សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សហគមន៍ចំនួន៣នៅភ្នំពេញ ស្នើឱ្យក្រសួងដែនដី ផ្តល់បណ្ណកម្មសិទ្ធិដី​ធ្លី​ ដោយ​សារ​តែបារម្ភ​ពី​ការ​បណ្តេញចេញ

ប្រជាពលរដ្ឋមកពីសហគមន៍ចំនួន៣នៅរាជធានីភ្នំពេញ ជាង១០០នាក់ បានទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីតាមដានញត្តិ និងដាក់ញត្តិ។ (ខេមបូចា/ ពូ សូរាជីនី)
ប្រជាពលរដ្ឋមកពីសហគមន៍ចំនួន៣នៅរាជធានីភ្នំពេញ ជាង១០០នាក់ បានទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីតាមដានញត្តិ និងដាក់ញត្តិ។ (ខេមបូចា/ ពូ សូរាជីនី)

ប្រជាពលរដ្ឋជាង១០០​នាក់​ មកពីសហគមន៍ចំនួន៣ នៅរាជធានីភ្នំពេញ បានទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣០ ខែកញ្ញា ដើម្បីដាក់ញត្តិ​ និងតាមដានញត្តិស្នើសុំចុះបញ្ជីដីធ្លី និងបណ្ណកម្មសិទ្ធិ ដោយសារ​តែ​ពួកគេបារម្ភពីការបណ្តេញចេញពីលំនៅឋានដែល​ពួកគេ​បាន​រស់នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

យ៉ាងណាក្តី មន្ត្រីសុរិយោដីលើកឡើងថា ករណីខ្លះដែលមិនអាចចេញបណ្ណកម្មសិទ្ធិបាន គឺ​អាចពាក់ព័ន្ធនឹងទីតាំងដែលស្ថិតនៅលើដីរបស់រដ្ឋ ហើយត្រូវការពិនិត្យឯកសារ និងស្ថានភាពដីឱ្យបានច្បាស់លាស់ជាមុន​សិន​។ ប៉ុន្តែ​មន្ត្រី​អង្គការសិទ្ធិមនុស្ស ជំរុញឱ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យដោះស្រាយបញ្ហា​ជូន​​ប្រជាពល​រដ្ឋ​ទៅតាម​ការរស់នៅ​ជាក់​ស្តែង​។

អ្នកស្រី ថៃ ចាន់ណា ដែលជាប្រជាពលរដ្ឋក្នុងសហគមន៍ពង្រសែនជ័យ ក្នុង​រាជធានីភ្នំពេញ​ បានប្រាប់ថា ប្រជាសហគមន៍បានដាក់ញត្តិ ហើយតំណាងក្រសួងដែនដី ឲ្យរង់ចាំការទំនាក់ទំនងបន្តក្នុងរយៈពេល១៥ថ្ងៃ។  អ្នកស្រីបន្តថា ​ប្រជា​សហគមន៍ដែលមកដាក់ញត្តិ ​និងតាមដាន​ញត្តិនេះ គឺ​ដោយសារ​តែ​មានការព្រួយបារម្ភថា នឹងមិន​បាន​ទទួលបណ្ណ​កម្មសិទ្ធិដីធ្លីនៅក្នុងឆ្នាំ២០២៦​នេះ​។

អ្នកស្រីនិយាយថា៖ «តាមសហគមន៍ទាំងអស់គ្នាសព្វ​ថ្ងៃ យើងរស់នៅទាំងភិតភ័យ ការរស់នៅរបស់យើងនឹងដូចជា គេមិនទទួលស្គាល់អ៊ីចឹង យើងភ័យក្នុងការបណ្តេញចេញ។ អ៊ីចឹងយើងត្រូវធ្វើសំណើទៅដើម្បីដោះស្រាយយ៉ាងម៉េចគេ​ឲ្យយើងដឹងមុនគេបិទ ព្រោះរាជរដ្ឋាភិបាលយើង នឹងបិទបញ្ចប់ការចុះបញ្ជីដីធ្លីនៅក្នុ​ងឆ្នាំ ២០២៦យើងនឹង»។

ចំណែក​ប្រជាសហគមន៍ពង្រសែនជ័យមួយ​រូបទៀត គឺលោក វ៉ា វ៉ាន់នី អាយុ ៥៤ឆ្នាំ លើកឡើងថា ការមិនមានប្លង់កម្មសិទ្ធិដីធ្លី ធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយមានការភ័យខ្លាចពីកា​រ​បណ្តេញចេញ។

លោកបន្ថែមថា៖«នៅពេលដែលយើងអត់មានប្លង់កាន់កាប់អ៊ី​ចឹងវារស់នៅភ័យខ្លាច ខ្លាចគេដេញ ខ្លាចគេអី អត់ពិតប្រាកដអ៊ី​ចឹងហា ចឹងបានជាសុំជាកម្មសិទ្ធិ»។

តាមញត្តិរបស់សហគមន៍ពង្រសែនជ័យ ដែលបានដាក់នៅថ្ងៃទី៣០ ខែកញ្ញានេះ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋបានស្នើឱ្យក្រសួងដែនដី អន្តរាគមន៍ធ្វើការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋក្នុងសហគមន៍។ ញត្តិបញ្ជាក់ថា សហគមន៍បានចាប់ផ្តើមមានប្រជាពលរដ្ឋមករស់នៅតាំងពីឆ្នាំ២០០០ ហើយបានបង្កើតជាសហគមន៍នៅឆ្នាំ២០០៧។

ញត្តិនោះលើកឡើងទៀត​ថា ប្រជាពលរដ្ឋបានទទួលដំណឹងពីអាជ្ញាធរថា តំបន់ដែលពួកគេកំពុងរស់នៅអាចស្ថិតនៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ និងអាចប្រឈមនឹងការពង្រីកផ្លូវ​។ ដោយសារតែបញ្ហានេះ ប្រជាពលរដ្ឋស្នើសុំអភិវឌ្ឍនៅទីតាំងបច្ចុប្បន្ន និងស្នើសុំបណ្ណកម្មសិទ្ធិ ដើម្បីមានសុវត្ថិភាពក្នុងការកាន់កាប់ និងរស់នៅ។

​ជាមួយគ្នា​នេះ អ្នកស្រី គន់ ថាត ប្រជាពលរដ្ឋសហគមន៍ព្រែកតាគង់៦០ម៉ែត្រ ក្នុង​ខណ្ឌមាន​ជ័យ ដែលអះអាងថា បានចូល​មក​រស់នៅទីតាំងនេះ តាំងពីក្រោយ​ឆ្នាំ១៩៧៩ បានលើកឡើងថា ប្រជាពលរដ្ឋរស់នៅទីនោះអស់រយៈពេលយូរឆ្នាំមក​ហើយ​ ប៉ុន្តែមិនទាន់មានបណ្ណកម្មសិទ្ធិ ខណៈអ្នករស់នៅក្រោយៗមួយចំនួនបានធ្វើប្លង់រួច។

អ្នកស្រី​បញ្ជាក់​ថា៖ «ពួកខ្ញុំរស់នៅយូហើយតែពួកខ្ញុំអត់មានសិទ្ធិរស់នៅ អត់មានប្លង់កម្មសិទ្ធិ គេអ្នកមកនៅក្រោយៗគេបាន ធ្វើអស់ហើយ ពួកខ្ញុំរស់នៅតាំងពី ៩១ -៩២ តាំងពីមានគ្រួសារមក ហេតុអ្វីបានជាអត់បានទទួលសិទ្ធិរស់នៅស្របច្បាប់ ខ្ញុំចង់តែសុំប្លង់កម្មសិទ្ធិទេ»។

ចំណែកសហគមន៍ព្រែកបឹងត្របែក ក៏បានមកតាមដានញត្តិរបស់ខ្លួននៅក្រសួងដែនដីផងដែរ​។ ក្នុងឯកសារភ្ជាប់ញត្តិ ប្រជាពលរដ្ឋចំនួន៤៣គ្រួសារ ដែលរស់នៅតំបន់ភូមិ១ ភូមិ៣ និងភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានស្នើសុំសិទ្ធិពេញលេញក្នុងការចុះបញ្ជី និងធ្វើបណ្ណកម្មសិទ្ធិលើដីដែលពួកគេអះអាងថា បានរស់នៅរយៈពេលជាង១០ឆ្នាំទៅ៤០ឆ្នាំមក​ហើយ​។

ប្រជា​សហគមន៍ព្រែកបឹងត្របែក អ្នកស្រី សយ ចន្ទស្រីធូ បានលើកឡើងថា អ្នកស្រីមិនចង់បានសំណងទេ ប៉ុន្តែចង់បានបណ្ណកម្មសិទ្ធិលើដីដែលអ្នក​ស្រី​កំពុងរស់នៅ។

