ប្រជាពលរដ្ឋសហគមន៍ស្អាងភ្នំចំនួន២២នាក់ មកពីភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី៥ ខែវិច្ឆិកា បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដាក់ញត្តិស្នើឱ្យក្រសួងជួយពន្លឿនការចុះបញ្ជីដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន៣៣គ្រួសារ ដែលអះអាងថាបានរស់នៅ និងប្រើប្រាស់ដីអស់រយៈពេល៤៥ឆ្នាំមកហើយ ប៉ុន្តែមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់នៅឡើយ។
ពលរដ្ឋទាំងនោះបានលើកឡើងថា ពួកគេបារម្ភចំពោះការអភិវឌ្ឍព្រលានយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជិតខាង ដែលអាចប៉ះពាល់ដល់ការកាន់កាប់ដីធ្លី និងជីវភាពរស់នៅរបស់ពួកគេនាពេលអនាគត។
ក្នុងញត្តិដែលដាក់ជូនលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគេបានរស់នៅ និងប្រើប្រាស់ដីក្នុងភូមិពាមសាលា តាំងពីឆ្នាំ១៩៨១ ដោយប្រើប្រាស់សម្រាប់សាងសង់លំនៅឋាន ប្រកបរបរកសិកម្ម និងជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋចំនួន៣៣គ្រួសារនៅមិនទាន់ទទួលបានបណ្ណសម្គាល់សិទ្ធិ ឬបណ្ណកម្មសិទ្ធិលើដីធ្លីរបស់ខ្លួននៅឡើយ។
ប្រជាពលរដ្ឋបានស្នើឱ្យក្រសួងចាត់មន្ត្រីជំនាញចុះពិនិត្យ និងសិក្សាស្ថានភាពដីធ្លីរបស់សហគមន៍ ព្រមទាំងសម្របសម្រួលជាមួយអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីជំរុញការវាស់វែង និងចុះបញ្ជីដីធ្លីប្រកបដោយតម្លាភាព និងយុត្តិធម៌។
អ្នកស្រី វ៉ុង ចិន្តា អាយុ៣៧ឆ្នាំ ជាប្រជាពលរដ្ឋសហគមន៍ស្អាងភ្នំ បានប្រាប់ថា មូលហេតុដែលប្រជាពលរដ្ឋសម្រេចចិត្តឡើងមកដាក់ញត្តិនៅក្រសួងដែនដី គឺដោយសារពួកគេបារម្ភថា ការចុះបញ្ជីដីធ្លីអាចមិនទាន់បញ្ចប់មុនពេលផុតអាណត្តិរដ្ឋាភិបាលនៅឆ្នាំ២០២៧។
អ្នកស្រីឱ្យដឹងថា៖ «រដ្ឋាភិបាលគាត់ចុះបញ្ជីដីធ្លីជិតដល់ផុតអាណត្តិហើយឆ្នាំ២០២៧ ផុតបិទបញ្ជីដីធ្លីអត់ចុះទៀត ចឹងពួកខ្ញុំសហគមន៍របស់ខ្ញុំអត់ចុះបញ្ជីបាន ខ្ញុំឡើងមកដាក់ញត្តិដល់ក្រសួងដែនដី»។
អ្នកស្រីបន្តថា កង្វល់មួយទៀតរបស់ប្រជាពលរដ្ឋ គឺការអភិវឌ្ឍនៅតំបន់ជិតព្រលានយន្តហោះ ដែលអាចនាំឱ្យមានការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
អ្នកស្រីថ្លែងថា៖ «ពួកខ្ញុំព្រួយបារម្ភទៅថ្ងៃមុខ ពួកខ្ញុំមកព្រួយបារម្ភនឹងការដែលគេអភិវឌ្ឍ ព្រោះអីនៅជិតព្រលានយន្តហោះចឹង ក្រែងគេអភិវឌ្ឍន៍ធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រោះអីពួកខ្ញុំអត់មានប្លង់ ធ្វើឱ្យខ្ញុំភ័យបារម្ភថ្ងៃអនាគតដល់កូនចៅខ្ញុំជំនាន់ក្រោយទៅមុខទៀត»។
អ្នកស្រី ចិន្តា បានស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក សាយ សំអាល់ ជួយពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទាំង៣៣គ្រួសារ ដើម្បីឱ្យពួកគេទទួលបានភាពច្បាស់លាស់ និងសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី។
ក្រៅពីកង្វល់អំពីកម្មសិទ្ធិដីធ្លី អ្នកស្រី ចិន្តា ក៏បានលើកឡើងពីផលប៉ះពាល់លើជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួន ដែលធ្លាប់ពឹងផ្អែកលើការដាំដំណាំ និងការនេសាទ។ អ្នកស្រីអះអាងថា ក្រោយមានការអភិវឌ្ឍព្រលានយន្តហោះ និងការហ៊ុមព័ទ្ធដីដោយទំនប់ និងបង្គោលព្រំដី ប្រជាពលរដ្ឋមួយចំនួនមិនអាចបន្តប្រកបរបរនេសាទដូចមុនបានទៀតទេ ហើយបានបាត់បង់ឱកាសប្រកបរបរប្រមាណ៥០ភាគរយ។
ចំណែកលោកស្រី ម៉ន មុំ អាយុ៦០ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ទៀតក្នុងសហគមន៍ បាននិយាយថា អ្នកស្រីបានចាត់ទុកតំបន់នេះជាស្រុកកំណើត និងមានបំណងបន្តរស់នៅលើដីដែលខ្លួនធ្លាប់រស់នៅអស់រយៈពេលជាច្រើនឆ្នាំ។ អ្នកស្រីបញ្ជាក់ថា នឹងមិនចង់ចាកចេញពីទីតាំងនេះឡើយ ប្រសិនបើមិនមានដំណោះស្រាយលើបញ្ហាបណ្ណកម្មសិទ្ធិដីធ្លី។
អ្នកស្រីបានបន្តថា៖ «ប្រសិនជា គេអត់ធ្វើប្លង់ឲ្យខ្ញុំអត់ចេញម៉ងសុខចិត្តស្លាប់រស់នៅនឹងម៉ងព្រោះស្រុកកំណើតនៅនឹងហើយធ្លាប់រស់នៅតំបន់នឹងដោយសុខសប្បាយហើយ ដាច់ខាតគឺមិនចេញ»។
លោក សួង ជាង អាយុ៧៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិពាមសាលា បានលើកឡើងថា ការមិនទាន់មានបណ្ណកម្មសិទ្ធិធ្វើឱ្យលោកបារម្ភថា នៅថ្ងៃអនាគតអាចត្រូវបានគេបណ្តេញចេញពីលំនៅឋាន ដោយគ្មានភាពច្បាស់លាស់ថាត្រូវទៅរស់នៅទីណា។
លោកបន្តថា ក្នុងនាមជាប្រជាពលរដ្ឋមានជីវភាពក្រីក្រ លោកចង់បានភាពច្បាស់លាស់ក្នុងការកាន់កាប់ដីធ្លីដែលលោកបានរស់នៅ។
លោកលើកឡើងថា៖ «ខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាលសុំឲ្យជួយធ្វើប្លង់ជូនប្រជារាស្រ្តដែលក្រីក្រ នៅតាមជើងភ្នំនឹងផង។ ក្រសួងដែនដីនគរូបនីយកម្មជួយធ្វើប្លង់ធ្វើអីឲ្យខ្ញុំផងបើចឹងខ្ញុំមិនដឹងរស់នៅណាទេខ្ញុំជាកូនខ្មែរម្នាក់ដែល»។
លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ យល់ថា ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋចំពោះសុវត្ថិភាពនៃការកាន់កាប់ដីធ្លី គឺជារឿងដែលគួរឱ្យយកចិត្តទុកដាក់ ព្រោះតាមការអះអាងរបស់ពួកគេ ពួកគេបានរស់នៅលើដីនោះអស់រយៈពេល៤៥ឆ្នាំហើយ ប៉ុន្តែនៅមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិនៅឡើយ។
លោកមានប្រសាសន៍ថា៖ «ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងស្ថាប័នពាក់ព័ន្ធគួរធ្វើការសិក្សាស្រាវជ្រាវ ស្វែងរកដំណោះស្រាយ ឬពន្លឿននីតិវិធីក្នុងការចុះបញ្ជីដីធ្លី ឈានទៅទទួលបានកម្មសិទ្ធិតាមសំណើរបស់ពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីកុំឱ្យពួកគាត់រស់នៅដោយក្តីបារម្ភ និងមានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ឬមានវិវាទដីធ្លីកើតឡើងនៅពេលអនាគត »។
ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មានខេមបូចា មិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេ ។
ជុំវិញករណីនេះ លោក ជឺ គីមហៃ អភិបាលស្រុកស្អាង បានឱ្យដឹងថា ការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធនៅទូទាំងខេត្តកណ្តាលត្រូវបានបញ្ចប់រួចរាល់ហើយ។
លោកបន្តថា ដីដែលនៅសេសសល់មិនទាន់បានចុះបញ្ជី អាចជាដីដែលមានបញ្ហាមួយចំនួន ដូចជាម្ចាស់ដីមិនបានចូលរួមក្នុងពេលវាស់វែង ឬមានទំនាស់ដីធ្លីជាដើម។
លោកលើកឡើងថា៖ «គោលការណ៍ទូទាំងខេត្តកណ្តាលត្រូវបានបិទបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធបានរួចរាល់អស់ហើយ អ៊ីចឹងនាបច្ចុប្បន្ននេះដីដែលនៅសេសសល់ដីនេះនៅសេសសល់អាចជាដីដែលនឹងមានបញ្ហាអីមួយ ដែលគាត់អត់បានចុះហ្នឹង ជួនកាលពេលដែលចុះទៅពួកគាត់អត់ទាន់បានចូលរួម ជួនកាលដីមានទំនាស់ ឬក៏មានបញ្ហាអីមួយ»។
លោកបានបញ្ជាក់ថា ដីនៅតំបន់ក្បែរព្រលានយន្តហោះភាគច្រើនត្រូវបានដោះស្រាយរួចហើយ ប៉ុន្តែករណីខ្លះនៅមិនទាន់ដោះស្រាយបាន ហើយប្រជាពលរដ្ឋអាចបន្តនីតិវិធីទៅស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកការសម្របសម្រួល។
កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង១០០នាក់ មកពីសហគមន៍ចំនួន៣ នៅរាជធានីភ្នំពេញ ក៏បានទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដាក់ញត្តិ និងតាមដានសំណើសុំចុះបញ្ជីដីធ្លី និងទទួលបានបណ្ណកម្មសិទ្ធិផងដែរ ដោយពួកគេបារម្ភពីការបាត់បង់លំនៅឋានដែលបានរស់នៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕









