ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នដោយតម្កល់ប្រាក់ធានា កាលពីរសៀលថ្ងៃអង្គារ (ដែលត្រូវនឹងទៀបភ្លឺព្រឹកថ្ងៃពុធនៅកម្ពុជា) ចេញពីមណ្ឌលឃុំឃាំងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក បន្ទាប់ពីព្រះអង្គត្រូវបានឃាត់ខ្លួនអស់រយៈពេលជាងមួយសប្តាហ៍ ក្រោមការចោទប្រកាន់ថាស្នាក់នៅលើសកំណត់ទិដ្ឋាការ។ នេះបើតាមព្រះថេរដីការបស់ព្រះអង្គប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្រៅប្រទេស។
ព្រះតេជគុណ ប៊ុនតិញ មានថេរដីកាប្រាប់សារព័ត៌មាន TFA នៅខាងក្រៅមណ្ឌលឃុំឃាំងក្នុងរដ្ឋ Louisiana ថា៖ «តម្លៃនៃសេរីភាពគឺមានសារៈសំខាន់ណាស់ ស្មើនឹងជីវិតរបស់យើង។ ពីព្រោះនៅពេលយើងរស់នៅក្នុងមណ្ឌលឃុំឃាំង វាប្រៀបដូចជាគ្មានអ្វីទាល់តែសោះ»។
ព្រះតេជគុណ ប៊ុនតិញ មានថេរដីកាបន្តថា មន្ត្រីនៅក្នុងមណ្ឌលឃុំឃាំងនោះបាន«យកចិត្តទុកដាក់មើលថែ» អ្នកជាប់ឃុំបានសមរម្យដែរ ប៉ុន្តែព្រះអង្គបន្ថែមថា «ការរស់នៅក្រោមការរឹតត្បិតគ្រប់ពេលវេលា បានដកហូតភាពជាមនុស្សរបស់មនុស្សម្នាក់ៗ»។
សារព័ត៌មាន TFA បានរាយការណ៍ថា តុលាការសហព័ន្ធអាមេរិកបានអនុញ្ញាតឱ្យព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅក្រៅឃុំដោយតម្កល់ប្រាក់ធានា ក្នុងសវនាការកាលពីថ្ងៃសុក្រ ដោយសារព្រះអង្គបានចូលមកសហរដ្ឋអាមេរិកដោយស្របច្បាប់ ហើយមិនត្រូវបានរកឃើញថាបានប្រព្រឹត្តសកម្មភាពខុសច្បាប់ណាមួយឡើយ ខណៈពាក្យសុំសិទ្ធិជ្រកកោនរបស់ព្រះអង្គកំពុងស្ថិតក្នុងដំណើរការពិនិត្យ។ សារព័ត៌មានខេមបូចា មិនអាចផ្ទៀងផ្ទាត់សេចក្តីសម្រេចនេះបាននៅឡើយទេ។
អាជ្ញាធរអន្តោប្រវេសន៍សហរដ្ឋអាមេរិក (ICE) បានឃាត់ព្រះកាយព្រះតេជគុណ ប៊ុត ប៊ុនតិញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅអាកាសយានដ្ឋានអន្តរជាតិ Louis Armstrong New Orleans ក្នុងអំឡុងពេលនៃអ្វីដែលអ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិអាមេរិក ពិពណ៌នាថាជា «ប្រតិបត្តិការអនុវត្តច្បាប់ដែលមានគោលដៅជាក់លាក់»។ ព្រះអង្គត្រូវបានឃុំព្រះកាយនៅមណ្ឌលឃុំឃាំង Pine Prairie ក្នុងរដ្ឋ Louisiana នេះបើយោងតាមទិន្នន័យតាមប្រព័ន្ធអនឡាញរបស់ទីភ្នាក់ងារនេះ។
អ្នកនាំពាក្យបានប្រាប់សារព័ត៌មានខេមបូចា កាលពីសប្តាហ៍មុនថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានចូលមកសហរដ្ឋអាមេរិកដោយស្របច្បាប់ជាច្រើនដងនៅចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០១៧ ប៉ុន្តែក្រោយមកបានស្នាក់នៅលើសកំណត់ ដែលជាការបំពានច្បាប់របស់សហរដ្ឋអាមេរិក។

ជាមួយគ្នា ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា អាជ្ញាធរបានចោទប្រកាន់ព្រះអង្គថារស់នៅក្នុងសហរដ្ឋអាមេរិក «ដោយមិនបានផ្តល់ផលប្រយោជន៍អ្វីសោះ» ដោយលើកឡើងថា ព្រះអង្គមិនបានធ្វើការងារ ឬបង់ពន្ធនោះទេ។ ព្រះអង្គបានប្រាប់ TFA ថា មេធាវីរបស់ព្រះអង្គ ដែលត្រូវបានរាយការណ៍ថាជាអ្នកបង់ប្រាក់ធានាចំនួន១ម៉ឺនដុល្លារផងដែរនោះ បានតបតវិញថា ព្រះអង្គបានប្រព្រឹត្តអំពើល្អ និងទទួលបានការគោរពពីអ្នកជុំវិញជាច្រើន។
សវនាការសុំសិទ្ធិជ្រកកោនរបស់ព្រះអង្គត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី២ ខែធ្នូ នេះបើយោងតាម TFA។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ការឃុំព្រះកាយនៅសហរដ្ឋអាមេរិកលើកនេះ គឺមានរយៈពេលយូរជាងគេបំផុតក្នុងចំណោមការឃុំខ្លួនចំនួនបីដងដែលព្រះអង្គធ្លាប់ជួបប្រទះ ខណៈពីរលើកទៀតគឺកើតឡើងនៅក្នុងប្រទេសកម្ពុជា។
ព្រះសង្ឃវ័យ ៤៦ ព្រះវស្សាអង្គនេះ គឺជាស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ហើយត្រូវបានគេស្គាល់តាមរយៈការតស៊ូមតិផ្នែកបរិស្ថាន និងការរិះគន់រដ្ឋាភិបាលកម្ពុជា។ ព្រះអង្គបានភៀសព្រះកាយទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៧ បន្ទាប់ពីប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌនៅកម្ពុជា ដែលក្រុមសិទ្ធិមនុស្សចាត់ទុកថាជារឿងនយោបាយ។ តុលាការកម្ពុជាបានកាត់ទោសព្រះអង្គកំបាំងមុខក្នុងឆ្នាំ២០២០ និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២០ ខែ ពីបទញុះញង់។
ព្រះសង្ឃដែលបានផ្ដួចផ្ដើមកសាងវត្តអារាមមួយនៅក្នុងរដ្ឋ Massachusetts បន្ទាប់ពីនិរទេសព្រះកាយរូបនេះ មានថេរដីកាថា ព្រះអង្គមិនខ្លាចការបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញនោះទេ ទោះបីជាក្រុមសិទ្ធិមនុស្សយល់ថា ព្រះអង្គអាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Activist Monk But Buntenh Released on Bail From US Immigration Detention