អ្នកស្រីថា៖ «អត់មានទេ [សំណង] មានតែអ្នករស់នៅប្រឡាយលូទេ ពួកខ្ញុំរស់នៅផ្លូវ១០៥ ឲ្យខ្ញុំយកសំណងដូចប្រឡាយលូម៉េចកើត ខ្ញុំអត់ត្រូវការយកសំណង ខ្ញុំត្រូវការតែប្លង់កម្មសិទ្ធិ សូមឲ្យក្រសួង​កាត់ឆ្វៀល​ចេញប្លង់ឱ្យ​ពួកយើង​»។

ក្នុងពេលជួបប្រជាពលរដ្ឋនៅមុខក្រសួង លោក សុខ យស់ សមាជិកគណៈកម្មាធិការដោះស្រាយវិវាទដីធ្លីនៃក្រសួងដែនដី បានប្រាប់ប្រជាពលរដ្ឋថា ក្រសួងបានទទួលញត្តិរបស់ពួកគេរួចហើយ ហើយក្រុមការងារពាក់ព័ន្ធនឹងពិនិត្យ និងធ្វើការងារតាមសមត្ថកិច្ច។

 លោក​បញ្ជាក់​ថា៖ «លទ្ធផលបែបណាខ្ញុំអត់ទាន់ដឹង​ទេ​ គ្រាន់តែថា ខ្ញុំយកញត្តិរបស់បងប្អូនដែលក្រសួងបានទទួលហើយនេះ»។

ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មានខេមបូចាមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

ប៉ុន្តែ លោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីរបស់រដ្ឋាភិបាលនៅតែបន្ត បើទោះបីការវាស់វែងជាប្រព័ន្ធត្រូវបានបញ្ចប់ក្នុងឆ្នាំ២០២៦ ក៏ដោយ។

លោកពន្យល់ថា ប្រជាពលរដ្ឋដែលមិនទាន់បានចូលរួមចុះបញ្ជី អាចបំពេញបន្ថែមតាមច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានី ខេត្ត និងក្រុង ហើយការបញ្ចប់ការចុះបញ្ជីជាប្រព័ន្ធមិនមានន័យថា នឹងបិទការចុះបញ្ជីដីធ្លី​របស់ប្រជាពលរដ្ឋទាំងស្រុងនោះទេ។

លោក ពឹង រតនៈ ក៏បានលើកឡើងថា ករណីខ្លះដែលមិនអាចចេញបណ្ណកម្មសិទ្ធិបាន អាចពាក់ព័ន្ធនឹងទីតាំងដែលស្ថិតនៅលើដីរបស់រដ្ឋ ហើយត្រូវការពិនិត្យឯកសារ និងស្ថានភាពដីឱ្យបានច្បាស់លាស់ជាមុន។

លោកលើកឡើងថា៖ «ធ្វើរហូត ប៉ុន្តែគ្រាន់តែបញ្ចប់ ការចុះបញ្ជីជាប្រព័ន្ធ​ ប៉ុន្តែកម្មសិទ្ធិនៅតែធ្វើទេគ្រាន់តែចុះបញ្ជីជាប្រព័ន្ធនឹងគេវាស់អស់ហើយ។ បងប្អូនប្រជាពលរដ្ឋដែលអត់បានចូលរួមចុះបញ្ជី អាចបំពេញបន្ថែមបានដាក់នៅច្រកចេញចូលតែមួយ នៅ​រដ្ឋបាលរាជធានី ខេត្ត ក្រុង បានតើគេអត់បិទ គេបិទចុះបញ្ជីប្រព័ន្ធដោយសារតែគេវាស់អស់»។

លោកបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ​ និងក្រសួង​រៀបចំដែន​ដី កំពុងដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលបានជំរុញការចុះបញ្ជីដីធ្លី ដើម្បីកាត់បន្ថយវិវាទដីធ្លី។ ​នៅរាជធានីភ្នំពេញ ការចុះបញ្ជីដីធ្លី​ជាប្រព័ន្ធ​បានធ្វើរួចជាច្រើនកន្លែង ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនរស់នៅលើដីរដ្ឋ ដែលលោកចាត់ទុកថា ជាករណីពិបាកក្នុងការដោះស្រាយ។

លោកបន្តថា៖‍ «រាជរដ្ឋាភិបាលគិតគូរសឹងអីហ្នឹង ចំពោះប្រជាពលរដ្ឋទូទៅ ទូទាំងប្រទេសគ្រប់ច្រកល្ហក ដើម្បីបញ្ចប់វិវាទដីធ្លី  មានបញ្ហានឹងហើយបានខំចុះបញ្ជីបង្ហើយធ្វើម៉េចដើម្បីឲ្យចប់ដើម្បីកុំឲ្យមានវិវាទបន្តទៀតនិងដោះស្រាយជូនប្រជាពលរដ្ឋនឹងហើយរដ្ឋាភិបាលជំរុញចុះបញ្ជីហ្នឹង»។

លោក យី សុខសាន្ត មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក យល់ថា ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅទីក្រុងអស់រយៈពេលជាច្រើនឆ្នាំ និងមានឯកសារស្នាក់នៅពីអាជ្ញាធរ គួរត្រូវបានពិនិត្យដោះស្រាយបញ្ហាសិទ្ធិរស់នៅរបស់ពួកគាត់​។

លោកបានលើកឡើងថា ការមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណ គឺជាឯកសារដែលបង្ហាញពីការរស់នៅរបស់ប្រជាពលរដ្ឋនៅទីតាំងនោះ។

លោកមានប្រសាសន៍ថា៖ «ស្នើរសុំទៅកាន់រដ្ឋាភិបាល ក្រសួងដែនដី ចេញវិធានការមួយដើម្បីដោះស្រាយជូនពួកគាត់ព្រោះពួកគាត់រស់នៅនេះ ពួកគាត់មានច្បាប់ចែងត្រូវដោះស្រាយជូនពួកគាត់ មិនមែនមានន័យថា បណ្តេញគាត់ចេញទេ យើងមើលច្បាប់ភូមិបាលក៏មាន ការការពារសំណងសមរម្យជាមុនបានបណ្តេញគាត់ចេញបាន»។

លោកបន្តថា ប្រសិនបើប្រជាពលរដ្ឋត្រូវបានចាត់ទុកថា ជាប្រជាពលរដ្ឋក្រីក្រ រដ្ឋាភិបាលគួរពិនិត្យលទ្ធភាពដោះស្រាយបញ្ហាលំនៅឋាន និងដីធ្លីជូនពួកគេ។

 លោក​បញ្ជាក់​ថា៖ «រដ្ឋាភិបាលសព្វថ្ងៃនេះមានកាព្វកិច្ចដោះស្រាយជូនប្រជាពលរដ្ឋក្រីក្រ យើងមានក្រសួងដែនដី នគរូបនីយកម្ម យើងមានក្រសួងសង្គមកិច្ច ប្រសិនជាពលរដ្ឋត្រូវគេ​ចាត់ជាពលរដ្ឋក្រីក្រ ត្រូវតែដោះស្រាយដីធ្លីជូនពួកគាត់ឱ្យរស់នៅសមរម្យជាមនុស្សមានជម្រក។ អាហ្នឹងច្បាប់ថាមិនមែនខ្ញុំថាទេ។ អ្វីដែលពួកយើងតាមដាននេះយើងចង់ឃើញរដ្ឋាភិបាលមួយដែលដោះស្រាយជូនពួកគាត់ រដ្ឋាភិបាលមានកាតព្វកិច្ចមួយ រកដីធ្លីជូនពួកគាត់ក្រីក្រដែលគ្មានដីរស់នៅ»។

សម្រាប់សហគមន៍ពង្រសែនជ័យ ញត្តិរបស់ពួកគេបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន១៥៤គ្រួសារ បានស្នើសុំឱ្យក្រសួងដែនដី អន្តរាគមន៍ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងផ្តល់បណ្ណកម្មសិទ្ធិ។ ពួកគេក៏បានលើកឡើងផងដែរ​ថា អាជ្ញាធរបានផ្តល់ឯកសារមួយចំនួនដូចជា សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ ហើយអះអាងថា បានរស់នៅ និងប្រកបរបរនៅទីតាំងនេះអស់​រយៈ​ពេល​ជាច្រើនឆ្នាំមក​ហើយ​។

ចំណែកសហគមន៍ព្រែកតាគង់៦០ម៉ែត្រ ក្នុងញត្តិរបស់​ពួកគេ​បានស្នើសុំបណ្ណកម្មសិទ្ធិដីធ្លី​ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ដោយអះអាងថា បានរស់នៅ និងអាស្រ័យផលនៅទីតាំងនេះតាំងពីឆ្នាំ១៩៨៨មក​។ ពួកគេបានលើកឡើងថា បណ្ណកម្មសិទ្ធិមានសារៈសំខាន់សម្រាប់ការកាន់កាប់ដី និងជាភស្តុតាងនៅពេលមានវិវាទដីធ្លី៕​

ព័ត៌មានថ្មី

អត្ថបទពេញនិយម