សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ ដោយសារស្ថានការណ៍ព្រំដែន

ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដង ទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ (ព្រីង សំរាំង)
ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដង ទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ (ព្រីង សំរាំង)

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដង ទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នៅឆ្នាំនេះ ដោយសាររាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ពីស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេស ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងកិច្ចការអាទិភាពចំពោះមុខមួយចំនួនទៀត។

យោងតាមសារាចររបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ មូលហេតុដែលផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក ដោយសាររាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការ អាទិភាពចំពោះមុខមួយចំនួនទៀត។

សារាចរបានបញ្ជាក់ថា៖ «ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដង ទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦»។

សារាចរបានបន្តថា ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។

នៅក្នុងខ្លឹមសារសារាចរបានឱ្យដឹងទៀតថា ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន៣(បី)ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅរក្សាដដែល ដូចខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦។

សារាចរបានលើកឡើងទៀតថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសហការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក យុទ្ធជននិងគ្រួសារយុទ្ធជន ដែលរងរបួស ពលី និងកំពុងឈរជើងការពារទឹកដី ព្រមទាំងអតីត យុទ្ធជន នៅតាមមូលដ្ឋានរៀងៗខ្លួន។

រាជរដ្ឋាភិបាលបានបញ្ជាឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តយកចិត្តទុកដាក់ សម្របសម្រួល និងបង្កលក្ខណៈ ងាយស្រួលដល់ការស្វែងរកការងាររបស់ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ និងបន្តផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសលករខ្មែរនៅតាមមូលដ្ឋាននីមួយៗ។

រាជរដ្ឋាភិបាលបានណែនាំបន្ថែមថា ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារត្រៀម បង្ការគ្រោះធម្មជាតិនានា ពិសេសគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដោយសារកូនរដូវប្រាំង និងការកើនឡើងកម្ដៅនៅរដូវប្រាំង កើនឡើងកម្ដៅនៅរដូវប្រាំងដោយសារបាតុភូតអែលនីញ៉ូ (El Niño) បណ្តាលឱ្យរដូវប្រាំងឆ្នាំ២០២៧ ខាងមុខអាចនឹងអូសបន្លាយរយៈពេលយូរ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម