សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សេចក្ដីព្រាង​ថវិកាឆ្នាំ២០២៧ ​ក្រ​សួង​ការពារ​ជាតិ​កើនថវិកា​១៤​ភាគរយ កាត់​​ពី​ផ្នែក​ផ្សេង​​យ៉ាង​តិច​​២៧០​លាន​ដុល្លារ

ក្រ​សួង​ការពារ​ជាតិ​ រាជធានី​ភ្នំពេញ​ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៦៥។ (ក្រ​សួង​ការពារជាតិ)
ក្រ​សួង​ការពារ​ជាតិ​ រាជធានី​ភ្នំពេញ​ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៦៥។ (ក្រ​សួង​ការពារជាតិ)

​​សេចក្ដីព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២៧ នឹង​ត្រូវ​បង្កើនការ​ចំណាយ​លើ​ផ្នែក​ការពារជាតិ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​អាច​កើន​ជិត​១៤​ភាគ​រយ​ ឬ​ប្រហែល​១,​៦១​ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​​សេចក្ដី​ព្រាង​ថវិកា​ដែល​ត្រូវ​បាន​បង្ហោះ​ផ្សាយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ដោយ​ក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ចំនួន​នេះ​បាន​កើន​ឡើង​ជាង​បួន​ដង​នៃ​​ផែន​ការ​ប្រចាំ​ឆ្នាំ​ដែល​ត្រូវ​កើន​ក្នុង​រង្វង់​តែ​៣,២​ភាគរយ​​សម្រាប់​ឆ្នាំ​បន្ទាប់។ ការ​កើន​ឡើង​នេះ​ក្រោយ​មាន​ជម្លោះ​ព្រំ​ដែន​ជាមួយ​ប្រទេស​ថៃរហូត​ដល់​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​កាល​ពី​ឆ្នាំមុន​។​

​ជាមួយ​គ្នា​នេះដែរ ​បើ​តាម​សេចក្ដីព្រាង​ថវិកា ក្រសួង​ចំនួន​យ៉ាង​តិច​ប្រាំពីរ​ត្រូវ​បាន​កាត់​បន្ថយ​ថវិកា​សរុប​ប្រហែល​២៧០​លាន​ដុល្លារ ដែល​ក្រ​សួង​ទាំង​នោះ​រួម​មាន​ក្រ​សួង​កសិកម្ម ក្រសួងអភិវឌ្ឍន៍​ជនបទ និង​ក្រ​សួង​សាធារណការ និង​ដឹក​ជញ្ជូន​ ជា​ដើម​។ ថវិកា​សម្រាប់​ក្រ​សួង​​ដែល​​គ្រប់​គ្រង​ការ​អភិវឌ្ឍថាមពល និង​វិនិយោគ​អាច​នឹង​កើន​ឡើង​ជាង​ពីរភាគ​បី​​។​

គណៈ​រដ្ឋ​មន្ត្រី​បាន​អនុម័ត​សេចក្ដី​ព្រាង​ថវិកា​នេះ​កាលពី​ថ្ងៃទី​២៣ ខែតុលា​។ ​នៅ​ពេល​នេះ​សេចក្ដីព្រាង​កំពុង​ស្ថិត​ក្នុង​ដៃ​រដ្ឋសភា និង​បន្ទាប់​មក​ទៀត​ត្រូវ​បញ្ជូនទៅ​កាន់​ព្រឹទ្ធសភា ដែល​ស្ថាប័ន​ទាំង​ពីរនេះ​មាន​សមាជិក​ភាគ​ច្រើន​បំផុត​មក​ពី​គណបក្ស​កាន់​អំណាច។ ក្រោយ​ស្ថាប័ន​ទាំង​ពីរ​អនុម័តយល់ព្រម សេចក្ដីព្រាង​ថវិកានេះ​នឹង​ត្រូវ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ឡាយ​ព្រហត្ថលេខា​។​

បើ​តាម​សេចក្ដីព្រាង​ថវិកា​ជាតិ​ឆ្នាំ​២០២៧ ក្រសួងការពារ​ជាតិ​នឹងត្រូវ​ទទួល​បាន​ថវិកា​៣៩,៧​ទ្រីលាន​រៀល ឬ​ប្រហែល​៩,៨​ពាន់​លាន​ដុល្លារ​ កើន​ពី​៣៨,៥ទ្រីលាន​រៀល ឬ​៩,៥​ពាន់​លាន​ដុល្លារ​​​ក្នុង​ឆ្នាំ​២០២៦​។​ រដ្ឋាភិបាល​ព្យាករថា ​រដ្ឋអាច​រក​ចំណូល​បាន​​៣២,៣ទ្រីលាន​រៀល ឬ​ប្រហែល​៨​ពាន់​លាន​ដុល្លារ កើន​ឡើង​៦,៧​ភាគរយ។​

បើ​តាម​សេចក្ដីព្រាង​ថវិកា​ដដែល ថវិកា​៦,៥៤១​ទ្រីលាន​រៀល​ត្រូវ​បង្វែរទៅ​កាន់​វិស័យ​ការពារ​ជាតិ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ កើន​ពី​៥,៧៤​ទ្រីលាន​រៀល​ ឬ​ប្រហែល​១,៤១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៦​ នេះ។​

ក្រ​សួង​ការពារ​ជាតិអាច​នឹង​ទទួល​បាន​ថវិកា​៨៥១​លាន​ដុល្លារ កើន​ឡើង​១៥​ភាគរយ និង​ក្រ​សួង​មហាផ្ទៃ​អាច​នឹង​ទទួលបាន​ថវិកា​១២៦​លាន​ដុល្លារ កើន​ឡើង​២០​លាន​ដុល្លារ​។

ចំណែក​ក្រ​សួង​សុខាភិបាល និង​អប់​រំ ថវិកា​សម្រាប់​ឆ្នាំ​២០២៧​ អាចកើន​ឡើង​បន្តិច​បន្តួច។ ក្រ​សួង​សុខាភិបាល​អាច​ទទួល​បាន​ថវិកា​៥៤១​លាន​ដុល្លារ កើន​ប្រហែល​១ភាគ​រយ ខណៈ​ក្រ​សួង​អប់រំ​អាចទទួល​បាន​ថវិកា​៦៧៧​លាន​ដុល្លារ ​កើន​ប្រហែល​៥ភាគរយ​​។​

វិស័យ​ដែល​ត្រូវ​កាត់​ថវិកា​ច្រើន​ជាង​គេ​​គឺ​វិស័យ​អភិវឌ្ឍជនបទ និង​ហេដ្ឋារចនាសម្ព័ន្ធ។ ក្រ​សួង​អភិវឌ្ឍន៍ជនបទ​អាច​ទទួល​បាន​ថវិកា​២០៩​លាន​ដុល្លារ ថយ​ចុះ​ប្រហែល​៣២​ភាគរយ និង​ក្រ​សួង​សាធារណការ និង​ដឹក​ជញ្ជូន​អាច​ទទួ​ល​ថវិកា​​៦៦៥,៧​លាន​ដុល្លារ ថយ​ចុះ​១៥ភាគរយ​។​

ចំណែក​ក្រ​សួង​កសិកម្ម​អាច​ទទួល​បាន​ថវិកា​​១៦៩​លាន​ដុល្លារ​ ថយចុះ​ប្រហែល​១៥ភាគរយ ខណៈ​ដែល​កសិករ​កំពុង​ប្រឈម​នឹង​បាតុភូតអែលនីញ៉ូ​ដែល​បន្ត​អូសបន្លាយ និង​ថ្លៃជីកសិកម្ម​ឡើង​ថ្លៃ​ខ្ពស់​។​ ចំណែក​ក្រសួង​ផ្សេង​ៗទៀត​អាច​ត្រូវ​កាត់​បន្តិច​បន្តួច​ដូច​ជា​ក្រ​សួង​បរិស្ថាន ក្រសួង​ពាណិជ្ជកម្ម ក្រ​សួង​ការងារ និង​ក្រសួង​ទេសចរណ៍​ជា​ដើម​។​​

ដោយ​​​ឡែង​ក្រសួង​ចំនួន​ពីរ​ដែល​អាច​ទទួល​បាន​ថវិកា​ច្រើន​ជាង​ឆ្នាំ​២០២៦ ដោយក្រ​សួង​រ៉ែ និង​ថាម​ពល ​​អាច​ទទួល​បាន​២៤៤​លាន​ដុល្លារ កើន​ឡើង​៧១​ភាគរយ និង​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម​អាច​ឡើង​ដល់​៣១២​លាន​ដុល្លារ​។​

​អ្នក​នាំពាក្យ​ក្រ​សួង​សេដ្ឋកិច្ច លោក មាស សុខសេនសាន មាន​ប្រសាសន៍​ថា ​ការ​ចំណាយ​កើន​ឡើង​លើ​វិស័យ​សន្តិសុខ​គឺ​ «ផ្អែក​លើ​ការ​សិក្សា​ស្ថានភាព​សេដ្ឋកិច្ច-សង្គម និង​តម្រូវ​ការ​អាទិភាព​របស់​ជាតិ» និង​ថា​មាន​គោល​បំណង​ពង្រឹង​សមត្ថភាព​ប្រទេស​ក្នុង​ការ​ការពារ​បូរណភាពទឹកដី និង​អធិបតេយ្យភាព​ជាតិ សន្តិសុខជាតិ និង​សុវត្ថិភាព​សាធារណៈ​។​

លោក​លើកឡើង​ថា៖ «​ថវិកា​កើន​ឡើង​ដើម្បី​ឆ្លើយ​តបទៅ​នឹង​តម្រូវ​ការចាំ​បាច់​ក្នុង​ការ​ពង្រឹង​ធនធានមនុស្ស ឧបករណ៍​បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និង​សមត្ថភាព​ប្រតិបត្តិការ ដោយ​ផ្អែក​តាម​តម្រូវ​ការ​ជាក់ស្ដែង​ និង​អាទិភាព​របស់​រដ្ឋាភិបាល»​។​

លោក​ថ្លែង​ថា ការ​ចំណាយ​កើន​ឡើង​លើ​វិស័យ​សង្គម​កិច្ច​បាន​ឆ្លុះបញ្ចាំង​ថា​រដ្ឋាភិបាល «បន្ត​ប្ដេជ្ញាចិត្ត​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាពសាធារណៈ ពង្រឹង​ប្រព័ន្ធគាំពារសង្គម និង​ជួយ​ដល់​ជនងាយ​រងគ្រោះ»។ លោកបន្ថែម​ថា ក្រ​សួង​សង្គម​កិច្ច​អាច​ទទួល​បាន​​៦៧៧​លាន​ដុល្លារ ដែល​កើន​ពី​៦២៣​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៦។​

អ្នកនាំពាក្យ​ក្រសួង​ការ​ពារជាតិ លោកស្រី ម៉ាលី សុជាតា មិន​បាន​ឆ្លើយ​តប​សំណើ​សុំ​អត្ថាធិប្បាយ​នោះទេ​។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ប៉ែន បូណា បដិសេធ​ធ្វើ​អត្ថាធិប្បាយ ដោយ​បាន​បង្វែរ​ឲ្យ​អ្នក​សារព័ត៌មាន​យោង​លើ​សេចក្ដី​ថ្លែង​ការណ៍​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ មិន​អាចទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បានទេ​ និង​ក្រសួង​កសិកម្ម​ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ដូច​គ្នា​។​

លោក ឡាំ សុជាតិ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូមតិ និង​គោល​នយោបាយ និងជាសមាជិក​របស់​ក្រុម​ការងារ​ថវិកា មាន​ប្រសាសន៍​ថា ​​ការ​ចំណាយ​លើ​ក្រ​សួង​ការ​ពារជាតិ និង​ក្រ​សួង​មហាផ្ទៃ​កើន​ឡើង ឆ្លុះ​បញ្ចាំង​ពី​ភាព​តានតឹង​ជាមួយ​ប្រទេស​ថៃ និង​បង្ហាញ​ពីកិច្ច​ខិត​ខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​​ឆបោក​តាម​អនឡាញ និង​ឆ្លង​ដែន​ខុស​ច្បាប់។

លោក​បន្ត​ថា៖ «​កម្ពុជា​កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​អនឡាញ បណ្ដាញ​ជួញ​ដូ​រមនុស្ស​ខុស​ច្បាប់ រូម​ទាំងប្រតិបត្តិការ​ឆបោក​»។​

ប៉ុន្តែ​លោកលើកឡើងទៀត​ថា​ គ្រួសារ​ខ្មែរ​ជា​ច្រើន​កំពុង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ដែរ រួម​មាន​បំណុល​លំនៅ​ឋាន ការ​ទទួល​បាន​សេវា​សុខាភិបាល​មិន​ស្មើ​ភាព បាត់​បង់​ការ​សិក្សា ប្រព័ន្ធ​អប់រំទន់ខ្សោយ យុវ​ជន​គ្មាន​ការងារធ្វើ ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​ភាពក្រីក្រនៅទីជនបទ​។​

លោក​បន្ថែម​ទៀតថា៖ «បើសិន​ជាការ​បង្កើនចំណាយ​​លើ​វិស័យ​សន្តិសុខកើត​ឡើង​តាម​រយៈការ​កាត់​បន្ថយ​ថវិកា​ពី​វិស័យ​អភិវឌ្ឍ​សង្គមនិង​សេដ្ឋកិច្ច ស្របពេល​ដែល​ប្រជា​ពល​រដ្ឋ​កំពុង​ជួបការលំបាក នោះ​វាអាច​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​រយៈពេល​វែង»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Draft 2027 Budget Boosts Security 14%, Cuts At Least $270M Elsewhere

ព័ត៌មានថ្មី

រូបភាពសម្រាប់ពន្យល់ (ខេមបូចា /ស៊ើង និមល់)
របាយការណ៍​៖ កាស៊ីណូមួយ​ចំនួន​នៅក្រុងព្រះសីហនុ ដែល​ពាក់​ព័ន្ធ​នឹង​ទណ្ឌកម្ម ទទួលបាន​ទឹកប្រាក់​ភាគ​ច្រើន​​ នៃ​​រូបិយប័​ណ្ណ​គ្រីបតូ ដែល​មាន​តម្លៃ​​ជា​ង​១ពាន់លានដុល្លារ

អត្ថបទពេញនិយម