សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋភូមិទួលសំបូរបន្តរងការគំរាមកំហែងពីក្លិនដែលភាយចេញពីរោងចក្រស្លអាគុយនៅចម្ងាយ៦០ម៉ែត្រពីផ្ទះពួកគេ

អ្នកស្រី​ ឡូ អូន ជាពលរដ្ឋរស់នៅភូមិទួលសំបូរ ខេត្តកំពង់ស្ពឺ កំពុងដើរសំដៅទៅផ្ទះរបស់គាត់​​ ហើយរោងពណ៌ខៀវនៅក្រោយនោះគឺជារោងចក្រស្លអាគុយដែលកំពុងគំរាមកំហែងដល់អ្នកភូមិ។ រូបភាពថតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ប៉ា តុងចិន)
អ្នកស្រី​ ឡូ អូន ជាពលរដ្ឋរស់នៅភូមិទួលសំបូរ ខេត្តកំពង់ស្ពឺ កំពុងដើរសំដៅទៅផ្ទះរបស់គាត់​​ ហើយរោងពណ៌ខៀវនៅក្រោយនោះគឺជារោងចក្រស្លអាគុយដែលកំពុងគំរាមកំហែងដល់អ្នកភូមិ។ រូបភាពថតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ប៉ា តុងចិន)

ខេត្តកំពង់ស្ពឺ៖ ក្លិនផ្សែងសារធាតុគីមីដែលបានហុយសាយភាយពេញភូមិដោយសារការឆាបឆេះកន្លែងស្តុកនិងស្លថ្មពិលមួយកន្លែងកាលពីខែកក្កដា  នៅតែដិតជាប់ក្នុងអារម្មណ៍របស់អ្នកស្រី ហុក ពឿន។ ស្ថានភាពផ្សែងអ័ព្ទនោះបានអូសបន្លាយពេលជាច្រើនថ្ងៃនៅក្នុងភូមិទួលសំបូរ ខេត្តកំពង់ស្ពឺ។ ចៅប្រុសរបស់គាត់បានធ្លាក់ខ្លួនឈឺដោយសារជំងឺរលាកផ្លូវដង្ហើម ហើយត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលមួយសប្តាហ៍ នេះបើតាមការរៀបរាប់របស់គាត់។

ក្រសួងបរិស្ថានបានរកឃើញថា ការរក្សាទុកថ្មពិលប្រភេទ​​លីចូម (Lithium-ion) មិនបានត្រឹមត្រូវ គឺជាមូលហេតុបង្កឱ្យមានអគ្គីភ័យ ដែលបានធ្វើឱ្យកម្មករមួយចំនួនរងរបួស និងរកឃើញកម្រិតពុលខ្យល់ខ្ពស់ផងដែរ។ ក្រសួងបានពិន័យជាប្រាក់ទៅលើក្រុមហ៊ុន​ស៊ីងសេងសេង មេថល មេធើរៀលអិនដាស្ទៀល​​ (Xinshengsheng Metal Materials Industrial Park) និងតម្រូវឱ្យមានការរុះរើប្តូរទីតាំងនោះចេញ។

ប៉ុន្តែការព្រួយបារម្ភនៅតែកើតមានចំពោះអ្នកស្រី ពឿន​ ដដែល ព្រោះថា​នៅជាប់កន្លែងស្តុក និងស្លថ្មពិលដែលត្រូវបានអគ្គីភ័យឆាបឆេះនោះ​ គឺមានរោងចក្រស្លអាគុយមួយទៀតកំពុងបន្តដំណើរការ។

ជីដូនវ័យ ៥៣ឆ្នាំរូបនេះ​ បាននិយាយថា៖ «បើគេនៅតែបន្តដំណើរការកន្លែងស្លនេះមិនឈប់ឈរបែបនេះ តើពួកយើងរស់នៅទីនេះយ៉ាងម៉េចកើត?»។

តាំងពីរោងចក្រនេះចាប់ដំណើរការកាលពីដើមឆ្នាំមក ប្រជាពលរដ្ឋរស់នៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ​ បានរស់នៅក្នុងភាពភ័យខ្លាច ដោយសាររោងចក្រនេះ ដែលមានចម្ងាយត្រឹមតែ ៦០ ម៉ែត្រ ពីផ្ទះរបស់ពួកគេ។ ពួកគេបានលើកឡើងថា រោងចក្រនេះធ្វើសកម្មភាពស្លអាគុយប្រភេទអាស៊ីតសំណចាស់ៗ ដែលរដ្ឋាភិបាលចាត់ទុកថាជាកាកសំណល់គ្រោះថ្នាក់ និងហាមឃាត់ការនាំចូល តាមរយៈដំណើរការដែលអាចបញ្ចេញសារធាតុសំណ ដែលជាលោហៈពុលគ្មានកម្រិតសុវត្ថិភាពណាដែលត្រូវបានកំណត់ឡើយ។ 

ប្រជាពលរដ្ឋ​បានប្រាប់ខេមបូចា​ថា គ្មាននរណាម្នាក់បានធ្វើការពិគ្រោះយោបល់ជាមួយពួកគេមុនពេលរោងចក្របើកដំណើរការនោះទេ។ ហើយពួកគាត់ចោទជាសំណួរថា ហេតុអ្វីបានជាអនុញ្ញាតឱ្យមាននៅក្នុងតំបន់ពលរដ្ឋរស់នៅ និងហេតុអ្វីបានជាវាបន្តដំណើរការ ទោះបីជាមានអគ្គិភ័យ និងកម្រិតជាតិពុលខ្ពស់ដែលក្រសួងបានរកឃើញក៏ដោយ។

ដោយសារក្តីបារម្ភពីផលប៉ះពាល់រយៈពេលវែងដល់សុខភាព បរិស្ថាន និងជីវភាពរស់នៅ ពួកគេកំពុងទាមទារឱ្យក្រុមហ៊ុនរុះរើទីតាំងទាំងនោះចេញ។

អ្នកស្រី ហុក​​ ពឿន ដែលមានផ្ទះនៅចំងាយត្រឹមតែ ៦០ ម៉ែត្រពីទីតាំងរោងចក្រស្លអាគុយ​ នៅក្នុងសួនឧស្សាហកម្ម ស៊ីងសេងសេង មេថល មេធើរៀលអិនដាស្ទៀល​​ (Xinshengsheng Metal Materials Industrial Park​ Co.,Ltd) បានប្រាប់ថា លោកស្រីមានការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាពរបស់គាត់ និងក្រុមគ្រួសារ។ រូបភាពថតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ (ខេមបូចា/ប៉ា តុងចិន)

«ពួកយើងដឹងថាពួកយើងបានទទួលរងនូវការបំពុលហើយ»

កាលពីខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគទំហំ ៦.៣ លានដុល្លារដោយក្រុមហ៊ុន ស៊ីងសេងសេង ដើម្បីសាងសង់រោងចក្រស្ល និងកែច្នៃលោហធាតុនៅភូមិទួលសំបូរ។ ក្រុមប្រឹក្សាបានប្រកាសថា រោងចក្រនេះនឹងបង្កើតការងារចំនួន ៤៥៥ កន្លែង ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ពីប្រភេទលោហៈដែលត្រូវកែច្នៃនោះឡើយ។

ប្រជាពលរដ្ឋបានប្រាប់សារព័ត៌មានខេមបូចា​​កាលពីខែកញ្ញាថា គ្មានការពិគ្រោះយោបល់ជាសាធារណៈទេមុនពេលរោងចក្រនេះត្រូវបានសាងសង់ឡើង។ ខេមបូចា​ មិនអាចផ្ទៀងផ្ទាត់បានទេថាតើការវាយតម្លៃផលប៉ះពាល់បរិស្ថាន ដែលច្បាប់កម្ពុជាតម្រូវសម្រាប់ប្រតិបត្តិការស្លលោហៈធាតុ ត្រូវបានធ្វើឡើងសម្រាប់រោងចក្រ និងសួនឧស្សាហកម្មនេះដែរឬយ៉ាងណា។

មេភូមិទួលសំបូរ លោក ឃុត ភឿន បានឱ្យដឹងថា រោងចក្រស្លអាគុយនេះបានចាប់ផ្តើមដំណើរការកាលពីដើមឆ្នាំនេះ។ លោកបន្តថា​ លោកទើបនឹងដឹងថា នោះជារោងចក្រកែច្នៃនិងស្លអាគុយ ពេលឃើញសំណល់ថ្មពិល និងអាគុយត្រូវបានដឹកជញ្ជូនមកដល់រោងចក្រនោះទៅហើយ។

លោក ភឿន និងអ្នកភូមិជាច្រើននាក់ទៀតបានលើកឡើងថា រោងចក្រនេះស្លអាគុយចាស់ៗ​ ដែលភាគច្រើន​ជាអាគុយម៉ូតូ និងរថយន្តដើម្បីយកមកកែច្នៃឡើងវិញ។ សារព័ត៌មានខេមបូចា បានសង្កេតឃើញថា រោងចក្រនេះប្រើប្រាស់ច្រកទ្វារចូលរួមជាមួយកន្លែងដែលត្រូវបានឆេះក្រោមផ្លាកយីហោ ស៊ីងសេងសេង ហើយរូបថតរបស់វាត្រូវបានបង្ហាញភ្ជាប់ជាមួយនឹងការអនុម័តគម្រោងរបស់ក្រុមហ៊ុនពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍ផងដែរ។ លោក ភឿន បានបញ្ជាក់ថា មានកម្មករជាជនជាតិខ្មែរ និងបរទេសប្រហែល ២០ នាក់កំពុងធ្វើការនៅរោងចក្រនេះ។

ក្រសួងបរិស្ថាន មិនបានបញ្ជាក់ថាតើក្រុមហ៊ុន ស៊ីងសេងសេង ជាម្ចាស់ទីតាំងស្លអាគុយនេះ ឬយ៉ាងណាទេ ហើយថាតើវាត្រូវបានត្រួតពិនិត្យរួចហើយឬនៅចាប់តាំងពីមានអគ្គីភ័យមក ឬក៏បទប្បញ្ញត្តិអ្វីខ្លះដែលក្រុមហ៊ុននេះត្រូវគោរពតាម។ សារព័ត៌មានខេមបូចា មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេថា តើរោងចក្រកែច្នៃអ្វីខ្លះ យករបស់ទាំងនោះមកពីណា ឬហេតុអ្វីបានជាថ្មពិលប្រភេទលីចូមត្រូវបានរក្សាទុកនៅទីតាំងដែលបានឆេះនោះ។

លោកស្រី ពឿន បាននិយាយថា៖ «អាចថាខ្ញុំមិនសូវបានរៀនសូត្រ ប៉ុន្តែខ្ញុំនៅតែឆ្ងល់ថាហេតុអ្វីបានជាគេអនុញ្ញាតឱ្យដំណើរការនៅក្នុងភូមិពួកយើងបែបនេះ? ជាធម្មតា ប្រជាពលរដ្ឋចង់បានរោងចក្រដើម្បីរកស៊ីចិញ្ចឹមជីវិត ប៉ុន្តែបើវាដោះដូរមកវិញនូវការបំផ្លាញសហគមន៍ តើមាននរណាសប្បាយចិត្តទៅ?»។

ទិដ្ឋភាពផ្សែងខ្មៅភាយចេញពីរោងចក្រស្លអាគុយមួយកន្លែង ស្ថិតនៅភូមិពាំងល្វា ខេត្តកំពង់ស្ពឺ។ ទីតាំងនេះ ដូចគ្នាទៅនឹងកន្លែងរោងចក្រក្នុងភូមិទួលសំបូរដែរ បានកើតមានអគ្គិភ័យឆេះ ហើយប្រជាពលរដ្ឋបានលើកឡើងថា រោងចក្រនេះបានបង្កផលប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅរបស់ពួកគេ។ រូបភាពថតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ផុន​ សុទ្ធីរ័ត្ន)

ប្រសិនបើរោងចក្រនេះកំពុងស្លអាគុយប្រភេទអាស៊ីតសំណ ដូចដែលអ្នកភូមិបានលើកឡើង ហានិភ័យគឺមានឯកសារយោងច្បាស់លាស់។ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក ឆ្នាំ២០១៧ បានបង្ហាញថា បើគ្មានការគ្រប់គ្រងត្រឹមត្រូវទេ ដំណើរការនេះនឹងបញ្ចេញចំហាយសំណ និងធូលីដែលធ្លាក់លើដី និងផ្ទៃផ្សេងៗ ដែលមនុស្សអាចស្រូបចូល ឬលេបចូលទៅក្នុងខ្លួន។

របាយការណ៍បានបញ្ជាក់ថា សារធាតុសំណអាចបំផ្លាញខួរក្បាល តម្រងនោម និងប្រព័ន្ធសរសៃឈាមបេះដូង។ កុមារតូចៗអាចស្រូបយកសំណប្រហែលពាក់កណ្តាលនៃអ្វីដែលពួកគេលេបចូល បើធៀបនឹងមនុស្សពេញវ័យដែលមានប្រហែល ១០ ភាគរយ ហើយការប៉ះពាល់អំឡុងពេលមានផ្ទៃពោះអាចពាក់ព័ន្ធនឹងការថយចុះការលូតលាស់របស់ទារក ការសម្រាលកូនមិនគ្រប់ខែ និងការរលូតកូនផងដែរ។

លោក ភ័ង អាយុ ៥១ ឆ្នាំ ដែលមានកសិដ្ឋានចិញ្ចឹមមាន់ជាប់នឹងជញ្ជាំងរបងរោងចក្រ បាននិយាយថា រោងចក្រនេះ ខ្វះខាតបំពង់ខ្យល់ចេញចូលផ្នែកខាងលើ ដូច្នេះចំហាយឧស្ម័នបានលេចធ្លាយឆ្លងកាត់ជញ្ជាំង និងដំបូលស័ង្កសីចូលទៅក្នុងកសិដ្ឋានរបស់គាត់អំឡុងពេលរលាយលោហៈ។ លោកបានបន្តថា ក្នុងអំឡុងពេលអគ្គិភ័យឆាបឆេះ លោកបានខាតបង់មាន់រាប់ពាន់ក្បាល និងម៉ូតូមួយគ្រឿង ដែលក្រោយមកគាត់បានទទួលសំណងពីលោក Zhang Jingchuan ជាប្រធានក្រុមហ៊ុន ស៊ីងសេងសេង។

នៅពេលដែលរោងចក្រចាប់ផ្តើមដំណើរការ និងបង្កើតក្លិនស្អុយ អ្នកភូមិបានទាមទារឱ្យមេភូមិ និងមេឃុំចុះត្រួតពិនិត្យទីតាំងនោះ នេះបើតាមការរៀបរាប់របស់អ្នកភូមិជាច្រើនប្រាប់ដល់សារព័ត៌មានខេមបូចា។ មេភូមិទួលសំបូរ​ លោក ភឿន បានលើកឡើងថា លោកបានទាក់ទងទៅក្រុមហ៊ុនជុំវិញបញ្ហាក្លិនស្អុយប្រហែលមួយខែមុនពេលកើតមានអគ្គិភ័យ។ មន្ត្រីបរិស្ថាន ក៏បានចុះមកដើម្បីស្វែងរកដំណោះស្រាយ ហើយម្ចាស់រោងចក្របានសន្យាថានឹងកែសម្រួលសកម្មភាពការងាររបស់ខ្លួន និងធ្វើការកែតម្រូវបន្ថែមទៀតប្រសិនបើក្លិនស្អុយនៅតែបន្តកើតមាន។ ក្នុងខែនោះដែរ បំពង់ផ្សែងត្រូវបានដំឡើង ដែលលោកបានបញ្ជាក់ថាបានជួយកែលម្អក្លិន និងកាត់បន្ថយបណ្តឹងតវ៉ា។

យ៉ាងណា​ លោកបាននិយាយថា៖ «សារធាតុពុលក្នុងរាងកាយមនុស្សមិនបណ្តាលឱ្យស្លាប់ភ្លាមៗដូចមាន់ងាប់នោះទេ។ ពួកយើងដឹងថាពួកយើងបានប៉ះពាល់ ប៉ុន្តែពួកយើងមិនបានដាក់ពាក្យប្តឹងម៉េច»។

.ក្រុមហ៊ុន ស៊ីងសេងសេង មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ បុរសម្នាក់ដែលបានលើកទូរសព្ទតាមលេខ ដែលមានក្នុងកំណត់ត្រាថ្នាក់ដឹកនាំរបស់ប្រធានក្រុមហ៊ុន លោក Jingchuan បានប្រាប់អ្នកសារព័ត៌មានឱ្យផ្ញើសំណួរតាមរយៈ Telegram។ បុរសម្នាក់នោះដែលមិនបានប្រាប់ឈ្មោះរបស់ខ្លួន បានមើលសារទាំងនោះ ប៉ុន្តែមិនបានឆ្លើយតប ឬមិនបានលើកទូរសព្ទហៅចូលជាបន្តបន្ទាប់នោះទេ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ​ អាទិត្យា ​បានប្រាប់ខេមបូចា ថាកន្លែងស្តុកទុក​ និងស្លថ្មពិលដែលបានភ្លើងឆេះនោះ គឺនៅមិនទាន់ទទួលបានការអនុញ្ញាតឱ្យសាងសង់ឡើងវិញនៅឡើយទេ ហើយក្រសួងកំពុងស្វែងរកទីតាំងថ្មីមួយទៀតដែលមានចម្ងាយឆ្ងាយពីតំបន់លំនៅដ្ឋាន។ លោក អាទិត្យា និងលោក ចាន់ថេត ថានរះ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មិនបានឆ្លើយតបចំពោះសំណួរទាក់ទងនឹងដំណើរការរបស់រោងចក្រស្លអាគុយបច្ចុប្បន្ននោះទេ។

ក្រោយករណីអគ្គីភ័យ រដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នៅខែសីហាកន្លងទៅ បានជំរុញឱ្យអភិបាលខេត្តនានាអនុវត្តយ៉ាងតឹងរឹងនូវការហាមឃាត់របស់កម្ពុជាលើការនាំចូលកាកសំណល់អាគុយ​ និងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក ដោយបានព្រមានថា គម្រោងកែច្នៃអាគុយមួយចំនួនដែលបានស្នើឡើងបានស្វែងរកការអនុញ្ញាតដើម្បីនាំចូលកាកសំណល់គ្រោះថ្នាក់ជាវត្ថុធាតុដើម។

លោក អោ​ ច័ន្ទម៉ូលី ជាអ្នកស្រាវជ្រាវពីការបំពុលខ្យល់ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានលើកឡើងថា រោងចក្រស្លអាគុយត្រូវការវិធានការសុវត្ថិភាពជាក់លាក់ ព្រោះអគ្គីភ័យនៅទីនោះអាចបង្កគ្រោះថ្នាក់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។

លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើប្រព័ន្ធគ្រប់គ្រងការបំភាយឧស្ម័ន មិនត្រូវបានគ្រប់គ្រងឱ្យបានត្រឹមត្រូវទេ ការបំភាយឧស្ម័នអាចមានផ្ទុកសារធាតុពុល ដែលអាចប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម»។

លោកឱ្យដឹងថា បណ្តាប្រទេសផ្សេងតម្រូវឱ្យរោងចក្រស្លអាគុយមានប្រព័ន្ធការពារអគ្គីភ័យ និងប្រព័ន្ធសំឡេងរោទ៍ និងធ្វើការហ្វឹកហាត់ជម្លៀសចេញជាប្រចាំ ប៉ុន្តែវិធានការទាំងនេះ តែងតែមិនត្រូវបានអនុវត្តនៅកម្ពុជានោះឡើយ។ លោក ក៏បានបញ្ជាក់ដែរថា ផលប៉ះពាល់សុខភាព និងបរិស្ថានពីអគ្គីភ័យរោងចក្រស្លអាគុយអាចពិបាកនឹងងើបឡើងវិញណាស់ ហើយបានជំរុញឱ្យក្រសួងបរិស្ថានដោះស្រាយបញ្ហានេះ។

អ្នកស្រី​ ឡូ អូន អាយុ ៦០ ឆ្នាំ បានរៀបរាប់ថា អ្នកស្រីតែងតែឈឺបំពង់ក និងក្អកញឹកញាប់ ហើយពេលខ្លះពិបាកដកដង្ហើម ដែលជាបញ្ហាដែលអ្នកស្រីមិនធ្លាប់មានពីមុនពេលរោងចក្រចាប់ផ្តើមដំណើរការនោះឡើយ។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំខ្លាចស្លាប់ចោលកូនចោលចៅ បើវាផ្សែងភាយពេញទឹកពេញដីបែបហ្នឹង។ យើងខ្លាចចូលក្នុងសួត ហើយយើងឈឺអីទៅយើងអត់មានលុយព្យាបាលជំងឺ យើងភ័យភិត»។

អ្នកស្រីចង់ឱ្យរោងចក្រនេះបិទតែម្ដង ដោយសារភាពភ័យខ្លាចដល់គ្រួសាររបស់គាត់ ជាពិសេសកូនស្រីដែលមានផ្ទៃពោះ និងសត្វគោរបស់គាត់។ បើតាមការបញ្ជាក់របស់អ្នកស្រី គោរបស់អ្នកជិតខាងប្រហែល ៥ ទៅ ៧ ក្បាលដែលគ្មានសញ្ញាឈឺថ្កាត់សោះ បានងាប់នៅឆ្នាំនេះ។

អ្នកស្រីបានបន្តថា៖ «ពេលធុំអាក្រក់ក៏រត់ចូលក្នុងផ្ទះ ប៉ុន្តែយ៉ាងណាក៏អត់ពួនជិតដែរ។ កូនចៅតូចៗរត់ចូលក្នុងផ្ទះពួនអ៊ីចឹងទៅ ហុយចូលច្រមុះចូលមាត់វា»​។

ទិដ្ឋភាពសំណល់នៃរោងចក្រស្លអាគុយនៅភូមិពាំងល្វា ដែលអាជ្ញាធរបង្ខំឱ្យប្តូរទីតាំងទៅឆ្ងាយពីសហគមន៍វិញ ក្រោយពេលមានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង​។ រូបភាពថតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ប៉ា តុងចិន)

ការព្រមានពីភូមិជិតខាង

ប្រជាពលរដ្ឋភូមិទួលសំបូរគ្រាន់តែក្រឡេកមើលទៅភូមិពាំងល្វាដែលនៅជិតខាង ស្ថិតនៅម្ខាងទៀតនៃភ្នំពាំងល្វា ដើម្បីមើលឃើញនូវអ្វីដែលពួកគេកំពុងភ័យខ្លាច។ រោងចក្រស្លអាគុយមួយបានដំណើរការទីនោះប្រហែលប្រាំឆ្នាំមកហើយ នេះបើតាមការលើកឡើងរបស់អ្នកភូមិ។ វាក៏បានឆេះកាលពីពីរឆ្នាំមុន និងត្រូវបានប្តូរទីតាំងទៅឆ្ងាយជាងមុន បន្ទាប់ពីមានការតវ៉ាពីប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋបានលើកឡើងថា ដីស្រែរបស់ពលរដ្ឋម្នាក់លែងអាចធ្វើស្រែបានទៀតហើយដោយសារទឹកដែលមានសារធាតុគីមីហូរចេញពីកន្លែងឆេះនោះ។ អ្នកផ្សេងទៀតបានប្រាប់ថា ផ្សែងចេញពីរោងចក្របានធ្វើឱ្យគោរបស់ពួកគេងាប់ ហើយប្រាក់ចំណូលពីការដើររកទំពាំងបានបាត់បង់ នៅពេលដែលគុម្ពឫស្សីទាំងនោះងាប់ដោយសារការប៉ះពាល់សារធាតុគីមី។

អ្នកស្រី ចេង សុខ អាយុ ៥២ ឆ្នាំ ដែលបានធ្វើការនៅរោងចក្រនោះកាលពីឆ្នាំ ២០២៣ បានរៀបរាប់ថា គាត់បានធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវការការព្យាបាលរយៈពេល ៦ ខែ។ អ្នកស្រីបានបន្តថា គ្រូពេទ្យបានប្រាប់ថាគាត់មានជំងឺរលាកសួតដែលបានស៊ីជិតពាក់កណ្តាលសួតទៅហើយ។

អ្នកស្រីបាននិយាយថា៖ «វាឈឺចាប់ខ្លាំងណាស់ រហូតដល់ខ្ញុំធ្លាប់បន់សុំឱ្យស្លាប់លឿនៗ។ គេនិយាយថាដោយសារខ្ញុំធ្វើការនៅកន្លែងស្លអាគុយ ហើយទើបសារធាតុពុលបានចូលទៅក្នុងសួតរបស់ខ្ញុំបែបហ្នឹង»។

ត្រឡប់មកភូមិទួលសំបូរវិញ លោក ភ័ង បាននិយាយថា លោកចង់ឈប់ឱ្យមានរោងចក្របែបនេះទៀត។

លោកបានបន្តថា៖ «វានឹងល្អប្រសិនបើគ្មានរោងចក្រនេះសោះ។ ពេលនោះប្រជាពលរដ្ឋអាចរស់នៅដោយសេចក្តីសុខ។ ប៉ុន្តែបើស្ថានភាពនៅតែដដែល សុខភាពរបស់មនុស្សគ្រប់គ្នានឹងបន្តរងគ្រោះតទៅទៀត»។

កាលពីខែកញ្ញា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ លោក ភ័ង បានដាក់ពាក្យប្តឹងទៅអាជ្ញាធរខេត្ត ដោយស្នើសុំឱ្យម្ចាស់រោងចក្រកែសម្រួលរោងចក្រនោះជាថ្មីម្តងទៀត ប៉ុន្តែលោកមានក្តីសង្ឃឹមតិចតួចណាស់។

លោកបាននិយាយថា៖ «មិនថាកែសម្រួលបែបណាក៏ដោយ ក្លិនស្អុយនៅតែមាន ហើយផលប៉ះពាល់ក៏នៅតែបន្តដដែល។ ទោះបីជាគ្មានផ្សែងមើលឃើញក៏ដោយ ក៏ក្លិននៅតែខ្លាំង»។

ត្រឡប់ទៅ អ្នកស្រី ពឿន​ ក៏មានការព្រួយបារម្ភចំពោះអនាគតគ្រួសាររបស់គាត់ផងដែរ ដរាបណារោងចក្រនេះនៅតែបន្តឈរជើងនៅទីនោះ។

អ្នកស្រីបានបន្ថែមថា៖ «ពួកយើងមិនចង់បានអ្វី​ ក្រៅពីចង់ឱ្យរឿងនេះត្រូវបានដោះស្រាយនោះទេ។ ដរាបណាកន្លែងស្លអាគុយនេះនៅតែបន្ត គ្រប់គ្នានឹងរស់នៅក្នុងភាពភ័យខ្លាច»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ After Battery Storage Fire, Kampong Speu Villagers Fear Smelter Next Door

ព័ត៌មានថ្មី

អត្ថបទពេញនិយម