សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជាបដិសេធដាច់អហង្ការចំពោះការ​ចុះ​បញ្ជី​ប្រាសាទខ្នារ និងប្រាសាទតាក្របី​របស់កម្ពុជា​ចូល​ក្នុង​បេតិ​កភណ្ឌជាតិថៃ

ប្រាសាទខ្នារ ស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី ដែលផុសនៅថ្ងៃទី២៥ ខែតុលា​​ ឆ្នាំ២០២៦។ (ផេករបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)
ប្រាសាទខ្នារ ស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី ដែលផុសនៅថ្ងៃទី២៥ ខែតុលា​​ ឆ្នាំ២០២៦។ (ផេករបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)

កម្ពុជា​បាន​បដិសេធយ៉ាងដាច់អហង្ការ ​ចំពោះ​ការ​សម្រេច​ចុះបញ្ជីប្រា​សាទខ្នារ និងប្រាសាទតាក្របី​ ​​​ចូលជាបេតិកភណ្ឌជាតិថៃ និង​បាន​ទាមទារ​ឱ្យ​ប្រទេស​ជាប់​របងមួយនេះ​ គោរពឱ្យ​បាន​ពេញលេញនូវអធិបតេយ្យភាព បូរណភាពទឹកដី និងបេតិ​ក​ភណ្ឌវប្បធម៌របស់កម្ពុជា ថែម​ទាំងប្រគល់ត្រឡប់មកវិញ នូវវត្ថុបុរាណដែលត្រូវបានយកចេញពីប្រាសាទ​ខ្នារ។

កម្ពុជា​បញ្ជាក់ថា ប្រាសាទខ្នារ និង​ប្រាសាទតាក្របី រួមទាំងប្រាសាទមួយចំនួនទៀត ដែលស្ថិត​នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ហើយដែលកំពុងគ្រប់គ្រងខុសច្បាប់ដោយយោធាថៃ គឺជាប្រាសាទដែលត្រូវបានកសាងឡើងដោយបុព្វបុរសខ្មែរ។

ប្រាសាទបុរាណទាំងនេះមានទីតាំងស្ថិតនៅក្នុងទឹកដីនៃប្រទេសកម្ពុជា អនុលោមតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ ដែលជាលទ្ធផលនៃការងារខណ្ឌ​សីមា​របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ហើយដែលភាគីថៃតែងទទួលស្គាល់ និងអនុវត្តជាបន្ដបន្ទាប់ដូចមានភស្ដុតាងបញ្ជាក់នៅក្នុង TOR ឆ្នាំ២០០៣ និងឯកសារកំណត់ហេតុបច្ចេកទេសនានា ដែលបានឯកភាពគ្នានាពេលកន្លងមក។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​​ចេញ​​នៅល្ងាច​​ថ្ងៃទី​២៧​តុលានេះ។​

ការ​ចេញ​មក​បដិសេធ​យ៉ាងដាច់​អហង្កការ​របស់​កម្ពុជា​នេះ ​ធ្វើ​ឡើង​បន្ទាប់ពី​ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លោ​ក​ស្រី​ Sabeeda Thaised អះអាង​កាលពីថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០២៦ ​ថា​ ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅក្នុងទឹកដីថៃ ហើយ​ថៃបានចុះ​បញ្ជី​ប្រាសាទទាំងពីរ​នេះ​នៅក្នុងបញ្ជីបេតិកភណ្ឌជាតិថៃ​ ព្រមទាំងបានចាត់វិធានការរដ្ឋបាលនានា ដើម្បីគ្រប់គ្រងថែរក្សា និងអភិរក្សតាមរយៈច្បាប់ជាតិផ្ទៃក្នុងរបស់​ថៃ​ថែមទៀត​ផង​​។

ជាមួយគ្នា​នេះ​ ភាគីថៃក៏​បាន​បដិសេធមិនព្រមប្រគល់វត្ថុសិល្បៈដែលបានយកចេញជាឯកតោភាគីពីតំបន់ប្រាសាទ​របស់កម្ពុជា​​ទាំងនេះ​ ​តាម​សំណើរ​របស់កម្ពុជា​ផងដែរ។ នេះ​បើ​យោងតាម​​សារព័ត៌មាន Khaosod English របស់ថៃ ចេញ​ផ្សាយ​កាលពីថ្ងៃទី២៥ ខែតុលា។

ក្រសួងវប្បធម៌​កម្ពុជា​ ​បាន​បដិសេធយ៉ាងដាច់អហង្ការ នូវការអះអាងដោយគ្មានមូលដ្ឋាន និងពុំស្របតាមច្បាប់អន្តរជាតិ​របស់​ភាគីថៃនេះ ដោយ​បាន​បញ្ជាក់​ថា​ សុពលភាពនៃផែនទីមាត្រដ្ឋាន ១/២០០ ០០០ ​ត្រូវបានបញ្ជាក់ និងទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ កាលពីឆ្នាំ១៩៦២ និងឆ្នាំ២០១៣ដែលភាគីថៃទទួលបរាជ័យក្នុងការជំទាស់ប្រសិទ្ធភាពនៃផែនទីនេះ​។

សូមបញ្ជាក់ថា​ បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់ភាគីថៃមកលើ​ដែនដី​កម្ពុជានៅតាមបណ្ដោយព្រំដែន​ចំនួន​ ២លើក​ កាលពីឆ្នាំ២០២៥កន្លងមក ភាគីថៃបានប្រកាសមិនទទួលស្គាល់សុពលភាពនៃផែនទី មាត្រដ្ឋាន ១:២០០ ០០០ នេះ​ឡើយ​។

ប៉ុន្តែ​យ៉ាងណាក្តី កម្ពុជា​បាន​បញ្ជាក់ថា ប្រសិនបើពិនិត្យមើលលើផែនទីខុសច្បាប់ គូសជាឯក​តោភាគី ពីសំណាក់យោធាថៃ ដែលគ្មាន​តម្លៃគតិយុត្តក្រោមច្បាប់អន្តរជាតិ ផ្ទុយនឹងស្មារតីនៃសាលដីកាទាំងពីររបស់តុលាការ ICJ ហើយដែលភាគីកម្ពុជាតែងជំទាស់ប្រឆាំងនឹងផែនទី ស៊េរី​ L7017 ជាផែនទីខុសច្បាប់ក៏ដោយ ក៏ផែនទីនេះបានគូសប្រាសាទទាំងនេះដាក់ក្នុងដីកម្ពុជា​​ផងដែរ​។ នេះជាភស្ដុតាងដែលថៃខ្លួនឯងមិនអាចប្រកែកបាន។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​វប្បធម៌ បាន​ចាត់​ទុក​ការសម្រេច​របស់ថៃ ថា​ជាសកម្មភាពដែលមានចេតនាបង្កើតអង្គហេតុ សម្រេចលើដីជាក់ស្ដែង (Fait accompli) ហើយបើយោងតាមច្បាប់អន្តរជាតិ សកម្ម​ភាពទាំងនេះ មិនអាចបង្កើតបានជាការគ្រប់គ្រងស្របច្បាប់នោះទេ និង​ក៏មិនអាចនាំទៅដល់ការបង្កើតបាននូវសិទ្ធិមិនអាចបំពានបាននោះដែរ។

សកម្មភាពទាំងនេះ រឹតតែមិនអាចកែប្រែបូរណភាពនិងអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា​​នោះទេ ដោយអនុលោមតាមគោលការណ៍ខ្សែបន្ទាត់ព្រំដែនមិនកែប្រែ (uti possidetis juris) ផែនទីព្រំដែនជាប្រវត្តិសាស្ត្រ សន្ធិសញ្ញានានា និងការព្រមព្រៀងនាពេលកន្លងមក។

បន្ថែមពីនេះ​ក្រសួង​វប្បធម៌​បាន​ចាត់ទុក​ សកម្មភាពប្រមូលវត្ថុសិល្បៈ ដែលស្ថិតនៅក្នុងទីតាំងនៃតំបន់ប្រាសាទ ដែលកំពុងកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ និងដោយគ្មានការឯកភាពពីភាគីកម្ពុជា ​ថា​ជាការរំលោភបទដ្ឋានគតិយុត្តអន្តរជាតិជាធរមាន ជាអាទិកាតព្វ​កិច្ច​របស់រដ្ឋភាគី ស្ដីពីការហាមឃាត់នៃការប្រមូលវត្ថុសិល្បៈទោះស្ថិតនៅក្នុងទម្រង់ណាក៏ដោយចេញពីដែនដីនៃរដ្ឋអធិបតេយ្យមួយ ឬចេញពីតំបន់គ្រប់គ្រងខុសច្បាប់អនុលោមតាមអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងអនុសញ្ញាឆ្នាំ១៩៧២ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានារបស់អង្គការយូណេស្កូ ពាក់ព័ន្ធនឹងការអភិរក្សវត្ថុសិល្បៈ និងតំបន់ប្រាសាទ។

ជាងនេះទៀត កម្ពុជា​ បាន​ចាត់ទុកសកម្មភាពខុសច្បាប់​របស់ភាគីថៃ​ថា ជាសកម្មភាពដែលមានចេតនាកែប្រែបរិស្ថានព្រំដែន បំបាត់វត្ថុតាងបច្ចេក​ទេស និងធ្វើឱ្យខូចទ្រង់ទ្រាយដើមនៃតំបន់ព្រំដែន។ មិន​ត្រឹម​តែប៉ុណ្ណោះ​ សកម្មភាព​របស់​ភាគីថៃ​ គឺខុសទាំងស្រុងទៅនឹងប្រការ៥ នៃ MOU ឆ្នាំ២០០០ ដែល​មានតែយន្តការគណៈកម្មការ JBC មួយប៉ុណ្ណោះ ដែលមានអាណត្តិនៅក្នុងការធ្វើសកម្មភាពនានាដើម្បីបម្រើដល់ការវាស់វែង និងខណ្ឌសីមាលើដីជាក់ស្ដែង។

លើសពីនេះ កម្ពុជា​បាន​ចាត់​ទុក​សកម្មភាពនេះ​ថា ជាការ​បង្កភាពតានតឹងនៅតាមបណ្ដោយព្រំដែន ដែលផ្ទុយនឹងការព្រមព្រៀង និងការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរនាពេលកន្លងមក ដើម្បីកសាងនិងស្ដារទំនុកចិត្តឡើងវិញ អនុលោមតាមសេចក្ដីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការព្រមព្រៀងនានារបស់ភាគីទាំងពីរនាពេលកន្លងមក។

ក្នុងន័យនេះ កម្ពុជា មានការសោកស្ដាយយ៉ាងខ្លាំងដែលក្រសួងវប្បធម៌ថៃ បានបង្កហេតុនានាម្ដងហើយម្ដងទៀតដែលនាំឱ្យប៉ះពាល់ដល់ទំនុកចិត្ត គោលការណ៍​នៃភាពជាអ្នកជិតខាងល្អ គោលការណ៍អធិបតេយ្យ ដើម្បីឈានឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងរបស់ភាគីទាំងពីរ ដែលជាមូលដ្ឋានដ៏មានសារៈសំខាន់សម្រាប់ប្រយោជន៍របស់ប្រជាជនប្រទេស​ទាំងពីរ។

លិខិតរបស់ក្រសួងវប្បធម៌បញ្ជាក់ថា៖ «កម្ពុជា​ទាមទារជាដាច់ខាត ឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពទាំងឡាយដែលគ្មានការអនុញ្ញាតពីកម្ពុជា និងគោរពឱ្យបានពេញលេញនូវអធិបតេយ្យភាព បូរណភាពទឹកដី និងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា»។

ប្រជាពលរដ្ឋខ្មែររាបានអញ្ជើញមកពីខេត្តបន្ទាយមានជ័យ ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញបានទៅទស្សនាប្រាសាទតាក្របី ដែល ទទក ចុះផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។  

កម្ពុជាក៏​ជំរុញឱ្យប្រទេសថៃចាប់ផ្តើមឡើងវិញនូវការងាររបស់គណៈកម្មការចម្រុះព្រំដែន (JBC) ដោយឈប់ពន្យារពេល និងដោះស្រាយរាល់បញ្ហាព្រំដែនដែលនៅសេសសល់ដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងទ្វេ​ភាគី​ដែលពាក់ព័ន្ធ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយវិវាទដោយសន្តិវិធី និងការការពារបេតិកភណ្ឌវប្បធម៌ ដើម្បីបន្សល់ទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។

សូម​បញ្ជាក់ថា នៅក្នុង​ខួប ១ឆ្នាំ នៃការចុះ​ហត្ថលេខាលើ​សេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡំពួរ រវាងកម្ពុជានិងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ) កាលពី​ថ្ងៃ​ទី ២៦ តុលា លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​​បាន​សរសេរ​លើ​​ហ្វេសប៊ុក​​របស់​លោកថា កម្ពុជានៅ​តែគោរពស្មារតី នៃសេចក្តីថ្លែងការណ៍​រួម ទីក្រុងកូឡាឡាំពួរ និងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ។

លោកបន្ថែមថា កម្ពុជា​ចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និង​ទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណតិ្តការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនកម្ពុជាថៃ​តាមសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចីរភាព។

លោក​ស៊ុំ ម៉ាប់ ​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ ​បាន​ថ្លែងថា ប្រាសាទខ្នារ​ត្រូវ​បាន​ចុះ​បញ្ជី​សារពើ​ភណ្ឌ​​ថ្នាក់​ជាតិ និងថ្នាក់​ខេត្ត ថែមទាំង​​​ត្រូវ​បាន​ថែ​ទាំ​និង​​អភិរក្ស​​ជាប្រចាំ។ បន្ថែមពីនេះ មន្ត្រី​ជំនាញ​​​របស់កម្ពុជា​ក៏បាន​ធ្វើការ​កត់ត្រា​វត្ថុសិល្បៈ​ដែល​នៅ​រាយប៉ាយទៅក្នុង​បញ្ជី​សារពើភណ្ឌ​វត្ថុសិល្បៈ​របស់​ប្រាសាទនេះ​ផងដែរ។

លោក​បាន​រំលឹកថា នៅក្នុង​ឆ្នាំ​​២០១៧ លោក​ទេសរដ្ឋមន្ត្រី គន់ គីម ​បាន​ដឹកនាំការសាងសង់​ជណ្តើរ​ឈើ​ប្រវែង​ ៣២៥ម៉ែត្រ​ដែល​មាន​ ១១៨១កាំឡើង​ប្រាសាទ​ខ្នារ ​​ដើម្បី​គាំទ្រ​ដល់​ការ​អភិក្ស​និង​ការ​ថែរក្សា​ប្រាសាទ​ផង ​និង​ក៏ដើម្បី​ឱ្យ​ប្រជាពល​រដ្ឋមានការ​ងាយ​ស្រួល​ក្នុងការ​ចូល​ទៅទស្សនា​ប្រាសាទ​ផងដែរ។ ប៉ុន្តែ​លោក​ថា ជាអកុសល​នាពេល​ថ្មីៗ​នេះ​យោធាថៃ​បាន​ដុត​បំផ្លាញ​ស្ពាន​ដែល​កម្ពុជា​ខិត​ខំ​សាងសង់​នេះ​អស់​មួយ​ផ្នែក​ខាងលើ​។

លោក​បញ្ជាក់​ថា៖ «គិត​មក​ទល់​ខែធ្នូ​ឆ្នាំ​២០២៥ ខ្ញុំ​ជឿថា សូម្បី​ប្រជាជន​ថៃនៅ​សុរិន្ទនឹង​មិន​ដែល​​ដឹងថា​ មាន​ប្រាសាទខ្នារ​ផង ​​ពីព្រោះ​នៅពេល​ដែល​មានការ​ប៉ះទង្គិច​មាន​ចរន្តមួយ​រុញឱ្យ​ខាងយោធាថៃហ្នឹង ​វាយ​ដណ្តើម​យក​ប្រាសាទខ្នារហ្នឹង​។ ​តាមខ្ញុំនៅ​ចាំបណ្តាញ​សារ​ព័ត៌មាន​ថៃខ្លួន​ឯង​បំផុសឱ្យ​មាន​ចលនាហ្នឹង»។

លោក​បាន​ថ្លែង​ទៀតថា បច្ចុប្បន្ន​ប្រាសាទខ្នារ​ត្រូវបាន​គ្រប់គ្រងដោយ​យោធាថៃ​តាម​រយៈ​ការ​ប្រើ​ប្រាស់កម្លាំង​​ដោយ​ខុស​ច្បាប់ហើយ​ដែល​កម្ពុជា​​បាន​ធ្វើការ​តវ៉ា​ជាប្រចាំចំពោះ​សកម្ម​ភាព​នានា​​របស់​ថៃ។ «មិន​ត្រឹម​តែការ​កាន់​កាប់​ខុសច្បាប់​ ការរៀបចំជាពិធី​ផ្សេងៗក្រោមការ​ជួបជុំ​បែបសាសនា ​ការរៀប​ចំទស្សនកិច្ចដោយ​​រួម​ទាំង​ថ្នាក់​ដឹកនាំ រដ្ឋមន្ត្រីវប្បធម៌​របស់​ថៃ​ រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​​ គម្រោង​លក់​សំបុត្រ​ចូល​ទស្សនា​ និងការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ​​សុទ្ធ​តែជាអំពើ​ខុសច្បាប់​ទាំងអស់​ដែល​យើង​ប្រឆាំងដាច់ខាត​មិន​អាច​ទទួល​យក​បានទេ»។

ចំណែក​លោក ​អ៊ិត សុត្ថា​ រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​​ដែល​ជាអ្នក​ជំនាញ​​កិច្ចការព្រំដែន ​បាន​ថ្លែង​កាលពីពេល​ថ្មីៗនេះថា ព្រំដែន​កម្ពុជា​ថៃ ​ជាព្រំដែន​អន្តរ​ជាតិ​ដែល​ត្រូវ​បាន​កំណត់​រួច​មក​ហើយ ដោយ​អាណានិគម​បារាំង កាលពីដើម​សតវត្សរ៍ទី​២០​តាម​រយៈ​ការខណ្ឌសីមា​ និង​បោះ​បង្គោល​ព្រំដែន​ចំនួន​ ៧៤​ទាំងនៅ​លើ​ឯក​សារ​​ រួម​មាន​អនុសញ្ញា​ សន្ធិសញ្ញា ផែនទី​កំណត់​ហេតុ​បោះ​បង្គោល​និង​ឯក​សារពាក់​ព័ន្ធ​នានា។

លោក​បញ្ជាក់​ថា៖ «ប្រាសាទខ្នារ​ជារបស់កម្ពុជា​ស្ថិតក្នុង​បូរណភាពទឹកដី​និង​អធិបតេយ្យ​កម្ពុជា​ពីព្រោះ​ថា​ បើ​យើង​ផ្អែកលើ​ផែនទី​មាត្រដ្ឋាន ១:២០០ ០០០ដែល​ជាលទ្ធផល​ការងារ​របស់​គណៈ​កម្មការខណ្ឌសីមា​កំណត់​ព្រំដែន​ឥណ្ឌូចិន​សៀម​នៅក្នុង​ផ្ទាំង​ផែនទី​ Sector5​បាន​បង្ហាញ​យ៉ាងច្បាស់ថា ប្រាសាទខ្នារ​ស្ថិតក្នុង​ទឹកដីកម្ពុជា»។

ទាហាន​វ័យ​ចំណាស់ម្នាក់​បាន​ប្រាប់អ្នក​សារព័ត៌មាន​ក្នុង​ស្រុកកាល​ពីមុន​ការផ្ទុះ​សង្គ្រាម​ក្នុង​ខែកក្កដា​ឆ្នាំ​២០២៥​​ថា លោក​បាន​មក​ឈរជើង​នៅ​តំបន់​ប្រាសាទ​ខ្នារ ​និង​ចល័តចុះ​ឡើង​ទៅ​ប្រាសាទ​តាក្របី​ ​ក្នុង​ខេត្ត​ឧត្តរមាន​ជ័យ​នេះ ចាប់តាំងពីអំឡុង​ឆ្នាំ២០០៨​មក​។ លោក​បញ្ជាក់ថា​៖ «​ប្រាសាទខ្នារ​ ប្រាសាទ​តាក្របី​ ប្រាសាទ​តាមាន់​ធំអីហ្នឹង​គឺ​នៅ​លើ​ភ្នំដងរែក រាង​​ជិតៗគ្នា​ដែរទេ​។ ប្រជាពល​រដ្ឋខ្មែរ​តែង​តែមក​លេង​ប្រាសាទទាំងនេះ​ជាហូរហែ​​ពីព្រោះ​ជាប្រាសាទខ្មែរ ស្ថិតនៅក្នុង​ទឹកដីខ្មែរ​យើង»។

ប្រាសាទខ្នារ ត្រូវបានកសាងឡើងក្នុងសម័យអង្គរ (សតវត្សរ៍ទី១០) ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤។ ប្រាសាទដែល​សាងសង់អំពីថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ បច្ចុប្បន្ន​នៅ​សល់​តែគ្រឹះ​និង​ជញ្ជាំងមួយ​ចំនួន​នេះ មានទីតាំងស្ថិតនៅតាមបណ្តោយខ្នងភ្នំដងរែក ព្រំដែនខ្មែរ-សៀម ត្រង់ភូមិសាស្រ្ត ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជាប់ព្រំប្រទល់ជាមួយស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសសៀម។

ចំណែក​ប្រាសាទតាក្របី ជាស្ថាបត្យកម្មបុរាណខ្មែរមួយទៀតលើជួរភ្នំដងរែក កសាងឡើង​អំឡុងសតវត្សទី១១ ដល់ទី១៣ ក្នុងរាជព្រះបាទស្រីសូរ្យវរ្ម័នទី១ និងព្រះបាទស្រីឧទ័យទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រះឥសូរដូចគ្នានឹងប្រាសាទផ្សេងទៀតលើជួរភ្នំដងរែកដែរ។ ប្រាសាទនេះ ស្ថិតក្បែរព្រំប្រទល់កម្ពុជា-ថៃ ក្នុងភូមិសែនមនោរម្យ១ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម