សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

លោក ដូណាល់ ត្រាំ សង្ឃឹមថា កម្ពុជា-ថៃ នៅតែបន្តប្តេជ្ញាចិត្តរក្សាបទឈប់បាញ់ឱ្យបានគង់វង្ស 

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមធ្វើជាសាក្សីពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ (ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមធ្វើជាសាក្សីពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ (ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)

ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០២៥។ លោកបានលើកឡើងដូច្នេះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ 

លោកមានប្រសាសន៍ថា បទឈប់បាញ់មួយនេះ បានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ ឬអាចនិយាយបានថាច្រើនជាងនេះទៅទៀត ហើយជាលទ្ធផល ប្រជាពលរដ្ឋជាច្រើនដែលត្រូវបង្ខំចិត្តចាកចេញពីលំនៅឋានរបស់ខ្លួន បានអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាន។

ទន្ទឹមនឹងនេះ លោកសង្ឃឹមថា កម្ពុជា-ថៃនៅតែបន្តប្តេជ្ញាចិត្តរក្សាបទឈប់បាញ់នោះឱ្យបានគង់វង្ស ព្រមទាំងធានាឱ្យមានការអនុវត្តកិច្ចព្រមព្រៀងនេះយ៉ាងពេញលេញ និងស្មោះត្រង់ ហើយលោកជឿជាក់ថា ស្ថានភាពនឹងបន្តដំណើរការទៅមុខយ៉ាងល្អប្រសើរ។

ជុំវិញបញ្ហានេះ កម្ពុជាបន្តលើកឡើងពីការឈ្លានពានរបស់ភាគីថៃនៅកិច្ចប្រជុំអាស៊ាន និងអន្តរជាតិនានា ខណៈភាគីថៃបដិសេធពីការឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យ​របស់កម្ពុជា។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលប្រទេសនិងរដ្ឋចំនួន៨១ បានចូលរួម លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរម្លឹកពីការប៉ះទង្គិចដោយអាវុធបានកើតឡើង២លើកក្នុងឆ្នាំ២០២៥ រវាងកម្ពុជានិងថៃ ដែលកម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ ហើយផ្នែកខ្លះនៃដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។ 

លោកនាយករដ្ឋមន្ត្រីបន្តថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញនៅឡើយ។ 

ទន្ទឹមនឹងនេះ បើយោងទៅតាមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា  ក្នុងជំនួបប្រមុខដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន(AIPA) លើកទី១៥ ក្នុងប្រទេសហ្វីលីពីន លោក ហង់ ជួនណារ៉ុន តំណាងលោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានសង្កត់ធ្ងន់ក្នុងបទអន្តរាគមន៍លើការអនុញ្ញាតឱ្យជនភៀសសឹកអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ដោយគ្មានការពន្យារពេលតទៅទៀត។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ និងបានអនុម័តសេចក្ដីសម្រេចស្ដីពី «ស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី» ដែលមានខ្លឹមសារសរុប៨៤ចំណុច គ្របដណ្ដប់លើបណ្ដាប្រទេស និងតំបន់សំខាន់ៗជុំវិញពិភពលោក ក្នុងនោះក៏មានបញ្ហាព្រំដែនកម្ពុជា-ថៃ ដែរ។

សេចក្ដីសម្រេចនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វីនីលើកទី២០ បានសម្ដែងការព្រួយបារម្ភចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់អះអាងសាជាថ្មីអំពីការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា។

សេចក្ដីសម្រេចបានសម្ដែងការសោកស្ដាយចំពោះទុក្ខវេទនារបស់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំ ជាពិសេសប្រជាជនកម្ពុជា ដោយអំពាវនាវឱ្យធានាការការពារប្រជាជនស៊ីវិល ការផ្ដល់ជំនួយមនុស្សធម៌ដោយគ្មានការរារាំង និងត្រូវលុបបំបាត់ឧបសគ្គ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យពួកគេអាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញប្រកប​ដោយ​សុវត្ថិភាព ដោយស្ម័គ្រចិត្ត និងយូរអង្វែង។

សេចក្ដីសម្រេចបានគូសបញ្ជាក់ថា «រាល់វិវាទព្រំដែនត្រូវតែដោះស្រាយដោយមធ្យោបាយសន្តិវិធីតែមួយមុខប៉ុណ្ណោះ ស្របតាមច្បាប់អន្តរជាតិ ហើយមិនអាចមានការផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនណាមួយតាមរយៈការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពជាក់ស្ដែងនៅលើដី (Faits Accomplis) នោះឡើយ»។

បន្ថែមពីនេះ ឆ្លើយតបទៅនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជាក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងតំណាងកម្ពុជានៅទីក្រុងម៉ានីល លោកនាយករដ្ឋមន្រ្តីថៃ អនុទីន ឆាន់វីរ៉ាគុល បានបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថ្មីៗនេះថា ប្រទេសថៃ តែងតែគោរពកិច្ចព្រមព្រៀងទ្វេភាគី និងច្បាប់អន្តរជាតិ។

លោកបន្តថា សកម្មភាពរបស់ថៃកន្លងមក គឺដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជនថៃ ហើយលើសពីនេះ លោកបន្ថែមថា ថៃនឹងមិនយកជម្លោះទ្វេភាគី ជាពិសេសបញ្ហាទឹកដី និងមនុស្សធម៌ ទៅពិភាក្សាជាមួយភាគីទីបីដែលមិនពាក់ព័ន្ធឡើយ។ 

ភាគីថៃបានចោទប្រកាន់កម្ពុជាថា កម្ពុជាបានយកកិច្ចប្រជុំអន្តរជាតិជាវេទិកាផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជម្លោះព្រំដែន។ នេះបើយោងទៅតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសថៃដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកានេះ។ 

នៅក្នុងសេចក្ដីថ្លែរការណ៍ដែលមានចំនួន ៩ចំនុចនេះ ភាគីថៃបានចោទកម្ពុជាថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជាបានយកកិច្ចប្រជុំនេះបង្ខូចកេរ្តិ៍ឈ្មោះរបស់ថៃ និងផ្សាយព័ត៌មានមិនពិត តាមរយៈសុន្ទរកថារបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក្នុងពិធីតាំងពិព័រណ៍រូបភាពនៅទីតាំងប្រជុំ និងការដាក់តាំងស្នាដៃសិល្បៈនៅក្នុង «ភូមិហ្វ្រង់កូហ្វូនី»។

ក្រសួងការបរទេសថៃក៏បានច្រានចោលការចោទប្រកាន់របស់កម្ពុជា ជុំវិញការកាន់កាប់ដី និងធ្វើឱ្យពលរដ្ឋកម្ពុជា ២០ ០០០ នាក់មិនបានត្រឡប់ទៅផ្ទះវិញ ដោយចាត់ទុកថាជាព័ត៌មានមិនពិត។

បន្ថែមពីនេះ ភាគីថៃបានចោទកម្ពុជាថា កម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំ មិនបានអនុញ្ញាតឱ្យភាគីថៃឆ្លើយតបនៅក្នុងកិច្ចប្រជុំនោះទេ ដោយតម្រូវឱ្យដាក់ជូនបានត្រឹមតែសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរប៉ុណ្ណោះ។

លោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់សារព័ត៌មានខេមបូចាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ថា កម្ពុជាមិនហាមមិនឱ្យភាគីថៃក្នុងកិច្ចប្រជុំកំពូលនោះទេ ប៉ុន្តែអ្នកសង្កេតការណ៍ថៃនោះទេ ដែលមិនព្រមថ្លែងការណ៍ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

សារពិសេសរបស់ប្រធានព្រឹទ្ធសភាកម្ពុជា តាមរយៈលោក ជា ធីរិទ្ធ អ្នកនាំពាក្យ ឆ្លើយតបនឹងការលើកឡើងរបស់ភាគីថៃដែលឱ្យកម្ពុជាឈប់យកបញ្ហាជម្លោះព្រំដែនថ្លែងក្នុងវេទិកាអន្តរជាតិ។ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន មានប្រសាសន៍ថា​ ថៃត្រូវតែអនុវត្តនូវកិច្ចព្រមព្រៀងឱ្យបាន​ពេញលេញ ប្រសិនបើថៃចង់ឱ្យកម្ពុជាឈប់លើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃទៅក្នុងវេទិកាអន្តរជាតិ​។

លោក ហ៊ុន សែន បានបញ្ជាក់តាមរយៈអ្នកនាំពាក្យថា៖ «ប្រសិនបើថៃចង់ឱ្យកម្ពុជាឈប់លើកយកនូវបញ្ហាជម្លោះព្រំដែនកម្ពុជាថៃទៅក្នុងវេទិកាអន្តរជាតិ ថៃត្រូវតែ​អនុវត្ត​នូវកិច្ចព្រមព្រៀង​​ឱ្យបានពេញលេញ ជាពិសេសគឺការចាប់ផ្ដើមនូវដំណើរការនូវការវាស់វែងលើដីជាក់ស្ដែងដែលមានចែងឡើងច្បាស់នៅក្នុង​កិច្ចព្រមព្រៀងដែលបានដែលបានធ្វើកាលពីខែធ្នូ ឆ្នាំ២០២៥»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម