សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នកឃ្លាំមើលសង្គម​ជំរុញ​ឱ្យមានការបង្កើតច្បាប់ស្ដីពីការទប់ស្កាត់ការពពោះជំនួស ​ក្នុងប្រទេសកម្ពុជា

ស្រ្តីជនបរទេសទាំង៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរកឃើញទីតាំងខុសច្បាប់សម្រាប់កេងប្រវ័ញ្ច និងអន្តរការរវាងអ្នកសុំកូន និងស្រ្តីពពោះ។ រូបភាពនេះស្នងការនគរបាលរាជធានីភ្នំពេញបានផុសនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
ស្រ្តីជនបរទេសទាំង៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរកឃើញទីតាំងខុសច្បាប់សម្រាប់កេងប្រវ័ញ្ច និងអន្តរការរវាងអ្នកសុំកូន និងស្រ្តីពពោះ។ រូបភាពនេះស្នងការនគរបាលរាជធានីភ្នំពេញបានផុសនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

អ្នកឃ្លាំមើលសង្គម ជំរុញ​ឱ្យពន្លឿនការបង្កើតច្បាប់ស្ដីពីការពពោះជំនួសក្នុងប្រទេសកម្ពុជា និងពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការពពោះជំនួសខុសច្បាប់ ការកេងប្រវ័ញ្ច និងផលប៉ះពាល់ដល់សុខភាពរបស់ស្រ្តី។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានចុះបង្រ្កាបទីតាំងខុសច្បាប់មួយកន្លែងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដែលបានកេងប្រវ័ញ្ច និងអន្តរការរវាងអ្នកសុំកូន និងស្រ្តីពពោះ ក្នុងបន្ទប់ខុនដូ ២បន្ទប់ នៃអគារខុនដូបូរីសែនសុខ អគារC ស្ថិតនៅភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅខាងមុខអគារ​ដែលសមត្ថកិច្ចបាន​ចុះបង្រ្កាបខាងលើនេះ មានសុទ្ធតែជាអាហារដ្ឋានចិន មានហាងលក់ទំនិញ និងហាងលក់សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះប្រចាំថ្ងៃ ហើយនៅក្បែរអគារក៏មានរទេះរបស់អាជីវករខ្មែរមួយចំនួនលក់ចំណីអាហារហូបចុកនៅទីនោះដែរ។ អគារនេះ មានប្រមាណ២០ជាន់ និងមានច្រើនបន្ទប់ ហើយតាមការឱ្យដឹងពីអ្នកក្បែរនោះ គឺ​ភាគច្រើនអ្នកដែលមករស់នៅ សុទ្ធតែជាជនជាតិចិន ​ជប៉ុន និងជនបរទេសផ្សេងទៀត ហើយមានជនជាតិខ្មែររស់នៅតិចតួចណាស់។

ក្រោយការបង្រ្កាបសមត្ថកិច្ចរកឃើញមានជនបរទេស ៥នាក់ ក្នុងនោះមានស្រ្តី​ជនជាតិចិននាក់ដែលជាអ្នកចាត់ចែង និងរៀបចំមើលថែឱ្យមានការពពោះ និងស្រ្តី​ជនជាតិរៀតណាម៤ នាក់ ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួន ហើយបច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។

អ្នកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា សង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជា មិនទាន់មានច្បាប់ទប់ស្កាត់ការជួលឱ្យស្រ្តីពពោះជំនួសនៅឡើយទេ មានតែច្បាប់ប្រឆាំងការជួញដូរមនុស្សប៉ុណ្ណោះ។

អ្នកស្រីនិយាយថា៖ «ពេលខ្លះមានរូបភាពមួយចំនួនដែលយើងអត់ទាន់បានដឹងថា តើការពពោះជំនួសនៅក្នុងស្រុកខ្មែររបស់យើង ជាបទល្មើសរបៀបម៉េច។ […] ធម្មតាបើសិនជាយើងមើលពីការពពោះនៅស្រុកខ្មែរ ហើយអ្នកដែលគាត់មកពពោះជំនួសហ្នឹងជាជនបរទេស ហើយយើងរកឃើញថា ពួកគាត់ហ្នឹងមិនមែនមកធ្វើការនៅស្រុកខ្មែរដោយធ្វើទាក់ទងនឹងការពពោះមួយចំនួនទេ អ៊ីចឹងគេអាចចាត់ទុកការជួញដូរមនុស្ស»។

អ្នកស្រី អេង ចាន់ឌី យល់ថា ការពពោះជំនួសមិនមែនជាការ​កើតឡើងនៃរឿងដែលប្រទេសមួយអាចធ្វើឡើងបាននោះទេ មានន័យថា ករណីនេះអាចមានការឆ្លងដែនច្រើន និងមានការធ្វើការពីប្រទេសមួយទៅប្រទេសមួយ ព្រោះអ្នកពពោះជំនួសគឺពពោះជំនួសឱ្យឪពុកម្ដាយណាដែលចង់បានកូនហើយអាចមកពីជាតិសាសន៍ដទៃពីពួកគេ។

អ្នកស្រីបានបញ្ជាក់​ថា៖ «ប្រព័ន្ធនៃការការពារសុវត្ថិភាព ប្រព័ន្ធនៃការទប់ស្កាត់ទាំងអស់ហ្នឹង វាមិនទាន់មានប្រសិទ្ធភាពនៅឡើយក្នុងការធ្វើការពពោះជំនួសក្នុងតំបន់របស់យើង មិនមែនតែនៅស្រុកខ្មែរនោះទេ»។

នាយិកាប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា​រូបនេះ បាន​សង្កត់ធ្ងន់ថា ករណីខាងលើនេះប៉ះពាល់ដល់សុខភាពស្រ្តីទាំងផ្លូវកាយ ផ្លូវចិត្ត គំនាបសង្គម ព្រមទាំងផ្នែកសេដ្ឋកិច្ច ហើយការដែលលាក់បាំងក្នុងការធ្វើដោយមិនមានការយកចិត្តទុកដាក់ ឬក៏មិនមានលក្ខខណ្ឌច្បាប់នៅក្នុងការតម្រូវ និងការគ្រប់គ្រងច្បាស់លាស់​ គឺជាផ្នែកកេងប្រវ័ញ្ចយ៉ាងខ្លាំងទៅលើសុខភាពរបស់ស្រ្តី រួមទាំងទារកដែលកើតចេញមកពីការពពោះជំនួសផងដែរ។

ចំណែក​លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​ឱ្យដឹងថា ប្រសិនបើករណីជួលឱ្យស្រ្តីពពោះជំនួសនេះ នៅតែបន្ត និងបណ្ដែតបណ្ដោយ ឬមិនអាចវែកមុខរកមេខ្លោងដែលជាអ្នកនៅពីក្រោយបានទេ នោះសកម្មភាពទាំងនេះនឹងអាចក្លាយជាជំងឺសង្គមមួយទៀតទៅថ្ងៃមុខ ដូចករណីការឆបោកតាមប្រព័ន្ធអនឡាញដែរ។

លោក​ថ្លែង​ថា៖ «បើសិនរឿងមិនសូវល្អច្រើនគ្រប់រឿងទៅ វាធ្វើឱ្យកាន់តែប៉ះពាល់ប្រទេសយើង រូបភាពប្រទេសយើង ទំនុកចិត្តលើប្រព័ន្ធច្បាប់នៅស្រុកយើង ក៏វាប៉ះពាល់ទឹកចិត្តអ្នកវិនិយោគ និងភ្ញៀវទេសចរបរទេសផ្សេងទៀត»។

ជាមួយ​ក្តី​កង្វល់​នេះ លោក គិន ភា បន្តថា​ អាជ្ញាធរ និងសមត្ថកិច្ចត្រូវតែតាមដាន​ ស្រាវជ្រាវរកឱ្យដល់ឬសគល់ ដើម្បីបង្រ្កាបឱ្យ​ដល់​ឬសគល់ ចៀសវាងគ្រាន់តែយើងនាំគ្នាបក់ផ្សែង ហើយអត់ពន្លត់ភ្លើង នោះភ្លើងហ្នឹងនៅបន្តឆេះទៀត ផ្សែងហ្នឹងខ្មួរខ្មាញ់បន្តទៅថ្ងៃអនាគត។

លោកបញ្ជាក់ថា ថ្វីត្បិតតែករណីនេះលំបាក តែការអនុវត្តច្បាប់គឺសំខាន់ ត្រូវតែពង្រឹងការអនុវត្តច្បាប់ ពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ បើសិនជារកឃើញជនល្មើស និងអ្នកដែលនៅពីក្រោយ ត្រូវតែប្រាកដថា ការអនុវត្តគឺមានប្រសិទ្ធភាព។ លោកថា៖ «បទល្មើសផ្សេងៗអាចជ្រៀតចូលបានលុះត្រាតែភាពឆកល្វែង ភាពចន្លោះប្រហោង ភាពអសមត្ថភាពរបស់មន្រ្តីអនុវត្តច្បាប់ ទើបសកម្មភាពបទល្មើសអាចកើតឡើងបាន»។

អគារខុនដូមួយកន្លែងដែលកម្ពស់ប្រមាណ២០ជាន់ ជាទីតាំងដែលសមត្ថកិច្ចចុះបង្រ្កាប ស្ថិតនៅភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ (ខេមបូចា/ផុន លីហ្សា)

ចំពោះ​លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ បាន​ពន្យល់ថា មុខរបរជួលស្រ្តីពពោះជំនួសអាចចូលជាបទល្មើសបាន អាស្រ័យលើច្បាប់ បើសិនជាច្បាប់ហាមឃាត់ នោះទើបជាបទល្មើស តែបើសិនជាមិនទាន់មានច្បាប់ស្ដីពីការពពោះជំនួសទេនោះ គឺមិនអាចដាក់ទោសស្រ្តីដែលជាអ្នកពពោះជំនួសបាននៅឡើយទេ។

លោកមេធាវី យល់ថា មុខរបរនេះអាចល្អ និងមិនល្អ ពីព្រោះការពពោះត្រូវចំណាយពេលជាច្រើនខែ រងទុក្ខលំបាកលើខ្លួនប្រាណ ដូច្នេះហើយស្រ្តីដែលពពោះជំនួសមិនមានភាពងាយស្រួលនោះទេ។

លោកបញ្ជាក់​ថា ៖ «ដូចជាមិនមែនជាបទល្មើសធ្ងន់ធ្ងរនោះទេ ប៉ុន្តែបើសិនជាមានស្រ្តីមិនអាចពពោះដោយខ្លួនឯងដោយសារគាត់មានជំងឺ ឬក៏ក្នុងខ្លួនប្រាណរបស់គាត់មិនអាចបង្កើតកូនបានឬយ៉ាងម៉េច ការពពោះជំនួសក៏អាចជាចំណុចល្អមួយសម្រាប់ជួយស្រ្តីដែលគ្នាគ្មានលទ្ធភាពសម្រាលកូនដោយខ្លួនឯង»។

ជាមួយ​ហេតុ​ផលនេះ លោកមេធាវី សុក សំអឿន បានប្រាប់អ្នកសារព័ត៌មានថា ការពពោះជំនួសឱ្យគេនេះមិនចាត់ទុកជាអំពើជួយដូរមនុស្សនោះទេ ពីព្រោះការជួយដូរមនុស្ស មានអំពើបោកប្រាស់ ហើយការពពោះជំនួសគ្មានការបោកប្រាស់នោះទេ។

​លោកបន្ថែមថា ការជួញដូរមនុស្សគឺជាការបញ្ជូនមនុស្សពីទីកន្លែងមួយទៅទីកន្លែងមួយទៀត ដើម្បីកេងកម្រៃ ឬលក់មនុស្ស។ រីឯការនាំមនុស្សឆ្លងដែនដោយខុសច្បាប់នោះមិនមែនជាអំពើជួញដូរមនុស្សទេ បើសិនជាបុគ្គលទាំងនោះស្ម័គ្រចិត្ត ប៉ុន្តែពួកគេខុសទៅនឹងច្បាប់ស្ដីពីការឆ្លងព្រំដែនដោយខុសច្បាប់​ បើសិនជាប្រទេសនីមួយៗមានច្បាប់ដាក់ទណ្ឌកម្មលើជនដែលលួចឆ្លង​ដែនខុសច្បាប់នោះ។

យ៉ាងណាក៏​ដោយ​ជុំវិញបញ្ហា​នេះ សារព័ត៌មានខេមបូចា មិនអាច​សុំ​ការ​អត្ថាធិប្បាយពី​អ្នកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ​និងលោក សំ វិច្ឆិកា​ ​អ្នក​នាំ​ពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បាន​នោះទេ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ បដិសេធមិនឆ្លើយតប ហើយឱ្យអ្នកសារព័ត៌មាន​សួរទៅស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ។

យ៉ាងណាក៏​ដោយ កាល​ពី​ឆ្នាំ​២០១៨ ស្រ្តី​ខ្មែរមាន​ផ្ទៃ​ពោះ​ជាង ​៣០នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួនដោយ​សារ​ផ្តល់​សេវា​ពពោះ​ជំនួស​។ ពួកគេ​ត្រូវ​បាន​តុលាការ​សម្រេច​ដាក់ឱ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​​ពី​បទ«អំពើ​លក់​-ជួញ​ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន» និង​តម្រូវ​ឱ្យធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ថា ​ត្រូវ​ចិញ្ចឹម​កូន​ទាំង​នោះ។

ចំណែក​​កាល​ពី​ឆ្នាំ២០១៧ សាលាដំបូងរាជធានី​ភ្នំពេញ​ក៏បាន​ផ្តន្ទា​ទោស​ស្រ្តី​ជនជាតិ​អូស្រ្តាលី​ម្នាក់ និង​បុរស-ស្រ្តី​ជន​ជាតិ​ខ្មែរ​ពីរនាក់​ទៀត ឱ្យ​ជាប់​ពន្ធនាគាររយៈពេល ១៨ ​ខែ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ជួល​ស្រ្តី​ខ្មែរឱ្យ​ពពោះ​ជំនួស។

ជាមួយគ្នានេះ សមត្ថកិច្ច កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា​ ឆ្នាំ២០១៨ ធ្លាប់​បានឆ្មក់​ចូលបង្រ្កាបផ្ទះមួយ​កន្លែង​ក្នុង​ខណ្ឌ​សែនសុខ​ ហើយ​ឃាត់​ខ្លួន​ស្ត្រី​ស៊ីឈ្នួល​ពពោះ​ជំនួស​ចំនួន​១៣នាក់។​ លើសពីនេះ​ សាលា​ដំបូង​រាជធានីភ្នំពេញ​ កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ​ឆ្នាំ​២០១៨​ បាន​សម្រេច​ចោទ​ប្រកាន់​ស្រ្តីស៊ី​ឈ្នួល​ពពោះជំនួស​៣២នាក់​ ដោយចោទ​ពីបទ «ការជួញដូរមនុស្សដោយឆ្លងដែន» ​តាមមាត្រា ​១៦​ នៃ​ច្បាប់​ស្តីពីការ​បង្រ្កាប​ការ​ជួញ​ដូរមនុស្ស​ និង​អំពើធ្វើ​អាជីវកម្ម​។​

ចំណែក​តុលាការ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ​២០២៤ ក៏បាន​ចេញ​សាលក្រម​សម្រេច​ផ្តន្ទា​ទោសស្រ្តី​ជនជាតិ​ហ្វីលីពីន​ចំនួន​ ១៣នាក់​ ដែលជា​អ្នក​ស៊ី​ឈ្នួល​ពពោះ​ជំនួសនៅ​កម្ពុជា​ជាប់​ពន្ធនាគារ​រយៈពេល ​៤ឆ្នាំ ​ពី​បទ​ប៉ុនប៉ង​ក្នុង​អំពើ​លក់-ដូរ​មនុស្សសម្រាប់​នាំ​ឆ្លងដែនផងដែរ។ រីឯ​ស្ត្រីខ្មែរ​ម្នាក់​ដែល​ជា​អ្នក​សម្អាត​ផ្ទះ​ ក៏​ត្រូវ​បាន​កាត់​ទោសឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ​៦ ​ខែ ពី​បទ​មិន​ប្តឹង​បរិហារ​បទ​ឧក្រិដ្ឋ។

តែ​ក្រោយមកតុលាការក៏​សម្រេច​ដាក់​ពន្ធនាគារ​ស្ត្រី​ជនជាតិ​ហ្វីលីពីន១៣នាក់​នោះ មក​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារត្រឹមតែ​រយៈ​ពេល ​២ឆ្នាំវិញ។ ចំណែក​ជនជាប់​ចោទ​ដែល​ជា​ស្ត្រី​ជនជាតិ​ខ្មែរ និងជា​អ្នក​សម្អាត​ផ្ទះ និង​រៀបចំ​ម្ហូប​អាហារ ដើម្បី​មើល​ថែ​ស្ត្រី​ជនជាតិ​ហ្វីលីពីននោះ​  ត្រូវអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​មកត្រឹម​ ២ ខែ ១ថ្ងៃវិញ ហើយទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម