អ្នកជំនាញផ្នែកបរិស្ថាន និងការបំពុលខ្យល់ បានព្រមានជាបន្ទាន់ពីផលប៉ះពាល់ធ្ងន់ធ្ងរនៃសារធាតុគីមី និងហានិភ័យភ្លៀងអាស៊ីត ដល់ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកើតហេតុ និងតំបន់ជុំវិញ ព្រមទាំងបានជំរុញឱ្យអាជ្ញាធរផ្ដល់ដំណឹងជាបន្ទាន់ពីបម្រាមប្រើប្រាស់ទឹកភ្លៀង និងជម្លៀសពលរដ្ឋរស់នៅជិតនោះចាកចេញយ៉ាងហោចណាស់ ១ ទៅ ២ ថ្ងៃ ក្រោយហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រស្ល និងកែច្នៃលោហធាតុ Xinshengsheng Metal Materials Industrial Park Co., Ltd. ក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
យ៉ាងណាមិញ លោកបណ្ឌិត អោ ច័ន្ទម៉ូលី ជាអ្នកស្រាវជ្រាវពីការបំពុលខ្យល់ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានលើកឡើងថា ផ្សែងដែលភាយចេញពីរោងចក្រស្លដែកនេះមានហានិភ័យខ្ពស់ចំពោះសុខភាព ដោយសារវាប្រាកដជាមានលាយឡំដោយសារធាតុគីមី ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាងផ្សែងធម្មតា។
លោកបន្តថា យោងតាមគោលការណ៍របស់អង្គការសុខភាពពិភពលោក(WHO) ការប៉ះពាល់នឹងផ្សែងពុល និងសារធាតុគីមីក្នុងកំឡុងពេល ២៤ ម៉ោងដំបូងនៃការឆាបឆេះ គឺជាដំណាក់កាលដែលមានហានិភ័យខ្លាំងបំផុត។ ទោះជាយ៉ាងណា ប្រសិនបើប្រភពឆេះត្រូវបានគ្រប់គ្រងបានលឿន ឬខ្យល់បក់សាយភាយក្នុងរយៈពេលខ្លីត្រឹម ៤ ទៅ ១០ ម៉ោង នោះកម្រិតហានិភ័យនៃការពុលខ្លាំង ក្នុងបរិយាកាសនឹងថយចុះ មកវិញជាលំដាប់។
លោកបណ្ឌិតបានពន្យល់បន្ថែមថា រដូវនេះជាខែភ្លៀង ដែលអាចជួយសម្អាតបរិយាកាសបានលឿន និងកាត់បន្ថយការប៉ះពាល់ផ្ទាល់តាមផ្លូវដង្ហើម ប៉ុន្តែវានឹងបង្កើតជា ភ្លៀងអាស៊ីតជំនួសវិញ។
លោកថ្លែងថា៖ «នៅពេលភ្លៀងធ្លាក់មក វានឹងពាំនាំសារធាតុគីមីទាំងអស់នោះចុះមកដីវិញ ដែលបង្កទៅជាភ្លៀងអាស៊ីត។ ជាធម្មតានៅពេលភ្លៀងអាស៊ីត វាប៉ះជាមួយស្បែកយើង វាទៅជាអាលាក់ហ្ស៊ី វាទៅជាមហារីកអីចឹងទៅ ប៉ុន្តែវាមិនមែនគ្រាន់តែប៉ះភ្លាម ក្លាយភ្លាមនោះទេ! ដោយសារអាស៊ីតហ្នឹងវាអាស៊ីតខ្លាំងដូចនៅក្នុងអាគុយអ៊ីចឹង វាផ្សា ប៉ុន្តែយូរៗទៅវានឹងប៉ះពាល់ស្បែក ប៉ះពាល់អីយើង»។លោកបន្តថា៖ «ហើយបើសិនជាភ្លៀងអាស៊ីតហ្នឹងវាច្រើនឡើងៗ ដីរបស់យើងក៏វានឹងខូចគុណភាពដែរ ហើយទឹកភ្លៀងវាហូរទៅក្នុងបឹងបួរអីហ្នឹងក៏វាប៉ះពាល់ដល់សុខភាពត្រី សុខភាពមជ្ឈដ្ឋានដែលប្រើប្រាស់ទឹកហ្នឹងដែរ»។
ពាក់ព័ន្ធនឹងវិធានការសុវត្ថិភាព លោកបណ្ឌិត អោ ច័ន្ទម៉ូលី ស្នើឱ្យអាជ្ញាធរជម្រាបព័ត៌មានជាបន្ទាន់ និងជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្បែរនោះចេញពីទីតាំងកើតហេតុយ៉ាងហោចណាស់រយៈពេល ១ ទៅ ២ ថ្ងៃ។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាផ្សែងមើលទៅថយចុះ ឬមើលមិនឃើញក៏ដោយ ក៏សារធាតុពុលក្នុងខ្យល់អាចនៅមានកម្រិតខ្ពស់នៅឡើយ ដូច្នេះមិនត្រូវប្រញាប់ត្រឡប់មកវិញភ្លាមៗនោះទេ។
ទន្ទឹមនឹងនេះ លោកបានជំរុញឱ្យអាជ្ញាធរចេញបម្រាមជាបន្ទាន់ កុំឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ និងឃុំ ឬស្រុកក្បែរខាង ត្រងទឹកភ្លៀងមកប្រើប្រាស់ឡើយ ក្នុងកំឡុងពេលភ្លៀងធ្លាក់ ១ ទៅ ២ លើកដំបូងនេះ ដោយសារសារធាតុគីមីអាចសាយភាយតាមបរិយាកាសទៅកាន់ តំបន់ជុំវិញឆ្ងាយជាងទីតាំងកើតហេតុផ្ទាល់។

ដោយឡែក ឆ្លើយតបជុំវិញស្ថានភាពអគ្គិភ័យនេះ អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ លោក សាវ សុភក្តី បានប្រាប់សារព័ត៌មានខេមបូចាថា អគ្គិភ័យនេះបានផ្ទុះឡើងនៅប្រមាណម៉ោង ២ រសៀល ហើយរហូតមកទល់ម៉ោង ៩ យប់ ថ្ងៃពុធនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុពិតប្រាកដនៃអគ្គិភ័យនេះបាននៅឡើយទេ។ លោកបានឱ្យដឹងថា អគ្គិភ័យនៅតែបន្តឆេះងំដោយសារមានសម្ភារៈនៅក្នុងរោងចក្រ ជាពិសេសគឺពពួកថ្មពិលនៅបន្តផ្ទុះ។
អធិការរូបនេះបានបញ្ជាក់បន្ថែមថា រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ដែលបានទៅដល់ទីតាំងកើតហេតុ មិនត្រូវបានប្រើសម្រាប់បាញ់ទឹកពន្លត់ឡើយ ដោយសារតំណាងរោងចក្របានប្រាប់ថា មានសារធាតុនៅក្នុងរោងចក្រ មិនអាចត្រូវទឹកបានទេ ព្រោះវានឹងធ្វើឱ្យកាន់តែឆេះខ្លាំងជាងមុន។ ហេតុនេះ តំណាងក្រុមហ៊ុនបានសុខចិត្តបណ្តោយឱ្យវាឆេះទៅតាមស្ថានភាពជាក់ស្តែង ដែលមានន័យថា ទំហំនៃការខូចខាតគឺស្ទើរតែទាំងស្រុង។
ទោះជាយ៉ាងណា លោក សាវ សុភក្តី បានឱ្យដឹងថា មិនមានកម្មករនៅក្នុងរោងចក្រ ឬប្រជាពលរដ្ឋរងគ្រោះថ្នាក់ឡើយ ហើយអាជ្ញាធរក៏មិនបានធ្វើការជម្លៀសប្រជាពលរដ្ឋចេញដែរ ដោយសារផ្ទះសម្បែងរបស់ពួកគេស្ថិតនៅឆ្ងាយគួរសមពីរោងចក្រ។ ប៉ុន្តែ លោកបានកត់សម្គាល់ថា សត្វមាន់មួយចំនួននៅក្នុងកសិដ្ឋានចិញ្ចឹមមួយកន្លែង ដែលស្ថិតនៅចម្ងាយប្រមាណ១០ម៉ែត្រពីទីតាំងកើតហេតុ បានងាប់ភ្លាមៗដោយសារផ្សែងដែលភាយចេញពីអគ្គិភ័យនេះ។
យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅម៉ោង១១:៣០យប់មិញនេះ បានឱ្យដឹងថា រោងចក្រស្ល និងកែច្នៃលោហធាតុខាងលើនេះ គឺជាកម្មសិទ្ធិរបស់ជនជាតិចិនឈ្មោះ ZHANG JINGCHUAN។ ក្នុងនោះ អគ្គិភ័យបានបណ្តាលឱ្យឆេះឃ្លាំងធ្វើពីដែក ជញ្ជាំងប្រក់ស័ង្កសីទំហំ ៤០ម៉ែត្រ x ១០០ម៉ែត្រ អស់ទាំងស្រុង ឆាបឆេះផលិតផលសម្រេចទាំងអស់ សាសឺសម្រាប់លើកអីវ៉ាន់ចំនួន ២គ្រឿង ម៉ូតូ ២គ្រឿង និងសម្ភារៈមួយចំនួនធំទៀតនៅក្នុងឃ្លាំង។
ស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងបន្ថែមពីមូលហេតុបឋមថា អគ្គិភ័យនេះបណ្តាលមកពី «ទុស្សេទូរក្លាសេ ថ្មពិល» ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវបន្ថែមលើករណីនេះ។
គួរឱ្យដឹងថា រោងចក្រស្ល និងកែច្នៃលោហធាតុ XINSHENGSHENG METAL MATERIALS INDUSTRIAL PARK CO., LTD. នេះត្រូវបានអនុម័តគម្រោងវិនិយោគ ដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីចុងខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ ដោយគម្រោងនេះមានទុនវិនិយោគសរុបប្រមាណ ៦,៣ លានដុល្លារអាមេរិក និងបានរំពឹងថាបង្កើតឱកាសការងារដល់ពលរដ្ឋក្នុងតំបន់បានប្រមាណ៤៥៥កន្លែង៕










