សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្មករនៅរោងចក្រចំនួន៥ ផ្ទុះការតវ៉ាផ្ទួនៗគ្នាក្នុងរយៈពេល៤ថ្ងៃចុងក្រោយ

កម្មកររោងចក្រ លានហ្វា ហេងយូ ស្ថិតក្នុង ស្រុកបាកាន ខេត្តពោធិ៍សាត់ តវ៉ានៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបណ្តេញប្រធានរដ្ឋបាលរោងចក្រម្នាក់ចេញ ដោយសារប្រើសម្តី និងកាយវិការមិនសមរម្យដាក់កម្មករ។ (អង្គការសង់ត្រាល់)
កម្មកររោងចក្រ លានហ្វា ហេងយូ ស្ថិតក្នុង ស្រុកបាកាន ខេត្តពោធិ៍សាត់ តវ៉ានៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបណ្តេញប្រធានរដ្ឋបាលរោងចក្រម្នាក់ចេញ ដោយសារប្រើសម្តី និងកាយវិការមិនសមរម្យដាក់កម្មករ។ (អង្គការសង់ត្រាល់)

ក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ កម្មករជាច្រើនពាន់នាក់នៅរោងចក្រយ៉ាងតិច ៥កន្លែង ក្នុង ខេត្តចំនួន២ផ្សេងគ្នា បានផ្ទុះការតវ៉ាជាបន្តបន្ទាប់ ប្រឆាំងនឹងការប្រមាថពីបុគ្គលិក​រដ្ឋបាល ការរើសអើងសហជីព ថៅកែរត់ចោលមិនបើកប្រាក់ឈ្នួលឱ្យ និងទាមទារ​ឱ្យ​ក្រុមហ៊ុន​គោរពច្បាប់ការងារជាដើម។

យោងតាមប្រភពពីសហជីព និងអង្គការសង្គមស៊ីវិលមួយចំនួនបង្ហាញថា ការតវ៉ា​របស់​កម្មករ និយោជិតបានផ្ទុះឡើងផ្ទួនៗគ្នានៅរោងចក្រមួយកន្លែងក្នុងខេត្តពោធិ៍សាត់ នាថ្ងៃ​ទី៨ និងមួយកន្លែងទៀតក្នុងខេត្តកណ្តាលនាថ្ងៃទី៩ ខែកញ្ញាថ្មីៗនេះ។ រំលងបាន២ថ្ងៃ គឺ​នៅ​ព្រឹកថ្ងៃទី១១ ខែកញ្ញា កម្មកររោងចក្រ ៣កន្លែងផ្សេងទៀតក្នុងក្រុងតាខ្មៅ ខេត្ត​កណ្តាល បានផ្ទុះការតវ៉ាស្របពេលជាមួយគ្នា ពាក់ព័ន្ធនឹងករណី​ថៅកែរត់គេចមិន​បើក​ប្រាក់​ខែ​​ឱ្យកម្មករ ទាមទារលក្ខខណ្ឌការងារល្អប្រសើរ និងមួយករណីទៀតពាក់ព័ន្ធ​ការ​បញ្ឈប់​ថ្នាក់ដឹកនាំសហជីព និងកម្មករសរុបជាង៧០នាក់។

ជីវភាពកម្មករប្រឈមគ្រោះព្រោះថៅកែរត់ចោល

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា កម្មកររាប់រយនាក់នៅរោងចក្រ សេលលី ហ្វេសិន ដែលស្ថិត​ក្នុង​​សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ បានប្រមូលផ្តុំគ្នាបិទផ្លូវដើម្បីតវ៉ារកដំណោះស្រាយ ករណី​ថៅកែរោងចក្ររត់ចោលមិនព្រមបើកប្រាក់ខែ និងប្រាក់បំណាច់ការងារផ្សេងៗ។ តាមរយៈ វីដេអូ ដែលថតដោយក្រុមកម្មករ ពួកគេបានទាមទារឱ្យក្រសួងការងារ​ដោះស្រាយ​ប្រាក់ខែ​ពួកគេឱ្យ​បានឆាប់ ព្រោះជីវភាពពួកគេកំពុងខ្វះខាត ខណៈបញ្ហាបំណុល​មិនអាចរង់ចាំបាន​ទេ ។

អំឡុងពេលចុះដោះស្រាយជាមួយកម្មករនៅព្រឹកថ្ងៃដដែលនេះ រដ្ឋលេខាធិការក្រសួង​ការងារ លោក ទុយ ស៊ីផាន បានអះអាងថាលោកនឹងពន្លឿនយន្តការដោះស្រាយ​ប្រាក់​ឈ្នួល ជូនកម្មករនិយោជិតដែលមានទំហំទឹកប្រាក់សរុប ១១៨ ០០០ ដុល្លារ ឱ្យបានលឿន​បំផុត។ លោកបញ្ជាក់ថា គោលការណ៍ដោះស្រាយចំនួន ២នឹងត្រូវជ្រើសរើសមកដោះ​ស្រាយ​ករណីនេះ ដោយទី១ ចាប់ថៅកែរោងចក្រមកទទួលខុសត្រូវ និងទី២ ឡាយឡុង​ទ្រព្យ​សម្បត្តិ​របស់ក្រុមហ៊ុន ដើម្បីយកលុយបើកឱ្យកម្មករ។ 

លោកអះអាងថា៖ «ខ្ញុំសន្យាថា យូរបំផុតត្រឹម២សប្តាហ៍ អាហ្នឹងយូរបំផុត»។

នៅចំពោះមុខលោក ទុយ ស៊ីផាន ក្រុមកម្មករបានចោទសួរថា៖«ឥឡូវខ្ញុំសួរសិន ថាតើក្នុង​រយៈ​ពេល​​២សប្តាហ៍ហ្នឹង តើប្រាក់ខែពួកខ្ញុំបានគ្រប់គ្រាន់ទាំងអស់គ្នាឬអត់?»។  កម្មករ​បន្ថែម​​ថា៖«ពេលលក់ឥវ៉ាន់បានហើយ ឥឡូវប្អូនសុំអត្ថប្រយោជន៍ទាំងអស់បានឬអត់!»។

ពួកគេចោទសួរបែបនេះ ដោយថាបំណុលធនាគារមិនអាចរង់ចាំ​បានឡើយ៖ «ពេលពួកខ្ញុំ​អត់​មានលុយ ត្រូវបង់ធនាគារ បានលុយឯណាបង់!»។

ជាការឆ្លើយតប លោក ស៊ីផាន បញ្ជាក់ថាប្រាក់ឈ្នួលកម្មករនឹងត្រូវបើកជូនគ្រប់ចំនួន ប្រសិនបើអាចនាំខ្លួនថៅកែមកអនុវត្តតាមនីតិវិធីច្បាប់បាន។ យ៉ាងណា លោករកឃើញថា ថៅកែរោងចក្រនេះជំពាក់ប្រាក់ខែកម្មករ និងបំណុលក្រៅផ្សេងទៀតសរុបប្រមាណ ១៣ម៉ឺនដុល្លារ។

លោកបញ្ជាក់ថា៖ «ក្នុងករណីបើថៅកែនេះអត់ចូលខ្លួនមកដោះស្រាយ រឿង លុយទេ គឺយើង​ត្រូវតែដោះស្រាយទៅតាមភាពជាក់ស្តែង ដោយលក់អ៊ីវ៉ាន់បានមក ហើយ​ត្រូវ​បើក​ប្រាក់ឈ្នួលជូនបងប្អូនតាមជាក់ស្តែង»។

តំណាងក្រសួងការងារចុះសម្របសម្រួលករណីកម្មកររោងចក្រ សេសលី ហ្វេសិន តវ៉ាបិទផ្លូវនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារថៅកែរត់ចោល មិនបើកប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗឱ្យ។ (អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា)

អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ស្នើឱ្យកម្មករ​និយោជិត​​ទាំងអស់ អត់ធ្មត់ ដោយទុកពេលឱ្យអាជ្ញាធរ និងមន្ត្រីជំនាញធ្វើការដោះ​ស្រាយ​តាមផ្លូវច្បាប់ ចៀសវាង ការធ្វើសកម្មភាពណាដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ខណៈលោកថាក្រសួងយល់ច្បាស់ ពីតម្រូវការលុយកាក់របស់កម្មករ។

លោកថ្លែងថា៖ «ការដោះស្រាយត្រូវធ្វើតាមនីតិវិធីច្បាប់ ហើយក្នុងករណីបែបនេះ ក្រសួង​នឹងប្តឹងក្រុមហ៊ុនទៅកាន់តុលាការដើម្បីស្នើសុំដីកាចាត់ចែងរក្សាការពារទ្រព្យ សម្បត្តិ តាមនីតិវិធីច្បាប់ដើម្បីអាចមានលទ្ធភាពទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ ផ្សេងៗជូនបងប្អូនកម្មករនិយោជិតទាំងអស់»។

អ្នកការពារសិទ្ធិកម្មកររងការបញ្ឈប់

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ដដែលនេះ តំណាងកម្មករសរុបជាង ៤០នាក់នៅរោងចក្រ​មួយ​ផ្សេង ទៀតឈ្មោះ Qi Heng Xin Co., Ltd. ដែលស្ថិតសង្កាត់រកាក្រៅ ក្រុងតាខ្មៅ​ដូចគ្នា ក៏​បាន ប្រមូលផ្តុំគ្នាតវ៉ានៅមុខកន្លែងពួកគេធ្វើការ  ករណីថៅកែក្រុមហ៊ុន​បញ្ចប់កិច្ចសន្យា​ការងារ​ពួកគេសរុបចំនួន ៧៤នាក់ ក្រោមហេតុផលគ្មានអ៊ីវ៉ាន់ធ្វើ។

យ៉ាងណាមិញ ប្រធានសហជីពសេរីឯករាជ្យប្រចាំរោងចក្រនេះ អ្នកស្រីខុន សុផាន ចាត់​ទុក​ថា ក្រុមហ៊ុននេះមានចេតនារើសអើង និងលុបបំបាត់សហជីព​មូលដ្ឋានដែល​បង្កើត​ឡើង ដើម្បីការពារកម្មករពីការរំលោភសិទ្ធិការងារ និងការកឹបកេង អត្ថប្រយោជន៍ ផ្សេងៗ​។ អ្នកស្រីបន្តថា ក្នុងចំណោមអ្នកដែលត្រូវបញ្ឈប់មានជាង ៣០នាក់​ជាស្ថាបនិកចងក្រង​សហជីព​​។

អ្នកស្រីឱ្យដឹងថា កន្លងមក ថ្នាក់ដឹកនាំសហជីពធ្លាប់ប្តឹងទៅក្រសួងការងារ ករណីក្រុមហ៊ុន​ឱ្យកម្មករឈប់សម្រាក ប៉ុន្តែបែរជាកាត់ប្រាក់ឈ្នួលកម្មករ។ ក្រោយការប្តឹងនេះ ក្រុមហ៊ុន​ក៏​បាន​សងលុយជូនកម្មករវិញ ប៉ុន្តែហាក់ខឹងសម្បារ និងព្រួយបារម្ភខ្លាចមានការទាមទារ​បន្ត​ទៀត។

