ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។
ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០របស់កម្ពុជា បានពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសនៅលើឆាកអន្តរជាតិ ព្រមទាំងពង្រីកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងស្ថាប័ន។
កិច្ចប្រជុំនេះ ក៏បានផ្តល់វេទិកាដ៏លេចធ្លោមួយសម្រាប់ទីក្រុងភ្នំពេញ ដើម្បីបង្ហាញពីជំហររបស់ខ្លួនជុំវិញជម្លោះព្រំដែន ដែលកំពុងបន្តជាមួយប្រទេសថៃ។
យោងតាមលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះមិនត្រឹមតែទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ឱកាស ដើម្បីលើកកម្ពស់មោទនភាពជាតិ ពង្រឹងទំនាក់ទំនងអន្តរជាតិ និងបញ្ជូនសារថា សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការសន្ទនា គឺជាមូលដ្ឋានគ្រឹះ នៃវិបុលភាពរួម និងស្ថិរភាពរយៈពេលវែង។
ភាពជោគជ័យរយៈពេលវែង នៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ គឺការប្រែក្លាយទំនាក់ទំនង និងការប្តេជ្ញាចិត្តក្នុងកម្រិតអន្តរជាតិ ឱ្យទៅជាកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជនកម្ពុជា។
កិច្ចប្រជុំនេះទទួលបានលទ្ធផលធំៗបី គឺ៖ សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ និងការអំពាវនាវរបស់ទីក្រុងភ្នំពេញស្តីពីការការពារបេតិកភ័ណ្ឌវប្បធម៌។
កិច្ចប្រជុំនេះ ក៏បានលើកឡើងពីស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីជំហររបស់ខ្លួនក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
នៅក្នុងសុន្ទរកថាបើកកម្មវិធី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កងទ័ពថៃនៅតែបន្តកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជា បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនដែលបង្កឱ្យមានអ្នកស្លាប់កាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះ លោក នេត្រ ភក្ត្រា បានលើកឡើងថា ប្រមុខរដ្ឋ និងតំណាងរដ្ឋាភិបាលនានា បានបង្ហាញក្តីបារម្ភចំពោះភាពតានតឹង ដែលកំពុងកើតមាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
ពួកគេបានអំពាវនាវឱ្យផ្តល់ជំនួយមនុស្សធម៌ និងសេវាចាំបាច់ជាមូលដ្ឋានដល់សហគមន៍ ដែលបានភៀសសឹក និងរងផលប៉ះពាល់ ព្រមទាំងសម្រួលដល់ការវិលត្រឡប់របស់ពួកគេទៅកាន់លំនៅឋានវិញ។
មេដឹកនាំដែលចូលរួមកិច្ចប្រជុំកំពូលនេះ បានសង្កត់ធ្ងន់ថា ជម្លោះព្រំដែនត្រូវតែដោះស្រាយដោយមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយមិនអាចមានការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនតាមរយៈការប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពជាក់ស្តែងនៅលើទីតាំងជម្លោះនោះឡើយ។
ពួកគេបានអំពាវនាវឱ្យមានការអនុវត្តលក្ខខណ្ឌនានា ដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ ការវាស់វែង និងការកំណត់ព្រំដែនរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក។
លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា៖ «ការប្រើកម្លាំងមិនអាចជំនួសច្បាប់បានឡើយ ហើយការបង្កើតស្ថានភាពជាក់ស្តែងណាមួយ ក៏មិនអាចផ្លាស់ប្តូរព្រំដែនបានដែរ។ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជម្លោះ គួរតែអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ដោយសុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរ»។

កិច្ចប្រជុំកំពូលនេះ ក៏បានចេញសេចក្តីថ្លែងការណ៍ចំនួន៣២ផងដែរ ដែលគ្របដណ្តប់លើអាទិភាព សំខាន់ៗចំនួន៧រួមមាន៖ ការប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព ការទប់ស្កាត់ និងការដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា ដោយផ្អែកលើគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស និងការប្រឆាំងអំពើពុករលួយ។
កិច្ចប្រជុំកំពូលនេះ ក៏បានសង្កត់ធ្ងន់លើការការពារសេរីភាពសារព័ត៌មាន ការលើកកម្ពស់ការអភិវឌ្ឍ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ព្រមទាំងអភិបាលកិច្ចឌីជីថលផងដែរ។
កិច្ចប្រជុំកំពូលបានសម្រេចពន្យារអាណត្តិរបស់លោកស្រី ល្វីស មូស៊ីគីវ៉ាបូ ដែលបច្ចុប្បន្នជាអគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី រយៈពេល១២ខែទៀត មុនពេលមានការជ្រើសរើសអគ្គលេខាធិការថ្មី។
លើសពីនេះទៅទៀត កិច្ចប្រជុំកំពូលនេះ បានបង្កើតការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅកម្ពុជា ហើយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១នេះ នឹងត្រូវរៀបចំឡើងនៅប្រទេសកាណាដាក្នុងឆ្នាំ២០២៨។
កិច្ចប្រជុំនៅរាជធានីភ្នំពេញ មានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់មកពីរដ្ឋ និងរដ្ឋាភិបាលចំនួន៨១ នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ដែលក្នុងនោះរួមមានទាំងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន២៣រូប ដែលស្មើនឹង៩០ភាគរយនៃសមាជិកទាំងអស់របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។
ក្រៅពីកិច្ចប្រជុំនេះ ក៏មានព្រឹត្តិការណ៍អមផ្សេងៗទៀតផងដែរ ដូចជាភូមិហ្វ្រង់កូហ្វូនី និងហ្វ្រង់កូតិច កិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូនី ព្រមទាំងកម្មវិធីផ្សេងទៀត ដែលបង្ហាញអំពីបច្ចេកវិទ្យា ឌីជីថល និងនវានុវត្តន៍ ពាក់ព័ន្ធនឹងវិស័យធនាគារ។
ប្រទេសថៃបានបញ្ជូនក្រុមអ្នកសង្កេតការណ៍មកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការហ្វ្រង់កូហ្វូនីលើកទី៤៨ នៅរាជធានីភ្នំពេញ ប៉ុន្តែប្រទេសថៃមិនត្រូវបានអនុញ្ញាតឱ្យធ្វើអត្ថាធិប្បាយ ឬបញ្ចេញមតិយោបល់ណាមួយនៅក្នុងកិច្ចប្រជុំនោះឡើយ។
នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល រដ្ឋមន្ត្រីការបរទេសថៃបានរិះគន់កម្ពុជា ដែលបានលើកឡើងពីបញ្ហាជម្លោះព្រំដែនថៃ-កម្ពុជា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Gains Diplomatic Ties from Francophonie Summit As Border Dispute Takes Center Stage









