សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អង្គការសង្គមស៊ីវិលជាង​១០០​ស្ថាប័ន ស្នើសុំ​ឱ្យរដ្ឋាភិបាល និងរដ្ឋ​សភា អនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌​​មាន​​ឱ្យបានឆាប់

ក្រុមអង្គការសង្គមស៊ីវិលមកដាក់លិខិតនៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយស្នើជំរុញការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធទទួលព័ត៌មាន។ រូបថតកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
ក្រុមអង្គការសង្គមស៊ីវិលមកដាក់លិខិតនៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយស្នើជំរុញការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធទទួលព័ត៌មាន។ រូបថតកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អង្គការសង្គមស៊ីវិល​​សរុប​ជាង​ ១០០​ស្ថាប័ន ​​បាន​ស្នើ​​សុំ​ឱ្យ​រដ្ឋាភិបាល ​និង​រដ្ឋសភា អនុម័តលើសេចក្តីព្រាងច្បាប់​ស្តី​ពី«សិទ្ធិទទួលព័ត៌មាន»ដែល​បាន​អូសបន្លាយ​ជិត ​២ទសវត្សរ៍​មក​ហើយ​ឱ្យ​បាន​ឆាប់ ​ដោយ​លើកឡើង​​ថា ច្បាប់នេះ ​គឺ​ជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់សុចរិតភាព និងតម្លាភាពនៃ​សង្គម​កម្ពុជា។ យ៉ាងណាក្តី ក្រសួង​ព័ត៌មាន​បាន​ឱ្យ​ដឹងថា សេចក្តីព្រាង​ច្បាប់ ស្តីពី ​​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​ជា​គ្រឹះ​ដ៏ចាំបាច់ ក្នុង​ការ​លើក​កម្ពស់លទ្ធិប្រជាធិបតេយ្យ ​និង​អភិបាល​កិច្ចល្អនេះ​​ គឺ​កំពុង​ស្ថិត​នៅ​ក្នុង​វដ្ត​នៃការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់ល្អិត​ល្អន់​ លើ​ទិដ្ឋភាព​ច្បាប់ផ្សេងៗ។

តាម​រយៈសេចក្តីថ្លែងការ​ណ៍រួម​កម្រាស់ ២ទំព័រ​ ចេញ​កាលពីថ្ងៃ​ទី​២៨ ខែកញ្ញា​ អង្គការសង្គមស៊ីវិលសរុបចំនួន​ ១០៧ ក្នុង​នោះ​ក៏មាន​អង្គការវិទ្យាស្ថាន​តស៊ូមតិ និងគោល​នយោបាយ(API)​អង្គការ​សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក សមាគមសម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​(ខេម​បូចា) ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ និង​អង្គការ​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​​ប្រព័ន្ធ​​​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ(CCIM)​ជាដើម ​បាន​ស្នើសុំ​ឱ្យរាជរដ្ឋាភិបាល និងស្ថាប័នសភាជាតិ អនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឱ្យបានឆាប់ ស្របតាមបទដ្ឋានអន្តរជាតិ និងធានាបាននូវសិទ្ធិសេរីភាព ក្នុងការទទួលព័ត៌មានក្នុងយុគសម័យឌីជីថល លើគ្រប់វិស័យ ជាពិសេសសិទ្ធិទទួលព័ត៌មាន លើការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្មសាធារណៈ។


ការស្នើ​សុំ​នេះ​ គឺ​បន្ទាប់ពីអស់រយៈពេលជិត២ទសវត្សរ៍  ដែលសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះបានចាប់ផ្តើមតាក់តែងឡើង ក៏ប៉ុន្តែ​រហូតមក​ដល់ពេល​នេះ នៅ​តែមិន​ទាន់​ចេញ​រួច​នៅ​ឡើយ​ ធ្វើ​ឱ្យ​ប្រជាជនកម្ពុជា នៅតែមានកង្វល់អំពីសិទ្ធិរបស់ខ្លួនក្នុងការទទួលព័ត៌មានសាធារណៈ។ បច្ចុប្បន្ន​អាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅមានភាពស្ទាក់ស្ទើរក្នុងការបើកចំហ ឬផ្សព្វផ្សាយព័ត៌មានមួយចំនួន ព្រមទាំងកង្វះធនធាន និងសមត្ថភាពមានកម្រិត បើ​ទោះបីជាគោលការណ៍ជាតិ និងអន្តរជាតិ អំពាវនាវឱ្យរដ្ឋបាលសាធារណៈយកចិត្តទុកដាក់ក្នុងការបំពេញ​តួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការបើកចំហព័ត៌មានក៏ដោយ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍។

​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ បាន​លើក​ឡើង​ថា នៅក្នុងប្រទេសជឿនលឿន ជាពិសេសប្រទេសដែលប្រាថ្នាចង់ក្លាយខ្លួនជាប្រទេសអភិវឌ្ឍន៍ ដែលមានចំណូលមធ្យម និងកម្រិតខ្ពស់ ព័ត៌មានសាធារណៈ គឺជាគន្លឹះមួយនៃភាពជោគជ័យ។ សាធារណជនត្រូវការព័ត៌មានសាធារណៈ ដើម្បីតាមដានការងាររបស់តំណាងរបស់ខ្លួននៅគ្រប់កម្រិត។ ប្រសិនបើមិនមានតម្លាភាព និងការទទួលបានឯកសារថវិកា លទ្ធកម្មសាធារណៈ និងទិន្នន័យហិរញ្ញវត្ថុដែលរឹងមាំទេ វាជាចន្លោះប្រហោងយ៉ាងធំ និងពិបាកក្នុងការប្រឆាំងអំពើពុករលួយ។

ហេតុដូចនេះ អង្គការសមាគម​ទាំងនេះ​បញ្ជាក់​ថា​៖ «ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានជាច្បាប់មួយ សំខាន់ក្នុងការចូលរួមដោយផ្ទាល់ប្រឆាំងអំពើពុករលួយ និងលើកកម្ពស់សុចរិតភាពក្នុងសង្គម»។


សូម​បញ្ជាក់​ថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានបើកចំហទិន្នន័យទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិមួយចំនួន ដែលនេះជាការចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិទទួលព័ត៌មាននៅកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការនៃការផ្តល់ និងទទួលព័ត៌​មាន​សាធារណៈផ្សេងៗទៀត នៅមានកម្រិតនៅឡើយ ជាពិសេសលើព័ត៌មានសំខាន់ៗដូចជា ព័ត៌មានលទ្ធកម្មសាធារណៈ និងព័ត៌មានថវិកា ចំណូល ចំណាយស្ថាប័នសាធារណៈ ដែលពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍ​ជាដើម​។


ក្រុមការងារសិទ្ធិទទួលព័ត៌មាននៃអង្គការសង្គមស៊ីវិល និងយុវជនទទួលស្គាល់ការខិតខំប្រឹងប្រែងមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន ជាពិសេសនៅថ្នាក់ក្រោមជាតិ តាមរយៈកម្មវិធីមួយចំនួនដូចជា គម្រោងគណនេយ្យភាពសង្គម ការអភិវឌ្ឍមូលដ្ឋានតាមបែបប្រជាធិបតេយ្យ និងការិយាល័យច្រកចេញចូលតែមួយជាដើម។

លោក ឡាំ សុជាតិ​ នាយក​ប្រតិបត្តិ​​អង្គការវិទ្យាស្ថាន​តស៊ូមតិ និងគោល​នយោបាយ(API)​​ បាន​ប្រាប់​សារព័ត៌មាន​ខេម​បូចា​ នៅ​ថ្ងៃទី២៩ ខែ​កញ្ញានេះថា ប្រសិន​បើ​មិន​មាន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួ​ល​​ព័ត៌មាន​ទេ គឺ​ទាំង​រដ្ឋាភិបាល ​និង​ប្រជាពល​រដ្ឋ​ គឺ​បាត់​បង់​នូវផល​ប្រយោជន៍​ជាពិសេស​ការ​ទាក់​ទាញ​វិនិយោគទុន ក្នុង​ស្រុក ​និង​​បរទេស ​​​ដើម្បី​​បង្កើន​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ ខណៈ​ដែល​វិនិយោគទុន​អន្តរជាតិ​ មុន​នឹង​ដាក់​ទុន​វិនិយោគ​នៅ​ប្រទេសណាមួយ គឺគេ​​ត្រូវការ​ព័ត៌​មាន​គ្រប់​ជ្រុង​ជ្រោយដែល​អាច​ជឿទុកចិត្ត​បាន​​ពីគ្រប់​ស្ថាប័ន​របស់​រដ្ឋ។

លោក​បន្តថា៖ «អ៊ីចឹង​ការបើក​ចំហព័ត៌មាន​ទាំងគ្រប់​វិស័យ​ និងគ្រប់​កម្រិតនេះ​​ ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​អន្តរជាតិ​ អាចធ្វើ​ការ​​វិភាគ​បាន​ស៊ីជម្រៅ ដែល​អាច​សម្រេច​ចិត្ត​មក​វិនិយោគ​ដែល​តម្រូវឱ្យ​រដ្ឋាភិបាល​បើក​ចំហព័ត៌មាន​បាន​ច្រើន​ជាង​មុន ​ទាក់​ទង​នឹង​ផែនការ​អភិវឌ្ឍ​ និង​ផែន​ការ​វិនិយោគ​ផ្សេងៗ​របស់ជាតិ​ទាំងមូល»។

បន្ថែម​ពីនេះ​ប្រសិន​បើ​ពុំ​មាន​ច្បាប់​នេះ​ទេ ​ប្រជាពល​រដ្ឋ​មិន​អាច​ដឹង​ពីចំណូល​ចំណាយ​​របស់​រដ្ឋាភិបាល​ និង​អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ​​បាន​ត្រឹម​ត្រូវ​​ និង​មិន​អាច​ឱ្យ​សាធារណៈជន​បាន​ចូល​រួម​តាម​ដាន​ការប្រព្រឹត្ត​អំពើ​ពុក​រលួយ របស់មន្ត្រីខិលខូចមួយ​ចំនួន​​បាន​ផងដែរ ខណៈ​ថ្មីៗនេះ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ចំណាយ​លើ​បង្គោល​ភ្លើ​ងសឡា​ ១ដើមមាន​តម្លៃ​​​រហូត​ដល់​ ៨​លាន​រៀល​ជាដើម​។

លោក ​សុជាតិ​ បញ្ជាក់​ថា៖ «​ប្រសិន​បើ​រដ្ឋាភិបាល​បើក​ចំហព័ត៌មាន​ពីដើមទីទៅ នោះ​អ្វី​ៗ​វា​នឹង​មាន​តម្លាភាព​ច្រើន​ជាងមុន​ ទាំងចំណូល​ទាំងចំណាយ​ ទាំង​នីតិវិធីលទ្ធកម្ម​​សាធារណៈ​ទាំង​ការ​​ដេញថ្លៃគម្រោងនានា​ ហើយ​និង​គុណភាព​ នៃ​សំណង់​ផ្សេង​ៗ​ដែល​ពល​រដ្ឋ​អាច​ដឹង និង​វាស់វែង​នូវ​លទ្ធផល​និងគុណភាពបាន»។

ក្នុង​នាម​អង្គការសង្គម​ស៊ីវិល ​នាយក​ប្រតិបត្តិ​​អង្គការវិទ្យាស្ថាន​តស៊ូមតិ និងគោល​នយោបាយ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ​និង​រដ្ឋសភា ​ពិចារណា​បញ្ចេញ​ច្បាប់​សិទ្ធិ​ទទួ​ល​ព័ត៌មាន​នេះ​ឱ្យ​បាន​ឆាប់ ​និង​ស្របតាមស្តង់ដារ​​អន្តរជាតិ​ និង​គោលដៅ​អភិវឌ្ឍ​សហសវត្សរ៍ ១៦,១០ដែល​​តម្រូវ​ឱ្យ​ប្រទេសមួយ​ៗ​មាន​ច្បាប់​ស្តីពីសិទ្ធិ​ទទួល​ព័ត៌មាន ដែល​នេះ​វាជាគោល​ដៅ​របស់​ប្រទេស​កម្ពុជា​ ហើយ​​​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ត្រូវ​ចូល​រួម​ចំណែក​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ឆាប់​បាន​សម្រេចគោល​ដៅនេះ។

យ៉ាងណាក្តី លោក​ ទេព អស្នារិទ្ធ អ្នក​នាំពាក្យក្រសួង​ព័ត៌មាន​ បាន​ប្រាប់​សារព័ត៌មាន​ខេម​បូចា​ថា ក្រសួង​ព័ត៌មាន​បាន​ផ្តោតការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​កិច្ចការងារ​នេះ​​​ពីព្រោះ​ថា សិទ្ធិ​ទទួ​ល​​​ព័ត៌មាន ​គឺ​ជា​គ្រឹះ​ដ៏ចាំបាច់​រឹងមាំ ​នៃការ​លើក​កម្ពស់លទ្ធិប្រជាធិប​តេយ្យ ​​និង​អភិបាល​កិច្ចល្អ​។

លោក​បន្តថា៖ «ឆ្លៀតក្នុង​ឱកាសនេះ សូម​អរគុណ​ចំពោះក្រុម​ការងារ​នៃអង្គការសង្គម​ស៊ីវិល​ក៏ដូច​ជាតួអង្គពាក់​ព័ន្ធ​ សម្រាប់ការចូល​រួមនៅក្នុង​ដំណើរការនាពេល​កន្លងៗមក​។ ​រីឯ​សេចក្តី​​​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ កំពុង​ស្ថិតនៅក្នុង​វដ្ត​នៃការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់ល្អិត​ល្អន់​ផ្នែក​ទិដ្ឋភាពច្បាប់ ​និង​ពិនិត្យ​លើ​ភាពស៊ីចង្វាក់​គ្នា​ជាមួយប្រព័ន្ធ​​ច្បាប់​ជាធរមាន​ផ្សេងៗ​ទៀត​»​។

បន្ថែមពីនេះ ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​លើកឡើងថា នៅក្នុង​បរិបទ​សង្គម​ឌីជីថលនា​ពេល​​បច្ចុប្បន្ន​ ក៏​ដូច​ជាទៅ​អនាគត​ ការធានា​នូវសិទ្ធិ​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ​ពិតត្រឹម​ត្រូវ​​ទាន់​​ពេល​វេលា​ សម្រាប់​ប្រជាពល​រដ្ឋ​ មិន​ត្រឹម​តែជាភាពស្របច្បាប់​អនុលោមទៅ​តាម​​រដ្ឋ​ធម្មនុញ្ញ​ដែល​ជាច្បាប់​កំពូល​របស់​រដ្ឋប៉ុណ្ណោះទេ ថែម​ទាំងជាអាទិភាព​មួយ​ក្នុង​ចំណោម​បេស​កកម្ម​របស់​ក្រសួង​ព័ត៌មាន​ នៅក្នុង​អាណត្តិនេះ ដើម្បី​បង្កើន​ការរក្សា​ជំនឿចិត្ត​និង​លើក​ទឹក​ចិត្ត​ការចូល​រួម​របស់​ប្រជាពល​រដ្ឋ​ ក្នុង​សកម្មភាព​សង្គម​និងការអភិវឌ្ឍ​។

លោក ​អស្នារិទ្ធ ​បន្ថែមថា៖ «ក្រសួង​បានផ្តោត​កិច្ចការ​​រៀបចំច្បាប់ ​លិខិតបទដ្ឋានគតិយុត្តជា​អាទិភាព​​ គឺការរៀបចំ​​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ​ឱ្យ​ស្រប​​នឹងការ​អភិវឌ្ឍ​សង្គម ច្បាប់​ប្រយុទ្ធ​​ប្រឆាំង​​ព័ត៌មាន​ក្លែងក្លាយ ​ច្បាប់​គ្រប់​គ្រងវិស័យ​ព័ត៌មាន ​និង​សោតទស្សន៍ ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ​និង​ច្បាប់​លិខិតបទដ្ឋាន​ផ្សេងទៀត»។

លោក​ ណុប វី ប្រធានសមាគមសម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​(ខេម​បូចា)​ ​ថ្លែង​ថា ច្បាប់​ស្តីពីសិទ្ធិ​ទទួល​ព័ត៌មាន ​គឺ​ជាច្បាប់​មួយ​ដែល​ដាក់​កម្រិត​អំពី​តួនាទី ​ភារកិច្ច​​របស់​ស្ថាប័ន​រដ្ឋ​គ្រប់​ស្ថាប័ន​ទាំងអស់​ ឱ្យ​គិត​គូ​អំពី​សិទ្ធិ​របស់​ប្រជាពល​រដ្ឋ​​ជាពិសេស​សិទ្ធិ​ទទួល​​ព័ត៌មាន​។​

លោក​បញ្ជាក់​ថា៖ «នៅក្នុង​ច្បាប់នេះ ​គឺវាមានការចាប់​បង្ខំទៅ​ទៀត​ឱ្យ​ស្ថាប័ន​រដ្ឋនីមួយៗ​ត្រូវ​​តែ​បង្កើត​ឱ្យ​មាន​ការិយាល័យ​ទទួល​បន្ទុក​ព័ត៌មាន ហីនៅក្នុងការិយាល័យ​ទទួ​ល​បន្ទុក​ព័ត៌មាន​ហ្នឹង​គឺ​មាន​តួនាទីសំខាន់​នៅក្នុង​ការ​ធានា​ឬក៏ផ្តល់​ព័ត៌មានទៅ​ឱ្យ​ប្រជាពល​រដ្ឋ​ទៅ​ឱ្យ​អ្នក​ស្នើ​សុំ​ព័ត៌មាន អាហ្នឹង​ជាចំណុច​ដែល​វាពាក់​ព័ន្ធ​​វាសំខាន់»។

បន្ថែមពីនេះ​លោក​ ណុប វី ​បញ្ជាក់​ថា នាពេល​បច្ចុប្បន្ននេះ​ប្រជាពល​រដ្ឋ​អត់មាន​ព័ត៌មាន ហើយ​កាលណា​អត់មាន​ព័ត៌មាន​ ពេល​ខ្លះ​ពលរដ្ឋ​ត្រូវ​ចាញ់បោក​ការបោកបញ្ឆោត​ នៃការ​ផ្សព្វផ្សាយ​​ព័ត៌មាន​ក្លែងក្លាយ​​។ ហេតុដូច្នេះ​ប្រសិន​បើកម្ពុជា​មាន​ច្បាប់​ស្តីពីសិទ្ធិ​ទទួល​ព័ត៌មាន ​នោះការ​ចាញ់​បោក​ជន​ឆបោក ​ឬក៏ហៅថា ​Online Scam គឺ​អាចនឹងត្រូវ​កាត់​បន្ថយ​ផងដែរ។

លោក​ប្រធានខេមបូចាបានបញ្ជាក់ថា៖ «មួយ​វិញ​ទៀត​នៅពេល​ដែល​កម្ពុជា​មាន​ច្បាប់​នេះ​វានឹងជួយ​លើក​​កម្ពស់ការបញ្ចេញមតិ​ប្រកបដោយគុណភាព​ ការ​បញ្ចេញ​មតិប្រកបដោយ​ស្ថាបនា​ ពីព្រោះ​កាលណា​ប្រជាពល​រដ្ឋ​មាន​ព័ត៌មាន​គ្រប់​គ្រាន់​គាត់​ប្រើប្រាស់ព័ត៌មាន​នឹង​ជាភស្តុតាង​ដើម្បី​បញ្ចេញមតិ រិះគន់ ​ឬមួយក៏​បញ្ចេញមតិកែលម្អទៅ​នឹង​បញ្ហា​សង្គម​ផ្សេងៗ​ អាហ្នឹង​គឺ​ជាចំណុច​សំខាន់​ៗ​ដែល​ពាក់​ព័ន្ធ»។

ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិសិទ្ធិទទួលព័ត៌មានជាសកលឆ្នាំ២០២៦ ក្រោមប្រធានបទ «ការធានានូវសុចរិតភាពនៃព័ត៌មាន និងតម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា» ក្រុមការងារសិទ្ធិទទួលព័ត៌មាននៃអង្គការសង្គមស៊ីវិល បាន​ស្នើទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត និង​រដ្ឋ​សភាកម្ពុជា សូម​ឱ្យ​ពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន​ដែលស្របតាមបទដ្ឋានអន្តរជាតិក្នុងឆ្នាំ២០២៦ ឬឆ្នាំ២០២៧ និង​ក៏​សូមបញ្ជាក់ឱ្យបានច្បាស់ និងលម្អិត អំពីព័ត៌មានណាខ្លះជាប្រភេទព័ត៌មានសម្ងាត់ក្នុងច្បាប់ ស្តីពី សិទ្ធិទទួលព័ត៌មាន។


បន្ថែមពីនេះ​ត្រូវ​ណែនាំក្រសួង មន្ទីរ និងអង្គភាពនានារបស់រដ្ឋ បើកចំហព័ត៌មានសាធារណៈឱ្យបានទូលំទូលាយ ជាពិសេស ព័ត៌មានថវិកាចំណូលចំណាយស្ថាប័នសាធារណៈ និងព័ត៌​មានលទ្ធកម្មសាធារណៈ​ជាដើម​។

សូម​បញ្ជាក់​ផងដែរថា ក្នុងជំនួបជា​មួយអ្នកសារព័ត៌មានក្នុងស្រុកលើកទី៥ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានលើកឡើងថា ច្បាប់ស្តីពីសិទ្ធិ​ទទួលព័ត៌មាននឹងអនុម័តក្នុងឆ្នាំ២០២៤ ឬយ៉ាងយូរឆ្នាំ២០២៥ ក្នុងអាណត្តិសភាលើកទី៧៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម