សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នករាយការណ៍ពិសេស​អង្គការសហប្រជាជាតិ ​អំពាវនាវឱ្យមានការដោះលែងសកម្មជនកំពុងឃុំខ្លួន មុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វនី

កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្សស្រែកទាមទារយុត្តិធម៌ មុនពេលប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)
កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្សស្រែកទាមទារយុត្តិធម៌ មុនពេលប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

អ្នករាយការណ៍ពិសេសរបស់អង្កការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Tom Andrews បានអំពាវនាវ​ដល់រដ្ឋាភិបាលកម្ពុជា ឱ្យមានការដោះលែងពលរដ្ឋកម្ពុជា ដែល​កំពុងត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការអនុវត្តសិទ្ឋិសេរីភាពក្នុងការបញ្ចេញមតិ ការ​ជួបប្រជុំ​ដោយសន្តិវិធី និងសេរីភាពក្នុងការបង្កើតសមាគម មុនពេលឈានមកដល់នៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។

លោក​​ក៏​បានអំពាវនាវដល់បណ្តាថ្នាក់ដឹកនាំ ដែលនឹងចូលរួមកិច្ចប្រជុំនេះ ឱ្យមានការ​លើកកម្ពស់ និងបញ្ជាក់ឡើងវិញ​នូវ​គុណ​តម្លៃ​ស្នូល​របស់ OIF តាមរយៈការចូលរួមជាមួយកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយនាំទៅរកការដោះលែងអ្នកដែលត្រូវបានឃុំខ្លួន ដោយអយុត្តិធម៍ទាំងនោះ។ ចំណែក​អង្គការ និងសមាគម​ការពារ​សិទ្ធិមនុស្ស បានយល់​ឃើញ​​ថា កម្ពុជា គួរពិចារណា​ទៅលើ​ការអំពាវនាវនេះ ហើយ​​ដោះលែង​សកម្មជនជាប់ឃុំ​ទាំង​អស់​នោះ ដើម្បី​ជាឱកាស​ស្ដារមុខមាត់​កម្ពុជា​ នៅលើ​ឆាក​អន្តរជាតិ​ឡើង​វិញ។

លោក Andrews បាន​ថ្លែង​ក្នុ្ង​សេចក្តី​ថ្លែង​ការ​របស់​ខ្លួន​ថា៖ «ការ​លើក​កម្ពស់សន្តិភាព ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស គឺស្ថិតក្នុងចំណោមបេសកកម្មចម្បងរបស់ OIF។ ការដោះលែងបុគ្គលដែលត្រូវបានឃុំខ្លួនដោយសារការអនុវត្តសេរីភាព​ជាមូល​ដ្ឋានរបស់ពួកគេ នឹង​ជួយ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជាបង្ហាញ​ពី​ការ​គោរព​ចំពោះ​គុណតម្លៃរបស់ OIF ព្រមទាំង​ជា​ការ​ធ្វើ​សកម្មភាពមួយ​ដែល​ផ្ដល់​អត្ថន័យ​លើស​ពី​ពាក្យ​សម្ដី​ទៅទៀត»។

អង្គការអន្តរជាតិហ្វ្រង់កូហ្វនី ​ជាអង្គការ​អន្តររដ្ឋាភិបាល​មួយ​ដែល​មាន​គោល​បំណង​លើក​កម្ពស់ភាសាបារាំង និងកិច្ច​សហប្រតិបត្តិការរវាងប្រទេស ដែលមាន​ប្រជាជន​និយាយ​ភាសាបារាំង។

ការចាប់អារម្មណ៍​ពី​សហគមន៍អន្តរជាតិ នឹងផ្ដោត​មក​លើ​ប្រទេស​កម្ពុជា​នាពេល​ខាងមុខ ខណៈ​ដែល​ប្រទេសនេះ ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី​២០ នៅ​​រាជធានីភ្នំពេញ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែល​នឹងមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ជាច្រើន រួមទាំងប្រធានាធិបតីបារាំង លោក Emmanuel Macron ផងដែរ។

ជាមួយគ្នានេះ លោក Tom Andrews ​បាន​មើល​ឃើញ​ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ នឹង​ផ្តល់​ឱកាស​ដល់​កម្ពុជា ក្នុងការបង្ហាញអំពីបេតិកភណ្ឌវប្បធម៌ សមិទ្ធផលនានា និងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរបស់ខ្លួន ហើយ​វាក៏ជាឱកាស​សម្រាប់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិក OIF ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីលើកទឹកចិត្តឱ្យមានការដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយសារការអនុវត្តសេរីភាពជាមូលដ្ឋានផងដែរ។

នៅក្នុងរបាយការណ៍ថ្មីៗដែលបានបញ្ជូនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ្នករាយការណ៍ពិសេសរូបនេះ បានពិពណ៌នាការព្រួយបារម្ភមួយចំនួនទាក់ទង​នឹងស្ថានភាព​សិទ្ធិមនុស្សនៅកម្ពុជា រួមមាន ការរឹតត្បិតលំហសង្គមស៊ីវិល ការយាយីសមាជិកគណបក្សប្រឆាំង បទឧក្រិដ្ឋបណ្ដាញឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Cyberscam) ស្ថានភាពនៃការប្រព្រឹត្ត​ចំពោះ​ជនរងគ្រោះនៃការជួញដូរមនុស្ស និងផលប៉ះពាល់លើពលរដ្ឋកម្ពុជា ដែលបានផ្លាស់ទីលំនៅដោយសារជម្លោះតាមព្រំដែននឹងប្រទេសថៃ។

លោក Andrews បានបញ្ជាក់ថា៖ «ខ្ញុំបានចាប់ផ្តើមពិនិត្យព័ត៌មានពាក់ព័ន្ឋនឹងការចាប់ខ្លួន និងឃុំខ្លួន​តាមអំពើ​ចិត្ត​នៅ​កម្ពុជា ហើយខ្ញុំជឿថា អាចមានមនុស្សជាង ១០០ នាក់ ដែលកំពុងជាប់ឃុំ​ដោយសារ​ការ​អនុវត្តសិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញមតិ ការ​ជួប​ប្រជុំ និង​ការ​បង្កើត​សមាគម​របស់​ពួកគេ»។

«មិនមាននរណាម្នាក់គួរត្រូវបានឃុំខ្លួន ដោយសារការការពារសិទ្ធិ​មនុស្ស ការ​រាយការណ៍អំពីបញ្ហាសាធារណៈ ឬការបញ្ចេញទស្សនៈរិះគន់ស្ថាបនានោះឡើយ»។ Tom Andrews បានបន្ថែម។

ចំណែក​ក្រុមការងារអង្គការសហប្រជាជាតិ ស្តីពីការឃុំខ្លួន​តាម​អំពើចិត្ត (UN Working Group or Arbitrary Detention) ក៏បានចាត់ទុកថា ការបន្តឃុំខ្លួនមេធាវីខ្មែរអាមេរិក កញ្ញា សេង ធារី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ និងសកម្មជនចំនួនប្រាំរូប​នៃចលនាមាតាធម្មជាតិ គឺជាការឃុំខ្លួនតាមអំពើចិត្ត និងមិនស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់កម្ពុជា។

នៅក្នុងជំនួបនានា និងការឆ្លើយឆ្លងលិខិតជាមួយភាគីពាក់ព័ន្ធ លោក Tom Andrews បានជំរុញឱ្យលេខាធិការដ្ឋាន OIF និងរដ្ឋសមាជិក OIF ធ្វើការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាស្ថានភាពសិទ្ធិមនុស្ស រួមទាំងការស្វែងរកលទ្ធភាពដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ មុនពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ចាប់ផ្តើម។

លោក Andrews បានសង្កត់​ធ្ងន់​ថា៖ «ការបន្តឃុំខ្លួនសកម្មជន អ្នកការពារសិទ្ធិ​មនុស្ស និង​អ្នកសារព័ត៌មាន ដែលនៅ​មិន​ឆ្ងាយពី​កន្លែងដែលថ្នាក់ដឹកនាំពិភពលោក នឹងជួប​ប្រជុំគ្នា អាចនាំឱ្យ​មាន​ការបង្វែរការយកចិត្តទុកដាក់ ពីការងារសំខាន់ៗរបស់កិច្ចប្រជុំកំពូលនេះ។ ផ្ទុយទៅវិញ ការចូលរួមប្រកបដោយស្ថាបនារវាងកម្ពុជា និងបណ្តាប្រទេសសមាជិក OIF ដែលនាំទៅរកការដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ នឹងបង្ហាញយ៉ាងច្បាស់អំពីគុណតម្លៃ និងសក្តានុពលរបស់សហគមន៍ហ្វ្រង់កូហ្វូនី»។

សកម្មជនមាតាធម្មជាតិ និងសកម្មជនបរិស្ថានផ្សេងទៀតមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ប្រឆាំងរដ្ឋាភិបាល និងប្រមាថអង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
សកម្មជនមាតាធម្មជាតិ និងសកម្មជនបរិស្ថានផ្សេងទៀតមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ប្រឆាំងរដ្ឋាភិបាល និងប្រមាថអង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មិនបាន​ឆ្លើយតប​ទៅនឹងការ​លើក​ឡើង​របស់​លោក Tom Andrews ទេ ដោយ​លោក​បានប្រាប់​ឱ្យ​ទៅ​សួរ​ខាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាវិញ។ លោកបញ្ជាក់ដោយសំណេរ​ខ្លី​​ថា៖ «សូមសួរទៅអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាវិញ»។

ចំណែក​លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​ប្រាប់​ថា ការ​អំពាវនាវ ឬស្នើ​សុំ​របស់លោក Tom Andrews មិនមែន​អ្វី​ថ្មី​នោះ​ទេ ព្រោះ​សេចក្តីរាយការណ៍​របស់លោក នៅក្នុង​កិច្ច​ប្រជុំអង្គការសហប្រជាជាតិកន្លងមក ក៏​លោកបានលើក​ឡើងពីបញ្ហានេះ​ដែរ ប៉ុន្តែ​នៅក្នុង​នោះលោក​ក៏បានរំលេចពីជំហរ​របស់រដ្ឋាភិបាលកម្ពុជាអំពីករណី​នេះ ដោយ​យើង​អនុវត្ត​នូវច្បាប់​ និងនីតិ​វិធី​ដែលមានជាធរមាន ទៅលើបទល្មើស ដែលមិនមែនជា​ការ​រឹតត្បិត​នៅសេរី​ភាពសារព័ត៌មាន និងសេរី​ភាពជួបជុំបញ្ចេញ​មតិ​នោះ​ទេ។

លោក​បន្ត​ថា សេរីភាព​សារព័ត៌មាន សេរី​ភាពបញ្ចេញមតិ ឬក៏​សេរី​ភាព​ជួបជុំ​ដោយ​សន្តិវិធី គឺ​ត្រូវបាន​ធានាដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា ហើយ​ក្នុងនាមជាសមាជិក​អង្គការ​សហប្រជាជាតិ កម្ពុជា​ក៏បាន​ផ្តល់នូវ​សច្ចាប័នដល់សន្ធិសញ្ញាស្នូលសិទ្ធិមនុស្ស​អន្តរជាតិ ដោយបានចែងច្បាស់ពី​ការធានា​នូវសេរី​ភាព​នៃការបញ្ចេញ​មតិ​ តែ​ក៏បានចែងច្បាស់ពី​ព្រំដែន​នៃការ​ប្រើប្រាស់​សិទ្ធិសេរី​ភាព ដែលមិនត្រូវប៉ះពាល់​សិទ្ធិអ្នកដទៃ កិត្តិយស សន្តិសុខជាតិ ក៏ដូចជា​ទំនៀមទម្លាប់​ប្រពៃណី​ល្អរបស់ប្រទេសជាតិ។

យោងទៅលើហេតុផល​នេះ លោក ប៉ា ប៉ុណ្ណារ៉ាដា បញ្ជាក់​ថា៖ ​«​អ៊ីចឹងកាលណាប្រព្រឹត​នូវ​សកម្ម​ភាព​ហួស​ព្រំដែនរបៀបនេះ វាមិន​មែនជា​ការ​ប្រើប្រាស់​សេរី​ភាពសារព័ត៌មាន និងសេរី​ភាព​បញ្ចេញ​មតិ​នោះ​ទេ ប៉ុន្តែ​ជាការបង្កើត​នូវ​បទល្មើស​ ហើយបទល្មើស​នោះ មានចែងនៅ​ក្នុង​ក្រមព្រហ្មទណ្ឌ និងការ​អនុវត្ត​នូវនីតិវិធីនៃ​ក្រម​ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ជា​ធរមាន»។

លោកបានបន្ថែម​ថា  ​ លោក Tom Andrews មានសិទ្ធិក្នុងការអំពាវនាវ ប៉ុន្តែក្នុងនាម​ជានីតិរដ្ឋ​ ក្នុងនាម​ជា​រដ្ឋអនុវត្ត​នូវច្បាប់​ យើងមានសិទ្ធិ និងតួនាទី​អនុវត្ត​ច្បាប់ និងគោលការណ៍​ផ្សេងៗ ជាពិសេស​នីតិវិធី​ ដែលមានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ ក៏ដូចជា​បទល្មើស ដែលមានចែង​នៅ​ក្នុង​ក្រម​នីតិវិធី​នៃ​ព្រហ្មទណ្ឌ​ផងដែរ។

លោក​បញ្ជាក់​ថា៖ «​ក្នុងនាម​ជា​នីតិរដ្ឋ ការអនុវត្ត​ច្បាប់​ ក៏ដូចជា​នីតិវិធី​ដែលមានចែង​នៅក្នុងច្បាប់​ គឺជាការពង្រឹង​ ទី​១ នីតិរដ្ឋ ទី​២ គឺការ​លើកកម្ពស់ ក៏ដូចជាការការពារ​នូវសិទ្ធិ​របស់​ជន​រង​គ្រោះ ដែល​រងនូវអំពើ​នៃសកម្មភាពប្រើប្រាស់សិទ្ធិ​​ហួសព្រំដែន ដោយចូលជា​បទល្មើស អ៊ីចឹង​អ្វី​ដែល​គួរ​តែ​ធ្វើ និង​ត្រូវតែ​ធ្វើ​ជាបន្តបន្ទាប់​ទៀត​នោះ គឺការ​ចូលរួមទាំងអស់​គ្នា នៅក្នុងការ​សោះស្រាយ​បញ្ហាផ្សេងៗ​ទៅ​តាម​អ្វី​ដែល​នីតិវិធី និងច្បាប់​របស់​យើង​ មានចែង​ជាធរមាន»។

លោក ប៉ា ប៉ុណ្ណារ៉ាដា បានបញ្ជាក់​បន្ថែមថា៖ «ចូលរួមទាំងអស់​គ្នា ហើយក្នុង​នោះ​ដែរ​ច្បាប់​របស់​យើង ក៏​មានចែង​ពី​សិទ្ធិស្មើ​មុខគ្នាចំពោះមុខ​ច្បាប់​ អ៊ីចឹង​អ្នក​ដែល​ទទួល​រងនូវការ​ចោទប្រកាន់ គាត់​មានសិទ្ធិ​ក្នុងការមានមេធាវី​តំណែងនូវ​ចំពោះមុខ​ច្បាប់ គឺ​យើង​ធានាបានដូចគ្នានៅកន្លែងនេះ»។

យ៉ាងណាក៏​ដោយ​លោក អំ សំអាត នាយក​ទទួលបន្ទុក​ចាត់ការទូទៅនៃអង្គការ លីកាដូ បាន​ឱ្យ​ដឹង​ថា ការបដិសេធម្តងហើយម្តង​ទៀតរបស់រដ្ឋាភិបាលកម្ពុជា​​ជុំវិញការ​​ចាប់​​ឃុំ​ខ្លួនសកម្មជន​នេះ មិនត្រូវបាន​អន្តរជាតិ​ទទួលយក​នោះ​ទេ ហើយ​ការ​អំពាវនាវរបស់​លោក Tom Andrews ឱ្យ​រដ្ឋាភិបាលកម្ពុជា មានការដោះលែងសកម្មជន​កំពុងឃុំខ្លួន មុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វនីនេះ គឺ​លោកចង់​ផ្ញើ​សារ​ទៅ​ដល់ប្រទេសមួយចំនួន​ជាសមាជិក​នៃប្រទេស​និយាយ​ភាសា​បារាំង​ លើក​កង្វល់​ និងការស្នើ​ឡើង​របស់​គាត់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​យ៉ាងណា​ដោះស្រាយបញ្ហា​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពិសេស​ផ្តើម​ចេញពីការ​ដោះ​លែង​អ្នកជាប់​ឃុំ​ទាំង​ជាង​១០០នាក់​នោះ។

លោក​ថ្លែង​ថា៖ «ការអំពាវនាវរបស់​លោក Tom Andrews ត្រូវបាន​លើក​ឡើងជាញឹកញាប់​ហើយ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ឆ្លើយបដិសេធ​ថា ការចាប់​ឃុំ​ខ្លួនទាំងអស់​នោះ មិនមែនជា​កត្តា​អ្វី​ផ្សេង គឺជាការ​អនុវត្ត​ច្បាប់ ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា ប្រទេស​មួយចំនួន​ និង​អន្តរជាតិ គេមិន​បាន​យល់​ស្រប​ទៅលើ​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើងនោះ​ទេ។ ផ្ទុយ​ទៅវិញ​គេ​នៅតែ​បន្តស្នើ​ដល់​កម្ពុជា រហូត​ដល់​ប្រទេស​ខ្លះ​បានដាក់ទណ្ឌកម្មបន្ថែម​ទៀត​លើ​រដ្ឋាភិបាល​ផងដែរ»។

ជាមួយគ្នានេះ លោក អំ សំអាត បាន​ទទួច​សុំ​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា ​គួរណាស់​ពិចារណាទៅលើ​​ការអំពាវនាវ​របស់លោក ​ Tom Andrews លើក​នេះ ដើម្បីស្ដារមុខមាត់​របស់​ខ្លួន​នៅលើ​​ឆាក​អន្តរជាតិ ព្រោះបណ្តា​ប្រទេស​ ដែល​និយាយ​ភាសាបារាំង​ ក៏ជា​ប្រទេស​មានឥទ្ធិពល​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ។

លោក អំ សំអាត បានសង្កត់​ធ្ងន់​ថា៖ «បើ​សិនជា​យើង​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​ទទួល​បានផល​វិជ្ជមានជា​ផ្លែផ្កា ខ្ញុំ​គិត​ថា នេះជា​ឱកាសមួយ​ក្នុង​ការ​ស្ដារ​មុខមាត់​ប្រទេស​កម្ពុជា​ នៅលើ​ឆាក​អន្តរជាតិ​ឡើង​វិញ ប៉ុន្តែ​បើ​សិនជា​រដ្ឋាភិបាល បន្តបដិសេធ ហើយ​នៅតែបន្ត​ឃុំ​ខ្លួន ក៏ដូចជាចាប់​ខ្លួនទៅលើ​សកម្មជន​ទាំងអស់​នោះបន្ត​ទៀត ខ្ញុំ​គិត​ថា នេះមិនមែនជា​មុខមាត់​របស់​អ្នក​រាយការណ៍ពិសេស​សម្រាប់​កម្ពុជានោះ​ទេ តែ​គឺជាមុខ​មាត់​របស់​រដ្ឋាភិបាល​ទៅ​វិញ​ទេ»។

ចំណែក​លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក បានថ្លែង​ថា នេះជាការ​លើក​ឡើង និងអំពាវនាវជាថ្មីម្តងទៀត​របស់​ Tom Andrews ដោយ​សុំ​​ឱ្យរាជរដ្ឋាភិបាល​កម្ពុជា មានការ​ដោះ​លែង​សកម្មជនកំពុងជាប់​ឃុំ ដោយសារការអនុវត្តសិទ្ធិ​សេរីភាពជាមូលដ្ឋាន ព្រោះ​លោក​យល់​ថា ការ​ប្រើប្រាស់​សិទ្ធិ​ជាមូល​ដ្ឋាន មិន​មែនជា​កម្មវត្ថុនៃបទល្មើស​ និងមិនត្រូវជាប់​ពន្ធនាគារនោះ​ទេ។

លោកបញ្ជាក់​ថា៖ «អ៊ីចឹង​បញ្ហាទាំងអស់នេះ លោក Tom Andrews ​​សុំ​​ឱ្យមានការ​ដោះលែង​អ្នកទាំងអស់​ហ្នឹង និងសុំ​ឱ្យបើក​លំហពល​រដ្ឋ លំហសារព័ត៌មាន លំហនយោបាយ​ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​បរិយាកាស​​នៃការ​គោរព​សិទ្ធិមនុស្ស​ និងលទ្ធិ​ប្រជាធិបតេយ្យ​មាន​ភាព​ល្អប្រសើរ ហើយជាពិសេស​បរិយាកាស​នៃការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​ សង្កាត់ ឆ្នាំ​២០២៧ និង​ការបោះ​ឆ្នោត​ជាតិ ឆ្នាំ​២០២៨។ នេះជាការ​លើក​ឡើងម្តងទៀត​​របស់លោក ក្នុងពេល​ដែល​កម្ពុជាយើង ត្រូវ​ធ្វើម្ចាស់​ផ្ទះ​កិច្ច​ប្រជុំកំពូលហ្វ្រង់កូហ្វូនី»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម