សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រដ្ឋាភិបាលនឹងបង្កើនថវិការដ្ឋបាលថ្នាក់មូលដ្ឋាន

ត្រូវបានចាក់នៅលើផ្លូវបេតុងមួយខ្សែប្រវែង ១០០០ម៉ែត្រ ទើបសាងសង់ថ្មី ស្ថិតនៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ រូបភាពនេះ ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។
ត្រូវបានចាក់នៅលើផ្លូវបេតុងមួយខ្សែប្រវែង ១០០០ម៉ែត្រ ទើបសាងសង់ថ្មី ស្ថិតនៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ រូបភាពនេះ ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។

យោងតាមសេចក្តីព្រាងច្បាប់​ថវិកា​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន​ឱ្យ​ដឹង​ថា​ ការចំ ណាយ​​ថ្នាក់​ក្រោមជាតិរបស់កម្ពុជាសម្រាប់រដ្ឋបាលមូលដ្ឋាននៅឆ្នាំ២០២៧ ត្រូវគេ​រំពឹងថានឹងកើនឡើង១៧ភាគរយ ដល់ចំនួន១,២៤ពាន់លានដុល្លារ ធៀប​នឹង​ចំនួន១,០៦ពាន់លានដុល្លារកាល​ពី​ឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយ ការបែងចែកថវិកា​នេះមិនរាប់បញ្ចូលការបែងចែកសម្រាប់វិស័យ​សុខាភិបាល និង​អប់រំ ក្រោមការគ្រប់គ្រង​របស់​រដ្ឋបាលរាជធានីនិង​ខេត្ត ដែល​ស្ថិ​តក្រោមយន្ត​ការ​ផ្ទេរ​មុខ​ងារ​ដោយ​មាន​លក្ខ​ខណ្ឌនោះទេ។

អ្នកភូមិមួយចំនួន ដែលត្រូវបានសម្ភាសបានលើកឡើងថា ការពិគ្រោះយោបល់ជាមួយសា​ធារណ​ជន និងការផ្សព្វផ្សាយព័ត៌មានអំពីថវិកាមានកម្រិត បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនមិនបាន​ដឹង​អំពីថវិកា ដែលត្រូវបានបែងចែកសម្រាប់ការអភិវឌ្ឍនោះទេ។

យោងតាមសេចក្តីព្រាងច្បាប់​ថវិកា​ ដែលត្រូវបានអនុម័តដោយទីស្តីការ​គណៈ​រដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែតុលា ការចំណាយនៅថ្នាក់ក្រោមជាតិ ដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៧ នឹង​ធ្វើឱ្យរដ្ឋបាលឃុំ ឬសង្កាត់ទទួលបានថវិកាប្រមាណ៩០៥លានរៀល (ស្មើនឹងប្រហែល ២២ ៣០០០ដុល្លារអាមេរិក) ដែលក្នុងនោះរួមមានថវិកាសម្រាប់គម្រោងអភិវឌ្ឍន៍មូលដ្ឋានប្រមាណ ១១ ៥០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

អ្នកស្រី​ អ៊ុក ឡាយ​ហៀង ជាពលរដ្ឋ​រស់នៅឃុំបា​ស្រែ​ ខេត្តតាកែវ បាននិយាយ​ថា៖ «មិនមានការផ្សព្វ​ផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជននោះទេ ដូចជាតាមរយៈវេទិកា​​ ដែល​រៀបចំឡើងនៅថ្នាក់ស្រុក ឬថ្នាក់ឃុំជាដើម។ ប្រជាពលរដ្ឋភាគច្រើនមិនបានដឹងពីព័ត៌​មានលម្អិតនោះទេ»។

អ្នក​ស្រីបន្តថា៖ «ប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនបានដឹងអំពីថវិកាសរុប ដែលបានបែងចែកសម្រាប់​ការអភិវឌ្ឍមូលដ្ឋាននោះទេ ហើយយើងគ្រាន់តែដឹងខ្លះៗនៅពេល ដែលមានការសាងសង់ផ្លូវប៉ុណ្ណោះ»។​

អ្នកស្រី ឡាយ​ហៀង​ បានបន្ថែម​ថា៖ «យើងចង់ឱ្យមានការផ្សព្វផ្សាយព័ត៌មានកាន់តែទូលំទូលា​យ​ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បានដឹងអំពីថវិកាអភិវឌ្ឍន៍ ដែលត្រូវបានបែងចែកទៅឱ្យ​សហគមន៍មូលដ្ឋានជារៀងរាល់ឆ្នាំ»។

លោក អ៊ុក ធីម អនុប្រធានភូមិស្វាយខាងត្បូង បានឱ្យដឹងថា អាជ្ញាធរឃុំបានផ្សព្វផ្សាយព័ត៌មានអំពីថវិកាសម្រាប់ការ​អភិវឌ្ឍ​ ជាពិសេស គឺថវិកាសម្រាប់គម្រោងសាងសង់ផ្លូវ។

លោក​ អុក ធីម និយាយថា៖ «យើងបានផ្សព្វផ្សាយព័ត៌មានអំពីថវិកាហើយ។ អ្នកខ្លះបានដឹង ប៉ុន្តែអ្នកខ្លះទៀតមិនបានដឹងទេ ព្រោះ […] ប្រជាពលរដ្ឋមិនសូវចង់ចូលរួមក្នុងកិច្ចប្រជុំឡើយ លុះត្រាតែមានការផ្តល់ប្រាក់លើកទឹកចិត្ត ទើបពួកគាត់​ព្រមចូលរួម»។

អ្នកស្រី​ មិត សុខមាន ជាពលរដ្ឋ​រស់នៅខេត្តពោធិ៍សាត់ បាននិយាយថា ប្រជាពលរដ្ឋមានឱកាស​តិចតួចណាស់ក្នុងការចូលរួមកិច្ចប្រជុំថ្នាក់​ឃុំ ដែលពាក់ព័ន្ធនឹងការបែងចែកថវិកាសម្រាប់គម្រោងអភិវឌ្ឍន៍នានា។

អ្នក​ស្រី​បញ្ជាក់ថា៖ «យើងមិនដែលដឹងពីចំនួនថវិកាសរុប ដែលត្រូវបានបែងចែកនោះទេ ព្រោះអាជ្ញាធរមិនបានបង្ហាញតួលេខទាំងនោះដល់ប្រជាពលរដ្ឋឡើយ»។

អ្នកស្រី​ សុខមាន មកពីឃុំអន្សាចំបក់ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ឱ្យបែងចែកថវិកាបន្ថែមទៀតនៅក្នុងផែនការចំណាយថវិកាឆ្នាំ២០២៧ ដើម្បីកែលម្អប្រព័ន្ធធារាសាស្ត្រ និងស្តារប្រឡាយទឹកឡើងវិញ សម្រាប់ស្តុកទឹកទុកជួយដល់វិស័យកសិកម្មក្នុងមូលដ្ឋាន។

អង្គការមិនមែនរដ្ឋាភិបាលមួយបានលើកឡើងពីក្តីបារម្ភជុំវិញកង្វះតម្លាភាព និងគណនេយ្យភាពក្នុងការចំណាយលើការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន។ កាល​ពី​ខែកញ្ញា ក្រសួងមហាផ្ទៃបានរាយការណ៍អំពីការរកឃើ​ញករណី​គប់​គិត​គ្នាជាប្រព័ន្ធ និងការប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ឃុំខុស​គោលដៅ។ 

លោក ឡាំ សុជាតិ នាយកប្រតិបត្តិ នៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងជាសមាជិក នៃក្រុមការងារថវិកា បានកោតសរសើរចំពោះការកើនឡើង នៃការបែងចែកថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបានមានប្រសាសន៍ថា៖ «ការស្នើដំឡើងថវិកាសម្រាប់ថ្នាក់ក្រោមជាតិ គឺជារឿងវិជ្ជមាន ប៉ុន្តែថវិកាកាន់តែច្រើនមិនមែនមានន័យថា សេវាសាធារណៈនឹងកាន់តែល្អប្រសើរ ឬជីវភាពរស់​នៅ នឹងត្រូវបានលើកកម្ពស់ដោយស្វ័យប្រវត្តិនោះទេ»។

លោក សុជាតិ បានមានប្រសាសន៍ថា៖ «សេចក្តីព្រាងច្បាប់​ថវិកាឆ្នាំ២០២៧ តាម​ព័ត៌មាន​ថា ធ្វើ​ឱ្យ​មាន​ការ​កើនឡើងយ៉ាងច្រើន​​នូវ​ធនធានថវិកា​សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ទោះជាយ៉ាងណាក៏ដោយ ការ​កើនឡើងជាក់លាក់នៃ​ការ​ចំណាយ​ធៀបនឹងឆ្នាំមុន និងប្រភេទនៃការចំណាយនានា នៅតែ​ត្រូវការការបញ្ជាក់​បន្ថែម»។

លោកបានបន្តថា ផ្អែកលើការសង្កេតរបស់វិទ្យាស្ថានតស៊ូមតិ និងគោលនយោ​បាយ គឺមានវឌ្ឍនភាពមួយចំនួននៅក្នុងការចូលរួមរបស់ពលរដ្ឋ និងការឆ្លើយតបរបស់អាជ្ញាធរ​​មូលដ្ឋាន។ លោកបានកត់សម្គាល់ថា មានស្ត្រី យុវជន ជនជាតិដើមភាគតិច និងក្រុមងាយរងគ្រោះផ្សេងទៀត បានចូលរួមក្នុងកិច្ចសន្ទនានៅថ្នាក់មូលដ្ឋានកាន់តែច្រើនឡើង ហើយបញ្ហា​ផ្សេងៗ ដែលត្រូវបានលើកឡើងនៅក្នុងវេទិកាដែលគាំទ្រដោយ API ក៏មានចំនួនកើនឡើងផងដែរ។

លោក សុជាតិ បានថ្លែងថា៖ «ជារឿយៗ ការឆ្លើយតបមានភាពខ្លាំងក្លាជាងនៅដំណាក់កាល នៃការទទួលស្គាល់បញ្ហា បើធៀបនឹងដំណាក់កាលនៃការបែងចែកថវិកា ការបញ្ចប់គម្រោង ឬដំណាក់កាល​ថែទាំ»។

របាយការណ៍តាមដានឆ្នាំ២០២៦ របស់ API បានបង្ហាញថា សហគមន៍នានានៅតែបន្តជួបប្រទះបញ្ហា ដែលអូសបន្លាយយូរមកហើយ ពាក់ព័ន្ធនឹងទឹក អនាម័យ មណ្ឌលសុខភាព ផ្លូវថ្នល់ ការអប់រំ ដីធ្លី ធនធានធម្មជាតិ អគ្គិសនី ស្រះទឹកសម្រាប់ធានាសុវត្ថិភាពទឹក និងសេវាសាធា​រណៈរដ្ឋបាល។

លោក សុជាតិ បានបន្ថែមថា៖ «រដ្ឋាភិបាលមិនគួរគ្រាន់តែបង្ហាញថា មានការបែងចែក​ថវិកាចំនួន​ប៉ុន្មាននោះទេ ប៉ុន្តែត្រូវបង្ហាញផងដែរថា តើថវិកានោះត្រូវបានចំណាយ​ទៅលើ​អ្វី​ នរណាជាអ្នកទទួលបានផលប្រយោជន៍ និងតើ​មានសេវាសាធារណៈ​អ្វីខ្លះ ត្រូវ​បាន​ផ្តល់​ជូន​រួចរាល់​»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Government to Increase Local Administration Budget

ព័ត៌មានថ្មី

អត្ថបទពេញនិយម