ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។
អង្គការសង្គមស៊ីវិលបានជំរុញឱ្យក្រសួងមហាផ្ទៃបន្តស៊ើបអង្កេតឱ្យបានស៊ីជម្រៅ និងកំណត់អ្នកទទួលខុសត្រូវ បន្ទាប់ពីរកឃើញឈ្មោះមន្ត្រីស្ទួន ឬមន្ត្រីខ្មោចជាង ២ ២០០នាក់ ក្នុងក្របខណ្ឌក្រសួង ដោយលើកឡើងថា ករណីនេះបង្កើនក្តីបារម្ភអំពីការគ្រប់គ្រងថវិកាជាតិ អភិបាលកិច្ច និងគណនេយ្យភាពក្នុងស្ថាប័នរដ្ឋ។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានលើកឡើងថា ប្រសិនបើការរកឃើញនេះបញ្ជាក់ថា មន្ត្រីមានឈ្មោះស្ទួនក្នុងបញ្ជីដើម្បីបើកប្រាក់ខែពីរដ្ឋមែន នោះវាជាការខ្ជះខ្ជាយ និងបំផ្លាញថវិកាជាតិ ដែលបានមកពីញើសឈាមរបស់ប្រជាពលរដ្ឋ។
លោកបានសង្កត់ធ្ងន់ថា ការរកឃើញភាពមិនប្រក្រតីតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ ដោយក្រសួងត្រូវស្វែងរកអ្នកទទួលខុសត្រូវ និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យស៊ើបអង្កេតឱ្យបានល្អិតល្អន់។
លោក នី សុខា បន្ថែមថា៖ «ការរកឃើញនេះវាជារឿងមួយ ប៉ុន្តែរឿងទីពីរ គឺក្រសួងត្រូវតែមានចំណាត់ការឱ្យបានច្បាស់លាស់ ហើយត្រូវរកឱ្យឃើញអ្នកទទួលខុសត្រូវ ដើម្បីយកមកដាក់ទោសទណ្ឌឱ្យបានត្រឹមត្រូវ»។
ជាមួយគ្នានេះ លោក សេង សុវឌ្ឍនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ប្រសិនបើការរកឃើញនេះជាការពិត វានឹងបង្ហាញពីបញ្ហាអភិបាលកិច្ច និងគណនេយ្យភាព ក្នុងការគ្រប់គ្រងធនធានសាធារណៈ ដែលតម្រូវឱ្យមានការត្រួតពិនិត្យ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់។
លោកបានបញ្ជាក់ថា ទោះបីក្រសួង និងស្ថាប័នរដ្ឋមួយចំនួនបានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានការងារ រួមទាំងប្រព័ន្ធស្កេនក្រយៅដៃអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ការរកឃើញបញ្ហានេះបង្ហាញពីភាពចាំបាច់ក្នុងការពិនិត្យឡើងវិញនូវប្រសិទ្ធភាពនៃយន្តការត្រួតពិនិត្យដែលមានស្រាប់។
លោក សេង សុវឌ្ឍនា លើកឡើងថា៖ «ការរកឃើញបញ្ហានេះ វាបង្ហាញពីភាពចាំបាច់មួយ នៅក្នុងការត្រួតពិនិត្យឡើងវិញនូវប្រសិទ្ធភាពនៃយន្តការត្រួតពិនិត្យ និងអនុវត្តវិធានការបង្ការ ឱ្យកាន់តែមានភាពប្រសើរឡើង»។
លោកបានបន្ថែមថា អាជ្ញាធរគួរចាត់វិធានការតាមផ្លូវច្បាប់ និងរដ្ឋបាលចំពោះអ្នកពាក់ព័ន្ធ ប្រសិនបើរកឃើញថាមានកំហុស ព្រមទាំងពង្រឹងប្រព័ន្ធតាមដានវត្តមាន ការគ្រប់គ្រងធនធានមនុស្ស និងយន្តការគណនេយ្យភាព ដើម្បីទប់ស្កាត់បញ្ហាស្រដៀងគ្នានេះកើតឡើងនាពេលអនាគត។
ទាក់ទងនឹងបញ្ហានេះ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីបើកយុទ្ធនាការធ្វើជំរឿនមន្ត្រីនគរបាលជាតិ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ថា ក្រសួងបានរកឃើញឈ្មោះមន្ត្រីស្ទួនជាង ២ ២០០នាក់ ដែលជាចំនួនដ៏ច្រើន និងពិបាកទទួលយក។ ទោះជាយ៉ាងណា លោកថា ក្រសួងមិនទាន់កំណត់បានច្បាស់នៅឡើយទេថា ភាពមិនប្រក្រតីទាំងនេះមានប្រភពមកពីណា។
លោក ស សុខា បានបន្តថា យុទ្ធនាការជំរឿននេះមានគោលបំណងផ្ទៀងផ្ទាត់ចំនួនមន្ត្រីជាក់ស្ដែង វាយតម្លៃតម្រូវការកម្លាំង និងសមត្ថភាពមន្ត្រី ព្រមទាំងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងកាត់បន្ថយការចំណាយថវិកាជាតិដែលមិនចាំបាច់។
ក្នុងឱកាសនោះ លោកបានដាក់ចេញទិសដៅសំខាន់ចំនួន៦ រួមមាន ការស្វែងយល់ពីចំនួនកម្លាំងដែលមានស្រាប់ ការកំណត់តម្រូវការកម្លាំងជាក់ស្ដែង ការវាយតម្លៃសមត្ថភាពមន្ត្រី ការពង្រឹងការគ្រប់គ្រងរដ្ឋបាល ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងការប្រើប្រាស់លទ្ធផលជំរឿនជាមូលដ្ឋានសម្រាប់ការសម្រេចចិត្ត។
លោក សេង ផល្លី អគ្គនាយកអគ្គនាយកដ្ឋានធនធានមនុស្ស ការធ្វើជំរឿនដំណាក់កាលដំបូងនេះគ្របដណ្ដប់លើអគ្គនាយកដ្ឋានចំនួន៣ ចំណុះក្រសួងមហាផ្ទៃ រួមមាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ។ យោងតាមហ្វេសប៊ុកផេករបស់ ទទក ដែលដកស្រង់ចេញពីរបាយការណ៍។
លោក សេង ផល្លី បានឱ្យដឹងថា ដំណើរការជំរឿនត្រូវបានរៀបចំជាបីជំហាន ដើម្បីធានាភាពត្រឹមត្រូវនៃការប្រមូលទិន្នន័យ។ ជំហានដំបូង មន្ត្រីនគរបាលត្រូវបង្ហាញខ្លួនចំពោះមន្ត្រីបច្ចេកវិទ្យា ដើម្បីថតរូប ផ្ដិតមេដៃស្ដាំ និងចុះហត្ថលេខាលើប្រព័ន្ធ Dashboard សម្រាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យ។
ជំហានបន្ទាប់ មន្ត្រីត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួននៅលើវិញ្ញាបនបត្រជំរឿនមន្ត្រីនគរបាលជាតិលើកទី៤ រួចផ្ដិតមេដៃ និងសរសេរឈ្មោះលើវិញ្ញាបនបត្រ ព្រមទាំងផ្ដិតមេដៃក្នុងសៀវភៅបិទរូបថត។ ចំណែកជំហានចុងក្រោយ គឺការចុះហត្ថលេខាលើបញ្ជីវត្តមានជាមួយមន្ត្រីលេខាធិការដ្ឋាន។
បន្ទាប់ពីបញ្ចប់ការជំរឿននៅអគ្គនាយកដ្ឋានទាំង៣ ក្រុមការងារជំនាញនឹងបន្តអនុវត្តនៅតាមអង្គភាពផ្សេងៗទៀតក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ មុនពង្រីកទៅដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥។
សារព័ត៌មានខេមបូចា មិនទាន់ទទួលបានចម្លើយពីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ នៅឡើយទេ បើគិតត្រឹមម៉ោងចេញផ្សាយនេះ៕










