សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជាឈ្នះ​មេដាយមាសគុនខ្មែរជើងឯក​អាស៊ីចំនួន​៣៥ ប៉ុន្តែតិចជាង​ម្ចាស់​ផ្ទះ​វៀតណាម

កីឡាការិនីកម្ពុជាប្រកួតជាមួយកីឡាការិនីបរទេសនៃ គុនខ្មែរ​ជើងឯក​អាស៊ី លើក​ទី​១ ឆ្នាំ២០២៦  ​នៅទីក្រុង Can Tho ប្រទេសវៀតណាម ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ស៊ា បញ្ញា)
កីឡាការិនីកម្ពុជាប្រកួតជាមួយកីឡាការិនីបរទេសនៃ គុនខ្មែរ​ជើងឯក​អាស៊ី លើក​ទី​១ ឆ្នាំ២០២៦  ​នៅទីក្រុង Can Tho ប្រទេសវៀតណាម ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ស៊ា បញ្ញា)

ប្រទេសវៀតណាម៖ ការ​ប្រកួត​គុនខ្មែរ​ជើងឯក​អាស៊ី លើក​ទី​១ ឆ្នាំ២០២៦  ​នៅទីក្រុង Can Tho ប្រទេសវៀតណាម បានបិទបញ្ចប់​ ដោយជោគ​ជ័យ កាលពី​យប់​ថ្ងៃទី៨ ខែកញ្ញា ហើយជា​លទ្ធផល​ម្ចាស់​ផ្ទះ​វៀតណាម ដណ្តើម​បានមេដាយមាស​ច្រើន​ជាង​គេ និង​តាមពី​ក្រោយដោយ​កម្ពុជា ជាម្ចាស់​ក្បាច់​គុន ចំណែក​​​ចិន ឡាវ និង​ឥណ្ឌូនេស៊ី ក៏ដណ្តើមបានមេដាយមាស​ផងដែរ។

តាម​រយៈ​ការ​ប្រកួតចំនួន​៥​ថ្ងៃ ក្រុមអត្តពលិក​កម្ពុជា ដណ្តើម​បានមេដាយ​មាស​នាំមុខ​លើ​ម្ចាស់​ផ្ទះ​វៀតណាម ជា​បន្ត​បន្ទាប់ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​​ចំនួន​១៤​​វិញ្ញាសាចុងក្រោយ កាលពី​ថ្ងៃចន្ទ ដែល​ជា​ថ្ងៃបិទ​កម្មវិធីនោះ ​វៀតណាម ដណ្តើមបានមេដាយ​មាសបន្ថែម​ចំនួន​១១​ទៀត ហើយការ​ឈ្នះ​បាន​មេដាយមាស៣៨ ប្រាក់៣០ និងសំរឹទ្ធ៧នេះ បានជួយ​ឱ្យ​វៀតណាម ឈរនៅចំណាត់​ថ្នាក់លេខ​១ លើ​កម្ពុជា​វិញ ដែល​ឈ្នះបានមេដាយមាស៣៥ ប្រាក់២៧ និងសំរឹទ្ធ៩។

ចំណែក ​ឥណ្ឌូនេស៊ី បាន​ឈ្នះ​មេដាយមាស១ ប្រាក់៥ សំរឹទ្ធ៣ តាមពី​ក្រោយ​ដោយឡាវ ដែល​ឈ្នះបាន​មេដាយមាស១ ប្រាក់២ សំរឹទ្ធ១ ចំណែក​ប្រទេស​ចិន ហ្វីលីពីន និង​ម៉ាឡេស៊ី ក៏​ទទួលបានមេដាយមាស​ម្នាក់​១គ្រឿង រួមជាមួយមេដាយប្រាក់ និងសំរឹទ្ធមួយចំនួនទៀត​ផងដែរ ខណៈ​៤​ប្រទេស​ទៀត បានត្រឹមមេដាយ​ប្រាក់ និងសំរឹទ្ធ ត្រឡប់​ទៅ​វិញ។

ថ្លែង​នៅក្នុងពិធីបិទការ​ប្រកួត កាលពី​យប់​ថ្ងៃចន្ទ​នោះ លោក ខូវ ឆាយ ​អគ្គលេខាធិការ​សហព័ន្ធគុនខ្មែរ​អន្តរជាតិ និងប្រធានសហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ បាន​កោត​សរសើរ ទៅ​ដល់ប្រតិភូ​ទាំង​១២​ប្រទេស ដែលបានចូលរួម​ក្នុងការ​ប្រកួតគុនខ្មែរ​ជើងឯក​អាស៊ី លើក​ទី​១ ឆ្នាំ ២០២៦ នៅ​ប្រទេស​វៀតណាមនេះ ហើយ​ការ​ខិតខំប្រឹង​ប្រែង និង​ការលះបង់​របស់​គ្រប់​ភាគីពាក់​ព័ន្ធ ​ជាពិសេស​ម្ចាស់​ផ្ទះ​វៀតណាម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងភាពជោគជ័យនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

លោក​បាន​ថ្លែង​ថា៖ «ព្រឹត្តិការណ៍នេះ​មាន​អត្ថន័យលើសពីការដណ្ដើមមេដាយ។ វាបានប្រមូលផ្ដុំកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីបច្ចេកទេស និងថ្នាក់ដឹកនាំកីឡាមកពីបណ្ដាប្រទេសនានានៅទូទាំងអាស៊ី។ វាបានផ្ដល់ឱកាសឱ្យយើងផ្លាស់ប្ដូរបទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងចំណងមិត្តភាពយូរអង្វែងតាមរយៈកីឡា គឺ​យើងរួមគ្នាកសាងអនាគតដ៏រឹងមាំសម្រាប់គុនខ្មែរ»។

យ៉ាងណាក៏​ដោយ លោក ខូវ ឆាយ បាន​ទទួល​ស្គាល់​ថា ការ​រៀបចំការ​ប្រកួត​គុនខ្មែរ​ជើងឯក​អាស៊ីនេះ នៅមានចំណុចខ្វះខាត​មួយចំនួន ដែល​ត្រូវកែ​ប្រែបន្ថែម​ទៀត ព្រោះនេះជាការ​រៀបចំ​លើក​ដំបូង ដែល​តែងតែមានការលំបាក ប៉ុន្តែ​យើង​ធ្វើ​បានប៉ុណ្ណោះ គឺ​ល្អ​ប្រសើរ​​ហើយ ហើយជាបន្ត​បន្ទាប់​ទៀត កាន់​តែ​ប្រសើរ​ ​ព្រោះ​នេះជាមុខ​មាត់​គុនខ្មែរ​យើងទាំង​មូល​តែម្តង។

លោកបានបញ្ជាក់​ថា៖​ «នេះជាព្រឹត្តិការណ៍​​របស់​យើង ហើយ​ប្រទេស​នៅ​ក្នុងតំបន់អាស៊ី បាន​ចូល​រួម​ប្រកួត​ដណ្តើម​យក​មេដាយ​គុនខ្មែរ​របស់​យើង។ ទោះបីជា​ វៀតណាម ដណ្តើម​បានមេដាយមាស​ច្រើន ប៉ុន្តែ​មេដាយ​ទាំងអស់ សុទ្ធតែជា​មេដាយគុនខ្មែរ អ៊ីចឹង​គេ​យក​ទៅ​ផ្សព្វ​ផ្សាយ​​គុនខ្មែរ​របស់​យើង​ទេ ហើយ​ក្នុង​នាម​យើងជាម្ចាស់​ក្បាច់គុន មិន​មែន​ថា​ ​យើង​អន់​ទេ តែ​យើ​ង​ចង់​ផ្តល់​ឱកាសឱ្យ​​ប្រទេស​ចូលរួម​ទាំងអស់​ ​បានប្រកួត​ប្រជែង​យក​មេដាយ»។

លោក ខូវ ឆាយ បាន​ឱ្យ​ដឹង​ទៀត​ថា យើង​បានបញ្ចូន​មក​តែ​៦៤នាក់ ចំណែក​ម្ចាស់​ផ្ទះ​វៀតណាម បាន​​ដាក់អត្តពលិក​ចូល​រួម​​ដល់​​៩៦នាក់ អ៊ីចឹង​ប្រាកដ​ណាស់ គេមានឱកាស​ប្រកួតប្រជែង​យកមេដាយកាន់តែ​ច្រើន ​ចំណែក​កម្ពុជា​មិនបាន​យ​ក​កម្រិត A មក​ទេ ហើយ​កម្រិត B ក៏​យកមក​តិចដែរ។

លោក​បាន​ថ្លែង​ថា៖ ​«យើងចង់​ផ្តល់​ឱកាស​ឱ្យ​​អត្តពលិក​ថ្នាល ដែល​កំពុង​មានសក្តានុពល​ អ៊ីចឹង​យើងនៅ​តែមាន​មោទនភាព នៅពេល​ឃើញ​ថ្នាល​របស់​យើង ធ្វើបាន​ល្អ​បែបនេះ ខណៈ​ម្ចាស់​ផ្ទះ​វៀតណាម គេដាក់​សុទ្ធតែ​ជម្រើសជាតិ ដោយ​សារ​គេ​ចង់​ឈ្នះ និង​បង្ហាញ​ទៅ​ដល់​ប្រជាពលរដ្ឋ​គេ​ ដើម្បី​ឱ្យមានការ​គាំទ្រ​ដល់​វិស័យគុនខ្មែរ ជាកីឡាជាតិ​របស់​យើង អ៊ីចឹង​យើង​ចូលរួមអបអរ​ដល់​ម្ចាស់​ផ្ទះ​វៀតណាម ដែល​ទទួលបាន​ចំណាត់​ថ្នាក់លេខ​១​នេះ»។

នៅ​ក្នុងការ​ប្រកួតនេះ គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត ហាក់មាន​ភាព​លម្អៀង​​ខ្លះ​ទៅលើ​ម្ចាស់​ផ្ទះ​វៀតណាម ជុំ​វិញការ​កាត់សេចក្តី និងការកំណត់​ទម្ងន់​ប្រកួត ដោយ​​កីឡាករ​កីឡាការិនី​កម្ពុជាមួយចំនួន ត្រូវបាន​រៀបចំ​ឱ្យ​ប្រកួត​ជាមួយ​អត្តពលិក​វៀតណាម​ ដែលមាន​ទម្ងន់​លើស​ខ្លួន ចាប់ពី​ចន្លោះ ១ទៅ​៦គីឡូក្រាម ប៉ុន្តែ​អត្តពលិកកម្ពុជា នៅ​តែ​យល់​ព្រមប្រកួត ព្រោះ​ពួកគេ​យល់​ថា ការផ្សព្វ​ផ្សាយ និងការ​បង្ហាញ​ភាព​ខ្លាំង​របស់ «គុនខ្មែរ» វាសំខាន់ជាងការ​ឈ្នះ​បានមេដាយមាស​ទៅ​ទៀត។

ក្រុមកីឡាករ កីឡាការិនី និងគណៈប្រតិភូកម្ពុជា ថតជាមួយគ្នា បន្ទាប់ពីការប្រកួតថ្ងៃចុងក្រោយ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Can Tho ប្រទេសវៀតណាម។ (ខេមបូចា/ស៊ា បញ្ញា)

កីឡាការិនីជាម្ចាស់មេដាយ​មាសស៊ីហ្គេម មឿយ សឹង បាន​ទទួល​យក​លទ្ធផល​ចាញ់​កីឡាការិនី​វៀតណាម Vo Thi Ngoc Phoung ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ទម្ងន់ ៦៣,៥​គីឡូក្រាម បើទោះបីជា​ការ​ប្រកួតនេះ​កីឡាការិនី​វ័យ ២៦​ឆ្នាំ​រូបនេះ មាន​ទម្ងន់​ស្រាល​ជាងគូ​ប្រកួតម្នាក់នេះ ចំនួន ៥,៥គីឡូក្រាម​ក៏​ដោយ។

មឿយ ស៊ឹង បាននិយាយ​ក្រោយ​ការ​ប្រកួត​ថា៖ ​«ការសម្រេច​ឱ្យ​ចាញ់​ដោយពិន្ទុនេះ ខ្ញុំ​ទទួលយកបាន។ យើង​តគីឡូ​ឱ្យ​គេ តែយើងនៅតែ​ប្រឹង​ប្រែង​ប្រកួត​ឱ្យអស់ពី​សមត្ថ​ភាព ព្រោះខ្ញុំ​ចង់ដណ្តើម​យកមេដាយមាស គ្រាន់តែ​ថា គេធំជាង​យើងពេក គឺ​ប្រៀប​ដូច​កូនក្មេង​វាយជាមួយ​មនុស្សចាស់​ ប៉ុន្តែនៅក្នុង​កីឡាបែបហ្នឹង ហេតុនេះ​​ខ្ញុំ​អត់បាក់​ទឹក​ចិត្តទេ។ ​ការ​បរាជ័យ វាជាមេរៀន​ ធ្វើ​ឱ្យ​យើង​កាន់តែ​ខំប្រឹង​ប្រែង​ថែម​ទៀត ដើម្បី​ឈាន​ទៅ​សម្រេចគោល​​ដៅធំ»។

ផ្ទុយពីនេះ​កីឡាករ ឯម ទិត្យ ដែលគេស្គាល់​ថា ជាកីឡាករ ប៉ែនកាក់ អាត្នោត នោះ មិនបាន​គិត​ដូច មឿយ ស៊ឹង នោះ​ទេ។  អាត្នោត មានកំហឹង​ក្នុង​ចិត្ត នៅពេល​ឃើញ​មិត្ត​រួមជាតិ​របស់​ខ្លួន បានចាញ់អត្តពលិក​វៀតណាម​ជាបន្ត​បន្ទាប់ សម្រាប់​ការ​ប្រកួត​កាលពី​ថ្ងៃចន្ទនោះ ជាពិសេស​ការ​ចាញ់​ដោយ​សន្លប់ ហើយនេះជាមូល​ហេតុដែល អាត្នោត ខំប្រឹង​វាយ​សម្រុក​ ដើម្បី​ផ្តួល​កីឡាករ​វៀតណាម Dang Vu Phong ឱ្យសន្លប់នៅទឹកទី​២​វិញ សម្រាប់​ការ​ប្រកួតកម្រិត A ទម្ងន់​ក្រោម ៧០​គីឡូក្រាម។

កីឡាករ ឯម ទិត្យ បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖​ «នៅថ្ងៃនេះ ខ្ញុំ​ឃើញ​ខ្មែរ​យើង​ចាញ់​ច្រើន ហើយសំខាន់ខ្ញុំ​ឃ្លាន​វ៉ៃ​តែម្តង ព្រោះ​ខ្ញុំបាន​​​ធ្វើ​គីឡូ​រង់ចាំ​ការ​ប្រកួតនេះ​ចូល​៧​ថ្ងៃហើយ។ តាមពិត​ខ្ញុំ​ចង់​ផ្តួល​គេ​ឱ្យ​សន្លប់នៅទឹក​ទី​១ គ្រាន់​កម្លាំងនៅ​ពេញ​ដូចគ្នា មិនអាចធ្វើ​បាន តែ​ខ្ញុំ​បាន​ផ្តួលគេ​ឱ្យ​សន្លប់​នៅទឹកទី​2 ហើយ​ខ្ញុំពិតជាសប្បាយ​ចិត្ត​ខ្លាំងមែនទែន ដែលបានលើក​ទង់ជាតិ នៅក្រៅប្រទេស និង​យក​មេដាយមាសយក​ទៅជូនជាតិ​វិញ»។​

