សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សកម្មជនព្រៃឈើលើកឡើងថា ការ​បើក​ឱ្យមានការចូលរួមល្បាតការពារ​ព្រៃ​ឈើ ​គឺជារបត់​វិជ្ជមាន​ថ្មី

លោក​ ម៉ា ចិត្រា សកម្មជន​ព្រៃឈើ ថតរូបនៅ​ពេល​ចុះល្បាត​ព្រៃឡង់​កាលពីអំឡុងឆ្នាំ​២០២៥​ ។ (រូបភាពផ្តល់ឱ្យ)
លោក​ ម៉ា ចិត្រា សកម្មជន​ព្រៃឈើ ថតរូបនៅ​ពេល​ចុះល្បាត​ព្រៃឡង់​កាលពីអំឡុងឆ្នាំ​២០២៥​ ។ (រូបភាពផ្តល់ឱ្យ)

សកកម្ម​ជន​ការពារព្រៃឈើ​លោក ​ម៉ា ចិត្រា បាន​ចាត់​ទុកការបើក​ឱ្យសកម្ម​ជន ​និង​ប្រជា​សហ​គ​មន៍​​​ចូល​រួម​ក្នុងកិច្ចការ​ពារ ​និង​អភិរក្ស​ព្រៃឈើ​​ពីសំណាក់​ក្រសួង​បរិស្ថាន​នាពេល​នេះ​ថា ជា​របត់​​វិជ្ជមានថ្មី​ល្អមួយ ​ក្នុង​ការ​ការពារ​​ព្រៃឈើដែល​នៅ​តែ​ទទួល​រងការកាប់​បំផ្លាញ​​ពី​ជន​​ខិល​ខូច​​មួយ​ចំនួន​។

ក្រសួងបរិស្ថានបាន​ប្រកាស​​ថា ខ្លួន​គាំទ្រ និងពង្រីកកិច្ចសហការ ជាមួយអ្នកស្រឡាញ់បរិស្ថាន ក្នុងស្មារតីខ្មែរតែមួយ ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ការពារធម្មជាតិ ខណៈ​កន្លងមក ​ការចុះ​ល្បាត​ព្រៃឈើ​​របស់​សកម្មជន និង​ប្រជាសហគមន៍ព្រៃ​ឈើ​​​តែង​តែ​ទទួល​​រងការចោទ​ប្រកាន់​ថា ជាទង្វើ​ខុស​ច្បាប់​ ហើយ​ពេល​ខ្លះ​ថែម​ទាំង​ត្រូវ​​បាន​សមត្ថកិច្ច​ឃាត់​ខ្លួនឱ្យ​ចុះ​កិច្ច​សន្យា​ឈប់​ចូល​ល្បាត​ព្រៃ​ថែម​ទៀត​ផង​​។

​ទោះ​យ៉ាងណា​ មិន​ថា​ជួប​បញ្ហា​ប្រឈម​បែបណាក៏ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ​កន្លង​មក​នេះ​​លោក ​ម៉ា ចិត្រា ​នៅ​តែ​មាន​ភាព​សកម្ម​ក្នុង​ការ​​ចូល​រួម​ជាមួយ​សហគម​ន៍​​ចុះ​ល្បាត​ព្រៃ​ដែរ​​។ យុវជន​វ័យ​៣៦​ឆ្នាំ​រូបនេះ បាន​ចូល​រួម​ក្នុង​កិច្ចការ​ពារ ​និងអភិរក្ស​ធន​ធានធម្មជាតិ​ ជាពិសេស​​ព្រៃ​ឈើ​ ចាប់​តាំងពី​ឆ្នាំ២០១២​មក គឺ​នៅ​ពេល​ដែលសកម្ម​ជន​បរិស្ថាន ​និង​ប្រជាសហគមន៍​បានធ្វើការ​តវ៉ា​ទប់​ស្កាត់​គម្រោង​សាងសង់ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង។

យុវជន​ដែល​កើត​នៅ​​ឃុំព្រៃឈរ ស្រុក​ព្រៃឈរ ខេត្ត​កំពង់​​ចាម​នៅ​ក្នុង​គ្រួសារ​​ដែល​មាន​បងប្អូន​៦​នាក់ ​ហើយ​ខ្លួន​ជាកូន​ពៅ​រូបនេះ ​បាន​ឱ្យ​ដឹងពី​​​កក្តា​ជំរុញ​ឱ្យ​​ខ្លួន​ចូល​រួម​ការពារព្រៃឈើ​នេះ​ថា​៖ «គឺ​ដោយ​សារ​តែការយល់​ឃើញពីសារប្រយោជន៍​នៃធន​ធាន​ធម្មជាតិ​​ជាពិសេសព្រៃឈើ​។​មួយ​ទៀត​គឺ​ដោយ​សារ​ភាព​ជាគំរូ​របស់​សកម្មជន​ព្រៃឈើ​ដូច​ជាលោក​ ឈុត វុទ្ធី​ និង​បងប្អូន​សហគ​មន៍​​មិន​ថា​តែនៅក្នុង​តំបន់​អារ៉ែង តំបន់​ព្រៃឡង់ ឬ​តំបន់​ផ្សេងៗ​ទៀត​នោះ​ទេ»។

បើ​តាម​លោក ចិត្រា សកម្មជន​ និង​ប្រជាសហគមន៍​បាន​​ខំលះ​បង់​ពេល​វេលា ​កម្លាំង​ស្មារតី​រ​ប​ស់​ពួក​គាត់​ដើម្បី​ចូល​រួម​បុព្វហេតុកិច្ចការ​ពារ​​ធន​ធាន​ធម្មជាតិ​។​ ដូចសកម្ម​ជន​ព្រៃឈើ​​លោក​ឈុត វុទ្ធី​ គឺ​​ឃើញ​គាត់​​ខិត​ខំប្រឹងប្រែង​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ខ្លាំង​ណាស់​ដោយ​មិន​បាន​គិត​ដល់​អាយុ​ជីវិត​ខ្លួន​គាត់​ឡើយ ​រហូត​ដល់​ត្រូវ​បានគេបាញ់​សម្លាប់​។

សូម​បញ្ជាក់​ថា លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ​​ដែល​ប្តូរផ្តាច់​និង​ចូលរួម​យ៉ាង​ខ្លាំងក្លា​ក្នុងកិច្ច​ការ​ការពារ​ព្រៃឈើ​ និង​បរិស្ថាន ត្រូវបានគេ​​បាញ់សម្លាប់នៅ​កណ្តាល​​ព្រៃ​ក្នុងឃុំ​បាក់​ខ្លង ស្រុក​មណ្ឌល​សីមា ​ខេត្ត​កោះកុង ​កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១២​។

សម្រាប់​លោក ​ចិត្រា ដែល​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែកគ្រប់គ្រង បានបន្តថា ការ​បាញ់​សម្លាប់​លោក ​ឈុត វុទ្ធី​ និ​ងការធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​សកម្ម​ជន​ព្រៃ​ឈើ ​និង​សកម្ម​ជន​បរិស្ថាន​ដទៃ ទៀត រហូត​ដល់​អ្នក​ខ្លះ​ជាប់​ពន្ធនាគារ និង​អ្នក​ខ្លះ​​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស មិន​បាន​ធ្វើ​ឱ្យ​សកម្ម​ជន​ព្រៃ​ឈើ​ និង​ប្រជា​សហគមន៍​បាក់​ស្បាតនោះទេ។​ ប៉ុន្តែ​វា​កាន់​តែ​ធ្វើ​ឱ្យមាន​ការ​ចង​ចាំ​នឹក​​រឭក​ដឹងគុណ​គាត់​ ហើយ​បន្តនូវ​វីរភាព​ក្នុងកិច្ចការ​ពារ​ធនធាន​ធម្មជាតិ​​ឱ្យ​បាន​គង់​វង្ស​។

​ការចុះ​ល្បាតព្រៃ ក្រៅ​ពី​ជួបការលំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​កាត់​ព្រៃ​ ពេល​ខ្លះ​ត្រូវ​រុញ​ ឬលើក​​ម៉ូតូឆ្លង​ទឹកអូរ និងការបោះ​តង់​ស្នាក់​នៅ​កណ្តាល​ព្រៃពេល​យប់ ក៏មាន​ក្តី​បារម្ភ​​​ខ្លាច​ជនល្មើស​តដៃ​ផង​ដែរ​ ពីព្រោះ​ទាំង​អ្នក​កាប់​ឈើ ​និង​អ្នក​ដឹកឈើ​ច្រើន​តែមានកាំភ្លើង​កែច្នៃ។

ប៉ុន្តែសម្រាប់​លោក​ ចិត្រា ការចុះ​​ល្បាតព្រៃ ​គឺ​ជាការ​ចុះ​ទៅ​ពន្យល់​ផ្តល់ការអប់រំ​ដល់​អ្នក​កាប់​ឈើ​ឱ្យ​យល់​ពីតម្លៃ​ព្រៃឈើ​ហើយ​បញ្ឈប់ការ​កាប់​ឈើ។ លោក​និយាយ​ថា៖ «យើង​ទៅ​ពន្យល់​ពួកគាត់ ឱ្យ​ឈប់​កាប់​បំផ្លាញ​ព្រៃឈើ​ឱ្យ​គាត់​ទៅ​រកមុខ​របរ​អ្វីផ្សេង។ ​ពួកគាត់​ប្រៀប​ដូច​ជា​ទាសករ​​នៅ​ក្នុង​វិស័យ​ព្រៃឈើ​អ៊ីចឹង។ ពួក​គាត់​មិន​ទទួ​ល​បាន​ផលប្រយោជន៍​អី​ធំ​ណាស់​ណា​​ទេ​​​ យ៉ាងច្រើន​ធ្វើ​ជាកម្មករគេ គេឱ្យ​១ថ្ងៃ២-៣ម៉ឺន​រៀល​​អីទេ​»។

ចំណែក​សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះ​វិហារ​លោក​ ឃុត សឿម បាន​ប្រាប់​សារព័ត៌មាន​​ខេម​បូចា​ ថា ការ​ចុះល្បាតព្រៃឈើ​កន្លងមក​មាន​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន ​ដូច​ជាជនល្មើស ​គឺ​សុទ្ធតែ​​មាន​អាវុធកែច្នៃ​​បាញ់​ពេញ​ព្រៃ។ ដូច្នេះ​វាមាន​ហានិភ័យ​សម្រាប់​សហគមន៍​ដែល​ចូល​ទៅ​ហាម​ឃាត់​ពួកគេ​មិន​ឱ្យ​កាប់​ឈើ​។

លោក សឿម បានបន្ថែមថា៖ «បញ្ហាមួយ​ទៀត​កន្លង​មក​ពេល​យើង​ចុះ​ល្បាត​ព្រៃ​ មន្ត្រី​តែង​តែចោទប្រកាន់​យើង​ថា ​យើង​ក្រុម​អត់​ច្បាប់ ​ក្រុម​ចូល​ព្រៃដោយគ្មាន​ការ​អនុញ្ញាត​ជាដើម​។​ ហីពួក​គាត់​តែង​តែមិន​ទទួល​ស្គាល់​របាយការណ៍​ដែល​យើង​​រក​ឃើញ​បទល្មើស​។ មានការ​ស្តីបន្ទោ​ស​មានការ​លាប​ពណ៌​ ​ពេលខ្លះថា​ យើង​ធ្វើ​បម្រើអ្នកនេះ​ បម្រើអ្នកនោះជាដើម»។

សកម្មជនព្រៃឈើ លោក ម៉ា ចិត្រត្រា និងសកម្មជនព្រៃឡង់មួយចំនួនទៀត មកដល់ក្រសួងបរិស្ថាន ខណៈលោកត្រូវបានមេធាវីតំណាងក្រសួងអញ្ជើញឱ្យផ្តល់ភស្តុតាងចំពោះការលើកឡើងរបស់លោកអំពីការកាប់ឈើខុសច្បាប់ដែលកើតឡើងនៅព្រៃឡង់ ខេត្តព្រះវិហារ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីងសំរាំង)

ក្រសួង​បរិស្ថាន​ប្រកាស​ឱ្យ​មាន​ការ​ចូល​រួម​សហការ​ការពារ​ព្រៃឈើ​

កាលពីថ្ងៃទី​៣ ខែសីហា លោក ម៉ា ចិត្រា និងតំណាងសហគមន៍ការពារព្រៃឈើ ១០នាក់​បានចូល​ទៅ​ជួបមន្ត្រីក្រសួងបរិស្ថាន តាមការកោះហៅរបស់ក្រុមមេធាវីតំណាងក្រសួង ។ បន្ទាប់​ពីជំនួប​​លោក ​ចិត្រា ថ្លែង​ថា លោក ​និង​​តំណាង​សហគមន៍​ចូល​ទៅ​ក្រសួង​បរិស្ថាន​មិន​​មែនជា​ការ​ចូល​ទៅ​បំភ្លឺ​ទេ ប៉ុន្តែ​​ជាការ​ចូល​ទៅ​ពិភាក្សា​គ្នា ​​​ពាក់​ព័ន្ធ​បទល្មើស​ព្រៃឈើ​។

សកម្មជន​ព្រៃឈើ​រូបនេះ បាន​ចាត់ទុកការ​ចូល​ទៅជួប​ពិភាក្សា​​ជាមួយ​មន្ត្រីក្រសួង​បរិស្ថាន​នា​ពេល​នេះថា ជា​របត់ថ្មី និង​​ជាការ​វិវត្តមួយ​គួរ​ឱ្យ​ចាប់​អារម្មរណ៍និង​​ត្រេក​អរ​​។ ជំនួប​នេះ​អ្នក​ច្បាប់​និង​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​លើក​ទឹកចិត្ត​លោក ​ចិត្រា និង​ប្រជាសហគមន៍​ឱ្យ​បន្តចូល​រួម​ការ​ពារ​​ព្រៃឈើ​នៅ​តាម​តំបន់ការពារ​នានា​ជាបន្តទៅ​ទៀត​។

លោក​ ចិត្រា​ បានលើកឡើង​ថា​៖ «គាត់​លើក​ទឹក​ចិត្ត​ផង គាត់​សរសើរ​អ្វី​ដែល​យើង​បាន​ធ្វើ​កន្លងមក​។​អ្នក​នាំពាក្យ​ទទួល​បាន​ការផ្តាំផ្ញើ​ពីឯក​ឧត្តម​រដ្ឋមន្ត្រី​ អ៊ាង សុផល្លែត អរគុណ​ដល់​សហគមន៍​នៅ​មូលដ្ឋានដែល​ជាជន​សកម្ម​ក្នុង​ការ​ចូល​រួមការពារ​ព្រៃឈើ​។ ទន្ទឹម​នឹងនេះ​ដែរ​គាត់​ក៏បាន​ផ្តល់​មេធាវី​ដល់​​ខ្ញុំ ​ឬសហគមន៍​ទេថា បើសិន​ជាមាន​អ្វី​តាម​ផ្លូវ​ច្បាប់​ឬក៏មាន​ការ​គំរាម​​កំហែង​អ្វី​ជាដើម​​គឺ​អាច​ពឹងពាក់​មេធាវី​ក្រសួង​បរិស្ថាន​ដើម្បី​ជួយការពារ​ក្តី​នាពេល​ខាង​មុខ»។

បន្ទាប់ពីជំនួប​កាលពីថ្ងៃទី​៣ ខែសីហា ក្រសួងបរិស្ថានបាន​ប្រកាស​​ថា ការ​ទទួលជួប លោក ម៉ា ចិត្រា និងក្រុមការងារ គឺ​ដើម្បីពង្រីកការគ្រប់គ្រងធន​ធានធម្មជាតិ តាម​​រយៈការ​ពង្រីកកិច្ចសហការ រវាងមន្ត្រីក្រសួងបរិស្ថាន និងអ្នកស្រឡាញ់បរិស្ថាន ក្នុងស្មារតី​ខ្មែរតែ​មួយ​ដែលជាការចូល​រួមដ៏សំខាន់ថែមទៀត ក្នុងការរួមគ្នាពិនិត្យ ទប់ស្កាត់និងបង្រ្កាបបទល្មើស​ព្រៃឈើ​។

លោក ​ខ្វៃ អាទិត្យា ​អ្នកនាំពាក្យក្រសួងបរិស្ថាន បាន​លើកឡើងថា ក្រសួងបរិស្ថានបានប្រកាស​គាំទ្រ និងពង្រីកកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល អ្នកស្រឡាញ់បរិស្ថាន និងប្រជាសហគមន៍មូលដ្ឋាន ដើម្បីការពារ និងអភិរក្សធន​ធានធម្មជាតិ ព្រមទាំងបង្ក្រាបបទល្មើស​ព្រៃឈើ ក្រោមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ ក្នុងជំហានទី២​នៃការអនុវត្តយុទ្ធសាស្រ្ត​នេះ ក្នុងសសរស្តម្ភទី២«ភពបៃតង» ក្រសួងបរិស្ថានពង្រឹងភាពជាដៃគូជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងមូលដ្ឋាន ចូល​រួមពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់បទល្មើស និងការពារតំបន់ការពារធម្មជាតិ។

លើសពីនេះគឺលើកកម្ពស់ការចូលរួម តាមរយៈការបង្កើនការយល់ដឹង និងការគាំទ្រពីពលរដ្ឋ ក្នុងការថែរក្សាបរិស្ថាន រួមទាំងការជំរុញការផ្សព្វផ្សាយព័ត៌មានបរិស្ថានឱ្យបានទូលំទូលាយ​។

 លោក​ថ្លែងថា៖ «ក្រសួងបរិស្ថានតែងតែសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងបុគ្គល អ្នកស្រឡាញ់បរិស្ថាន  ស្របតាមគោលការណ៍ច្បាប់ និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់កម្ពុជា ដែលចាត់ទុកការការពារបរិស្ថាន ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប»។ ពល​រដ្ឋ មានសិទ្ធិបង្កើត«សហគមន៍តំបន់ការពារធម្មជាតិ» ដើម្បីគ្រប់គ្រង និងប្រើប្រាស់ផលអនុផល​ព្រៃឈើបែបប្រពៃណី និងចូលរួមល្បាតរួមគ្នា ការពារ និងរាយការណ៍ពីបទល្មើសព្រៃឈើ។

​ជាមួយ​គ្នា​នេះ លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថាន​ខេត្ត​ព្រះវិហារ​​ កាលពីថ្ងៃទី​៧ ខែសីហា​ បាន​ជួប​ប្រជុំជាមួយបណ្តាញសហគមន៍​ព្រៃព្រះ​រការ​ ដើម្បីស្វែងយល់ពីសកម្មភាពរបស់ក្រុមការងារបណ្តាញ បញ្ហាប្រឈម និងតំរូវការរបស់សហគមន៍ ក្នុងគោលបំណង កសាងកិច្ចសហការ​​​ គ្រប់គ្រងការពារ តំបន់ការពារព្រៃព្រះរការ ក្នុង​ស្រុកត្បែងមានជ័យ និងស្រុកឆែប។

ក្នុង​កិច្ច​ប្រជុំ ដែល​បាន​ពិភាក្សាផ្តោតលើការពង្រឹងកិច្ចការពារ និងអភិរក្ស​ព្រៃឈើនេះ​ ​តំណាង​សហគមន៍​ព្រៃ​ព្រះ​រកា បានលើកឡើងពី​បញ្ហាប្រឈមនៃ​បទល្មើសព្រៃឈើ ការរុករានដីព្រៃធ្វើ​កម្មសិទ្ធិ សិទ្ធិរបស់សហគមន៍ក្នុងការចូលរួមការពារព្រៃឈើ ការចុះបញ្ជីដើមច្បោះជ័រ(ជ័រទឹក) ដើម្បីពង្រឹងប្រសិទ្ធិភាពកិច្ចការពារ​ជាដើម​។

មន្ទីរបរិស្ថាន​និង​សហគមន៍បានឯកភាពគ្នា​រៀបចំផែនការល្បាតរួមគ្នា សិក្សានិងកំណត់តំបន់​រិចរឹល​សម្រាប់ការដាំស្តារព្រៃឈើឡើងវិញ ព្រមទាំងពង្រឹងកិច្ចសហការក្នុងការរាយការណ៍ព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបនឹងបទល្មើសធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព។

សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះ​វិហារ​ លោក​ ​ឃុត សឿម បាន​ឱ្យដឹង​ថា ពួក​លោក​មាន​ការ​សប្បាយចិត្តដែលក្រសួង ​និង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​វិហារ ប្រកាសសហការជាមួយសហគមន៍មូលដ្ឋាន ជាពិសេសបណ្ដាញសហគមន៍ព្រៃឡង់ក្នុងការ​ទប់​ស្កាត់​បទល្មើស​​និង​ការ​ការពារ​ព្រៃឈើ​ ខណៈ​បច្ចុប្បន្ន​«ការកាប់​ដឹកជញ្ជូន​ឈើ​នៅ​តែកើត​មាន​ជារឿយៗ​ ហើយការកាប់​​ព្រៃ​រានយក​​ដីក៏នៅ​តែមាន​ដែរ​»។

សម្រាប់​​លោក សឿម វា​ជារឿងល្អណាស់ បើ​សិន​ជា​ក្រសួង​បរិស្ថាន​មាន​កិច្ច​សហ​ការ​ដោយ​បើក​ចំហរ​ស្មោះ​ត្រង់ទៅ​វិញ​ទៅមក​​​​មាន​តម្លាភាព​ មានការ​ចូល​រួម​ពីគ្រប់​ស្ថាប័ន​និង​ភាគី​​ពាក់​ព័ន្ធ​ ជាពិសេស​អ្នក​ស្រឡាញ់ធន​ធាន​ធម្មជាតិ​ទាំងអស់​។

លោក​បញ្ជាក់​ថា៖ «​ជារឿង​មួយ​ដែល​ល្អដែលជាទំនួលខុសត្រូវ​យើង​ទាំងអស់គ្នា​ពីព្រោះ​ព្រៃ​ឈើ​​មិន​មែន​ជារបស់​អ្នកណាម្នាក់​ទេ​ គឺ​ជា​របស់​យើង​ទាំង​អស់​គ្នា។ អ៊ីចឹង​ហើយ​អ្នក​ណា​ក៏​មាន​សិទ្ធិ​ចូល​រួមការពារ​ដែរ​មិន​ចាំបាច់ថា​ជាមន្ត្រីសាមី ​ឬក៏ជាអ្នកមាន​តួនាទី​ទេ ព្រោះ​បើយើង​ចាំ​តែ​ស្ថាប័ន​ណាមួយដែលមានតួនាទីម្នាក់​ឯង​ខ្ញុំគិត​ថា​ការពារ​មិន​បាន​សព្វ​ជ្រុង​ជ្រោយ​​ទេ»។

សកម្មជន​ព្រៃព្រះរការ​៦​នាក់​ស្រាក់ដៃគ្នា​ជុំវិញគល់​ឈើ​ដែល​ជនល្មើស​កាប់នៅព្រៃព្រះរការ​កាលពី​អំឡុង​ឆ្នាំ​២០២៤។ (រូបភាពផ្តល់ឱ្យ)

បទល្មើសព្រៃឈើ ​និងការកាប់​រុករានយកដីនៅ​តែកើតមាន

បើ​តាមការ​កត់សម្គាល់​របស់​លោក​ ចិត្រា ការ​កាប់​បំផ្លាញ​ព្រៃឈើនាពេល​បច្ចុប្បន្ន​មិន​មាន​សន្ទុះ​ខ្លាំងក្លា​ដូច​កាលពី៥ឆ្នាំ​មុន​ ឬ១០​ឆ្នាំ​មុនដែល​មាន​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ចដែល​ក្រុម​ហ៊ុន​នៅ​តំបន់​ព្រៃឡង់​មួយ​ចំនួនបាន​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ដើម្បីដឹក​ចូល​ទៅក្នុង​ក្រុម​ហ៊ុន​របស់​ខ្លួននោះទេ ពីព្រោះ​​បច្ចុប្បន្ន​មិន​មាន​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៀត​ឡើយ​។

លោក​​លើកឡើងទៀត​ថា៖ «ប៉ុន្តែ​បច្ចុប្បន្ន​នៅ​តែមានការ​កាប់​ឈើ​ក្នុង​ទ្រង់​ទា្រយ​តូច ​ប៉ុន្តែ​វាកើត​ឡើង​ស៊ឹង​រាល់ថ្ងៃ​ ក៏ជាក្តី​បារម្ភខ្លាំង​ផងដែរ ពីព្រោះ​បើមិន​អាច​ទប់​ស្កាត់​បាន​ទេ​​ វាក៏​នឹង​នៅ​តែ​​ធ្វើ​ឱ្យ​មាន​មហន្តរាយធ្ងន់​ធ្ងរ​ទៅ​ថ្ងៃអនាគត​ ទោះ​បី​យើង​ប្រឹងដាំដើមឈើ មាន​យុទ្ធនាការ​របស់​​ក្រសួង​បរិស្ថានដាំកូនឈើ​១លាន​២លាន៣លាន​ដើម​ក្នុង​១ឆ្នាំក៏ដោយ»​។

សម្រាប់​សកម្ម​ជន​ព្រៃឈើ​រូបនេះ វាល្អហើយ​ការ​ដាំដើម​ឈើ​ឡើង​វិញ ​ប៉ុន្តែ​បើ​យើង​ដាំផង​ហើយ​រក្សា​អា​ចាស់​​ឱ្យ​បានល្អគង់វង្ស​ផង​ គឺវាកាន់​តែល្អ​ ​ពីព្រោះ​អី​ដើម​ឈើ​ដែល​ត្រូវ​បាន​កាប់​ផ្តួលមាន​អាយុកាល​រាប់​រយ​រាប់​ពាន់​ឆ្នាំមក​ហើយ ដូច្នេះ​ការ​ដាំ​ថ្មី​មិន​ងាយបាន​ធំនោះ​ទេ។

លោក ​ខ្វៃ អាទិត្យា ​​ក៏ទទួល​ស្គាល់​ដែរ​ថា នៅ​តែកើតមាន​បទល្មើសព្រៃឈើ​។ ​លោក​បន្តថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីចុះល្បាតចំនួន ៥ ៩៥៣លើក បង្ក្រាប​បទល្មើសធនធានធម្មជាតិសរុបចំនួន ៩៦៧ករណី នៅទូទាំងប្រទេស ក្នុងនោះមានបទល្មើសព្រៃឈើ ៣១៨ករណី​ ការបរបាញ់សត្វព្រៃ ២៤២ករណី បទល្មើសធនធានរ៉ែ១២ ករណី ការឈូសរានដីព្រៃ ២៦២ករណី និងបទល្មើសនេសាទ ១៣២ករណី។ ក្នុង​នោះ​បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៧៤ករណី និងឃាត់បានជនសង្ស័យប្រព្រឹត្តបទល្មើស៤៤នាក់​។

បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារបាន​ចុះ​ល្បាត​ព្រៃ​ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ​បានប្រទះឃើញរណាយន្ត២ គ្រឿងគោយន្ត ៣គ្រឿង ជន​ល្មើស ៦នាក់ ឈើ​ក្តារ​អារជ្រៀករួច ២១១សន្លឹក និងឈើសសរ៤ដើម សរុបស្មើនឹង៦,៤ម៉ែត្រគូប​។​ ក្រៅ​ពីនេះ​​រក​ឃើញ​គល់ឈើកាត់រួច២១គល់ ​និង​ទីតាំងកាប់​ព្រៃ​រាន​ដី​ធ្វើ​ចំការចំនួន ៥ កន្លែងជាដើម។

សម្រាប់​​លោក ​ចិត្រា វាជាការ​ល្អណាស់បើ​​ពីពេលនេះ​ទៅ​ ​មន្ត្រី​បរិស្ថាន ​សហ​ការគ្នា​ជាមួយ​សហគមន៍​ដើម្បីការពារអភិរក្ស​​​ព្រៃឈើ​​​​និង​ត្រូវ​ធ្វើ​ការ​ផ្សព្វ​ផ្សាយបទល្មើស​ព្រៃឈើ​​។

លោកបានបញ្ជាក់ថា៖ «ឱ្យ​តែរក​ឃើញ​បទល្មើស ​យើង​ចាប់​យើង​ផ្សាយ​ យើង​ចាប់​យើង​ផ្សាយ​​យូរៗ​ទៅ​ពួក​ប្រព្រឹត្ត​​បទល្មើស​វាលែង​ប្រព្រឹត្ត​​ហើយ ​វាលើកលែង​តែ​ក្នុងករណី​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទេ​ទើបមិន​ហ៊ាន​ផ្សាយ​ជាសាធារណៈអាហ្នឹង​យើង​ឆ្លុះ​បញ្ចាំង​ត្រង់​ហ្នឹង។ យើង​មើល​បទល្មើស​គ្រឿង​ញៀន​បទល្មើស​ចោរកម្មស្អីៗ​គេផ្សាយ​ទាំង​អស់​ប៉ុន្តែមក​ចម្លែក​អីអាបទ​ល្មើស​ព្រៃឈើ​ហ្នឹង​បែរជាមិន​ចង់​ឱ្យ​ផ្សាយ​»។

បើ​តាម​សកម្ម​ជន​ព្រៃឈើ​រូបនេះ​ ការផ្សព្វ​ផ្សាយ​ជាសាធារណៈ​ពី​បទល្មើស​ព្រៃ​ឈើ​ និង​អ្នក​ជាប់​ពាក់ព័ន្ធ​ គឺ​ពិតជាការល្អណាស់​បើសិន​ជាអាច​ធ្វើ​ដូច្នេះបាន​។«កុំ​ទៅការពារ​ផល​ប្រយោ​ជន៍​មន្ត្រី​ខិល​ខូចមួយ​ចំនួននាំគ្នា​ធ្វើ​រឿង​ផ្តេសផ្តាសឃុបឃិតគ្នា​ប្រព្រឹត្តអំពើ​ពុក​រលួយ​កាប់​បំផ្លាញព្រៃឈើ​ អាហ្នឹងដល់ពេល​ខូច​មុខមាត់​មាន​អ្នកណា គឺ​រដ្ឋាភិបាល​ ហើយ​អារឿង​ខូច​មុខមាត់​វាមិន​សំខាន់​ជាង​ការប៉ះពាល់​ផល​ប្រយោជន៍​សាធារណជន​ទេ​»។

សម្រាប់លោក ម៉ា ចិត្រា​ ការការ​ពារ​ព្រៃឈើបានក៏នឹងធ្វើ​ឱ្យ​​រដ្ឋាភិបាល​ទទួល​បាន​ការ​គាំទ្រពី​ប្រជាពល​រដ្ឋ​ផងដែរ ហើយ​ពល​រដ្ឋ​​ក៏ទទួល​ផល​ប្រយោជន៍​ពី​ភាព​គង់​វង្សនៃ​ព្រៃ​ឈើ​ផងដែរ​។ ហេតុដូច្នេះ​ជម្រើស​ដែល​ល្អបំផុតគឺត្រូវ​ស្រាក់​ដៃគ្នា​ពីគ្រប់ភាគីពាក់ព័ន្ធ​​រួម​ទាំង​ប្រជា​ពល​រដ្ឋ​​ត្រូវ​ចូល​រួម​ការពារ​ដើមឈើឈរ​ឱ្យ​បាន​គង់វង្ស ប្រសើរ​ជាងការដាំកូនឈើ​ឡើង​វិញ។ ​​

បើទោះ​បី​ជាក្តី​សង្ឃឹម​មាន​តិចតួច​ក្តី ​ក៏​សកម្ម​ជន​ព្រៃឈើ​រូប​នេះ​​នៅ​តែ​​សង្ឃឹម​ថា មន្ត្រី​ខិលខូច​មួយ​ចំនួន ​នឹង​ភ្ញាក់គំនិត ​ភ្ញាក់កំណើតឡើងវិញ​ ឈប់​គប់គិត​គ្នា​ កាប់​បំផ្លាញ​ព្រៃ​ឈើ​ហើយ​ងាកមក​ការពារ​ ​អភិរក្ស​និង​ស្តារព្រៃ​ឈើ​ឱ្យ​បាន​គង់វង្ស​ សម្រាប់​កូនចៅខ្មែរ​ជំនាន់​ក្រោយ។

លោកបាន​បន្ថែមថា​ កម្ពុជា​បាន​ឆ្លង​ផុត​ពីសង្គ្រាម​៣០-៤០​ឆ្នាំមក​ហើយ ​​វាល្មមនឹង​​ដល់​ពេល​ដែល​ត្រូវ​តែ​បញ្ឈប់​ការ​​កាប់​បំផ្លាញ​ព្រៃឈើទៀត​ហើយ​។ «មិន​ថាពល​រដ្ឋ​ ឬមន្ត្រី​ណា​ទេ​​ត្រូវ​តែ​គិតគូ​ឡើង​វិញ​ កុំ​ចង់​បាន​ប្រយោជន៍សេដ្ឋកិច្ច​ពីការ​កាប់ព្រៃឈើ ​ពីព្រោះ​វានាំ​ឱ្យអន្តរាយទៅ​ថ្ងៃមុខ​។ វា​ផ្តល់​ប្រយោជន៍​បច្ចុប្បន្ន​សម្រាប់​មន្ត្រីមួយ​ចំនួនដែល​ប្រព្រឹត​អំពើ​ពុក​រលួយ​​ ប៉ុន្តែ​នៅ​ពេល​មាន​​វិបត្តិ​បម្រែបម្រួល​អាកាសធាតុ វាមិនមែន​ប៉ះពាល់​តែកូនរាស្ត្រ​សាមញ្ញឯណា ​កូន​អស់​លោក​អ្នក​ធំ​ ឬក៏កូន​អស់លោក​អ្នក​កាប់​ឈើ ឈ្មួញ​រកស៊ី​ឈើ​​ ក៏​រងផល​ប៉ះពាល់​ដែរ ដូច្នេះ​ការកាប់​បំផ្លាញព្រៃឈើ​គឺ​ជាការ​បំផ្លាញ​អនាគត​កូន​ចៅយើង​ទាំង​អស់គ្នា»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម