ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ YTC Corporation ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវផ្អាកដំណើរការបណ្ដុះអាសន្ន ដើម្បីវាយតម្លៃផលប៉ះពាល់ និងកំណត់ថ្ងៃដំណើរការផលិតកម្មឡើងវិញ បន្ទាប់ពីឆេះឃ្លាំងស្ដុកទុកក្រណាត់របស់រោងចក្រ កាលពីរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦។
លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានខេមបូចា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះថា រោងចក្រកាត់ដេរសម្លៀកបំពាក់ YTC Corporation ត្រូវផ្អាកដំណើរការសិន ដោយសារតែក្រណាត់សម្រាប់ផលិតកម្មកាត់ដេរ ត្រូវបានឆេះអស់ហើយ នៅអគារឃ្លាំងស្ដុកក្រណាត់ កាលពីរសៀលថ្ងៃទី២៦ ខែតុលា តែអគ្គិភ័យមិនបានឆេះដល់ផលិតផលសម្រេចទេ។
លោក បូរិន មានប្រសាសន៍ថា៖ «ផលិតកម្មថ្ងៃនេះអត់ទាន់ដំណើរការទេ ដោយសារតែយើងត្រូវប្រជុំពិភាក្សាព្រឹកហ្នឹងសិន។ ព្រឹកហ្នឹងយើងមានក្រសួងមានអីចុះទៅជាមួយរោងចក្រ ធ្វើការជាមួយគ្នា ដើម្បីពិភាក្សាពីផលប៉ះពាល់ ហើយនឹងអាចដំណើរការវិញនៅថ្ងៃណា ដោយសារថាក្រណាត់ដែលត្រូវយកឱ្យផលិតកម្មធ្វើគឺវាឆេះអស់ហើយ»។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺរូបនេះ បានឱ្យដឹងថា គិតពីដើមឆ្នាំ២០២៦ មកដល់ខែតុលានេះ មានករណីអគ្គិភ័យឆេះរោងចក្រ៤ទីតាំងហើយ រាប់បញ្ចូលទាំងរោងចក្រកាត់ដេរសម្លៀកបំពាក់ YTC Corporationនេះ។ លោកថា កន្លងមកអន្តរក្រសួងក៏មានផែនការជាក់លាក់ក្នុងការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពនៅតាមរោងចក្រនីមួយៗដែរ ព្រមទាំងការជូនដំណឹងដល់រោងចក្រឱ្យបង្ការអគ្គិភ័យ និងកែលម្អប្រព័ន្ធសុវត្ថិភាពក្នុងរោងចក្រជាដើម។
លោក ម៉ៅ ពិសី ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យ ដែលហៅកាត់ថា ហ្វូហ្វី(FUFI) ប្រចាំរោងចក្រកាត់ដេរសម្លៀកបំពាក់ YTC Corporation នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រាប់ថា អគ្គិភ័យបានឆាបឆេះនៅចន្លោះម៉ោង១ ទៅ២រសៀល ថ្ងៃទី២៦ ខែតុលានេះ ដោយសង្ស័យថា ផ្ទុះកាប៊ីនភ្លើងនៅអគារឃ្លាំង។
លោក ម៉ៅ ពិសី វ័យ៣៥ឆ្នាំ ដែលជាកម្មករផ្នែកអ៊ុតសម្លៀកបំពាក់ផងនោះ បានបញ្ជាក់ថា៖ «ពេលដែលផ្ទុះហ្នឹងគឺពួកគាត់ព្យាយាមកាន់បំពង់អគ្គិភ័យទៅពន្លត់ហើយ ប៉ុន្តែពន្លត់មិនកើតទេ ដោយសារវាមានអណ្ដាតភ្លើងផ្ទុះពីក្រោមមកខ្លាំងពេក»។
ចំណែកអ្នកស្រី ឈុំ ស្រីមុំ ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ YTC Corporation ផ្នែកពិនិត្យគុណភាព (QC) បានឱ្យដឹងថា នៅពេលដែលឃ្លាំងឆេះ អ្នកស្រីនៅជិតទីនោះ និងបានស្រែកប្រាប់កម្មករកម្មការិនីឯទៀតឱ្យចាកចេញជាបន្ទាន់។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំអត់ពេញចិត្តត្រង់ស៊ុប(Supervisor) ហើយនិងប្រធានដែលហាមឃាត់មិនឱ្យកម្មករចេញ[…]បងប្អូនកម្មកររបស់យើងគឺគាត់តែងតែលឺកណ្ដឹងរោទិ៍ ឬក៏លក្ខណៈផ្ទុះសេបន្តិចបន្តួច គាត់អាចចូលធ្វើការវិញបាន តែគាត់មិននឹកស្មានថា វាដល់ថ្នាក់ហ្នឹងព្រោះលើកទីមួយហើយ រោងចក្រហ្នឹងបើកដំណើរការ១៦ឆ្នាំហើយ»។
កម្មការិនីវ័យ ៣២ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា បន្ទាប់ពីរោងចក្រឆេះ វានឹងប៉ះពាល់ដល់ការងាររកចំណូលចិញ្ចឹមជីវិត ហើយគាត់ប្រហែលជាត្រូវដកប្រាក់ដែលសន្សំទុកមកផ្គត់ផ្គង់ជីវភាពបណ្ដុះអាសន្នសិន។
ស្រីមុំ ដែលបានធ្វើការនៅរោងចក្រនេះជាង១០ឆ្នាំហើយនោះ បាននិយាយថា៖ «ពេលដែលមានបញ្ហាអ៊ីចឹង យើងមិនអាចធ្វើការបានភ្លាមៗទេ ត្រូវអត់! ត្រូវរៀបចំប្រព័ន្ធភ្លើងសារថ្មី កែតម្រូវសារថ្មី មើលការខុសត្រូវថាវាដំណើរការល្អឬក៏អត់ ឬក៏វាមានបញ្ហាអីទៀតអត់ បានយើងអាចចូលធ្វើការបាន[…]យើងសល់លុយតិចតួចដែរ យើងអាចចាយមួយទប់មួយទល់ហើយ»។
សារព័ត៌មានខេមបូចា មិនអាចសុំការអធិប្បាយពីភាគីរោងចក្រកាត់ដេរសម្លៀកបំពាក់ YTC Corporation បានទេ ត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ខណៈមន្ត្រីខាងអនុវត្តន៍ច្បាប់នៃរោងចក្រនេះបដិសេធការឆ្លើយតប។

លោក អាត់ ធន់ ដែលជាតំណាងសហជីពប្រាប់ថា បើតាមច្បាប់ការងារ ចំពោះករណីរោងចក្រឆេះ ឬផ្អាកដំណើរការដោយប្រការណាមួយដែលជាការធ្វេសប្រហែសរបស់និយោជក រួមទាំងការយឺតយ៉ាវក្នុងការនាំចូលវត្ថុធាតុដើម និងដេរមិនគ្រប់ចំនួនជាដើម គឺកម្មករនិយោជិតត្រូវទទួលបានប្រាក់ឈ្នួលធម្មតា។
លោក អាត់ ធន់ មានប្រសាសន៍ថា៖ «ទី១ត្រូវត្រួតពិនិត្យមើលមូលហេតុដែលឆេះ[…]កែតម្រូវឬក៏សម្អាតឬក៏ធ្វើម៉េចឱ្យប្រព័ន្ធសុវត្ថិភាពបានល្អជាងមុន កុំឱ្យមានបញ្ហាហ្នឹងកើតឡើង ហើយចំពោះរឿងបញ្ហាកម្មករនិយោជិតឱ្យគេឈប់ប៉ុន្មានថ្ងៃនៅក្នុងចំណុចដែលគេឈប់ ឬក៏កន្លែងដែលគេផ្អាកហ្នឹងគឺអាស្រ័យលើលទ្ធភាពជាក់ស្ដែង ក៏ប៉ុន្តែចំពោះប្រាក់ឈ្នួល និងប្រយោជន៍ផ្សេងៗត្រូវរក្សាឱ្យគេ»។
តំណាងសហជីពរូបនេះ បានឱ្យដឹងទៀតថា កន្លងមកស្ថាប័នពាក់ព័ន្ធមានវិធានបង្ការអគ្គិភ័យនិងបញ្ហាផ្សេងរួចហើយ ក៏ប៉ុន្តែពេលខ្លះការអនុវត្តវិធានសុវត្ថិភាពទាំងនោះ មានការខ្វះចន្លោះ តួយ៉ាងការធ្វេសប្រហែសជាដើម លើកលែងករណីប្រធានស័ក្តិ ឬគ្រោះធម្មជាតិ។
ជាមួយគ្នានេះ លោក អាត់ ធន់ បានស្នើសុំថា៖ «ក្រសួង និងមន្ទីរហ្នឹងត្រូវតែពិនិត្យ ចុះអធិការឱ្យបានច្បាស់លាស់អំពីប្រព័ន្ធសុវត្ថិភាព ឬក៏ប្រព័ន្ធដែលផ្ទុកសម្ភារៈផ្សេងៗនៅក្នុងក្រុមហ៊ុនដែលអាចឆេះ ព្រោះឆេះវាមិនប្រាកដថាឆេះពីភ្លើង ពេលខ្លះប្រភេទគីមីក៏វាឆេះដែរ អ៊ីចឹងគួរតែត្រូវបានពិនិត្យឱ្យបានត្រឹមត្រូវតាមស្ដង់ដាដើម្បីបញ្ចៀសបញ្ហាប្រឈមហ្នឹង»។
នៅឆ្នាំ២០២៦នេះ មានករណីឆេះរោងចក្រមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ តួយ៉ាងករណីអគ្គិភ័យនៅរោងចក្រផលិតចានស្នោ ស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាធានីភ្នំពេញ កាលពីមិថុនា ឆ្នាំ២០២៦, ករណីឆេះរោងចក្រផលិត កែច្នៃលោហៈធាតុ និងអាគុយ នៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីខែកក្កដា ឆ្នាំ២០២៦ និងការឆេះរោងចក្រដែលទើបសាងសង់រួចក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ស្ពឺ កាលពីខែកញ្ញា ឆ្នាំ២០២៦ជាដើម។
ចំណែកលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)បានលើកឡើងថាកំឡុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ អង្គការ CENTRAL បានកត់ត្រានូវហេតុការណ៍អគ្គិភ័យ និងគ្រោះថ្នាក់សុវត្ថិភាពធំៗយ៉ាងហោចណាស់ចំនួន ៦ករណី នៅតាមរោងចក្រ និងឃ្លាំងទំនិញនានានៅទូទាំងប្រទេសកម្ពុជា ក្នុងនោះមាន រោងចក្រ Foremart, Regence, Yida, រោងចក្រកែច្នៃអាគុយ និងលោហៈ (Battery and Metal Recycling Plant), ករណីបាក់រលំរោងចក្រផលិតស្បែកជើង (Shoe Factory Collapse) និងរោងចក្រ YTC នាពេលថ្មីៗនេះ។
លោកសង្កត់ធ្ងន់ថា៖ «ហេតុការណ៍ទាំងនេះ បានបង្ហាញឱ្យឃើញពីចំណុចខ្សោយរ៉ាំរ៉ៃនៅក្នុងសុវត្ថិភាពឧស្សាហកម្ម ស្តង់ដារសំណង់ ការថែទាំប្រព័ន្ធអគ្គិសនី និងការអនុវត្តតាមបទដ្ឋានបរិស្ថាន ដោយកម្មករនិយោជិតតែងតែជាអ្នករ៉ាប់រងការខាតបង់ធំបំផុត តាមរយៈការបាត់បង់ការងារ របួសស្នាមនៅកន្លែងធ្វើការ និងការរអាក់រអួលដល់ដំណើរការផលិតកម្ម»។
លោកបន្ថែមថានិន្នាការនេះ គឺជាកង្វល់យ៉ាងខ្លាំង ដោយសារតែការវាយតម្លៃនាឆ្នាំ ២០២៥ របស់រោងចក្រ Better Factories Cambodia បានរកឃើញនូវកង្វះខាតផ្នែកសុវត្ថិភាព និងសុខមាលភាពការងារ នៅតាមរោងចក្រកាត់ដេរ និងផលិតផលធ្វើដំណើរចំនួន ៥១៧ ខណៈពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកការរក្សាការប្រកួតប្រជែងរបស់ខ្លួននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល ការពង្រឹងការអនុវត្តបទបញ្ញត្តិសុវត្ថិភាពនៅកន្លែងធ្វើការ និងវិធានការបង្ការអគ្គិភ័យបន្ថែមទៀត ដែលជាចំណុចចាំបាច់ ដើម្បីការពារជីវិត និងជីវភាពរស់នៅរបស់កម្មករនិយោជិត៕










