គណបក្សកម្លាំងជាតិបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែតុលានេះថា គណបក្សមិនទាន់ទទួលបានញត្តិផ្លូវការណាមួយពីសហភាពអង្គការសង្គមស៊ីវិលដែលស្នើសុំបក្សរបស់ខ្លួនផ្ដាច់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង នៅឡើយ។
ក្រុមសហភាពអង្គការសង្គមស៊ីវិលបានប្រមូលគ្នាប្រមាណ២០នាក់ទៅដាក់ញត្តិនៅទីស្នាក់ការគណបក្សកម្លាំងជាតិ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
លោក សុខ គឹមសេង អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សកម្លាំងជាតិប្រាប់សារព័ត៌មានខេមបូចានៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះថា លោកមិនទាន់ទទួលបានញត្តិផ្លូវការរបស់សហភាពអង្គការសង្គមស៊ីវិលទេ។
លោក សុខ គឹមសេង បានថ្លែងថា៖ «ខ្ញុំអត់ផង(អត់បានទទួលញត្តិ) លឺព័ត៌មានក្រៅផ្លូវការ»។
តែយ៉ាងណាអនុប្រធានគណបក្សកម្លាំងជាតិរូបនេះលើកឡើងថា៖ «ឱ្យយើងផ្ដាច់ខ្លួនពីអ្នកនេះ ឱ្យយើងផ្ដាច់ខ្លួនពីអ្នកនោះអាហ្នឹងទាល់តែយើងមានពាក់ព័ន្ធគ្នា ហើយបើសិនជាយើងអត់មានពាក់ព័ន្ធគ្នាផង ហើយបង្ខំយើងឱ្យទៅប្រាប់ថាមិនពាក់ព័ន្ធជាមួយអ្នកនោះ អាហ្នឹងវាមានន័យថាម៉េច?»។
លោក គឹមសេង បានចោទសួរពីតួនាទីរបស់សហភាពអង្គការសង្គមស៊ីវិលវិញថា ស្ថាប័ននេះមានគោលនយោបាយអ្វីខ្លះ។ យ៉ាងណាមិញលោកចាត់ទុកសកម្មភាពរបស់សហភាពអង្គការសង្គមស៊ីវិលជាការរំខានគណបក្សលោកដែលបានចុះបញ្ជីស្របច្បាប់ ដែលការនេះលោកថាវាប៉ះពាល់ការអនុវត្តគោលការណ៍ប្រជាធិបតេយ្យថែមទៀតផង។
លោក សុខ គឹមសេង បន្ថែមថា៖ «បើសិនជាយើងមិនយល់ពីស្មារតីដើមនៃគណបក្សកម្លាំងជាតិផង ហើយយើងមិនដែលអានលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងរបស់គណបក្សកម្លាំងជាតិផង ហើយយើងយកមកចោទប្រកាន់ យើងអាងតែយើងមានសិទ្ធិសេរីភាព[…]ធ្វើសកម្មភាពអ៊ីចឹងវាអយុត្តិធម៌សម្រាប់គណបក្សកម្លាំងជាតិណាស់ ហើយវាជារូបភាពមួយដែលកាន់តែធ្វើឱ្យខ្មែរកាន់តែបែកបាក់ទេ»។
លោក គឹមសេង ផ្ដល់យោបល់ឱ្យក្រុមយុវជនសហភាពអង្គការសង្គមស៊ីវិលគិតគូបញ្ហាចម្បងដែលប្រទេសកម្ពុជាកំពុងប្រឈមវិញ។ លោក សុខ គឹមសេង៖ «យើងត្រូវគិតគូអំពីអ្វីដែលបញ្ហាជាតិយើងកំពុងតែជួបប្រទះ ជាពិសេសគឺចុងក្រោយនេះគឺការឈ្លានពានទឹកដីប្រទេសកម្ពុជាពីសំណាក់កងទ័ពថៃ»។
តាមរយៈញត្តិទៅកាន់គណបក្សកម្លាំងជាតិចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ សហភាពអង្គការសង្គមស៊ីវិលបានស្នើសុំលោក ជា មុនី ដែលជាប្រធានគណបក្សឱ្យផ្ដាច់ខ្លួន និងថ្កោលទោសលោក សម រង្ស៊ី និងរដ្ឋាភិបាលក្រៅប្រទេសរបស់អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ។
ញត្តិថា៖ «១-ប្រកាសផ្តាច់ខ្លួន និងថ្កោលទោសក្រុម លោក សម រង្ស៊ី និងសូមឱ្យក្រុមនេះបញ្ឈប់នូវរាល់ទង្វើប្រឆាំងច្បាប់ និងប្រឆាំង សន្តិភាព និងផលប្រយោជន៍របស់ប្រទេសជាតិ។ ២-ប្រកាសប្រឆាំងដាច់ខាតនិងថ្កោលទោសនូវរដ្ឋាភិបាលក្រៅប្រទេសដែលដឹកនាំដោយ លោក សម រង្សី ដែលរដ្ឋាភិបាល នោះជារដ្ឋាភិបាលខុសច្បាប់ និងមានបំណងបំផ្លាញសន្តិភាពរបស់កម្ពុជា»។
ក្នុងញត្តិដដែល សហភាពអង្គការសង្គមស៊ីវិលបានរៀបរាប់ថា ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិបានទទួលមនោគមវិជ្ជាពីលោក សម រង្ស៊ី ខណៈគណបក្សកម្លាំងជាតិ តែងតែអំពាវនាវឱ្យសកម្មជនរបស់ខ្លួនរក្សាស្មារតីដើម ដែលយកលោក សម រង្ស៊ី ជានិមិត្តរូប។
ញត្តិរបស់សហភាពអង្គការសង្គមស៊ីវិលបន្ថែមថា៖ «ផ្ទុយពីការដើរចេញអំពីគំរូនយោបាយដ៏អាក្រក់របស់លោក សម រង្ស៊ី ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិបែរជាយកអ្នកនយោបាយជ្រុលនិយម បំពានច្បាប់ ប្រមាថ អង្គព្រះមហាក្សត្រ គាំទ្រជាតិគេ បំផ្លាញជាតិខ្មែរ ប្រឆាំងការអភិវឌ្ឍជាតិ គឺ លោក សម រង្ស៊ី ជានិមិត្តរូប រក្សាស្មារតីដើម ដែល ជាគម្រូអាក្រក់នេះទៅវិញ»។

លោក មួង សូនី ប្រធានសហភាពអង្គការសង្គមស៊ីវិល បានឱ្យដឹងថា ក្រុមសង្គមស៊ីវិលបានប្រមូលគ្នាប្រមាណ ២០នាក់ទៅជួបជុំគ្នានៅមុខទីស្នាក់ការគណបក្សកម្លាំងជាតិ ដើម្បីដាក់ញត្តិនៅទីស្នាក់ការគណបក្សកម្លាំងជាតិ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារសហភាពអង្គការសង្គមស៊ីវិលញត្តិទៅគណបក្សកម្លាំងជាតិ២លើកមកហើយ តែគ្មានការឆ្លើយតប ទើបដាក់ញត្តិជាលើកទី៣ នៅរសៀលថ្ងៃទី២៦ ខែតុលានេះ ក៏ប៉ុន្តែគ្មានអ្នកទទួលញត្តិទេ។
លោកប្រាប់ថា៖ «ហេតុដូច្នេះហើយបានជាយើងដាក់(ញត្តិ)លើកនេះ វាជាលើកទី៣ហើយៗលើកទី៣នេះក៏យើងឃើញថាគណបក្សនេះគាត់ក៏អត់មានចេញមកទទួលញត្តិ[…]ក៏មិនមានការបញ្ជាក់អ្វីសោះចំពោះសហភាពអង្គការសង្គមស៊ីវិល»។
លោក មួង សូនី បានបន្តថា កន្លងមកសហភាពអង្គការសង្គមស៊ីវិលធ្លាប់ស្នើសុំទៅកាន់គណបក្សនយោបាយចំនួន ២៦គណបក្ស ក្នុងនោះមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាដើម ដែលគណបក្សទាំងនោះបានឆ្លើយតបចំពោះញត្តិរបស់លោក ថាមិនពាក់ព័ន្ធនឹង លោក សម រង្ស៊ី ក៏ប៉ុន្តែគណបក្សកម្លាំងជាតិមិនទាន់ឆ្លើយតបនៅឡើយ។
លោកបានថ្លែងថា៖ «យើងនៅតែបន្តសកម្មភាពស្នើហ្នឹងទៀត យើងអត់ឈប់ទេ អ៊ីចឹងយើងនៅតែបន្តទៀតដើម្បីធ្វើយ៉ាងណាឱ្យគណបក្សនេះគាត់ចេញចាកពីមនោគមន៍វិជ្ជាជ្រុលនិយមរបស់លោក សម រង្ស៊ី»។
ជុំវិញករណីនេះ លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយយល់ឃើញថា ការដែលក្រុមសហភាពអង្គការសង្គមស៊ីវិលប្រមូលគ្នាទៅដាក់ញត្តិនៅទីស្នាក់ការគណបក្សកម្លាំងជាតិនោះវាជាសិទ្ធិរបស់ពួកគេ។
តែយ៉ាងណាលោកបណ្ឌិតចោទសួរថា៖ «សំខាន់ទី១ ថាតើការតតាំងហ្នឹងវាជាទិដ្ឋភាពនយោបាយ ឬក៏ការងាររបស់សហភាព។ ហើយបើសិនជាសហភាពគាត់ទាមទារមិនឱ្យគណបក្សកម្លាំងជាតិទាក់ទងជាមួយ សម រង្ស៊ី ថាតើសហភាពហ្នឹងនៅតែជាឯករាជ្យទៀត ឬក៏សហភាពហ្នឹងមានទិន្នាការណាមួយជាមួយកម្លាំងជាតិដែរ? ហើយបើសិនជាសហភាពមិនមាននិយមន័យច្បាស់លាស់នៅពីក្រោយខ្នងទេ តើសហភាពហ្នឹងអាចមានទទួលនិន្នាការនយោបាយពីក្រុមណាមួយបក្សណាមួយដើម្បីធ្វើកិច្ចការហ្នឹងដែរឬអត់?»។
យ៉ាងណាមិញ លោកបណ្ឌិត មាស នី ផ្ដល់យោបល់ឱ្យគណបក្សកម្លាំងជាតិឆ្លើយតបនឹងករណីនេះដែរ។ លោកបណ្ឌិតបន្ថែមថា៖ «រដ្ឋាភិបាលកម្ពុជា និងលោក សម រង្ស៊ី ពិសេសអតីតសង្គ្រោះជាតិហ្នឹងមិនជាល្អទេ ហើយមានការចោទប្រកាន់គ្នាថាក្បត់ជាតិ។ អ៊ីចឹងទោះជាចង់មិនចង់ កម្លាំងជាតិក៏ត្រូវតែថ្លែងការណ៍ដើម្បីបំភ្លឺ ហើយនិងបដិសេធ ខ្ញុំគិតថាក៏មិនខុសដែរអំពីទំនាក់ទំបង បើកាលណាមានទំនាក់ទំនងជាមួយនឹងខាងនោះវាអាចធ្វើឱ្យគ្រោះថ្នាក់ដល់កម្លាំងជាតិដែរ»៕









