សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សាលាឧទ្ធរណ៍ភ្នំពេញ តម្កល់សាលក្រមបង្គាប់ឱ្យលោក ទាវ វណ្ណុល បង់សំណង​១,៥លានដុល្លារទៅរដ្ឋាភិបាល

ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ទៅដល់សាលាឧទ្ធរណ៍ភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចូលរូមសវនាការនៃសំណុំរឿងរបស់លោកដែលពាក់ព័ន្ធនឹងបទចោទបរិហារកេរ្តិ៍ជាសាធារណៈ។ (ខេមបូចា/ព្រីង សំរាំង)
ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ទៅដល់សាលាឧទ្ធរណ៍ភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចូលរូមសវនាការនៃសំណុំរឿងរបស់លោកដែលពាក់ព័ន្ធនឹងបទចោទបរិហារកេរ្តិ៍ជាសាធារណៈ។ (ខេមបូចា/ព្រីង សំរាំង)

សាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់សាលក្រមរបស់តុលាការជាន់ទាបទុកជាបានការដដែល ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ដែលបង្គាប់ឱ្យលោក​ ទាវ វណ្ណុល ប្រធានបក្សភ្លើងទៀន បង់ប្រាក់សំណងជំងឺចិត្តដល់រាជរដ្ឋាភិបាល ចំនួន​៦ពាន់​លាន​រៀល ឬប្រហែល ១,៥លានដុល្លារអាមេរិក។

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញ បើកសវនាការជំនុំជម្រះលើកដំបូង និងប្រកាសសាលដីកាលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក ទាវ វណ្ណុល ទាក់ទិននឹងការផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មាន​បរទេស ដែលលោកលើកឡើងថា ស្ថានភាព​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជាដើរថយក្រោយ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។
នៅរសៀលនេះដែរ មានសមាជិក និងអ្នកគាំទ្ររបស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរប្រមាណ១០០នាក់ បានឡើងមកគាំទ្រ រួមទាំងសមាជិកព្រឹទ្ធសភាកូតាបក្សឆន្ទៈខ្មែរលោក គង់ មុនីកា និងលោក សេង ម៉ារឌី ដោយឈរនៅបរិវេណខាងក្រៅនៃសាលាឧទ្ធរណ៍ភ្នំពេញ។

បន្ទាប់ពីសវនាការបានបិទបញ្ចប់ មេធាវីការពារក្ដីឱ្យលោកទាវ វណ្ណុល គឺលោក អែម ចន្ថា មានប្រសាសន៍ថា ចៅក្រមសម្រេចតម្កល់ទុកសាលាក្រមរបស់សាលាដំបូងរាជធានីភ្នំពេញជាបានការដដែល ដោយលើកឡើងពីសំអាងហេតុ ដូចការចោទពីតុលាការជាន់ទាបថា មានតម្រុយ និងពិរុទ្ធ។

យ៉ាងណាក៏ដោយមេធាវីរូបនេះ ចាត់ទុកសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ជារឿងអយុត្តិធម៌ សម្រាប់កូនក្ដីរបស់លោក ដោយលើកឡើងថា ចៅក្រម ហាក់មិនពិចារណាលើសេចក្ដីសន្និដ្ឋានការពាររបស់មេធាវីចុងចោទ។

លោកលើកឡើងថា៖ «ខ្ញុំយល់ថា មិនបានផ្ដល់យុត្តិធម៌ទេ ព្រោះអីតុលាការហាក់បីដូចជាមិនបានបញ្ចូល និងពិនិត្យមើលសេចក្ដីសន្និដ្ឋានការពាររបស់មេធាវីការពារកូនក្ដី។ តុលាការថយទៅពិចារណារយៈពេលប្រហែល១០នាទី ប៉ុន្តែត្រឡប់មកវិញ អាននូវសេចក្ដីសម្រេចដែលមានសំអាងហេតុយ៉ាងវែង។ ដូច្នេះ ខ្ញុំគិតថា ហាក់ដូចជាមានការរៀបចំ គិតទុកជាមុន ថារឿងហ្នឹងវាត្រូវទៅចឹង»

ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្រោយចាកចេញពីសាលាឧទ្ធរណ៍ ថា លោកមិនអាចទទួលយកបាននោះទេ ចំពោះការផ្ដន្ទាទោសបែបនេះ ហើយលោកនឹងប្ដឹងសាទុក្ខទៅតុលាការកំពូលឆាប់ៗនេះ។

លោក វណ្ណុល បន្តថា អំឡុងពេលជំនុំជម្រះលោកពុំបានផ្ដល់សក្ខីកម្មណាមួយចំពោះមុខចៅក្រមឡើយ ដោយទុកឱ្យមេធាវីអត្ថាធិប្បាយជំនួស ក៏ព្រោះលោកបានបំភ្លឺចប់សព្វគ្រប់នៅឯសវនាការនៅតុលាការជាន់ទាប។

លោក ចាត់ទុកថា ការអត្ថាធិប្បាយរបស់លោកទាក់ទិននឹងប្រជាធិបតេយ្យថយចុះ និងការដាក់កាមេរ៉ាឃ្លាំមើលថ្នាក់ដឹកនាំបក្សភ្លើងទៀនដែលជាអង្គហេតុនៃសំណុំរឿង គឺជាផ្នែកមួយនៃសេរីភាពបញ្ចេញមតិ។

លោកថ្លែងថា៖ «ខ្ញុំមិនអាចទទួលយកបានទេ។ អ្វីដែលខ្ញុំធ្វើគឺជាសិទ្ធិរបស់អ្នកនយោបាយ អ្នកប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើង»

ចំណែកសមាជិកព្រឹទ្ធសភាកូតាបក្សឆន្ទៈខ្មែរលោក សេង ម៉ារឌី ដែលឡើងមកគាំទ្រផងដែរ ថ្លែងថា លោកពិបាកទទួលយកចំពោះប្រាក់បង់សងជំងឺចិត្តដ៏ច្រើនសន្ធឹកសន្ធាប់នេះ ហើយលោកយល់ថា លោក វណ្ណុល មិនបានប្រព្រឹត្តកំហុសឆ្គងអ្វីឡើយ។

លោកបន្ថែមថា៖ «វាហួសហេតុពេក ព្រោះវាពិបាកទទួលមែនទែន»

កាលពីចុងខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យប្រធាន​គណបក្ស​ភ្លើងទៀនលោក ទាវ​ វណ្ណុល ចាញ់ក្ដីរាជរដ្ឋាភិបាល ដោយកាត់ទោសពី​បទ​បរិហារកេរ្តិ៍ជាសាធារណៈ និង​​ពិន័យជា​ប្រាក់​​១០​លាន​រៀល និង​បានបង្គាប់​ឲ្យ​ផ្ដល់​សំណង​ទៅ​រាជរដ្ឋាភិបាល​ចំនួន​៦ពាន់​លាន​រៀល ឬ​ប្រហែល​នឹង​១,៥​លាន​ដុល្លារ​អាមេរិក​។​

ការ​ប្ដឹង​ផ្ដល់​នេះ​កើត​ឡើង​ក្រោយ​លោក វណ្ណុល ​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​សារព័ត៌មាន​បរទេស ដែល​លោក​លើក​ឡើង​ថា ​ស្ថានភាព​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា «ដើរថយក្រោយ»​ ចាប់​តាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​។​ បន្ថែម​ពី​នេះ ​លោក​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​ដំឡើង​កាមេរ៉ា​ដើម្បី​តាម​ដាន​សកម្មភាព​មេដឹកនាំ​គណបក្ស​ភ្លើងទៀនផង​ដែរ ប៉ុន្តែ​តុលាការ​អះអាងថា ​កាមេរ៉ាសុវត្ថិភាព​ទាំង​នោះ​ដំឡើង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ន័យ​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​។​

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ក្នុងនាមអង្គការការពារសិទ្ធិមនុស្ស លោកសង្ឃឹមថា អ្នកនយោបាយគ្រប់និន្នាការបន្តវប្បធម៌សន្ទនា ដើម្បីបរិយាកាសនយោបាយមុនការបោះឆ្នោតខាងមុខមានភាពល្អប្រសើរ ចៀសវាងរងការរិះគន់នានាអំពីលំហនយោបាយមានការរឹតត្បិតជាដើម។

លោកថ្លែងថា៖ «យើងជាអង្គការសង្គមស៊ីវិល យើងចង់ឃើញអ្នកនយោបាយទាំងអស់គឺបន្តនូវវប្បធម៌សន្ទនា ដើម្បីធ្វើយ៉ាងម៉េចកែលម្អធ្វើឱ្យបរិយាកាសនយោបាយ ដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៧២០២៨ ជិតចូលមកដល់នេះ មានបរិយាកាសល្អប្រសើរ។ ការបោះឆ្នោតកុំឱ្យមានការរិះគន់ ទៅលើបញ្ហាលំហសេរីភាពនយោបាយ អីជាដើម»

ព័ត៌មានថ្មី

អត្ថបទពេញនិយម