សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ច្បាប់ ស្ដីពី «កាតព្វកិច្ចយោធា» ត្រូវបានប្រកាសឱ្យប្រើប្រាស់ ខណៈច្បាប់នេះក៏មានការដាក់ទោសទណ្ឌ

ពិធី​ប្រគល់​សញ្ញាបត្រដល់​យោធា​កម្ពុជា​នៅ​សាលា​ពលទាហានក្នុង​ខេត្ត​កំពង់ស្ពឺ កាលពីឆ្នាំ​២០១៥។ (ខេមបូចា/ ព្រីង សំរាំង)
ពិធី​ប្រគល់​សញ្ញាបត្រដល់​យោធា​កម្ពុជា​នៅ​សាលា​ពលទាហានក្នុង​ខេត្ត​កំពង់ស្ពឺ កាលពីឆ្នាំ​២០១៥។ (ខេមបូចា/ ព្រីង សំរាំង)

ច្បាប់ ស្ដីពី «កាតព្វកិច្ចយោធា» ត្រូវបានប្រកាសឱ្យប្រើដោយប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភា អនុម័តរួច។

យោងតាមច្បាប់ ស្តីពី «កាតព្វកិច្ចយោធា» ដែលចុះព្រះហត្ថលេខា​ដោយប្រមុខរដ្ឋស្តីទី នៅថ្ងៃទី២៣ ខែឧសភា បានឱ្យដឹងថា ច្បាប់នេះ មាន៨ជំពូក និង២០មាត្រា។

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

ប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិច្រើន ហើយដែលរស់នៅក្នុងប្រទេសកម្ពុជា ត្រូវបំពេញកាតព្វកិច្ច យោធាក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋខ្មែរដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ត្រូវមានលក្ខណសម្បត្តិដូចយោធិនអាជីព ដូចមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។

ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ (ម្ភៃបួន) ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។ ក្នុងករណីចាំបាច់ កាតព្វកិច្ចយោធាអាចបន្តបានដោយមិនឱ្យលើសពី ៦ (ប្រាំមួយ) ខែ តាមការកំណត់របស់ រាជរដ្ឋាភិបាល។ ចំនួនប្រជាពលរដ្ឋនិងលក្ខខណ្ឌទាំងឡាយក្នុងការចូលបំពេញកាតព្វកិច្ចយោធា សម្រាប់វគ្គនីមួយៗ រៀងរាល់ឆ្នាំ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលដល់អាយុត្រូវបំពេញកាតព្វកិច្ចយោធា ត្រូវអញ្ជើញទៅចុះឈ្មោះក្នុងបញ្ជី ជំរឿនកាតព្វកិច្ចយោធា។ ការធ្វើជំរឿន ត្រូវអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានអាយុចាប់ពី ១៧ (ដប់ប្រាំពីរ) ឆ្នាំឡើងទៅ។ ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីតម្រូវឱ្យចូលបំពេញកាតព្វកិច្ចយោធា ត្រូវទទួលបាននូវ ការជូនដំណឹងអំពីកាលបរិច្ឆេទនិងទីកន្លែងនៃការចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា។

លក្ខខណ្ឌនិងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ និងការអនុវត្តកាតព្វកិច្ចយោធា ត្រូវកំណត់ដោយអនុក្រឹត្យ។

មាត្រ១៣ ជំពូកទី៦ នៃច្បាប់ ស្តីពី «កាតព្វកិច្ចយោធា» បានលើកឡើងថា ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវបានអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធា ហើយមិនបានមកបង្ហាញខ្លួនតាមការអញ្ជើញក្នុង​រយៈពេល​៣០ថ្ងៃ គិតពីថ្ងៃដែលសាមីខ្លួនបានទទួលដំណឹង ត្រូវចាត់ទុកជាជនដែលគេចវេះពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវដែលជននោះពុំអាចមកបង្ហាញខ្លួនបានតាមការកំណត់។

ជនណាដែលគេចវេះពីតាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី មួយលានរៀល ​ទៅ បួនលានរៀល ប្រសិនបើអំពើនេះ​ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈដែលប្រទេសមានសន្តិភាព។

ដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី បួនលានរៀល ទៅ ដប់លានរៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុង កាលៈទេសៈដែលប្រទេសមានសង្គ្រាម ឬរងការឈ្លានពានពីកម្លាំងបរទេស។

មាត្រា១៤ បានចែងថា ការញុះញង់ឱ្យគេចវេះពីការបំពេញកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោសដូចទោសដូចគ្នានឹងបទល្មើសគេចវេះពីកាតព្វកិច្ចយោធា ដូចមានចែងក្នុងមាត្រា១៣ នៃច្បាប់នេះ។ អ្នកផ្តើមគំនិត ឫសមគំនិតនៃបទល្មើសដូចមានចែងក្នុងច្បាប់នេះ ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ។

មាត្រា១៥ បានចែងថា ជនណាដែលឆ្លៀតយកឋានៈនិងតួនាទី ដើម្បីរាំងស្ទះមិនឱ្យប្រជាពលរដ្ឋចូលបំពេញកាតព្វកិច្ចយោធាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី បួនលានរៀល ទៅ ដប់លានរៀល។

មាត្រា២០ ជំពូកទី៨ ស្តីពី អវសានប្បញ្ញត្តិ បានបញ្ជាក់ថា​ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។

លោក នី សុខា នាយកប្រតិបត្តិនៃអង្គការ អាដហុក បានលើកឡើងថា​ លោកយល់ថា​ លោកគាំទ្រចំពោះច្បាប់ ស្តីពី កាតព្វកិច្ចយោធា នេះ ព្រោះវាជាកាតព្វកិច្ចសម្រាប់ពលរដ្ឋគ្រប់រូប ហើយប្រទេសជឿនលឿនដទៃទៀតគេមានច្បាប់អស់ហើយ។

លោក សុខា បានថ្លែងថា៖ «ប៉ុន្តែ រឿងដែលសំខាន់នោះ គិតថាទាក់ទងនឹងការអនុវត្ត ដើម្បីឱ្យមានលក្ខណៈតម្លាភាពក្នុងការអនុវត្ត…..ចំពោះការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជាយើង ទោះបីជាមានច្បាប់មួយល្អ មានច្បាប់មានលក្ខណៈមួយដែលមានការទទួលស្គាល់ ការសាទរពីមហាជន ពីមតិជាតិ និងអន្តរជាតិក៏ដោយ ក៏ប៉ុន្តែផ្ទុយទៅវិញ ការអនុវត្តនៅតែមានបញ្ហាប្រឈមនៅឡើយ»។​

លោកបន្ថែមថា លោកអំពាវនាវដល់រដ្ឋាភិបាល សូមកុំអនុវត្តច្បាប់ដោយមានស្តង់ដារ ព្រោះច្បាប់ត្រូវអនុវត្តលើពលរដ្ឋគ្រប់រូបឱ្យស្មើៗគ្នា៕   

ព័ត៌មានថ្មី

អត្ថបទពេញនិយម