សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

បក្សប្រឆាំង និងសង្គមស៊ីវិលជាង​៧០​ស្ថាប័ន ស្នើភាគីពាក់ព័ន្ធពិចារណាឡើង​វិញលើសំណើដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ

កម្មកររោងចក្រ​កាត់​ដេរ​ទិញ​អាហារ​នៅ​តូប​មុខ​រោងចក្រ​ក្នុង​ខេត្ត​កណ្តាល មុនពេលពួកគេចូលធ្វើការ។ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
កម្មកររោងចក្រ​កាត់​ដេរ​ទិញ​អាហារ​នៅ​តូប​មុខ​រោងចក្រ​ក្នុង​ខេត្ត​កណ្តាល មុនពេលពួកគេចូលធ្វើការ។ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

គណបក្សកម្លាំងជាតិ សហជីព និងអង្គការសង្គមស៊ីវិល​ជាង​៧០ស្ថាប័ន ស្នើឱ្យភាគីពាក់ព័ន្ធពិចារណាឡើងវិញលើសំណើដំឡើងប្រាក់ឈ្នួលអប្បបរមាជាង៤០ដុល្លារ ពោលគឺដំឡើងដល់២៥០ដុល្លារ សម្រាប់ឆ្នាំ២០២៧ ឬបង្កើនការផ្ដល់អត្ថប្រយោជន៍ផ្សេងៗបន្ថែមជូនកម្មករនិយោជិត ដើម្បីអាចឆ្លើយតបនឹងការកើនឡើងនូវតម្លៃទំនិញលើទីផ្សារនាពេល​បច្ចុប្បន្ន។​

គណបក្សកម្លាំងជាតិ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងផលិតផលធ្វើដំណើរ។ ប្រធានគណបក្សកម្លាំងជាតិលោក ជា មុនី បាន​ថ្លែងក្នុងសន្និសីទថា ប្រាក់ឈ្នួលបច្ចុប្បន្ន កម្មករនិយោជិត មិនអាចចាយវាយបានគ្រប់គ្រាន់នោះទេ បើធៀបនឹងតម្លៃទំនិញលើទីផ្សារ រាប់ទាំងសាំង និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាពិសេសការចំណាយលើការសិក្សារបស់កូនៗ ដោយពួកគេត្រូវធ្វើការថែមម៉ោង ទើបអាចដោះស្រាយជីវភាពបាន។

លោក​ថ្លែងថា៖ «បើសិនកម្មករ​មានកូននៅក្នុងបន្ទុក​ដែលកំពុងរៀននៅក្នុងសាលាបឋមសិក្សា គឺអត់គ្រប់គ្រាន់ទេ។ ខ្ញុំនិយាយនេះ ខ្ញុំសំដៅលើរោងចក្រនៅខេត្តរបស់គាត់ ហើយគាត់មានផ្ទះអត់ជួលទេ រោងចក្រ និងផ្ទះរបស់គាត់នៅកន្លែងហ្នឹង ហើយគាត់អាចបេះស្លឹកបេះអីស្លបាន ប៉ុន្តែបន្ទុកធ្ងន់ទៅលើកូនរបស់គាត់ចូលសាលារៀន។

លោក ជា មុនី បានបន្តថា៖ «យើងដឹងហើយថា ការចាយវាយរបស់កូនគាត់តិចបំផុតម្នាក់៥ពាន់រៀលនៅសាលារៀន ហើយចុះបើកូន២ប៉ុន្មាន១ម៉ឺនរៀល។ នេះសុទ្ធតែជាផលលំបាក​។ ផលលំបាកមួយទៀត បើសិនជាប្រាក់ខែទាប ការធ្វើចំណាកស្រុកទៅកាន់ប្រទេសជិតខាង គឺគាត់ត្រូវតែទៅខុសច្បាប់ ឬស្របច្បាប់»។

អតីតប្រធានសហជីពសេរីកម្មកររូបនេះ បាន​ផ្ដល់យោបល់ថា ប្រសិនបើរដ្ឋាភិបាលសម្រេចកំណត់ប្រាក់ឈ្នួលអប្បបរមារួចហើយ ដោយថែមចំនួន២ដុល្លារនោះ រដ្ឋនៅតែអាចជួយដោះស្រាយជីវភាពកម្មករបានតាមរយៈការបង្កើនប្រាក់ឧបត្ថម្ភ​លើការងារទៀងទាត់ និងប្រាក់អតីតភាពការងារជាដើម។

ពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមានេះ កាល​ពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលចំនួន ៧៣ស្ថាប័ន ក៏បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដោយសម្ដែងការសោកស្ដាយជុំវិញការដំឡើងប្រាក់ឈ្នួលចំនួន២ដុល្លារ ក្នុងឆ្នាំ២០២៧ សម្រាប់​វិស័យ​វាយនភណ្ឌ​ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប​​នៅ​កម្ពុជា និងស្នើឱ្យភាគីពាក់ព័ន្ធធ្វើការពិចារណាសាជាថ្មី​។

សហជីព និងអង្គការសង្គមស៊ីវិល ដែលបាន​ចេញសេចក្ដីថ្លែងការណ៍រួមគ្នា​ទាំងនោះ រួមមានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៃកម្ពុជា (ADHOC) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សហព័ន្ធសហជីពកម្មករនិយោជិតវិស័យឧស្សាហកម្មកម្ពុជា (CIWF) និងសហព័ន្ធសហជីពកម្ពុជាឯករាជ្យ (CITUFED) ជាដើម។

ស្ថាប័នសង្គមស៊ីវិលទាំងនោះ ស្នើក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាពិចារណាឡើងវិញ លើការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២ដុល្លារ សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ និងទទូចឱ្យពិនិត្យមើលសាជាថ្មីលើសំណើរបស់សហជីពកន្លងមក ដែលសុំដំឡើង​​​ជាង៤០​ដុល្លារ​​អាមេរិក ដោយ​មាន​មូលដ្ឋាន​​គ្រប់គ្រាន់​បង្ហាញ​ពី​ស្ថាន​​ភាព​ជីវភាព​ ​និង​ការ​ចំណាយ​ជាក់ស្តែង​របស់​កម្មករ​និយោជិត​។

សេចក្ដីថ្លែងការណ៍​បញ្ជាក់ថា៖ «សំណើ​ [សហជីពកន្លងមក] នេះ​ ​ពុំមែន​ធ្វើឡើង​តាមតែ​អំពើ​​ចិត្ត​ឡើយ​ ​គឺ​ផ្អែកលើ​របក​គំហើញ​នៃ​ការស្រាវជ្រាវ​រួមគ្នា​របស់​សហ​ព័ន្ធ​សហជីព​ធំ​ៗ​ចំនួន​ប្រាំ​បី​ទៅលើ​ការ​ចំណាយ​ជាក់ស្តែង​របស់​កម្មករ​និយោជិត​ ​និង​គ្រួសារ​របស់​ពួកគេ​។​ ​ការស្រាវជ្រាវ​ ​នេះ​មាន​ការចូលរួម​ពី​កម្មករ​និយោជិត​ចំនួន​ ​៤​២​២​ ​នាក់​ ​មកពី​រោងចក្រ​ចំនួន​ ​២​៨​ ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​កណ្តាល​ ​និង​ខេត្ត​កំពង់ស្ពឺ​»។​

សហជីព និងអង្គការសង្គមស៊ីវិលទាំងនោះ បាន​អះអាងទៀត​ថា ការដំឡើង​ប្រាក់ឈ្នួល​ក្នុង​រយៈ​ពេល​ ​៧​​ឆ្នាំ​ជាប់ៗ​គ្នា​មកនេះ​ (​ឆ្នាំ​២​០​១​៨​-​ឆ្នាំ​២​០​២​៧​) ​កំណើន​ប្រាក់ឈ្នួល​ដែល​ត្រូវ​បាន​ដំឡើង​តាម​ឆ្នាំ​នីមួយៗ​គឺ​ស្ថិតនៅ​ក្រោម​អតិផរណា​ប្រចាំឆ្នាំ។​

​ជាក់ស្តែង​ការដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ចំនួន​២​​ដុល្លារ ​​សម្រាប់​ឆ្នាំ​២​០​២​៧​​ ​មាន​កំណើន​ត្រឹមតែ​ ​០​.​៩​៥​ ​ភាគរយ​ ​ខណៈ​អតិផរណា​ផ្អែក​តាម​ការ​ព្យាករ​របស់​ស្ថាប័ន​មូលនិធិរូបិយវត្ថុអន្តរជាតិ​ (​I​M​F​) ​មាន​ប្រមាណ​ ​៣​,១​% ​ដែល​អត្រា​អតិផរណា​នេះ ​ទាមទារ​ការដំឡើង​ប្រាក់ឈ្នួល​យ៉ាងតិច​ចំនួន​ ​៦​,៥​១​ ​ដុល្លារ​​ ​ទើប​អាច​​រក្សា​អំណាច​ទិញ​​ទប់ទល់​ទៅ​នឹង​តម្លៃ​ទំនិញ​លើ​ទី​ផ្សារ​បាន​។​

សេចក្ដីថ្លែងការណ៍ អះអាងថា៖ «​ដូច្នេះ​ ​ការដំឡើង​ ប្រាក់ឈ្នួល​ចំនួន​ ​២​ ​ដុល្លារ​ ​ដែល​មិនបាន​បំពេញ​សូម្បីតែ​ស្តង់​ដារ​អប្បបរមា​នេះ​ ​ពុំមែន​ជា​ការដំឡើង​ប្រាក់ឈ្នួល​ទេ​ ​តែ​ជា​ការ​កាត់បន្ថយ​ប្រាក់ឈ្នួល​ទៅវិញ​»។​

ប្រធានគណបក្សកម្លាំងជាតិលោក ជា មុនី កំពុងថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការបក្ស នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/វ៉ា សុភានុត)

ស្ថាប័នសង្គមស៊ីវិលទាំងនោះ លើកឡើងទៀតថា ករណី​នេះ​ ​កម្មករ​និយោជិត​អាចប​ន្ត​ប្រឈម​នឹង​ការរស់នៅ​ក្នុង​ស្ថានភាព​លំបាក​ ​ដោយសារ​ប្រាក់ឈ្នួល​របស់​ពួកគេ​មាន​ក​ម្រិ​ត​ទាប​មិន​គ្រប់គ្រាន់​សម្រាប់​រ៉ាប់រង​លើ​ការ​ចំណាយ​ជាក់ស្តែង​ ​ក្នុង​ជីវភាពរស់នៅ​បាន​ឡើយ​ ​ជាពិសេស​​​ការ​កើន​ទ្បើ​ង​ជាបន្តបន្ទាប់​នូវ​តម្លៃ​​ទំនិញ​លើ​ទី​ផ្សារ ​គិត​ចាប់តាំង​​ពី​ឆ្នាំ​​២​០​១​៨​ ​រហូតដល់​ពេល​បច្ចុប្បន្ន​ ​ខណៈ​ដែល​ពួកគេ​កំពុងតែ​មាន​អ​ម្រែក​បំណុល​ជាបន្តបន្ទាប់​។​

សង្គមស៊ីវិល និយាយទៀតថា ដើម្បី​ធានា​ដល់​ការរស់នៅ​ក្នុង​ជី​វ​ភាពសមរម្យ​ ​កាត់បន្ថយ​ភាព​ក្រីក្រ​ ​លុះត្រាតែ​កម្មករ​និយោជិត​ ​មាន​ប្រាក់ឈ្នួល​រស់នៅ​សមរម្យ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​ក្នុងនាម​ជា​មនុស្ស​។​

សេចក្ដីថ្លែងការណ៍ បញ្ជាក់​ថា៖ «​យើងខ្ញុំ​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​សូម​ពិចារណា​ឡើងវិញ ​ចំពោះ​សំណើ​របស់​សហ​ព័ន្ធ​សហជីព​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​ ​២​៥០,៦​៦​ ​ដុល្លារ​អាមេរិក​ ​ដែល​មាន​មូលដ្ឋាន​​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញ​ពី​ស្ថាន​​ភាព​ជីវភាព​ ​និង​ការ​ចំណាយ​ជាក់ស្តែង​របស់​កម្មករ​និយោជិត​ ​និង​គ្រួសារ​របស់​ពួកគេ​»។

​​តែទោះជាយ៉ាងណា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា ស្នើឱ្យក្រុមអង្គការសង្គមស៊ីវិល និងសហជីព បង្ហាញរូបមន្តដែលគណនាចេញតួលេខបែបនេះ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច។

លោក ម៉ូនីកា ថ្លែងថា៖ «សូមស្នើឱ្យខាងគាត់ជួយបង្ហាញប្រមាណវិធីដែលនាំឱ្យចេញចំនួននេះ ជាពិសេសថាតើកត្តាសង្គមមានលក្ខណៈដូចម្តេច ហើយកត្តាសេដ្ឋកិច្ចមានលក្ខណៈដូចម្តេច ពីព្រោះជាគោលការណ៍ច្បាប់ ប្រាក់ឈ្នួលអប្បបរមា ត្រូវកំណត់ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម (៣កត្តា) និងសេដ្ឋកិច្ច (៤កត្តា)»។

សារព័ត៌មានខេមបូចា នៅមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេសា បាននៅឡើយទេ ដោយសារទូរសព្ទចូលតែមិនមានអ្នកទទួល ខណៈផ្ញើសំណួរតាមតេឡេក្រាមនៅមិនទាន់មានការឆ្លើយតប។

កាលពីសប្ដាហ៍មុន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបោះឆ្នោតដោយសំឡេងភាគច្រើនពោលគឺ ៤៧/៥១ សំឡេង ដោយកំណត់ប្រាក់ឈ្នួលអប្បបរមាចំនួន២១០ដុល្លារ ដូចឆ្នាំ២០២៦ ដដែល សម្រាប់ឆ្នាំ២០២៧ ប៉ុន្តែត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សម្រេច​ឱ្យ​បន្ថែមចំនួន២ដុល្លារ ដែលនាំឱ្យកើនឡើងដល់ ២១២ ដុល្លារអាមេរិក។

មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក យី សុខសាន្ត ដែលបានឃ្លាំមើលសន្និសីទរបស់បក្សកម្លាំងជាតិផងដែរ មានប្រសាសន៍ថា ការស្នើសុំដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតចំនួន២៥០ដុល្លារ សម្រាប់ឆ្នាំ២០២៧ មិនមែនជារឿងហួសហេតុនោះឡើយ​​។

លោក សុខសាន្ត សង្កេតឃើញថា ការរស់នៅសព្វថ្ងៃរបស់កម្មករនិយោជិត ប្រឈមនឹងការហូបចុកមិនគ្រប់គ្រាន់ គ្មានអាហារូបត្ថម្ភ ការស្នាក់នៅគ្មានស្តង់ដា និងការពិបាកក្នុងការធ្វើដំណើរទៅកន្លែងធ្វើការផងដែរ។

លោក​ថ្លែង​ថា៖ «បើសិនជារដ្ឋាភិបាល មានលក្ខខណ្ឌការងារល្អ ខ្ញុំជឿថា រោងចក្រអាចមានការបង្កើតច្រើន។ […] យើងមើលទៅកន្លងមក ដែល​លក្ខខណ្ឌការងារដោយ​ប្រទេសគេល្អៗខ្លះ គេមិនហ៊ានវិនិយោគនៅស្រុកយើងទេ ដោយសារលក្ខខណ្ឌកម្មករនេះ មិនអាចឱ្យពួកគាត់ហ្នឹងរស់បាន មានសុខភាពល្អទេ ហើយបើសិនគាត់រស់របៀបសព្វថ្ងៃនេះ បន្លែហូបចុកក៏មិនគ្រប់គ្រាន់ មិនមានសម្រាប់ឧបត្ថមសុខភាពរបស់គាត់ ហើយការស្នាក់នៅមិនស្រួល ធ្វើដំណើរពិបាក»។

លោក លោក យី សុខសាន្ត បន្ថែមថា៖ «ខ្ញុំជឿថា ១០ឆ្នាំអីទៀត ពួកគាត់អត់ការងារធ្វើ អត់កម្លាំងអីទៅ សល់តែជំងឺហ្នឹង ហើយជំពាក់បំណុល ដោយសារប្រាក់ខែ២១២នេះ បើចំណាយលើប្រចាំខែសម្រាប់ខ្លួនគាត់សឹងមិនគ្រប់ផង ចុះទម្រាំគាត់យកជួយក្រុមគ្រួសារទៀត»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម