សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ការពង្រីកឧទ្យានជាតិវីរៈជ័យប៉ុន្មានឆ្នាំមកនេះ បានបង្កសម្ពាធលើកសិករជនជាតិដើមភាគតិច

ពលរដ្ឋជនជាតិដើមភាគតិចព្រៅមកពីភូមិតាបូក ឈរក្នុងចម្ការដែលបានភ្ជួររួច ពិភាក្សាគ្នាថាត្រូវដាំដំណាំអ្វីខ្លះនៅពេលរដូវវស្សាមកដល់។ រូបភាពថតថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/Coby Hobbs)
ពលរដ្ឋជនជាតិដើមភាគតិចព្រៅមកពីភូមិតាបូក ឈរក្នុងចម្ការដែលបានភ្ជួររួច ពិភាក្សាគ្នាថាត្រូវដាំដំណាំអ្វីខ្លះនៅពេលរដូវវស្សាមកដល់។ រូបភាពថតថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/Coby Hobbs)

ទោះបីជារយៈ៣ឆ្នាំកន្លងមកហើយក្តី បន្ទាប់ពីកម្ពុជាបានកំណត់ឡើងវិញនូវផែនទីតំបន់អភិរក្ស ក៏សហគមន៍ជនជាតិដើមភាគតិចនៅជុំវិញឧទ្យានជាតិវីរៈជ័យនាភាគឦសានប្រទេស  នៅតែមិនទាន់អាចសម្របខ្លួនបានទៅនឹងការកែប្រែនេះ។

នៅឆ្នាំ២០២៣ រដ្ឋាភិបាលបានពង្រីកតំបន់ការពារប្រហែល២០កន្លែងទូទាំងប្រទេស ដោយបម្លែងដីជាង ៨៦០ ០០០ ហិកតា នៅក្នុងខេត្តចំនួន១៤ ទៅជាតំបន់ការពារ។ ឧទ្យានជាតិវីរៈជ័យតែមួយបានពង្រីកជាង ៤០០ ០០០ ហិកតា ដែលកាលពីមុនកែប្រែមានផ្ទៃដីប្រមាណជា ៣៣២ ៥០០ ហិកតាប៉ុណ្ណោះ។

រដ្ឋាភិបាលបានចាត់ទុកគោលនយោបាយនេះថាជាជ័យជម្នះសម្រាប់ជីវៈចម្រុះ។ ប៉ុន្តែនៅខេត្តរតនគិរី សហគមន៍នានាបានលើកឡើងថា ការផ្លាស់ប្តូរនេះបានធ្វើឱ្យពួកគេខាតប្រយោជន៍ ដោយសារសិទ្ធិប្រើប្រាស់ដីធ្លីមានការថយចុះ បង្កើនឧបសគ្គក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីសម្រាប់ជនជាតិដើមភាគតិច និងការប្តឹងផ្តល់ជាបន្តបន្ទាប់ប្រឆាំងនឹងអ្នកភូមិ។

លោក ទ្រិន ហ៊ីប កសិករជនជាតិដើមភាគតិចព្រៅអាយុ ៥២ ឆ្នាំ មកពីភូមិតាបូក ដែលស្ថិតនៅចម្ងាយមិនដល់មួយគី​ឡូម៉ែត្រពីព្រំថ្មីរបស់ឧទ្យានជាតិវីរៈជ័យផងនោះ បាននិយាយថា«មន្ត្រីក្រសួងបរិស្ថានចោទប្រកាន់ខ្ញុំថាកាប់ឈើធំៗ តែការពិតខ្ញុំកាប់តែឈើតូចៗនៅលើដីចម្ការរបស់ខ្ញុំ ដើម្បីដាំស្រូវប៉ុណ្ណោះ។ ខ្ញុំធ្វើស្រែចម្ការតែលើដីដែលមានស្រាប់ពីដើមមកទេ»

លោក ហ៊ីប បានថ្លែងថា គ្រួសាររបស់លោកបានពឹងផ្អែកលើដីចម្ការវិលជុំទាំងនោះតាំងពីលោកនៅក្មេង។ ក្រោយការពង្រីកដែនឧទ្យាន កាលពីឆ្នាំកន្លងទៅ អាជ្ញាធរបានចោទប្រកាន់លោក និងអ្នកភូមិដទៃទៀតថាបានឈូសឆាយ និងកាន់កាប់ដីព្រៃនៅក្នុងឧទ្យាន នៅពេលពួកគេព្យាយាមភ្ជួរដីដើម្បីដាំស្រូវ។

ដីកាតុលាការចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ដែលលោកហ៊ីបបានឱ្យអ្នកសារព័ត៌មានខេមបូចាមើលឃើញថា លោកត្រូវបានចោទប្រកាន់ពីបទកាប់គាស់រុនរានដីព្រៃ។ លោកបាននិយាយថា លោកត្រូវបានសាកសួរនៅចុងខែនោះ ហើយត្រូវបានដោះលែងវិញ។

លោក ទ្រីប ហ៊ីន ជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកដែលបាត់បង់ដីចម្ការ ហើយត្រូវបានតុលាការខេត្តរតនគិរីកោះហៅនៅឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឈូសឆាយដីព្រៃក្នុងតំបន់ការពារ។ រូបភាពថតថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

លោក ក្រឈីន ចាំ មេភូមិតាបូក បានលើកឡើងថា ជនជាតិដើមភាគតិចប្រហែល ៩០នាក់ទៀតនៅស្រុកតាវែង (ដែលក្នុងនោះមានអ្នកភូមិតាបូកដែរ) ឥឡូវកំពុងប្រឈមមុខនឹងវិធានការផ្លូវច្បាប់ពីបទកាប់គាស់រុករានដីព្រៃ ហើយក្នុងនោះមាន១៥នាក់ស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ខ្វៃ អាទិត្យា មិនបានឆ្លើយតបនឹងសំណើសុំការឆ្លើយតបដែលអ្នកសារព័ត៌មានខេមបូចាបានសាកសួរជាច្រើនលើកនោះទេ។

លោក ចាំ បានថ្លែងថា ពលរដ្ឋប្រហែល ១២០ គ្រួសារ នៅភូមិតាបូក ដែលភាគច្រើនជាជនជាតិដើមភាគតិចព្រៅ បាត់បង់សិទ្ធិប្រើប្រាស់ដីចម្ការដែលពួកគេបានអាស្រ័យផលជាយូរមកហើយ បន្ទាប់ពីដីទាំងនោះត្រូវបានបញ្ចូលទៅក្នុងតំបន់ការពារដែលបានពង្រីក។

លោក ហ៊ីប បាននិយាយថា មុនពេលមានការពង្រីកតំបន់ការពារ គ្រួសាររបស់លោកអាចចិញ្ចឹម​ខ្លួនឯងបាន។ ប៉ុន្តែឥឡូវនេះ ដូចអ្នកភូមិមួយចំនួនទៀតដែលខេមបូចាបានសម្ភាសនៅខែមីនា ពួកគេត្រូវពឹងផ្អែកលើការងារតាមរដូវ ដូចជាឈូសឆាយចម្ការ ឬប្រមូលគ្រាប់ស្វាយចន្ទី​ជាដើម។

លោកបាននិយាយថា៖ «យើងមិនសូវមានអីហូបចុកគ្រប់គ្រាន់ដូចមុនទេ»

ចំណុចស្នូលនៃជម្លោះ គឺការខ្វះប័ណ្ណកម្មសិទ្ធិលើដីដែលសហគមន៍ដែលបានប្រើប្រាស់សម្រាប់ធ្វើស្រែចម្ការវិលជុំជាយូរមកហើយ។ តាមការឱ្យដឹងពីក្រុមការងារសិទ្ធិជនជាតិដើមភាគតិច ដំណើរការស្នើសុំប័ណ្ណកម្មសិទ្ធិសហគមន៍សម្រាប់ការអនុវត្តនេះ គឺស្មុគស្មាញ ហើយច្រើនតែជាប់គាំង។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ការសម្រេចបានរបស់រដ្ឋាភិបាល«នៅតែស្ថិតនៅឆ្ងាយក្រោម» គោលដៅឆ្នាំ២០១៧របស់ខ្លួន ដែលប្តេជ្ញាក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីរួមដល់សហគមន៍ជនជាតិដើមភាគតិចចំនួន១០ក្នុងមួយឆ្នាំ។ អង្គការដដែលបានបន្ថែមថា ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចចំនួន៤៥៨ មានតែ៤៣ប៉ុណ្ណោះដែលបានទទួលប័ណ្ណកម្មសិទ្ធិនៅចន្លោះឆ្នាំ២០១១ ដល់ ២០២៤។

លោក ចាំ បានប្រាប់ថា ប្រជាជនភូមិតាបូកបានចាប់ផ្តើមដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិដីធ្លីសហគមន៍ បន្ទាប់ពីការពង្រីកដីឧទ្យាន។

អ្នកស្រាវជ្រាវបានឱ្យដឹងថា ការពង្រីកនេះបានបញ្ចូលដីជាច្រើនម៉ឺនហិកតារបស់សហគមន៍ដែលត្រូវបានពួកគេប្រើប្រាស់យូរមកហើយនោះ ទៅក្នុងតំបន់ការពារ។

លោក Bill Masters  និស្សិតថ្នាក់បណ្ឌិតជនជាតិអាមេរិក ដែលបានសិក្សាសហគមន៍ជនជាតិដើមនៅខេត្តរតនគិរីអស់រយៈពេលបីឆ្នាំ បាននិយាយថា ការពង្រីកឧទ្យានវីរៈជ័យបានបន្ថែមដីប្រហែល ៤៥ ០០០ ហិកតា នៅស្រុកវើនសៃ និងតាវែង ចូលក្នុងតំបន់ការពារ ដែលភាគច្រើនជាដីស្រែចម្ការវិលជុំតាមបែបប្រពៃណី ចម្ការស្វាយចន្ទី និងទីតាំងសក្ការៈរបស់សហគមន៍​ជនជាតិដើមភាគតិច ព្រៅ កាវ៉ែត និងកាចក់។

ដោយផ្អែកលើបទសម្ភាសជាង២០០ លោក Masters  បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងចុះបញ្ជីដីធ្លីជនជាតិដើមភាគតិចភាគច្រើនបានជាប់គាំងក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក ដោយមានតែ៥ ក្នុងចំណោម១៤នៃសំណើប័ណ្ណកម្មសិទ្ធិសហគមន៍ប៉ុណ្ណោះដែលត្រូវបានអនុម័ត ដែលមានប្រហែលតែ១៥%ប៉ុណ្ណោះនៃផ្ទៃដីដែលបានស្នើសុំ។ ជាលទ្ធផល លោកបានថ្លែងសហគមន៍ជាច្រើន«ត្រូវបានចាត់ទុកជាជនល្មើស» ដោយសារការធ្វើស្រែចម្ការលើដីដែលពួកគេបានប្រើប្រាស់ជាយូរមកហើយ។

ភូមិផ្សេងៗនៅជិតឧទ្យានវីរៈជ័យក៏ប្រឈមមុខនឹងសម្ពាធដូចគ្នា ដោយសារខ្វះបណ្ណកម្មសិទ្ធិដីនេះ។

លោក ខាំ ដែន មេភូមិផាវ បាននិយាយថា សហគមន៍របស់លោកកំពុងព្យាយាមចុះបញ្ជីដីសហគមន៍ ប៉ុន្តែអ្នកភូមិជាច្រើនមានការភ័យខ្លាចដោយសារការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងសមាជិកសហគមន៍។ លោកបានថ្លែងថា សំណើត្រូវបានដាក់ជូនអាជ្ញាធរខេត្ត និងក្រសួងបរិស្ថានរួចរាល់ហើយ។

លោកបានបន្តថា ដីចម្ការចាស់ប្រហែល៥០០ហិកតាត្រូវបានប៉ះពាល់ ហើយបើរាប់បញ្ចូលទាំង​ចម្ការវិលជុំ និងព្រៃ«អារក្ស»ដែលសហគមន៍ប្រើប្រាស់សម្រាប់ធ្វើពិធីបុណ្យដូនតា នោះផ្ទៃដីឡើងដល់ប្រហែល ២០ ០០០ ហិកតា។

មេភូមិរូបនេះបានអំពាវនាវដល់ក្រសួងឱ្យប្រគល់ដីត្រឡប់មកឱ្យសហគមន៍វិញ ដោយថាដីនេះមានសារៈសំខាន់ណាស់សម្រាប់ជីវភាព វប្បធម៌ និងកូនចៅជំនាន់ក្រោយ។ លោកបានបន្ថែមថា សហគមន៍មិនត្រូវបានគេប្រាប់ដំណឹងពីការពង្រីកឧទ្យានទេ ហើយហៅទង្វើនេះថាជាការរំលោភសិទ្ធិជនជាតិដើមភាគតិច។

ពលរដ្ឋជនជាតិដើមភាគតិចព្រៅនៅភូមិតាបូក សម្រាកក្រោយពីឈូសឆាយគុម្ពោតព្រៃធ្វើដីចម្ការសហគមន៍ បន្ទាប់ពីបាត់បង់ដីស្រែចម្ការវិលជុំរបស់ពួកគេ។ រូបភាពថតថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/Coby Hobbs)

លោក Masters  បានថ្លែងថា ប្រហែល ៩៥ភាគរយនៃអ្នកភូមិដែលក្រុមស្រាវជ្រាវរបស់លោកបានស្ទង់មតិ បានឆ្លើយថា ពួកគេមិនបានទទួលព័ត៌មានត្រឹមត្រូវ ឬត្រូវបានពិគ្រោះយោបល់មុនពេលផ្លាស់ប្តូរព្រំដែនឧទ្យាននៅឆ្នាំ២០២៣ឡើយ។

លោកបានបន្តថា៖ «អ្នកភូមិជាង ៩០ភាគរយ បានរាយការណ៍ថាត្រូវបានគំរាមកំហែង ឬជំរិតទារប្រាក់នៅពេលធ្វើស្រែចម្ការ ឬប្រមូលផលិតផលព្រៃឈើ។ វាពិបាកនឹងថ្លែងណាស់ពីទំហំនៃវិបត្តិដែលសហគមន៍ជនជាតិដើមភាគតិចកំពុងប្រឈមមុខសព្វថ្ងៃនេះ»

លោកបានអំពាវនាវដល់ម្ចាស់ជំនួយ និងក្រុមការងារអភិរក្សឱ្យពិចារណាឡើងវិញនូវការគាំទ្ររបស់ពួកគេចំពោះការពង្រីកនេះ។

មន្ត្រីមូលដ្ឋានក៏បានទទួលស្គាល់ផលប៉ះពាល់ទាំងនេះដែរ។

លោកស្រី ឡូយ សុធឿង ជំទប់ទី២ ឃុំតាវែងលើ បានថ្លែងថា ថ្វីត្បិតតែការពង្រីកច្រករបៀងការពារបានពង្រឹងការអភិរក្សព្រៃឈើ និងសត្វព្រៃក្តី ក៏ប៉ុន្តែវាក៏បានកាត់បន្ថយដីចម្ការ និងរំខានដល់ការអនុវត្តប្រពៃណីផងដែរ។

លោកស្រីបានថ្លែងថា ដីដែលត្រូវបានឈូសឆាយថ្មីក្នុងកំឡុងឆ្នាំ២០២៣ ដល់ ២០២៤ ត្រូវបានរឹបអូស រីឯដីចម្ការចាស់នៅតែអាចអាស្រ័យផលបានដដែល។ លោកស្រីបន្តថា អាជ្ញាធរ​អាចនឹងវាស់វែងដីដើម្បីបែងចែកឡើងវិញ ហើយមន្ត្រីមូលដ្ឋាននឹងគាំទ្រដល់ការចុះបញ្ជីដីសហគមន៍។ លោកស្រីបានអំពាវនាវដល់រដ្ឋាភិបាលឱ្យការពារសិទ្ធិដីធ្លី និងជីវភាពជនជាតិដើមភាគតិចឱ្យបានប្រសើរថែមទៀត។

នៅពេលសួរអំពីតុល្យភាពរវាងការការពារបរិស្ថាន និងសិទ្ធិជនជាតិដើមភាគតិច លោក ផុន ខេមរិន្ទ ជាប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានឆ្លើយថា ការពង្រីកឧទ្យានជាតិវីរៈជ័យបានគិតគូរទាំងពីរផ្នែកនេះ។

លោក បានបដិសេធឆ្លើយសំណួរបន្ថែម ដោយនិយាយថាកំពុងប្រជុំ ប៉ុន្តែបានបន្ថែមថា៖ «រដ្ឋាភិបាលតែងតែគិតគូរផលប្រយោជន៍របស់ប្រជាពលរដ្ឋជានិច្ច»

ពលរដ្ឋនៅភូមិតាបូកសហការគ្នាបង្កើតកន្លែងទេសចរណ៍មួយឈ្មោះថា «ជួរទឹង» តាមដងស្ទឹងអូរតាបុក ដោយសង្ឃឹមរកចំណូលបានខ្លះបន្ទាប់ពីបាត់បង់ដីចម្ការ និងដើម្បីផ្សព្វផ្សាយប្រពៃណីជនជាតិដើមភាគតិចផងដែរ។ រូបភាពថតថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។ (ខេមបូចា/ទ្រី​ ថានី)

នៅពេលក្រុមអ្នកសារព័ត៌មានខេមបូចាបានចុះទៅភូមិតាបូកក្នុងខែមីនា គេឃើញប្រជាពលរដ្ឋ រួមទាំងលោក ហ៊ីប ដែលអះអាងថា បាត់បង់ដីធ្លីដោយសារការពង្រីកឧទ្យាន កំពុងសហការគ្នាធ្វើកសិកម្មលើដីសហគមន៍ចម្រុះ និងវាលស្រែដែលបានភ្ជួររួច នៅជិតឧទ្យាន (ដែលនៅក្បែរភូមិតាបូក)។

ពួកគេបាននិយាយថា ពួកគេខ្លាចថាអាជ្ញាធរអាចមិនអនុញ្ញាតឱ្យប្រើដីនោះសម្រាប់ដំណាំតាមរដូវកាល។ ខណៈអាជ្ញាធរក៏បានការពារចំណាត់ការផ្លូវច្បាប់កន្លងមកផងដែរ។

លោក ម៉ុង វិសិទ្ធ ប្រធានការិយាល័យឧទ្យានជាតិវីរៈជ័យប្រចាំស្រុកតាវែង បានថ្លែងថា ការរំលោភបំពានបានកើតឡើងនៅពេលដែលអ្នកភូមិ ដែលលោកមិនបានបញ្ជាក់ថាអ្នកណានោះទេ បានឈូសឆាយដីព្រៃដើម្បីធ្វើជាកម្មសិទ្ធិ។

លោកបានសួរថា៖ «ប្រសិនបើពួកគេធ្វើស្រែចម្ការតែលើដីចាស់ ហេតុអ្វីបានជាអាជ្ញាធរត្រូវចាត់វិធានការ?»

លោក ថុន ស៊ូខុន អនុប្រធានឧទ្យានជាតិវីរៈជ័យ បានលើកឡើងថា មុនពេលពង្រីក អាជ្ញាធរ​បានប្រមូលទិន្នន័យអំពីដីកសិកម្មដែលសហគមន៍ប្រើប្រាស់រួចហើយ ហើយបច្ចុប្បន្នមិនមានគម្រោងពង្រីកបន្ថែមទៀតទេ។ លោកបានបន្ថែមថា វិធានការផ្លូវច្បាប់ត្រូវបានអនុវត្តតែចំពោះករណីទន្រ្ទានចូលកាន់កាប់លើដីដែលទើបតែត្រូវបានឈូសឆាយថ្មីៗប៉ុណ្ណោះ ខណៈដែលដីសហគមន៍មួយចំនួននៅស្រុកតាវែង ត្រូវបានចុះបញ្ជីរួចហើយ។

អ្នកនាំពាក្យតុលាការខេត្តបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតជុំវិញសំណុំរឿងទាំងនេះទេ។

លោក ហ៊ីប បាននិយាយថា ភាពមិនច្បាស់លាស់ជុំវិញរឿងដីធ្លី និងវិធានការផ្លូវច្បាប់ កំពុងធ្វើឱ្យលោកមានភាពតានតឹងជាខ្លាំង។

លោកបានទទូចស្នើថា៖ «សូមប្រគល់ដីមកយើងវិញ ដើម្បីយើងបានធ្វើស្រែចម្ការវិញ។ បើគ្មានដីគ្រប់គ្រាន់ យើងមិនអាចរស់បានទេ។ យើងគ្មានម៉ាស៊ីនទេ មានតែឧបករណ៍ធម្មតាៗសម្រាប់ធ្វើស្រែចម្ការនៅលើដីចាស់របស់យើងប៉ុណ្ណោះ។ ខ្ញុំរស់នៅក្នុងការភ័យខ្លាចថាអាចនឹងត្រូវបានគេចាប់ខ្លួនគ្រប់ពេល»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Years On, Virachey Park Expansion Squeezes Indigenous Farmers

ព័ត៌មានថ្មី

អត្ថបទពេញនិយម