សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

មនុស្សបួននាក់ ក្នុងនោះមានក្រុមប្រឹក្សាឃុំមួយរូប និងសកម្មជនមួយរូប ត្រូវបានកាត់ទោសពីបទរួមគំនិតក្បត់

រាប់ពីលើខាងឆ្វេងនៃរូបភាព៖ ទី១-លោក រ័ត្ន សុធី ជាជំទប់ទី២នៃឃុំអន្លង់វិល ខេត្តបាត់ដំបង ។ ទី២- លោក សួន ប៊ុនឡោ ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ។ ទី៣- លោក អាំ វង្ស ជាជំទប់ទី២ មកពីគណបក្សសង្គ្រោះជាតិ​ និង​ទី៤​ លោក ពិន ប៉ូច ជាមគ្គទេសក៍ទេសចរ ។ រូបភាពផ្តល់ឱ្យ និងពីទំព័រហ្វេសប៊ុករបស់ពួកគាត់ ។ (លីកាដូ)
រាប់ពីលើខាងឆ្វេងនៃរូបភាព៖ ទី១-លោក រ័ត្ន សុធី ជាជំទប់ទី២នៃឃុំអន្លង់វិល ខេត្តបាត់ដំបង ។ ទី២- លោក សួន ប៊ុនឡោ ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ។ ទី៣- លោក អាំ វង្ស ជាជំទប់ទី២ មកពីគណបក្សសង្គ្រោះជាតិ​ និង​ទី៤​ លោក ពិន ប៉ូច ជាមគ្គទេសក៍ទេសចរ ។ រូបភាពផ្តល់ឱ្យ និងពីទំព័រហ្វេសប៊ុករបស់ពួកគាត់ ។ (លីកាដូ)

សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសមគ្គទេសក៍ទេសចរណ៍ម្នាក់ ក្រុមប្រឹក្សាឃុំបក្សប្រឆាំងមួយរូប និងពលរដ្ឋចំនួនពីរនាក់ទៀតពីបទ «រួមគំនិតក្បត់» ជុំវិញការសន្ទនាតាមទូរសព្ទ និងបង្ហោះសារលើបណ្ដាញសង្គម។ នេះបើតាមការអង្គការការពារសិទ្ធិមនុស្សលីកាដូ​។

យោងតាមអង្គការ លីកាដូ កាលពីថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសពលរដ្ឋចំនួន៤នាក់ រួមមានមគ្គទេសក៍ទេសចរម្នាក់ ក្រុមប្រឹក្សាឃុំបក្សភ្លើងទៀនមួយរូប និងពលរដ្ឋពីរនាក់ផ្សេងទៀតពីបទរួមគំនិតក្បត់ ដោយផ្តន្ទាទោសដាក់ពន្ធនាគារ​​ម្នាក់ៗចំនួន៧ឆ្នាំ តាមបញ្ញត្តិមាត្រា ៤៥៣នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការសន្ទនាតាមទូរសព្ទ និងបញេ្ចញមតិតាមបណ្តាញសង្គម។

បើតាម អង្គការ លីកាដូ ពិរុទ្ធជនទាំងនោះមានលោក រ័ត្ន សុធី លោក អាំ វង្ស លោក សួន ប៊ុនឡោ និងលោក ពិន ប៉ូច។ លោក សុធី អាយុ ៥៤ឆ្នាំ ជាជំទប់ទី២ នៃឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២៦ ក្រោយពីលោកបានសន្ទនាតាមទូរសព្ទដោយលើកឡើងពីការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី។

លីកាដូ អះអាងថា កាលពីខែកក្កដា ឆ្នាំ២០២៦ លោក សុធី បានលាឈប់ពីគណបក្សភ្លើង​ទៀន និងបានសុំទោសរាជរដ្ឋាភិបាល។ យ៉ាងណា តុលាការនៅតែបន្តនីតិវិធីផ្តន្ទាទោសលោកដដែល។

ចំណែកលោក អាំ វង្ស អាយុ ៥៧ឆ្នាំ និងលោក សួន ប៊ុនឡោ អាយុ ៦៤ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០២៥ ក្នុងស្រុកពួក ខេត្តសៀមរាប ក្រោយអ្នកទាំងពីរបានពិភាក្សាគ្នាតាមទូរសព្ទលើបញ្ហាព្រំដែនកម្ពុជា-ថៃ។

លីកាដូ បន្តទៀតថា លោក វង្ស គឺជាជំទប់ទី២ មកពីគណបក្សសង្គ្រោះជាតិ និងលោក ប៊ុនឡោ ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយក្នុងឆ្នាំ២០១៧។

ចុងក្រោយ គឺលោក ប៉ូច អាយុ ៤៨ឆ្នាំ ជាមគ្គទេសក៍ទេសចរមួយរូបក្នុងខេត្តសៀមរាប ត្រូវបានចាប់ខ្លួននៅខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីចែករំលែកសារលើហ្វេសប៊ុកពីព្រឹត្តិការណ៍បាតុកម្មរបស់យុវជន Gen Z នៅប្រទេសនេប៉ាល់ និងពីបញ្ហាព្រំដែនកម្ពុជា-ថៃ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ​ សំអាត មានប្រសាសន៍ថា កិច្ចសន្ទនាតាមទូរសព្ទ មានលក្ខណៈជាឯកជនភាពដែលការពារដោយច្បាប់ ហើយមិនអាចចាត់ទុកជាភស្តុតាងក្នុងការកាត់ទោសនោះទេ។ ផ្ទុយទៅវិញ អ្នកលួចថតសំឡេងនៃការសន្ទនារបស់ពលរដ្ឋ គឺអាចមានបទល្មើស។

លោក សំអាត ថ្លែងថា៖ «ការសន្ទនាជាលក្ខណ:ឯកជន គឺត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ មិនអាចយកមកធ្វើជាធាតុផ្សំនៃបទល្មើសក្នុងការចោទប្រកាន់ទេ ។ អ្នកដែលលួចថតការសន្ទនាឯកជន គឺអាចត្រូវមានបទល្មើស និងជាប់ពន្ធនាគារ ទៅតាមក្រមព្រហ្មទណ្ឌ លើកលែងតែជនដែលមានពិរុទ្ធក្នុងការស៊ើបអង្កេតដែលត្រូវបាអនុញ្ញាតដោយតុលាការ ហើយយ៉ាងតឹងរ៉ឹងបំផុត ដើម្បីចៀសវាងការរំលោភលើសិទ្ធិឯកជនភាព»។

ជុំវិញករណីនេះ សមាជិកព្រឹទ្ធសភាកូតាបក្សឆន្ទៈខ្មែរលោក គង់ មុនីកា ទទូចឱ្យមានការបែងចែកឱ្យច្បាស់រវាង ការបញ្ចេញមតិ ឬការសន្ទនា និងសកម្មភាពជាក់ស្ដែងដើម្បីប្រព្រឹត្តបទឧក្រិដ្ឋដែលកំណត់ក្នុងច្បាប់។

លោកយល់ថា ការសន្ទនាតាមទូរសព្ទ ឬការបញ្ចេញមតិ មិនគួរត្រូវបានចាត់ទុកជាបទល្មើសនោះទេ ប្រសិនបើគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការបង្ហាញពីធាតុផ្សំនៃបទល្មើស។

លោកមានប្រសាសន៍ថា៖ «មានសកម្មជននយោបាយ ប្រជាពលរដ្ឋច្រើនហើយដែលរងការចោទប្រកាន់បែបនេះ។ ខ្ញុំយល់ថា យើងត្រូវបែងចែកឱ្យច្បាស់រវាង ការបញ្ចេញមតិ ឬការសន្ទនា និងការរួមគំនិតប្រព្រឹត្តបទឧក្រិដ្ឋ។ មាត្រា ៤៥៣ ​តម្រូវឱ្យមានផែនការរួមគ្នា ដើម្បីប្រព្រឹត្តបទឧក្រិដ្ឋ និងមានសកម្មភាពជាក់ស្តែងបង្ហាញពីផែនការនោះ។ ដូច្នេះ ការសន្ទនាតាមទូរសព្ទ ឬការបញ្ចេញមតិតាមបណ្ដាញសង្គម មិនគួរត្រូវបានចាត់ទុកជាបទ «រួមគំនិតក្បត់» ដោយស្វ័យប្រវត្តិនោះទេ ប្រសិនបើមិនមានភស្តុតាងបង្ហាញពីធាតុផ្សំនៃបទល្មើស»​។

កាលពីពេលថ្មីៗនេះ លោក​ ​ចក់​ ​សា​រ៉ា​យ​ ​អាយុ​ ​៣​២​​ឆ្នាំ​ ​​ប្រធាន​ចលនា​យុវជន​គណបក្ស​កម្លាំង​ជាតិ​ប្រចាំ​ស្រុក​ជី​ក្រែង​ ​ខេត្ត​សៀមរាប​ ​ក៏ត្រូវ​បាន​ចាប់​ខ្លួនកាលពីយប់ថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន ​និង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធ​នាគា​រ​ពី​ ​បទ​រួមគំនិតក្បត់​ ​និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​រិះគន់​ដល់​រាជរដ្ឋាភិបាល​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​។

ក្រោយការចាប់ខ្លួនភា្លមៗ គណបក្សកម្លាំងជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយដោយសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានការណ៍នៃការគោរពសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពក្នុងការធ្វើនយោបាយ នៅពេលដែលសកម្មជននយោបាយនៅតែបន្តត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។

តាមរយៈសេចក្ដីថ្លែងការណ៍នោះ បក្សកម្លាំងជាតិ អំពាវនាវឱ្យបញ្ឈប់ការចាប់ខ្លួនសកម្មជនបក្សប្រឆាំង ដោយហេតុចូលរួមសកម្មភាពនយោបាយ និងដោះលែងលោក ចក់ សារ៉ាយ ព្រមទាំងអ្នកជាប់ឃុំនយោបាយទាំងអស់ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានាបាននូវបរិយាកាសនយោបាយល្អប្រសើរ ដោយមិនមានការព្រួយបារម្ភ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា ទទូចឱ្យអ្នកនយោបាយ និងអ្នកដឹកនាំ បើកចិត្តឱ្យទូលាយក្នុងការទទួលយកនូវចំណុចខ្វះខាតរបស់ខ្លួន ជាជាងការយកច្បាប់មកកាត់ទោសពលរដ្ឋចំពោះការបញ្ចេញមតិរបស់ពួកគេដែលធានាដោយរដ្ឋធម្មនុញ្ញ។

លោកថ្លែងថា៖ «ខ្ញុំចង់ឱ្យអ្នកនយោបាយ អ្នកដឹកនាំ មានទស្សនៈទូលាយ ហ៊ានទទួលយកការរិះគន់ ការលើកឡើងនូវចំណុចខ្វះខាតរបស់ខ្លួន។ កុំយកការចោទប្រកាន់ ទោសក្បត់ជាតិ ញុះញង់ហ្នឹងយកមក បន្ទុចបង្អាក់ស្មារតីគំនិតពលរដ្ឋខ្មែរយើង ធ្វើឱ្យសង្គមយើងវាអត់បានរស់នៅដោយសុខដុមរមនា មានតែឈានទៅរកការបែកបាក់។ នេះជាក្ដីបារម្ភមួយដែលយើងគួរគិតពិចារណា»។

បើតាមអង្គការ លីកាដូ មានសកម្មជននយោបាយ ដីធ្លី សហជីព អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្ដាញសង្គមចំនួន១១១ នាក់ហើយ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធនឹងការបញ្ចេញមតិពីបញ្ហាសង្គម៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម