សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អង្គការសង្គមស៊ីវិល ជំរុញឱ្យធ្វើវិសោធនកម្មច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជា ដោយសារនៅមានភាពចន្លោះប្រហោងក្នុងការការពារជនរងគ្រោះ

ក្នុងរូបគំនូរនេះបង្ហាញពីការប្រើហិង្សារបស់បុរសជាស្វាមីទាត់ធុងទឹករលំកំពប់ទឹក ព្រមទាំងចង្អុលមុខប្រពន្ធកំពុងធ្វើម្ហូបនៅចំពោះមុខកូនៗ។ រូបភាពផ្ដល់ឱ្យ
ក្នុងរូបគំនូរនេះបង្ហាញពីការប្រើហិង្សារបស់បុរសជាស្វាមីទាត់ធុងទឹករលំកំពប់ទឹក ព្រមទាំងចង្អុលមុខប្រពន្ធកំពុងធ្វើម្ហូបនៅចំពោះមុខកូនៗ។ រូបភាពផ្ដល់ឱ្យ

ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។

អង្គការសង្គមស៊ីវិលចំនួន១៣ បានជំរុញឱ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដើម្បីពង្រឹងក្របខណ្ឌច្បាប់ និងធានាការការពារសិទ្ធិរបស់ជនរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព ដោយសារមើលឃើញថា​នៅមាន​ភាព​ចន្លោះប្រហោង បន្ទាប់ពីបានអនុវត្ត​ជាង២១ឆ្នាំកន្លងមក។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ការធ្វើកិច្ចពិភាក្សាដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិល ដែលមានការអញ្ចើញអ្នកពាក់ពាន់ចូលរួមចំនួនប្រហែល១២០នាក់ ដែលក្នុងនោះផងដែរ មានដូចជា ក្រសួង មន្ទីរ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ ទីស្នាក់ការអង្គការសហប្រជាជាតិ អង្គការជាតិ និងអន្ដរជាតិ ទីភ្នាក់ងារសារព័ត៌មានជាតិ អន្ដរជាតិ និងរួមទាំងតំណាងប្រជាសហគមន៍ផងដែរ។

កិច្ចពិភាក្សាលើកនេះរៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពស្ថានភាពអំពើហិង្សាក្នុងគ្រួសារ ពិភាក្សាអំពីភាពចាំបាច់ និងដំណើរការនៃការធ្វើវិសោធនកម្មច្បាប់ព្រមទាំងផ្សព្វផ្សាយ​​ផែនការ​យុទ្ធសាស្ត្រ​តស៊ូមតិរបស់ក្រុមការងារ។

នៅក្នុងកម្មវិធី ក៏មានការសម្តែងល្ខោននិយាយ ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៃអំពើហិង្សាក្នុងគ្រួសារ គម្លាតខ្លឹមសារច្បាប់ និងកិច្ចពិភាក្សាដេញដោលរវាងភាគីពាក់ព័ន្ធ អំពីបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ និងវិធានការគាំទ្រដល់ដំណើរការកែទម្រង់ច្បាប់នេះ។

លោកស្រី ជឹម ចាន់នាង អគ្គលេខាធិការនៃអង្គការ NGO-CEDAW បានឱ្យដឹងថា គិតមកដល់ពេលនេះ ក្រុម​អង្គការសង្គមស៊ីវិលបានរៀបចំកិច្ចពិភាក្សាពាក់ព័ន្ធនឹងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារចំនួន៤លើករួចមក​ហើយ។  

លោកស្រីបន្តថា ការពង្រឹងការអនុវត្តច្បាប់តែមួយមុខមិនទាន់គ្រប់គ្រាន់ដើម្បីធានាប្រសិទ្ធភាពនៃការការពារជនរងគ្រោះនៅឡើយទេ ដោយសារវិសាលភាពនៃច្បាប់បច្ចុប្បន្នមិនទាន់គ្របដណ្ដប់លើជនងាយរងគ្រោះគ្រប់រូបដែលអាចប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារ។

លោកស្រីឱ្យដឹងថា៖ «ទោះបីជាយើងពង្រឹងការអនុវត្តក៏មិនអាចអនុវត្តច្បាប់ហ្នឹងទៅបានដោយមានប្រសិទ្ធភាពដែរ វិសាលភាពនៅក្នុងច្បាប់អំពើហិង្សាក្នុងគ្រួសារយើងបច្ចុប្បន្នអត់បានបញ្ចូលគ្របដណ្ដប់ទៅលើគ្រប់ជនដែលងាយរងគ្រោះទាំងអស់ ដោយសារអំពើហិង្សាក្នុងគ្រួសារទេ។ ឧទាហរណ៍​មួយចំណុចនៅក្នុងច្បាប់យើងរាល់ថ្ងៃហ្នឹង វិសាលភាពរបស់គេ គឺគ្របដណ្ដប់តែទៅលើការការពារអ្នកដែលរស់នៅក្រោមដំបូលផ្ទះតែមួយប៉ុណ្ណោះ»។

លោកស្រីបានបញ្ជាក់ថា ច្បាប់បច្ចុប្បន្ននៅមានចំណុចខ្វះខាតមួយទៀតពាក់ព័ន្ធនឹងការបកស្រាយអំពើហិង្សាក្នុងគ្រួសារក្នុងន័យអប់រំ និងការប្រៀនប្រដៅ ដែលអាចធ្វើឱ្យអ្នកប្រព្រឹត្តមិនត្រូវបានចាត់ទុកថាបានប្រើអំពើហិង្សា។

លោកស្រីលើកឡើងថា៖ «ច្បាប់ហាក់បីដូចជាយោគយល់ជនដែលប្រព្រឹត្ត ដោយច្បាប់យល់ព្រម​ដោយប្រយោលថា អ្នកដែលប្រើអំពើហិង្សាក្នុងគ្រួសារ ក្នុងន័យអប់រំ ប្រៀនប្រដៅ ផ្ដល់ដំបូន្មាន មិនចាត់ទុកជាអំពើហិង្សាទេ។ នេះជាបញ្ហាក្នុងច្បាប់មួយដែរ ដែលយើងរកឃើញ»។

លោកស្រី ចាន់នាង បាន​បន្ថែមថា ដោយ​រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកិច្ចការនារី បានដាក់ឱ្យអនុវត្ត ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤កន្លងមក​ តែយើងឃើញថា អំពើហិង្សានៅតែកើតមានឡើង ​នេះ​បង្ហាញឱ្យខ្ញុំឃើញពីការ​ពិបាកបែងចែកនែច្បាប់ដែលបានចែងឱ្យបានច្បាស់លាស់។

ការសម្ដែងល្ខោននិយាយ ឆ្លុះបញ្ចាំងអំពីដែនកំណត់ និងចន្លោះខ្វះខាតក្នុងច្បាប់​ស្តីពី​អំពើហិង្សាក្នុងគ្រួសារនៅកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ហេង ហេវីន)

ក្នុងការបើកកិច្ចពិភាក្សានេះ លោកស្រី Abigail Fryer ជាអនុបេសកម្មស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក៏បង្ហាញពីគោលជំហរ និងការគាំទ្ររបស់អង់គ្លេសចំពោះការធ្វើវិសោធនកម្មច្បាប់នេះផងដែរ។

លោកស្រី ឈន ស្រីនាង ជំទប់ទី១ នៃឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានប្រាប់ខេមបូចាថា អំពើហិង្សាក្នុងគ្រួសារនៅក្នុងឃុំរបស់លោកស្រីកើតមានក្នុងទម្រង់ផ្សេងៗគ្នា រួមមាន អំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ការប្រើប្រាស់ពាក្យសម្ដីគំរាមកំហែង និងអំពើហិង្សាផ្លូវភេទ។

លោកស្រីបន្ថែមថា អំពើហិង្សាទាំងនេះអាចកើតមាននៅក្នុងគ្រួសារគ្រប់ស្រទាប់វណ្ណៈ ប៉ុន្តែគ្រួសារ​ដែលមានជីវភាពខ្វះខាតហាក់ប្រឈមនឹងបញ្ហានេះច្រើនជាង ដោយសារកត្តាសេដ្ឋកិច្ច និងកង្វះការយល់ដឹង។

យោងតាមការស្ទង់មតិស្តីពីប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជា (CDHS) ឆ្នាំ២០២១-២០២២ របស់រាជរដ្ឋាភិបាល បានរកឃើញថា ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៥នាក់ (២១ភាគរយ) ដែលធ្លាប់មានដៃគូ ធ្លាប់ជួបប្រទះអំពើហិង្សាផ្លូវចិត្ត ផ្លូវកាយ និងផ្លូវភេទ ពីសំណាក់ដៃគូបច្ចុប្បន្ន ឬដៃគូចុងក្រោយរបស់ពួកគេ។ ក្នុងចំណោមអ្នកដែលធ្លាប់រងអំពើហិង្សា បីភាគបួន (៧៥,៨ភាគរយ) បានឱ្យដឹងថា ពួកគេមានអារម្មណ៍ភ័យខ្លាចស្ទើរតែគ្រប់ពេលវេលា ខណៈដែលជនប្រព្រឹត្តស្ទើរតែទាំងអស់ (៩០,២ភាគរយ) បានប្រើប្រាស់ឥរិយាបថត្រួតត្រា ឬគ្រប់គ្រងចំនួន ៥យ៉ាង ឬច្រើនជាងនេះ។

យោងតាមអង្គការ Woman Peace Maker បន្ទាប់ពីបានពិនិត្យមើលឯកសារស្រាវជ្រាវ ច្បាប់ និងគោលនយោបាយនានា ក្រុមអ្នកស្រាវជ្រាវបានធ្វើការស្ទង់មតិ សម្ភាសន៍ និងរៀបចំកិច្ចពិភាក្សាក្រុម (focus group discussions) ជាមួយមនុស្សសរុប ១៦៧ នាក់ នៅក្នុងខេត្តចំនួន៤ នៃប្រទេសកម្ពុជា។ អ្នកចូលរួមទាំងនេះសុទ្ធតែធ្លាប់មានបទពិសោធន៍ ឬពាក់ព័ន្ធនឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ADR) នៅថ្នាក់មូលដ្ឋាន ពាក់ព័ន្ធនឹងករណីអំពើហិង្សាក្នុងគ្រួសារ ឬអំពើហិង្សាពីសំណាក់ដៃគូស្និទ្ធស្នាល។

ក្នុងកិច្ចពិភាក្សានេះបានបង្ហាញពីចំណុចខ្វះខាតសំខាន់ៗនៃច្បាប់ស្ដីពីអំពើហិង្សាក្នុងគ្រួសារ និង​កិច្ចការពារជនរងគ្រោះបច្ចុប្បន្ន និងស្នើឱ្យមានការកែលម្អនៅក្នុងការធ្វើវិសោធនកម្មលើមាត្រា៨  មាត្រា១៣ មាត្រា១៧ មាត្រា១៩ មាត្រា២៦​ និងមាត្រា២៧។

ដូចជាការគាំទ្រដោយប្រយោល នូវការប្រើអំពើហិង្សាក្នុងហេតុផល ថាជាវិធីក្នុងការ «ផ្ដល់ដំបូន្មាន ប្រៀនប្រដៅ និងដាស់តឿនក្រើនរំលឹក» ដល់ប្ដីឬប្រពន្ធ កូន និងអ្នកនៅក្នុងបន្ទុក (មាត្រា៨) ដែលសិទ្ធិបែបនេះក៏ត្រូវបានផ្ដល់ដល់ឪពុកម្ដាយផងដែរ នៅក្នុងក្រមរដ្ឋប្បវេណី (មាត្រា១០៤៥)។ បើទាក់ទងនិងមាត្រា១៩ គឺការអត់ឱនចំពោះការរំលោភបំពាន។

លើសពីនេះ មានចំណុចខ្វះខាតមួយចំនួនដូចជា ការមិនបានកំណត់និយមន័យ កំណត់ជាបទល្មើសព្រហ្មទណ្ឌ និងរៀបរាប់អំពីទោសទណ្ឌ ចំពោះការរំលោភបំពានផ្លូវកាយ ផ្លូវភេទ ផ្លូវអារម្មណ៍ ឬផ្លូវចិត្ត និងផ្នែកសេដ្ឋកិច្ច ដែលអាចធ្វើឱ្យគេអាចបកស្រាយច្បាប់នេះ តាមទស្សនៈផ្ទាល់ខ្លួន និងបើកឱកាសឱ្យមាននិទណ្ឌភាព។

រួមទាំងការមិនបានកំណត់ឱ្យបានគ្រប់ជ្រុងជ្រោយ នូវកាតព្វកិច្ចជាក់លាក់របស់អាជ្ញាធរ ក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាក្នុងគ្រសារ និងការមិនបានកំណត់ឱ្យបានគ្រប់គ្រាន់ និងលម្អិត អំពីនីតិវិធី និងកិច្ចការពារ ដែលត្រូវផ្ដល់ជូនតាមដីកាការពារ និងសេចក្ដីសម្រេចរដ្ឋបាលនានា​ និងការមិនបានកំណត់លើកញ្ចប់ថវិកាជាក់លាក់ចេញពីថវិកាជាតិ សម្រាប់ការអនុវត្តច្បាប់។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមរបស់NGO-CEDAW។

លោកស្រី ញាណ សុចិត្រា  អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី​ បានមានប្រសាសន៍ថា​ យើងទទួលស្គាល់នូវចំណុចខ្វះចន្លោះទាំងនេះ ហើយ​ក៏គាំទ្រ​ឱ្យ​​មានការធ្វើវិសោនកម្មច្បាប់នេះផងដែរ។

អ្នកស្រី លឿប ឡៃ អ្នកដែលចូលរួម តំណាងស្រុកបវេល ក៏បានលើកឡើងថា៖ «រហូតដល់ឆ្នាំ២០២៦នេះ អំពើហិង្សា កាត់បន្ថយបានច្រើនដោយសារតាមសហគមន៍ ឃុំខ្ញុំមានអង្គការផ្សេងៗសម្របសម្រួលនិងផ្សព្វផ្សាយពីការទប់ស្កាត់អំពើហិង្សានេះ»។

អ្នកស្រីក៏បានបន្ថែមថា អំពើហិង្សានៅតែកើតមាននៅក្នុងសហគមន៍ ជាពិសេស​អំពើហិង្សាលើផ្លូវភេទ ដោយពេលខ្លះដោះស្រាយបាន និងពេលខ្លះដោះស្រាយមិនបាន។

លោកស្រី ជឹម ចាន់នាង សង្ឃឹមថា ដំណើរការធ្វើវិសោធនកម្មច្បាប់នេះនឹងអាចបញ្ចប់មុនឆ្នាំ២០៣០ ដើម្បីឱ្យការផ្សព្វផ្សាយ និងការអនុវត្តសកម្មភាពពាក់ព័ន្ធនឹងសិទ្ធិស្ត្រី និងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ​អាចប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព៕

រាយការណ៍ព័ត៌មានដោយ គង សុភី សិង្ហ សុទន្ត និងហេង ហេវីន

ព័ត៌មានថ្មី

អត្ថបទពេញនិយម