ចំណែក​កីឡាការិនី​កម្ពុជា ស្រេង ស្រីនាត ដែល​ទើប​ទទួលបាន​ឱកាសមក​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​លើកដំបូង​នោះ ត្រូវបានដាក់​ឱ្យ​ប្រកួតជាមួយ​កីឡាការិនីជើង​ខ្លាំង និងជាម្ចាស់​មេដាយមាស​ពិភព​លោក​​របស់​វៀតណាម Phung Thi Hong Tham ក្នុង​ទម្ងន់​ក្រោម​៦០​គីឡូក្រាម ប៉ុន្តែរឿង​ដ៏គួរឱ្យ​ភ្ញាក់ផ្អើល​បំផុត​នោះ ស្រីនាត បែរជាអាច​យក​ឈ្នះ​ជើង​ខ្លាំងចាស់​វស្សា​របស់​វៀតណាម​ម្នាក់នេះ ដោយពិន្ទុ​ដាច់។

មិនទាន់​ទាំងបាត់​ហត់​ពីការ​ប្រកួតផង​នោះ ស្រេង ស្រីនាត បាននិយាយ​ដោយ​រំភើប​ថា៖​ «​នេះជា​លើក​ទី​១ ដែល​ខ្ញុំបាន​មក​ប្រកួតនៅ​ក្រៅ​ប្រទេស។ ខ្ញុំ​មាន​អារម្មណ៍ភ័យ​ដែរ នៅពេល​ដឹង​ថា ដៃគូ​របស់​ខ្ញុំ ជា​ជើង​ខ្លាំង​ និងជា​គ្រូបង្វឹក​ជម្រើសជាតិ​នៅទី​នេះ ប៉ុន្តែ​ការ​លើក​ទឹក​ចិត្ត​របស់​​គ្រូបង្វឹក និងជនរួមជាតិ ធ្វើ​ឱ្យ​ខ្ញុំ​លែង​ខ្លាចអ្វីទាំងអស់ ពេល​ឡើង​ដល់​លើ​សង្វៀន ហើយខ្ញុំពិតជារំភើប​ខ្លាំងណាស់ ចំពោះ​ការ​ដណ្តើម​បានមេដាយជូនជាតិ សម្រាប់ការ​ចេញមកប្រកួត​នៅ​ក្រៅ​ប្រទេស ជា​លើកដំបូង​​នេះ»។

ចំណែក​លោក ផាត សូដា ដែល​ជា​គ្រូ​ធំ ដឹកនាំ​ក្រុមប្រតិភូកីឡាកម្ពុជា សម្រាប់​ការ​ប្រកួត​នេះ បាន កោតសរសើរ​ទៅ​ដល់​ក្រុមអត្តពលិក​កម្ពុជា​ទាំងអស់ ដែលបានប្រឹងប្រែងប្រកួត​ដោយប្រើបេះ​ដូង ជាពិសេស​ក្រុម​អត្តពលិក​ថ្នាល ដែលបាន​បង្ហាញ​គុណភាព​កាន់តែ​ល្អ សម្រាប់ការ​ទទួលបានឱកាស​ប្រកួត​​នៅក្រៅប្រទេស​នេះ។

​លោក​បានបញ្ជាក់​ថា៖ ​«យើង​ឃើញ​ថា នៅ​ក្នុងចំណោមមេដាយ ដែល​យើង​ទទួលបាន គឺ​ក្រុម​អត្តពលិក​ថ្នាល ដណ្តើមបាន​ចូល​​៩០​ភាគ​រយ​ទៅ​ហើយ ព្រោះ​ធម្មតា​ក្មេង មិនដែលបាន​ចូលរួម​ប្រកួត​ធំៗ​នៅក្រៅប្រទេស​បែបនេះ ដល់អ៊ីចឹង​គាត់មានការរំភើប​ខ្លាំង និង​ប្រឹង​ប្រែង​ប្រកួតដោយបេះដូង និង​អស់ពីសមត្ថ​ភាព​ ដើម្បី​ឱ្យគេស្គាល់​គុនខ្មែរកាន់តែ​ធំទូលាយថែម​ទៀត»។

លោក ខូវ ឆាយ ទទួលស្គាល់​ថា កីឡាករ កីឡាការិនី​ថ្នាល​របស់​គុនខ្មែរ ពិតជា​អាច​បង្កើន​នូវ​​បទពិសោធន៍ និង​សមត្ថ​ភាពបច្ចេក​ទេស​​របស់​ពួកគាត់ កាន់​តែ​ប្រសើរ សម្រាប់​ការ​ទទួលបានឱកាស​ប្រកួត​ជាមួយ​អត្តពលិកមកពីកម្រិត​ទ្វីប​បែបនេះ ហើយ​ក្រៅពី​លទ្ធផល​បច្ចេកទេសមេដាយ និងបទពិសោធន៍នេះ ពួកគេ​បានរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ផ្សព្វ​ផ្សាយ​គុនខ្មែរ ទៅកាន់​ឆាក​អន្តរជាតិ។

លោក​បញ្ជាក់​ថា៖ «ក្នុង​នាម​យើងជាម្ចាស់​ក្បាច់​គុន យើងចំណេញ​ក្នុងការកៀរគរ​ចូល​រួម​ ហើយ​តាម​រយៈ​ព្រឹត្តិការណ៍​កីឡានេះ យើងអាច​ផ្លាស់ប្តូរ​ទំនាក់ទំនង​ការទូត វប្បធម៌ និង​​ផ្លាស់ប្តូរ​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀតរវាងប្រទេស​នៅ​ក្នុង​ទ្វីបអាស៊ី ក៏ដូចជា​រឹងចំណង​សាមគ្គី​ភាពកាន់តែ​រឹងមាំ នៅក្នុង​គ្រួសារ​គុនខ្មែរ​របស់​យើង អ៊ីចឹងនេះជាគុណ​ផល​ដ៏សំខាន់ ដែល​យើ​ង​​ទទួលបានពីការ​រៀនចំព្រឹត្តិការណ៍​គុនខ្មែរ​ជើងឯក​អាស៊ី គឺ​យើងបាន​រួបរួមគ្នា​ក្នុង​គ្រួសារ​គុនខ្មែរ កាន់តែ​រឹងមាំ​ក្នុងសហគមន៍​នៃ​ទ្វីប​អាស៊ី​នេះ»។​

ជាមួយ​ការ​ទទួលបានជោគជ័យ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​គុនខ្មែរ​ជើងឯក​អាស៊ីនេះ ប្រទេស​ឥណ្ឌូនេស៊ី បាន​ស្នើសុំ​ធ្វើ​ម្ចាស់​ផ្ទះបន្ត​ពី​វៀតណាម។ លោក ខូវ ឆាយ ថ្លែង​ថា៖​ «ឥណ្ឌូនេស៊ី មានការជឿជាក់​ថា គាត់​អាច​ធ្វើម្ចាស់​ផ្ទះ​ការ​ប្រកួត​គុនខ្មែរ​ជើងឯក​អាស៊ី លើក​ទី​២ បាន​ ហើយ​យើងនឹង​ធ្វើការងារជាមួយ​ឥណ្ឌូនេស៊ី ដើម្បីកែ​ប្រែ​ចំណុច​ខ្វះ​ខាតមួយចំនួន ដែលមាននៅក្នុងការ​ប្រកួត​លើក​ទី​១នេះ ធ្វើ​យ៉ាងណា​ឱ្យការ​ប្រកួត​លើក​ទី​២ នៅឆ្នាំ​២០២៧ កាន់តែ​ទទួលបាន​លទ្ធផល​ល្អ សម្រាប់​គ្រួសារ​គុនខ្មែរ នៅទ្វី​ប​អាស៊ី»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម