណ្ឌកនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងថាស្ថាប័នខ្លួនកំពុងជំរុញការលើកកម្ពស់ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងធ្វើការដោយយកចិត្តទុកដាក់ដោះស្រាយលើហានិភ័យដែលមាន។
បើតាមវីដេអូឯកសារដដែលមានស្ថាប័នខ្លះបានបញ្ឈប់ការស៊ើបអង្កេតនៅក្នុងវិស័យនេះ និងខ្លះទៀតបានលក់ភាគហ៊ុនរបស់ខ្លួនចេញ។
កាលពីខែមករា ឆ្នាំ២០២៥ FMO, Advans Microfinance Network មានមូលដ្ឋាននៅប្រទេសលុចសំបួរ និង IFC បានលក់ភាគហ៊ុន៨០ភាគរយរបស់ខ្លួននៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុធំបំផុតមួយនៅកម្ពុជា ទៅឲ្យធនាគារតៃវ៉ាន់មួយឈ្មោះថា SinoPac ក្នុងតម្លៃគិតជាទឹកប្រាក់៥៤៣លានដុល្លារ។

នៅក្នុងភាពយន្តឯកសារនេះ លោកស្រី Marian Ingrams នាយិកា OECD Watch ដែលជាបណ្ដាញសកលមួយលើកកម្ពស់ទំនួលខុសត្រូវសាជីវកម្មសម្រាប់វិស័យសិទ្ធិមនុស្ស និងផលប៉ះពាល់បរិស្ថាន បានឲ្យដឹងថា គោលការណ៍ណែនាំរបស់ OEDC សម្រាប់សហគ្រាសពហុជាតិ មិនបានញែកពីគ្នារវាប្រភេទនៃទំនាក់ទំនងអាជីវកម្មពេលនិយាយដល់ការទទួលខុសត្រូវរបស់អ្នកវិនិយោគលើបញ្ហាសិទ្ធិមនុស្ស បរិស្ថាន ឬបញ្ហាទាក់ទងនឹងអំពើពុករលួយនៅក្នុងគុណតម្លៃរបស់ខ្លួននោះទេ។
លោកស្រីបញ្ជាក់ថា៖ «ដរាបណា មានទំនាក់ទំនងក្នុងការរកស៊ី នោះគឺត្រូវតែមានការទទួលខុសត្រូវ»។
លោកស្រីបន្តថា ស្ថាប័នហិរញ្ញវត្ថុអឺរ៉ុបមិនអាចគេចផុតពីការទទួលខុសត្រូវដោយងាយ ដោយគ្រាន់តែលក់ភាគហ៊ុនរបស់ខ្លួននោះទេ។ អ្នកស្រីបន្ថែមថា វាគឺជារឿងគួរឲ្យហួសចិត្តដែលអ្នកវិនិយោគមិនមានឆន្ទៈ ឬមិនអាចពិភាក្សាពីការទទួលខុសត្រូវរបស់ខ្លួនលើគ្រោះថ្នាក់នានាដែលបានកើតមានដូចដែលឯកសារបានចងក្រងក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍មួយដែលមានដាក់បញ្ចូលក្នុងភាពយន្តឯកសារនេះ KfW បាននិយាយថា ទំហំវិនិយោគរបស់ខ្លួននៅកម្ពុជាបានថយចុះបន្តិចម្ដងៗ។ ស្ថាប័ននេះលើកឡើងថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងមិនមានវិធានការគាំទ្រហិរញ្ញប្បទានថ្មីទៅកាន់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាទេ។ ការសម្រេចចិត្តនេះកើតចេញក្រោយការសិក្សាលើទីផ្សារ និងកង្វល់នានាដែលទាក់ទងនឹងការប្រកួតប្រជែងខ្លាំងក្នុងចំណោមស្ថាប័នផ្ដល់ប្រាក់កម្ចី ដែលជាហេតុអាចនាំឲ្យខ្វះការទទួលខុសត្រូវក្នុងការផ្ដល់ប្រាក់កម្ចី ធ្វើឡើងដោយបុគ្គលិករបស់ធនាគារ ឬស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន។
លោក រចំ សាង ជាជនជាតិដើមភាគតិចកាចក់ មកពីខេត្តរតនគិរី បាននិយាយថា កាលពីឆ្នាំ២០២០ លោកបានខ្ចីប្រាក់២ម៉ឺនដុល្លារពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលបច្ចុប្បន្នក្លាយជាធនាគារ KB Prasac ក្រោយរួមគ្នាជាមួយធនាគារ Kookmin Bank Cambodia កាលពីឆ្នាំ២០២៣។ លោកថា លោកត្រូវបង្ខំចិត្តឲ្យលក់ដីចំនួនបួនហិកតា ក្នុងឆ្នាំ២០២៥ ក្រោយបុគ្គលិកផ្ដល់ប្រាក់កម្ចីដាក់សម្ពាធឲ្យលោកសងបំណុលវិញ។ ធនាគារ KB Prasac មិនអាចទាក់ទងសុំការអត្ថាធិប្បាយភ្លាមៗបានទេ។
លោក សាង ប្រាប់សារព័ត៌មានខេមបូចាថា ចេតនាគេចវេះពីការទទួលខុសត្រូវរបស់អ្នកវិនិយោគគឺមិនអាចទទួលយកបានទេ។
លោកបន្តថា៖ «បញ្ហាហ្នឹងប៉ះពាល់រូបខ្ញុំផ្ទាល់។ ខ្ញុំបានលក់ដីទាំងអស់ ហើយពេលនេះគ្មានដីធ្វើស្រែចម្ការទេ…អ្នកវិនិយោគទាំងនោះថាគេវិនិយោគដើម្បីកាត់បន្ថយភាពក្រីក្រ ប៉ុន្តែគ្មានបានកាត់បន្ថយស្អីទេ។ វាមានតែធ្វើឲ្យកាន់តែក្រ»។
លោក សាង ឲ្យដឹងទៀតថា លោកបានជួបជាមួយតំណាងធនាគារជាតិនៃកម្ពុជាពិភាក្សាពីបញ្ហានេះ ប៉ុន្តែមិនទាន់មានដំដោះស្រាយណាមួយទេ។ លោកបានអំពាវនាវឲ្យអ្នកវិនិយោគ និងធនាគារកណ្ដាលទទួលខុសត្រូវ និងជួយដោះស្រាយបញ្ហា។
ធនាគារជាតិនៃកម្ពុជាមិនអាចទាក់ទងសុំការឆ្លើយតបបានភ្លាមៗនៅឡើយទេ។
លោក អំ សំអាត នាយកផ្នែកប្រតិបត្តិការរបស់អង្គការលីកាដូ មានប្រសាសន៍ថា ភាពយន្តឯកសារនេះបានគូសបញ្ជាក់ពីអ្វីដែលលោកពិពណ៌នាថាខ្វះការទទួលខុសត្រូវពីសំណាក់អ្នកវិនិយោគបរទេស រួមទាំង IFC ផង។
លោកបានថ្លែងថា៖ «យើងមើលឃើញថាអ្នកទាំងនោះខ្វល់តែពីផលចំណេញ ដោយមិនបានគិតពីបញ្ហានានា ឬការរំលោភបំពានសិទ្ធិមនុស្ស ដែលកើតចេញពីការវិនិយោគរបស់ពួកគេឡើយ»។
លោកលើកឡើងថា ការរំលោភបំពានសិទ្ធិមនុស្ស និងបញ្ហាផ្សេងៗទៀតនឹងនៅបន្តមានបើសិនជាអ្នកវិនិយោគបរាជ័យក្នុងការគោរពគោលការណ៍របស់ខ្លួន គោលនយោបាយ និងលក្ខខណ្ឌវិនិយោគ។
លោក អំ សំអាត ជំរុញឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធជាពិសេសជាមួយធនាគារកណ្ដាល ដើម្បីការពារសិទ្ធិកូនបំណុល។ នៅពេលការរំលោភបំពានកើតមាន លោកបន្តទៀតថា អ្នកវិនិយោគ និងស្ថាប័នមីក្រូហិរញ្ញវត្ថុគួរតែចេញមុខទទួលខុសត្រូវ និងត្រូវដោះស្រាយបញ្ហាតាមផ្លូវច្បាប់។
ចំណាំ៖ អត្ថបទនេះបានធ្វើបច្ចុប្បន្នភាពដោយមានបន្ថែមការអត្ថាធិប្បាយរបស់លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងកំណត់សម្គាល់ថា Thomas Cristofoletti ក៏បាននិយាយជំនួយ Robin Narciso ដែលជាសហផលិតករក្នុងភាពយន្តឯកសារ “Debt Inc”៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Documentary Says Foreign Investors Avoid Blame for Cambodia Microloan Harms










