សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សាលាឧទ្ធរណ៍​ភ្នំពេញ​ សម្រេច​តម្កល់​ការ​ផ្តន្ទា​ទោសលើ​​បុរស​បី​នាក់​ពី​បទ​ញុះ​ញង់

រថយន្ត​របស់​នគរបាល​​ដឹក​លោក ម៉ម រិទ្ធី និង​អ្នកទោស​ដទៃ​ទៀត​ទៅកាន់​​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​សម្រាប់​សវនាការ​កាល​ពី​​ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ២០២៥ (ខេមបូចា​/ ព្រីង សំរាំង​)
រថយន្ត​របស់​នគរបាល​​ដឹក​លោក ម៉ម រិទ្ធី និង​អ្នកទោស​ដទៃ​ទៀត​ទៅកាន់​​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​សម្រាប់​សវនាការ​កាល​ពី​​ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ២០២៥ (ខេមបូចា​/ ព្រីង សំរាំង​)

កាល​ពី​ព្រឹកថ្ងៃ​អង្គារ សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​​បាន​សម្រេច​តម្កល់​ការ​ផ្តន្ទា​ទោស​​លើ​​សកម្មជន​នយោបាយ​ពីរ​រូប​​មក​ពី​គណបក្ស​កម្លាំង​​ជាតិ (NPP) និង​កម្មករ​ដឹក​សម្ភារៈ​សំណង់​មួយ​រូប​ ដែលក្នុង​នោះ អ្នក​ទាំង​ពី​ត្រូវ​បាន​កាត់​ទោស​ឱ្យ​​ជាប់​​ពន្ធនាគារ​រយៈពេល១៨​ខែ​ ពី​បទ​ញុះញង់ នេះ​បើ​យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​​ លីកាដូ។

លោក ឌឹម គៀង ជា​សមាជិកក្រុមការងារបណ្តោះអាសន្ន​របស់គណបក្ស​កម្លាំង​ជាតិ​ក្នុង​ខេត្តកំពង់ស្ពឺ និងលោក ឃូ ហាំមាង ជា​អ្នកគាំទ្រគណបក្ស​កម្លាំង​ជាតិ​ ត្រូវបានចាប់ខ្លួនកាល​ពី​ខែមិថុនា ឆ្នាំ២០២៥ ខណៈលោក ឈឿន​ ឈាន កម្មករសំណង់ និងជាអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ​មុន។

អង្គការ​លីកាដូ បានអះអាង​ថា បុរសទាំងបីនាក់នេះ ស្ថិតក្នុងចំណោម «អ្នកទោ​សមនសិការ»  ចំនួន១០៩នាក់ ដែលត្រូវបានឃុំខ្លួន​ក្នុងពន្ធនាគារ ដោយ​សារតែសកម្មភាព​តស៊ូ​មតិ​ ឬការអនុវត្តសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ។

អង្គការបាន​ឱ្យដឹង​​ទៀត​ថា​ លោក ឌឹម គៀង ត្រូវបានចាប់ខ្លួនដោយផ្អែកលើការសន្ទនាឯកជន និងត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យ​មាន​ភាពវឹកវរធ្ងន់​ធ្ងរដល់សន្តិសុខសង្គម»និងបទ​ «ប្រមាថ» តាមមាត្រា៤៩៤ ៤៩៥និង៥០២ នៃក្រម​ព្រហ្មទណ្ឌ។

​លោក ឃូ ហាំ​មាង​ ត្រូវបានចោទប្រកាន់ពីបទញុះញង់កាលពីខែធ្នូ ឆ្នាំមុន ដោយ​សារ​ការបញ្ចេញ​មតិ​តាម​បណ្តាញសង្គមអំពីរបៀបដែលរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​។

ទន្ទឹមនឹងនេះ លោក ឈឿន ឈាន ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើង បរិហារកេរ្តិ៍ជាសាធារណៈ និងបទ​ជេរ​ប្រមាថជាសាធារណៈ តាមមាត្រា៤៩៦ មាត្រា៣០៥ និងមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​ នៃ​អង្គការសិទ្ធិ​មនុស្ស​​លីកាដូ បាន​សម្តែង​ការ​សោកស្ដាយ​ចំពោះ​សេចក្តី​សម្រេច​​របស់​តុលាការ ដោយ​លោក​កត់​សម្គាល់​ថា ការ​តម្កល់​ការ​ផ្តន្ទាទោសនេះ ​អាច​បង្ក​ឲ្យ​មាន​ការ​រិះគន់​បន្ថែម​ទៀត​​ពី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ទាក់ទង​នឹង​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​​បញ្ចេញ​មតិ។

លោក​បាន​មានប្រសាសន៍​ថា៖ «ការ​រក្សា​សាលក្រម​នេះ ​អាច​នាំ​ឱ្យ​មាន​ការ​រិះគន់​ជា​បន្ត​ទាក់ទង​នឹង​ការ​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញមតិ»។

អ្នក​ស្រី ឡេង រ៉ានីត ភរិយា​របស់​លោក ឃូ ហាំមាង​ បាន​និយាយ​ថា ទោះបីជា​ស្វាមី​របស់​អ្នក​ស្រី​នៅសល់​ពេល​ត្រឹមតែ​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ​ ក្នុង​ការ​​អនុវត្ត​ទោស​របស់​គាត់​ក៏ដោយ ក៏​អ្នក​ស្រី​នឹង​បន្ត​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​កំពូល ព្រោះ​អ្នក​ស្រី​ជឿ​ថា ​តុលាការ​ខ្វះ​ភស្តុតាង ​ដើម្បី​ផ្តន្ទាទោស​គាត់។

អ្នក​ស្រីនិយាយថា៖ «តាមអ្វីដែលខ្ញុំបានឮនៅក្នុងតុលាការ មិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់គាត់ពីបទញុះញង់ទេ។ វាមិនសមហេតុផលទេ។ ដូច្នេះ ជម្រើសតែមួយគត់ គឺត្រូវបន្តទៅតុលាការកំពូល»។

អ្នក​ស្រី​ រ៉ានីត បាននិយាយ​ថា ដំណើរការជំនុំជម្រះ​របស់តុលាការផ្តោតលើមតិយោបល់របស់គាត់តាម​អនឡាញ​ និងការចែករំលែកព័ត៌មានទាក់ទងនឹងបញ្ហាព្រំ​ដែន។ លោក ឃូ ហាំមាង ត្រូវបានចាប់ខ្លួននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ហើយនឹងត្រូវអនុវត្តទោសរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦។

អ្នក​ស្រី រ៉ានីត បានបន្ត​ទៀត​ថា បច្ចុប្បន្ន គ្រួសាររបស់អ្នក​ស្រី​កំពុងប្រឈមនឹងការលំបាក បន្ទាប់ពីស្វាមីរបស់​អ្នកស្រី​ត្រូវ​បាន​ឃុំខ្លួន។ អ្នក​ស្រី​ធ្វើការនៅរោងចក្រមួយ ហើយត្រូវចិញ្ចឹមកូនពីរនាក់តែម្នាក់ឯង ដែល​កូន​ម្នាក់រៀនថ្នាក់ទី៧ និងកូន​ម្នាក់ទៀតរៀនថ្នាក់ទី៨។ ផ្ទះរបស់អ្នកស្រី​ ដែលបាន​ទិញដោយប្រើ​ប្រាក់​កម្ចីទិញផ្ទះ ត្រូវបានប្រកាស​ដាក់​លក់ ព្រោះអ្នក​ស្រី​លែងមានលទ្ធភាពបង់រំលស់ប្រ​ចាំខែទៀតហើយ។

លោក ឯម ចន្ថា ជា​មេធាវី​ការ​ពារក្តី​ឱ្យ​លោក ហាំមាង​ បានចាត់ទុកសេចក្តី​សម្រេចរបស់សាលាឧទ្ធរណ៍ថា ជារឿង​អយុត្តិធម៌ ដោយសំណុំរឿង​នេះ កើតឡើង​ដោយសារ​តែ​ការបញ្ចេញមតិតាម​បណ្តាញសង្គមប៉ុណ្ណោះ។

លោក ឯម ចន្ថា បានមានប្រសាសន៍ថា៖ “សាលាឧទ្ធរណ៍មិនបានពិចារណាលើអំណះអំណាងដែល​កូនក្តីខ្ញុំបានបង្ហាញនោះទេ ហើយគ្រាន់តែតម្កល់​សេចក្តីសន្និដ្ឋានរបស់សាលាដំបូងប៉ុណ្ណោះ”។

លោក សុខ គឹមសេង អនុប្រធានគណបក្សកម្លាំង​ជាតិ​យល់​ថា ការសម្រេចនេះមិនយុត្តិធម៌ទេ ដោយអះអាងថា សកម្មជននយោបាយទាំងពីរនាក់គួរតែទទួល​បាន​សិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់។

លោក​មាន​ប្រសាសន៍​ថា៖ “គណបក្សកម្លាំង​ជាតិ អំពាវនាវជាបន្ត​បន្ទាប់​ឱ្យ​តុលា​ការ​ធានានូវ​យុត្តិធម៌សម្រាប់សកម្មជន និងមេដឹកនាំនយោបាយ​ ក៏ដូចជាសកម្មជន​សិទ្ធិមនុស្ស និងសកម្មជន​បរិស្ថានផងដែរ។ ទាក់ទងនឹងតួនាទី និងកាតព្វកិច្ចរបស់ពួកគេ ជាពលរដ្ឋខ្មែរ ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ពួកគេមិនបានប្រព្រឹត្ត​កំហុស​អ្វីឡើយ”​។

យោងតាមលោក គឹមសេង បាន​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន មាន​សកម្មជនរបស់​គណបក្ស​កម្លាំងជាតិ​ចំ​នួន១៨នាក់កំពុងជាប់ពន្ធនា ដែល​តាម​ចោទ​ថា ដោយសារ​សកម្មភាពនយោបាយ និងការអនុវត្ត​សិទ្ធិរបស់ពួកគេ៕​

ព័ត៌មានថ្មី

អត្ថបទពេញនិយម