សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

និស្សិតកម្ពុជា៥៥នាក់ទទួល​អាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី ខណៈសង្គមស៊ីវិល​​ជំរុញ​​ឱ្យ​ពង្រីក​​ឱកាស​​ដល់យុវជនដែលមានឱកាសតិច

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Derek Yip ថ្លែងសុន្ទរកថា ក្នុងពិធី​ណែនាំ​សម្រាប់និស្សិត​អាហារូបករណ៍​អូស្ត្រាលីឆ្នាំ ២០២៧ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Derek Yip ថ្លែងសុន្ទរកថា ក្នុងពិធី​ណែនាំ​សម្រាប់និស្សិត​អាហារូបករណ៍​អូស្ត្រាលីឆ្នាំ ២០២៧ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

និស្សិតកម្ពុជាចំនួន៥៥រូប បានទទួលអាហារូបករណ៍អូស្ត្រាលីសម្រាប់ឆ្នាំសិក្សា២០២៧ ដោយ​ចាប់​ផ្តើម​ជាមួយកម្មវិធីណែនាំសម្រាប់និស្សិតនៅ​សាកល​​វិទ្យា​ល័យភូមិន្ទភ្នំពេញ (RUPP) ក្នុងសប្តាហ៍នេះ ខណៈសង្គមស៊ីវិលជំរុញឱ្យពង្រីកឱកាសស្រដៀងគ្នានេះ​ដល់​យុវជនដែលជួបប្រទះភាពខ្វះខាត។

យោងតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កម្មវិធីណែនាំដែលរៀបចំនៅសាកល​​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​ មានគោលបំណងជួយដល់និស្សិតទាំងនោះត្រៀមខ្លួន​សម្រាប់ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​។ អ្នកទទួលអាហារូបករណ៍ចំនួន៥រូប បានទទួលអាហារូបករណ៍តាមរយៈ​កម្មវិធី​ភាព​ជាដៃគូ​អូស្ត្រាលី​-មេគង្គ។

ស្ថានទូតបាននិយាយថា និស្សិតអាហារូបករណ៍ទាំងនេះនឹងចូលរួមជាផ្នែកមួយជាមួយ «និស្សិត​កម្ពុជា​​​ឆ្នើ​មៗជាង ១ ១០០ នាក់ ដែលបានទទួលអាហារូបករណ៍​ទៅសិក្សា​នៅប្រទេស​អូស្ត្រាលី​ក្រោម​កម្ម​វិធី Australia Awards និងកម្មវិធីដែលមានមុននេះ»។

លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បាននិយាយថា អាហារូបករណ៍ Australia Awards បើកទទួលពាក្យពីបេក្ខជនមកពីគ្រប់វិស័យនៅកម្ពុជា រួមទាំងស្ថាប័នរដ្ឋ វិស័យសិក្សាធិការ និងវិទ្យាស្ថានស្រាវជ្រាវ សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជា​វិស័យ​ឯកជនផងដែរ។

លោកបាននិយាយថា កម្មវិធី Equity Pathways Program (EPP) គឺជាកម្មវិធីគាំទ្រមួយដែល​រៀប​​ចំ​​​ឡើង​​ដើម្បី​លើកកម្ពស់ការចូលរួមប្រកបដោយសមភាព​និងធ្វើឱ្យប្រសើរឡើង​នូវ​បរិយាបន្ន​​សង្គមក្នុ​ង​ការទទួល​បានអាហារូបករណ៍ តាមរយៈការជួយដល់ក្រុមមនុស្សនៅក្នុង​សង្គម​កម្ពុជាដែលបាន​ប្រ​ឈម​នឹងឧបសគ្គផ្នែកសង្គម ការអប់រំ និងរចនាសម្ព័ន្ធ ដែលកំណត់​លទ្ធភាពរបស់ពួកគេក្នុងការ​ទទួល​​បានឱកាស រួមទាំងអាហារូបករណ៍។

អ្នកចូលរួមក្នុងកម្មវិធី EPP ទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេស ការត្រៀមខ្លួន​សម្រាប់​​ការ​សម្ភាស​ ការអភិវឌ្ឍវិជ្ជាជីវៈ និងការណែនាំពីអ្នកមានបទពិសោធន៍ ដើម្បី​ប្រកួត​ប្រជែងយក​អាហា​រូប​ករ​ណ៍​​ Australia Awards ដែលអ្នកចូលរួមជាច្រើនបន្តទទួល​បាន​អាហារូបករណ៍​ក្រោយចូលរួមកម្ម​វិធី​នេះ​​។ អ្នកទទួលអាហារូបករណ៍​អាច​ជ្រើស​រើសសិក្សា​គ្រប់​មុខជំនាញ លើកលែងតែជំនាញ​គ្រប់គ្រង​អាជីវ​កម្មទូទៅ។

លោកបាននិយាយថា៖ «យើងតែងតែរៀបចំសកម្មភាពផ្សព្វផ្សាយដែលផ្តោតលើស្ត្រី ជនមានពិការ​ភាព​ និងប្រជាជននៅតំបន់ជនបទ ដែលក្នុងនោះរួមមានកម្មវិធី “Dare to Dream” ដែលធ្វើដំណើរទៅ​តាម​បណ្តា​​ខេត្ត ហើយបានទៅដល់ខេត្តភាគច្រើននៅកម្ពុជា»។

ការតាមដាន ការវាយតម្លៃ និងការសិក្សា (MEL) គឺជាផ្នែកសំខាន់មួយនៃកម្មវិធី​អាហារូបករណ៍ Australia Awards ដែលផ្តល់ទិន្នន័យអំពីវឌ្ឍនភាពឆ្ពោះទៅរកលទ្ធផល​ដែល​រំពឹង​ទុក រួមទាំងការលើកកម្ពស់បរិយាបន្ន។

លោក Yip បាននិយាយថា៖ «កម្មវិធី Equity Pathways បានជួយពលរដ្ឋកម្ពុជា​ដែលមាន​សមត្ថភាព​​មក​​ពី​មជ្ឈដ្ឋានដែលមានឱកាសតិចឬមកពីប្រភពផ្សេងៗឱ្យត្រៀមខ្លួននិងបំពេញ​តាម​លក្ខខណ្ឌ​តម្រូ​វ​​​សម្រាប់​អាហារូបករណ៍ Australia Awards»។

អ៊ុំ កែវរិទ្ធា ដែលជាអ្នកទទួលបានអាហារូបករណ៍ម្នាក់ នឹងបន្តថ្នាក់អនុបណ្ឌិត ការអនុវត្ត និង​ភាព​​ជាអ្នកដឹកនាំសម្រាប់ការគាំទ្រជនមានពិការភាពនៅ​សាកល​​វិទ្យាល័យ South Australia។ អ្នកស្រីធ្វើការនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

កែវរិទ្ធា បានប្រាប់ថា៖ «ពេលខ្ញុំត្រូវបានជ្រើសរើសជាបេក្ខជនសម្រាប់ការសម្ភាសក្នុងវគ្គដំបូង ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចជាសុបិនអ៊ីចឹង។ ខ្ញុំគិតថា អាហារូបករណ៍​នេះមានការប្រកួតប្រជែងខ្លាំង​ណាស់។ បន្ទាប់​មក ខ្ញុំបានឆ្លងកាត់គ្រប់ដំណាក់កាលជាបន្តបន្ទាប់ ចាប់ពីការដាក់ពាក្យ និង​ការ​សម្ភាស រហូត​​ដល់​ដំណាក់កាលចុងក្រោយ។ ខ្ញុំមិនដែលស្រមៃថា ខ្ញុំនឹងអាចមកដល់​ដំណាក់​កាល​នេះឡើយ»។

កែវរិទ្ធា បាននិយាយថា ឧបសគ្គមួយក្នុងចំណោមឧបសគ្គដំបូងរបស់គាត់​គឺការខ្វះទំនុកចិត្ត​លើខ្លួន​ឯង​ ដោយសារមិត្តភក្តិមួយចំនួនរបស់គាត់ប្រាប់ថា អាហារូបករណ៍នេះ «ពិបាក​ទទួល​បានណាស់»។

កែវរិទ្ធា បានប្រាប់សារព័ត៌មានខេមបូចាថា៖ «ពួកគេប្រាប់ខ្ញុំថា អាហារូបករណ៍នេះពិបាក​ខ្លាំង​​ណាស់ ហើយខ្ញុំប្រ ហែល ជាមិនមានឱកាសទទួលបានទេ។ ពេលឮបែបនោះ ខ្ញុំក៏​ចាប់ផ្តើម​សង្ស័យ​សមត្ថភាពខ្លួនឯង ហើយក៏មិនសូវមានទំនុកចិត្តថាខ្លួនអាច​ជោគជ័យ​ដែរ»។

នាងបានប្រាប់ថា កម្មវិធីភាសាអង់គ្លេសដែលផ្តល់តាមរយៈអាហារូបករណ៍ បានជួយធ្វើឱ្យ​សមត្ថភាព​ភាសាអង់គ្លេស និងទំនុកចិត្តរបស់ខ្លួនប្រសើរឡើង ដើម្បីប្រកួតប្រជែង​ជាមួយ​បេក្ខជនដទៃទៀត។

នាងបានជ្រើសរើសជំនាញសិក្សាពាក់ព័ន្ធពិការភាពដោយសារបញ្ហាពិការភាពនៅតែជាបញ្ហាសំខាន់មួយនៅកម្ពុជា ហើយវិស័យនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ​របស់​រដ្ឋាភិបាល​ផងដែរ។

នាង បានលើកឡើងថា៖ «ខ្ញុំជឿថា នៅពេលខ្ញុំត្រឡប់មកវិញខ្ញុំនឹងអាចចូលរួមចំណែកក្នុ​ងការ​អភិ​វ​ឌ្ឍ​​វិស័យ​ពិការភាព ជាពិសេសតាមរយៈក្រសួងសង្គមកិច្ច»។

កែវរិទ្ធា បានរំឭកថា សមត្ថភាពភាសាអង់គ្លេស ជាបញ្ហាប្រឈមដ៏ធំបំផុតមួយ ហើយបាន​លើកទឹក​ចិត្ត​​បេក្ខជន​ដែលមានបំណងដាក់ពាក្យឱ្យខិតខំអនុវត្តន៍ជាប្រចាំ។ អ្នកស្រី​ក៏បាន​ជំរុញ​ឱ្យ​ពួកគេ​យល់​ច្បាស់​​ពី​គោលដៅរបស់ខ្លួន មុនពេលដាក់ពាក្យ។

លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ថតរូបជាក្រុមជាមួយ​អ្នក​ទទួល​​អាហារូបករណ៍ ដើម្បីអបអរសាទរពួកគេក្នុងកម្មវិធីណែនាំសម្រាប់​និស្សិត​អាហារូបករណ៍​​អូស្ត្រាលីឆ្នាំសិក្សា ២០២៧ នៅថ្ងៃទី២ ខែតុលា ឆ្នាំ ២០២៦។ (ខេមបូចា/​សុវណ្ណ ស្រីពេជ្រ)

អ្នកទទួលអាហារូបករណ៍ម្នាក់ទៀត លោក ថាន់ យុធ្យា បាននិយាយថា កម្មវិធីនេះបាន​ចូល​រួម​​ចំ​ណែក​អភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ អតីតនិស្សិត​អាហារូ​​បករណ៍ Australia Awards ជាច្រើននាក់ បច្ចុប្បន្នកាន់តំណែង​ជា​អ្នក​ដឹកនាំ​នៅក្នុងស្ថាប័នរដ្ឋ និងឯកជន ហើយបន្តចែករំលែកបទពិសោធន៍ និងចំណេះដឹង​ដែល​ពួកគេទទួល​បានពី​ប្រទេស​អូស្ត្រា​លីផងដែរ។

លោកបាននិយាយថា៖ «នៅពេលក្រឡេកមើលអតីតនិស្សិតដែលបានបញ្ចប់ការសិក្សា​នៅ​អូស្ត្រាលី យើងឃើញថា ពួកគេជាច្រើនបានបន្តដឹកនាំ ឬធ្វើការនៅក្នុងស្ថាប័នរដ្ឋ និង​ឯកជន​​។ គោលដៅរបស់​ខ្ញុំក៏​ចង់ធ្វើដូចពួកគេដែរ ដើម្បីចូលរួមចំណែក និងជួយ​ប្រទេស​របស់​យើង​ឱ្យ​រីកចម្រើន និងអភិវឌ្ឍ​បាន​លឿនជាងមុន»។

លោក យុធ្យា បានដាក់ពាក្យសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រទិន្នន័យ ដែលក៏មាន​រៀន​មុខ​វិជ្ជាខ្លះ​ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតផងដែរ។ លោកជ្រើសរើសជំនាញនេះ ដោយសារ​ការងារ​​បច្ចុប្បន្ន​របស់​លោកពាក់ព័ន្ធនឹងការតាមដាន និងវាយតម្លៃការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍។

លោកបានបន្តថា៖ «យើងមានទិន្នន័យជាច្រើន ដែលក្នុងនោះរួមមានទិន្នន័យរដ្ឋបាល និងទិន្ន​ន័យ​​ពីការស្ទង់មតិដែលប្រមូលដោយវិទ្យាស្ថានជាតិស្ថិតិ។ ប៉ុន្តែចន្លោះប្រហោង​មួយ​ដែលខ្ញុំ​បាន​សង្កេតឃើញ គឺការប្រើប្រាស់ទិន្នន័យទាំងនេះដើម្បីបង្កើតជាភស្តុតាង ឬធាតុ​ចូល​សម្រាប់​អ្នកធ្វើ​ការសម្រេច​ចិត្ត នៅមានកម្រិតនៅឡើយ»។

លោកបានលើកឡើងថា ការតាមដានការអនុវត្តមានសារៈសំខាន់ ពីព្រោះចាំបាច់ត្រូវតាមដាន ដើម្បី​ដឹង​ថា គោល​នយោបាយត្រូវបានអនុវត្តយ៉ាងដូចម្តេច។ បើគ្មានការតាមដានទេ វាពិបាក​ដឹង​ថា គោលនយោបាយនោះមានប្រសិទ្ធភាពកម្រិតណា។​

លោក បានបន្ថែមថា៖ «ដូច្នេះ ខ្ញុំចង់ស្វែងរកវិធីបញ្ចូលគ្នានូវទិន្នន័យប្រភេទផ្សេងៗ ទាំង​ទិន្នន័យ​​អត្ថ​បទ ដូចជារបាយការណ៍ និងទិន្នន័យស្ទង់មតិ ដើម្បីបម្លែងវាទៅជាភស្តុតាង​ដែល​អាចជួយ​ថ្នាក់​ដឹក​នាំ​សម្រេច​ថា គួរធ្វើអ្វីបន្តទៀត គួរផ្តោតលើចំណុចណា ឬបែង​ចែកធនធាន​បន្ថែមទៅកាន់ផ្នែកណា ដើម្បីឱ្យគោលនយោបាយមាន​ប្រសិទ្ធភាពកាន់តែ​ខ្ពស់»​។

លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បាន​លើក​ឡើង​ថា នៅតែមានគម្លាតគ្នាឆ្ងាយក្នុងការទទួលបានឱកាសអប់រំ ជាពិសេស​សម្រាប់​យុវជន​មក​​ពី​​តំបន់​ជន​បទ​ដាច់ស្រយាលក៏ដូចជាអ្នកមកពីគ្រួសារមានចំណូលទាប។

លោក បានបន្តថា៖ «ក៏មានយុវជនមកពីគ្រួសារក្រីក្រ ឬគ្រួសារដែលមានបន្ទុកធ្ងន់ធ្ងរ ដែល​ក្នុង​នោះ​រួម​​មានទាំង​កូនៗរបស់សកម្មជនសិទ្ធិមនុស្ស គ្រួសារជនជាតិដើមភាគតិចនៅតំបន់​ដាច់ស្រយាល កសិករ កម្មករ និងសកម្មជនបរិស្ថាន។ ពួកគេច្រើនតែមានឱកាសតិចតួច​ក្នុង​ការ​ទទួលបានការអប់រំ និងចូលរួមការងារសង្គម»។

លោកបានបន្តទៀតថា គ្រួសារទាំងនេះជាច្រើនបានចូលរួមចំណែក​ជាយូរមកហើយ​ដល់​សហគមន៍​​របស់​ពួកគេ ប៉ុន្តែកូនៗរបស់ពួកគេជាញឹកញាប់នៅតែខកខានទទួលបានឱកាស ដូចជាអាហា​រូប​ករណ៍​ទៅសិក្សានៅក្រៅប្រទេស។

លោក បានលើកឡើងថា៖ «ឱកាសសិក្សាតាមរយៈអាហារូបករណ៍នៅអូស្ត្រាលី និងប្រទេស​ផ្សេងៗ​ទៀ​ត នៅតែឆ្ងាយសម្រាប់​មនុស្សមួយចំនួន។ កម្មវិធីអាហារូបករណ៍ ជាពិសេស​កម្មវិធី​​ដែលផ្តល់​ដោយ​រដ្ឋាភិបាលនៃប្រទេសប្រជាធិបតេយ្យ គួរតែយកចិត្តទុក​ដាក់ជា​ពិសេស​​ចំពោះ​​​យុវជន​មក​ពី​គ្រួ​សារ​​​អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងសកម្មជន​ការពារ​ព្រៃឈើ ឬបរិស្ថាន»។

លោកបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតចំពោះយុវជនមកពីគ្រួសារដែលមានប្រវត្តិបម្រើសហគមន៍ រួមទាំងអ្នកដែលធ្វើការលើការការពារបរិស្ថាន សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ និងសារព័ត៌មានឯករាជ្យ។

លោកបានបន្ថែមថា៖ «យើងគួរយកចិត្តទុកដាក់ជាពិសេសចំពោះយុវជន ដែលមកពីគ្រួសារ​មានការ​ប្តេជ្ញា​ចិត្តខ្ពស់ចំពោះប្រទេស ការពារបរិស្ថាន និងលើកកម្ពស់សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ និង​សារព័ត៌មានឯករាជ្យ។ យើងគួរលើកទឹកចិត្តពួកគេ ដើម្បីឱ្យ​ពួកគេ​ក្លាយ​ជាជំនាន់បន្ទាប់ដែលបន្ត​ការងារ​របស់ឪពុកម្តាយ និងសាច់ញាតិរបស់ពួកគេ»។

លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)​ បានប្រាប់ថា លោកស្រីមិនបានទទួលព័ត៌មានថា កម្មវិធី Australia Awards មានកូតា​ជាក់​លាក់​សម្រាប់ជនមានពិការភាព ជនជាតិដើមភាគតិច ឬស្ត្រី ប៉ុន្មាននោះទេ។

លោកស្រី បានលើកឡើងថា៖ «តាមអ្វីដែលខ្ញុំបានសង្កេត អ្នកទទួលអាហារូបករណ៍ Australia Awards នៅកម្រិតអនុបណ្ឌិត និងបណ្ឌិត មានភាពចម្រុះកាន់តែច្រើន។ ចំនួន​ស្ត្រីក៏បាន​កើន​ឡើង ហើយជនមានពិការភាពក៏ហាក់ដូចជាមានឱកាសច្រើន​ជាង​មុន​ផង​ដែរ»​។

ប៉ុន្តែ លោកស្រី យល់ថា កម្មវិធី Australia Awards អាចពិនិត្យបន្ថែមថា តើយុវជនជា​សកម្មជន ឬ​កូនៗ​របស់សកម្មជន មានលទ្ធភាពទទួលបានព័ត៌មានអំពីអាហារូបករណ៍ និង​ឱកាសដាក់ពាក្យ​គ្រប់គ្រាន់ដែរឬទេ។

លោកស្រី យល់ឃើញថា ទោះបីអាហារូបករណ៍មានលក្ខខណ្ឌផ្សេងៗគ្នាក៏ដោយ ការផ្តល់ការ​គាំ​ទ្រ​តាំង​ពីដំណាក់កាលដំបូង ដូចជាការបណ្តុះបណ្តាលភាសាអង់គ្លេស ការជួយត្រៀមខ្លួន និងការផ្តល់​ព័ត៌​មាន អាចជួយលើកទឹកចិត្តសកម្មជន ដូចជាសកម្មជនបរិស្ថាន និង​សិទ្ធិ​មនុស្ស ឱ្យចូលរួមដាក់​ពាក្យ​​​សុំអាហារូបករណ៍ផងដែរ។

លោកស្រី ចាន់ឌី បានលើកឡើងថា៖ «ខ្ញុំគិតថា បញ្ហាប្រឈមចម្បងសម្រាប់ក្រុមដែល​យើង​កំពុង​និយាយ​ដល់ គឺការខ្វះព័ត៌មានគ្រប់ជ្រុងជ្រោយពីអាហារូបករណ៍ និងឱកាស​ដាក់​ពាក្យ»​​។ អ្នកស្រី​បន្ថែមថា សមភាពមិនគួរត្រូវបានវាស់ត្រឹមតែថា មនុស្សគ្រប់រូបមាន​ឱកាស​ដូចគ្នា​ក្នុង​​ការដាក់ពាក្យ​ឬអត់នោះទេ។

លោកស្រីបានលើកឡើងថា៖ «នៅពេលយើងនិយាយអំពីសមភាព យើងមិនគួ​រមើលត្រឹម​តែ​ឱកាស​ស្មើ​គ្នាទេ ដែលមានន័យថា មនុស្សគ្រប់រូបមានសិទ្ធិដូចគ្នា។ យើងក៏ត្រូវមើល​លើ​ល​ទ្ធភាព​​ទទួ​ល​បាន​ឱកាស​ដោយស្មើគ្នា និងលទ្ធផលចុងក្រោយនៃឱកាសទាំងនោះ រួមទាំង​អាហារូបករណ៍​ផង​ដែរ»។

លោកស្រីបានបន្ថែមថា៖ «វាជួយកំណត់ថា តើសមភាពយេនឌ័រពិតជាត្រូវ​បានសម្រេចនៅ​ក្នុង​​ដំណើរ​​ការជ្រើសរើស និងលទ្ធផលនៃកម្មវិធី Australia Awards ឬយ៉ាងណា»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម