ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។
App Wownow ដែលជាសេវាកម្មដឹកជញ្ជូនតាមបែបឌីជីថល ដែលប្រតិបត្តិការដោយក្រុមហ៊ុន Super Light Speed Kh Technology Co., Ltd ត្រូវបានដកចេញពីវេទិកា App Store របស់ក្រុមហ៊ុន Apple ចំណែកការទូទាត់ប្រាក់តាមប្រព័ន្ធធនាគារអនឡាញក៏ត្រូវបានផ្អាក ក្រោយក្រុមហ៊ុនរងទណ្ឌកម្មពីក្រសួងរតនាគារអាមេរិក។
ការប្រែប្រួលនេះកើតឡើងប្រហែលមួយសប្ដាហ៍ក្រោយវិធានការដាក់ទណ្ឌកម្មជុំទីបីរបស់អាមេរិកមកលើក្រុមហ៊ុនបណ្ដាញរបស់ Prince Group ដោយរួមទាំងបុគ្គលបួនរូប និងក្រុមហ៊ុនចំនួន៤១បន្ថែមទៀត ក្នុងនោះក៏មានក្រុមហ៊ុន Super Light Speed Kh Technology Co., Ltd. ជាក្រុមហ៊ុនមេរបស់ Wownow និង U-Life KH Super App ជាអតីតក្រុមហ៊ុនមេរបស់ Wownow ។
បុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុន Wownow មួយរូបដែលនិយាយដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់ខេមបូចាថា ការទូទាត់ប្រាក់តាមអនឡាញបានរអាក់រអួលតាំងពីមួយសប្ដាហ៍មុន។
លោកបន្ថែមថា៖ «ពីមុន អតិថិជនអាចបង់ប្រាក់តាមរយៈសេវាធនាគារអនឡាញ។ ប៉ុន្តែខ្ញុំមិនដឹងពីមូលហេតុដែលមិនអាចបង់ប្រាក់បានបែបនេះនោះទេ។ បញ្ហានេះកើតឡើងក្រោយមានសេចក្ដីរាយការណ៍ថាក្រុមហ៊ុនជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ»។
តាមរយៈការពិនិត្យជាក់ស្ដែង នៅផ្នែកទូទាត់ប្រាក់លើ App Wownow ទាំងនៅលើទូរសព្ទ iPhone និង Android បានបង្ហាញសារថា «ការទូទាត់ប្រាក់តាមអនឡាញកំពុងជួសជុល»។
បុគ្គលិកដឹកជញ្ជូនឲ្យដឹងទៀតថា អតិថិជនចាស់មិនថាប្រើទូរសព្ទប្រភេទណាមួយ គឺត្រូវទូទាត់ថ្លៃទំនិញមកឲ្យបុគ្គលិកជាសាច់ប្រាក់ ហើយបុគ្គលិកជាអ្នកបង់បន្តទៅកាន់ក្រុមហ៊ុន។
លោកបន្ថែមថា ខណៈពេលដែលក្រុមហ៊ុនមិនទាន់បានជូនដំណឹងអំពីស្ថានភាពជាក់ស្ដែង លោកបានដឹងត្រឹមថា ប្រព័ន្ធកំពុងធ្វើបច្ចុប្បន្នភាព ប៉ុន្តែមិនដឹងលម្អិតជាងនេះនោះទេ។
App Wownow នៅមានជាធម្មតានៅលើប្រព័ន្ធ Android ប៉ុន្តែមិនអាចរកបានដើម្បីទាញយកពីវេទិការបស់ App Store បានទេ។
បុគ្គលិកដឹកជញ្ជូនដដែលឲ្យដឹងទៀតថា៖ «បើសិនជាយើងមាន App រួចហើយ គឺនៅប្រើបានធម្មតា។ ប៉ុន្តែបើយើងលុបវា យើងមិនអាចទាញយកមកវិញបានទេ បើសិនជាអ្នកកំពុងប្រើប្រាស់ទូរសព្ទiPhone»។
លេខទូរសព្ទដែលក្រុមហ៊ុន Wownow ដាក់លើហ្វេសប៊ុកមិនអាចទាក់ទងបាននោះទេ។ ដោយឡែកក្រុមហ៊ុនក៏មិនបានឆ្លើយតបនឹងសំណួររបស់ខេមបូចាដែលផ្ញើតាមអ៊ីម៉ែលដូចគ្នា។
ខេមបូចាបានព្យាយាមទាក់ទងតាមលេខទូរសព្ទដែលក្រុមហ៊ុន Super Light Speed Kh Technology បានដាក់ពេលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ បុរសម្នាក់បានលើកទូរសព្ទ និងបានអះអាងថា លោកមិនដឹងរឿងក្រុមហ៊ុនទេ ប៉ុន្តែថាលោកជាអតីតបុគ្គលិករបស់ក្រុមហ៊ុន Prince Group។ លោកបានចាកចេញ ក្រោយធ្វើការនៅទីនោះបានមួយរយៈ។
ខេមបូចាក៏បានទាក់ទងម្ចាស់ក្រុមហ៊ុន Super Light Speed Kh Technology អ្នកស្រី He Yujing ប៉ុន្តែលេខទូរសព្ទមិនអាចទាក់ទងបាន ហើយលេខទូរសព្ទដែលបានប្រើសម្រាប់ចុះបញ្ជីក្រុមហ៊ុន U-Life KH Super App នៅក្រសួងពាណិជ្ជកម្មក៏មិនត្រឹមត្រូវ។
អ្នកស្រី Yujing ជានាយកក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Wownow និងក៏ជាបុគ្គលម្នាក់ដែលមានឈ្មោះក្នុងបញ្ជីដាក់ទណ្ឌកម្មជុំទីបីរបស់អាមេរិក។ អ្នកស្រីត្រូវបានគេស្គាល់ថាជាភរិយារបស់លោក Chen Bo ដែលជានាយកប្រតិបត្តិរបស់ Prince Group ដែលរងទណ្ឌកម្មដែរកាលពីខែមិថុនាកន្លងទៅ។
លោក ប៉ាង វិសាល ជាអតីតនាយកក្រុមហ៊ុនមេរបស់ Wownow និងជាសហនាយកក្រុមហ៊ុនជាច្រើនទៀតជាមួយលោក Bo គឺត្រូវបានរងទណ្ឌកម្មពីចក្រភពអង់គ្លេសកាលពីថ្ងៃទី២៦ ខែមីនា។
លោក វិសាល និងលោក Bo ជាសហនាយកក្រុមហ៊ុន Tian Xu International Technology ជាប្រតិបត្តិកររបស់ Cool Case ដែលជាដៃគូរបស់ Wownow ហើយត្រូវបានធនាគារជាតិដកអាជ្ញាបណ្ណកាលពីខែកញ្ញា កន្លងទៅ។
បញ្ហាកើតមានលើសេវាកម្មនានារបស់ Wownow គឺដូចគ្នាទៅនឹង App របស់ធនាគារ Prince ដែល App របស់ធនាគារត្រូវបានបាត់ពីវេទិកាទូរសព្ទដៃ ក្រោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដាក់ទណ្ឌកម្មលើក្រុមហ៊ុនមេ។
ធនាគារជាតិ នៃកម្ពុជា មិនបានឆ្លើយតបសំណើសុំអត្ថាធិប្បាយរបស់ខេមបូចានោះទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Wownow Delivery App Removed From Apple App Store, Online Payments Suspended