អ្នកស្រីលើកឡើងថា៖ «ពេលកម្មករចាប់ផ្តើមមានសកម្មភាព និងដឹងពីសិទ្ធិសេរីភាព និងអ្វីដែលត្រូវទទួលបាន គាត់(រោងចក្រ)ក៏រៀបចំបញ្ឈប់ពួកខ្ញុំចោលទៅ ដោយយោង លើ រូបភាពថាអត់ការងារធ្វើ ទាំងដែលរាល់ថ្ងៃមានអ៊ីវ៉ាន់ពេញ ហើយមានបើកខ្សែ​ថែម​ម៉ោងទៀត ហើយគាត់ថាអត់មានការងារធ្វើ គាត់ជម្រុះកម្មករចោល»។

បើតាមអ្នកស្រី សុផាត ក្រុមហ៊ុននេះធ្លាប់បានបញ្ឈប់ថ្នាក់ដឹកនាំសហជីព ៣នាក់រួចមក ហើយ កាលពីខែមេសា ឆ្នាំ២០២៦ ពោលគឺបន្ទាប់ពីចងក្រងសហជីពបាន ២សប្តាហ៍។ ដោយឡែក ការបញ្ឈប់ថ្នាក់ដឹកនាំសហជីព និងកម្មករលើកនេះ ធ្វើឡើងក្រោយពួកគាត់​ចងក្រង សហជីពម្តងទៀតបានរយៈពេលជិត ១ខែ។

នៅព្រឹកថ្ងៃដដែលនេះក៏មានតំណាងក្រសួងការងារ គឺលោក ទូច សុទ្ធមុត ដឹកនាំប្រជុំ​ពិនិត្យ​ករណីនេះដែរ ដោយក្រុមកម្មករដែលមានឈ្មោះត្រូវ​បញ្ចប់កិច្ចសន្យាបានទទូច ឱ្យក្រសួងការងារដោះស្រាយឱ្យពួកគាត់ទាំង ៧៤នាក់ ត្រឡប់ចូលធ្វើការវិញ​ដោយគ្មាន​ការ​កាត់​លុយ។

ទោះជាយ៉ាងណា ក្រុមកម្មករថាក្តីរំពឹងពួកគេត្រូវបានរសាត់ឆ្ងាយដោយថាតំណាងក្រសួង ការងារ បានអះអាងថា ពួកគេមិនមានអ្វីត្រូវដាក់សម្ពាធឱ្យក្រុមហ៊ុនទទួល​យកចូលធ្វើការ​វិញ​ទេ ដោយសំអាងថាក្រុមហ៊ុនធ្លាប់បានជូនដំណឹងទៅក្រសួង​ពីគម្រោងជម្រុះ​កម្មករ​តាំង​ពី​ខែសីហា និងត្រៀមទូទាត់សំណងតាមផ្លូវច្បាប់ឱ្យកម្មករ។

ដោយសារកម្មករអះអាងថា ពួកគេអាចទទួលយកបានទេ ប្រភពបន្តថាពេលនោះតំណាង​ក្រសួងការងារក៏បានធ្វើលិខិតឱ្យពួកគេផ្តិតមេដាយបញ្ជាក់ថា មិនទទួលយកការផ្សះផ្សា។

ថ្នាក់ដឹកនាំសហជីព និងកម្មករនៅរោងចក្រ Qi Heng Xin សរុបជាង ៤០នាក់ តវ៉ានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ជំទាស់នឹងរោងចក្រដែលបញ្ឈប់ពួកគេជាង ៧០នាក់ ដោយផ្ទុយពីច្បាប់។ (រូបភាពផ្តល់ឱ្យ) 

ជំវិញករណីនេះ ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យ លោក សយ ចន្ធូ ចាត់ទុកថា រោងចក្រ Qi Heng Xin បានប្រព្រឹត្តអំពើរើសអើងសហជីពយ៉ាងធ្ងន់ធ្ងរ និងមិនបាន​អនុវត្ត​តាមច្បាប់ការងារនោះឡើយ។

លោកលើកឡើងថា ការបញ្ចប់កិច្ចសន្យាការងារនេះ ល្មើសនឹងមាត្រា៩៥ នៃច្បាប់ស្តីពី​ការងារ ព្រោះក្រុមហ៊ុនមិនបានជូនដំណឹងឱ្យមានការចុះស៊ើបអង្កេតជាមុនឡើយ។ បន្ថែមពីនេះ រោងចក្របានអនុវត្តខុសនីតិវិធី ដោយរក្សាទុកបុគ្គលិកថ្មី តែបែរជាដកកម្មករ​ចាស់ៗ​ដែលធ្វើការ ៦ ទៅ ៧ឆ្នាំចេញទៅវិញ។

លោកបញ្ជាក់ថា៖ «មួយទៀតអ្វីដែលយើងថាជាការរើសអើងដោយសារក្រុមហ៊ុន​បាន​ហៅ ពួកគាត់៦ដង ក្រោយពេលជូនដំណឹងពីការបង្កើតសហជីពភ្លាម ហៅគាត់៦ដង ហៅ​ទៅគំរាម ហៅទៅសម្លុត ហៅទៅលួងលោម ឱ្យលាឈប់ពីសហជីពទៅ។ អាហ្នឹង​យើងចាត់ទុកថាជាការរើសអើង»។ លោកបន្តថា៖«ហេតុអីក៏ត្រូវព្យួរការងារ ក្នុងអំឡុង​ពេលដែលមានការថែមម៉ោងពីកម្មករ»។

អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ជំរុញឱ្យក្រុមហ៊ុនទទួល​យក ថ្នាក់ដឹកនាំសហជីព និងកម្មករឱ្យចូលធ្វើការវិញ ដោយថាពួកគេមានសិទ្ធិជាមូលដ្ឋាន ក្នុងការបង្កើត និងចូលរួមសហជីពដោយគ្មានការការគំរាមកំហែង ឬសងសឹកណាមួយ​ឡើយ​។

លោកបន្តថា៖ «ការដាក់គោលដៅបញ្ឈប់ថ្នាក់ដឹកនាំសហជីពសកម្មជនសហជីពនៅ​រោងចក្រ Qi Heng Xin Factory Co., Ltd. បានឆ្លុះបញ្ចាំងពីក្តីបារម្ភកាន់តែខ្លាំង​របស់​កម្មករ​ចំពោះ ការចោទប្រកាន់អំពីការរើសអើងប្រឆាំងនឹងសហជីព និងការបញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព និងសកម្មជនកម្មករពីការងារ»។

ចំណែកឯនៅរោងចក្រ ញូវ ហុងរិន ដែលស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល កម្មករ​កម្មការិនី​ប្រមាណ ៦០០នាក់ ក៏បានប្រមូលផ្តុំគ្នាតវ៉ានៅថ្ងៃទី១១ ខែកញ្ញាដែរ ដោយ​ទាម​ទារ​លក្ខខណ្ឌ​ការងារ​ចំនួន ១២ចំណុច ដែលរួមមានការស្នើឱ្យក្រុមហ៊ុនណែនាំប្រធានផ្នែក​ដែលប្រើប្រាស់សម្តីមិនសមរម្យ ស្នើឱ្យក្រុមហ៊ុនបើកប្រាក់អត្ថប្រយោជន៍ការងារទៀងទាត់ បញ្ឈប់ការបង្ខំកម្មករឱ្យធ្វើការថែមម៉ោង បញ្ឈប់ការបញ្ឈប់កម្មករតាមទំនើងចិត្ត រួមនិង​គោរព​ច្បាប់ស្តីពីការងារជាដើម។

កម្មកររាប់ពាន់នាក់តវ៉ាប្រឆាំងការប្រមាថ

ដោយឡែកនៅស្រុកបាកាន ខេត្តពោធិ៍សាត់ឯណោះវិញ កម្មកររោងចក្រ ហ្វាហេងយូ រាប់​រយ​​នាក់ បានប្រមូលផ្តុំគ្នាតវ៉ារហូតឈានដល់បិទផ្លូវជាតិលេខ៥ កាលពីថ្ងៃទី៨ ខែកញ្ញា​កន្លង​​ទៅ ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនបណ្តេញ លោក ផុង សុខា ដែលជាប្រធាន​រដ្ឋបាល​​​​រោងចក្រ ចេញពីការងារ ដោយចោទថាបានប្រើប្រាស់ពាក្យសម្តីអសុរោះ ជេរ​ប្រមាថ និងកាយវិការមិនសមរម្យចំពោះកម្មករផង។ បន្ទាប់ពីមានការតវ៉ានេះ  លោក ផុង សុខា ក៏បានលាឈប់ពីការងារ ហើយកម្មករក៏យល់ព្រមចូលធ្វើការវិញ។

រំលងបានមួយថ្ងៃ គឺនៅថ្ងៃទី៩ ខែកញ្ញា កម្មករោងចក្រកាត់ដេរ យីដា ដែលស្ថិតក្នុង​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ប្រមាណជិត ៦ ០០០នាក់ ក៏បានតវ៉ាមិនព្រមចូលធ្វើការ ដោយ​ទាម​ទារ ឱ្យថៅកែក្រុមហ៊ុនដំឡើងប្រាក់ដេរគិតបុង និងបណ្តេញបុគ្គលិករដ្ឋបាលម្នាក់​ឈ្មោះ យូ បូរ៉ា ដោយចោទថា បានប្រើពាក្យសម្តីប្រមាថមើលងាយកម្មករ​លើបណ្តាញ​សង្គម​។ លោក យូ បូរ៉ា ក៏បាន ដាក់ពាក្យលាឈប់ពីការងារនៅថ្ងៃដដែលនោះ។

កម្មកររោងចក្រ យីដា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រមូលផ្តុំគ្នាតវ៉ាកាលពីថ្ងៃទី៩ ខែកញ្ញា ដើម្បីបណ្តេញបុគ្គលិករដ្ឋបាលម្នាក់ចេញពីការងារដោយសារប្រើសម្តីប្រមាថកម្មករ។ (សហព័ន្ធសហជីពកម្ពុជា)

ផ្នែកតាមទិន្នន័យដែលបានកត់ត្រាដោយអង្គការសង់ត្រាល់បង្ហាញថា មូលហេតុតវ៉ា​របស់​កម្មករ និយោជិតក្នុងឆ្នាំ២០២៦នេះកើតឡើងដោយសារ ការបៀតបៀន និងធ្វើទុកបុក​ម្នេញ ពីអ្នកគ្រប់គ្រងការរើសអើងសហជីព ការទាមទារអត្ថប្រយោជន៍ និងលក្ខខណ្ឌ​ការងារ​ផ្សេងៗ ។

តំណាងសហជីព លោក អាត់ ធន់ លើកឡើងថា ស្ថានភាពសង្គមបច្ចុប្បន្ននេះ​កម្មករ​កម្រ​នឹងតវ៉ាណាស់ ប៉ុន្តែលោកថាការផ្ទុះតវ៉ាផ្ទួនៗគ្នានាពេលនេះ បង្ហាញថាពួកគេ​ជួបបញ្ហា​ប្រឈម​ខ្លាំងរហូតទប់លែងបាន។ លោកបន្ថែមថា ការថយចុះនៃចលនាសហជីពឯករាជ្យ បានក្លាយជាឱកាសរបស់និយោជកខិលខូច ដែលកេងប្រវ័ញ្ញកម្លាំងពលកម្មកម្មករ។

លោកបន្តថា កម្មករនិយោជិតនៅកម្ពុជានៅតែប្រឈមបញ្ហាធ្វើការថែមម៉ោងលើសកំណត់ ប៉ុន្តែបានប្រាក់ឈ្នួល និងប៉ះពាល់សុខភាពធ្ងន់ធ្ងរខណៈកម្មករប្រមាណ៨០ ទៅ៩០ ភាគ​រយ កំពុងជាប់វិបត្តិបំណុល។ លោកបន្ថែមថា ប្រាក់ខែគោល ២១០ដុល្លារក្នុងមួយខែ មិន អាចឆ្លើយតបតម្រូវការរបស់ពួកគេបានឡើយ ដោយថាកម្មករម្នាក់ៗត្រូវចំណាយក្នុងរង្វង់ ២៥០ ទៅ៣០០ដុល្លារក្នុងមួយខែ។

លោកសង្កេតឃើញថា បញ្ហានេះបង្ខំចិត្តឱ្យកម្មករធ្វើលើសកម្លាំង ដើម្បីបង្គ្រប់ការចំណាយ​ស្នាក់​នៅ ហូបចុក ផ្គត់ផ្គង់គ្រួសារ រួមនិងបង់បំណុលធនាគារផង។

លោកថ្លែងថា៖ «នៅពេលដែលធ្វើការច្រើនម៉ោង ប្រាក់ឈ្នួលតិចសម្ពាធផ្លូវចិត្តផង ហើយគាត់ធ្វើការយូរ អ៊ីចឹងកម្មករជាច្រើនមានជំងឺ ហើយពិបាកក្នុងការឈប់សម្រាក ឬរកពេលដើម្បីទៅព្យាបាល។ កម្មករខ្លះទម្រាំបានទៅព្យាបាល វាចង់ហួសពេល អ៊ីចឹងធ្វើឱ្យពិបាកក្នុងការរស់នៅ»។

លោកបានស្នើឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ និងប្រព័ន្ធសុវត្ថិភាពការងារ ដើម្បីលើក​កម្ពស់ ជីវភាពកម្មករ តាមរយៈការដំឡើងប្រាក់ឈ្នួលឱ្យបានចន្លោះ ២៥០ទៅ ៣០០ដុល្លារ ក្នុងមួយខែ។ ប៉ុន្តែលោកបន្ថែមថា ប្រសិនបើគ្មានលទ្ធភាព ឬបារម្ភពីការប្រកួតប្រជែង រដ្ឋ​គួរទប់ស្កាត់ការឡើងថ្លៃទំនិញលើទីផ្សារ ផ្ទះជួល និងទឹកភ្លើងឱ្យមានតម្លៃទាបសមរម្យ។

សារព័ត៌មានខេមបូចា មិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ជុំវិញស្ថានភាពវិស័យការងារនៅកម្ពុជាបាននៅឡើយ។

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ សហជីពចំនួន៧ បានដាក់ញត្តិទៅកាន់ក្រសួងការងារ ដើម្បីស្នើឱ្យក្រសួងជួយកែលម្អអត្ថប្រយោជន៍បន្ថែមសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងស្បែកជើង។  សំណើមួយក្នុងចំណោមសំណើនៅក្នុងញតិ្ត គឺស្នើឱ្យ​បន្ថែមប្រាក់ ៨ដុល្លារ សម្រាប់ថ្លៃធ្វើដំណើរ ឬថ្លៃស្នាក់នៅដើម្បីឱ្យលក្ខខណ្ឌធ្វើដំណើរ របស់ពួកគេកាន់តែប្រសើរ និងសុវត្ថិភាពជាងមុន។

សំណើររបស់ក្រុមសហជីពទាំងនេះ ធ្វើឡើងស្របពេលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល​អប្បរមា កំពុង ដំណើរការកិច្ចប្រជុំចរចាប្រាក់ខែគោល សម្រាប់កម្មករ​និយោជិត​នៅ​ឆ្នាំ​២០២៧ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកញ្ញា និងគ្រោងរៀបកិច្ចប្រជុំបន្តបន្ទាប់ នៅថ្ងៃទី១៤ ថ្ងៃទី១៨ ថ្ងៃទី២៨ និងសម្រេចចុងក្រោយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម