សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

បារាំងប្រើ​ប្រាស់​និវេទន៍​ក្រហម​របស់​​ប៉ូលិស​អាំងទែប៉ូល​ ដើម្បី​តាម​ចាប់ខ្លួន​ជនជាតិខ្មែរ​ពីរនាក់ពាក់ព័ន្ធនឹងករណីសម្លាប់លោក​ លិ​ម គិ​មយ៉ា ​

និវេទន៍​ក្រហមចេញ​ដោយ​​ប៉ូលិស​អាំង​ទែប៉ូលតាម​សំណើរបស់​បារាំង ដើម្បី​ចាប់​ខ្លួន​ពលរដ្ឋកម្ពុជា​ឈ្មោះ ពេជ្រ គឹមស្រ៊ិ​ន និង លី រតនរស្មី​ ពីបទសមគំនិតក្នុងអំពើ​ឃាត​កម្មលើ​លោក​ លិ​ម គិ​មយ៉ា ត្រូវបាន​ស្គ្រីនសត់ចេញ​​ពីគេហទំព័ររបស់ប៉ូលិស​អាំងទែ​ប៉ូល​ កាល​ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០​២៦។ (អាំង​ទែប៉ូល​)
និវេទន៍​ក្រហមចេញ​ដោយ​​ប៉ូលិស​អាំង​ទែប៉ូលតាម​សំណើរបស់​បារាំង ដើម្បី​ចាប់​ខ្លួន​ពលរដ្ឋកម្ពុជា​ឈ្មោះ ពេជ្រ គឹមស្រ៊ិ​ន និង លី រតនរស្មី​ ពីបទសមគំនិតក្នុងអំពើ​ឃាត​កម្មលើ​លោក​ លិ​ម គិ​មយ៉ា ត្រូវបាន​ស្គ្រីនសត់ចេញ​​ពីគេហទំព័ររបស់ប៉ូលិស​អាំងទែ​ប៉ូល​ កាល​ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០​២៦។ (អាំង​ទែប៉ូល​)

ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។

ប៉ូលិស​អាំង​ទែ​ប៉ូល​បានចេញនិវេទន៍​ក្រហម​តាមសំណើរបស់ប្រទេសបារាំងពាក់​ព័ន្ធនឹង​បុរស​ជនជាតិខ្មែរ​២នាក់ ដែលកំពុង​តាមរក​ចាប់ខ្លួនពាក់ព័ន្ធនឹងករណី​សម្លាប់លោក លិ​ម គិ​មយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងនៅ​កម្ពុជា ដែលត្រូវបានគេបាញ់សម្លាប់នៅទីក្រុងបាងកក កាល​ពីជិត២ឆ្នាំមុន។

និវេទន៍​ក្រហម​នេះ ដែល​ចេញ​សម្រាប់​លោក ពេជ្រ គឹមស្រ៊ិ​ន អាយុ២៥ឆ្នាំ និងលោក លី រតនរស្មី​ អាយុ៤៤ឆ្នាំ បានបញ្ជាក់​ពីបទចោទប្រកាន់តាមច្បាប់បារាំងថា បទសមគំនិតក្នុងអំពើឃាត​កម្មគិតទុកជាមុន។ និវេទន៍​ក្រហម​នេះ ត្រូវបានគេប្រទះឃើញជាលើកដំបូងកាល​ពី​ចុងខែកញ្ញា នៅលើគេហទំព័រ OpenSanctions ជាមូលដ្ឋានទិន្នន័យ ដែល​មានមូលដ្ឋាននៅទីក្រុងប៊ែរ​ឡាំង ប្រមូល​ព័ត៌មាន​អំពី​បុគ្គល​ដែលស្ថិតក្រោម​ទណ្ឌកម្ម បុគ្គល​ដែល​ត្រូវ​បាន​តាម​ចាប់ខ្លួន​ និងបុគ្គល ដែលមាន​ឥទ្ធិពលនយោបាយ។

និវេទន៍​ក្រហម​នេះ ត្រូវបានផ្សព្វផ្សាយជាច្រើនសប្តាហ៍មក​ហើយ​ មុនពេលប្រធានាធិបតីបា​រាំង លោក អេម៉ានុយអែល ម៉ាក្រុង អំពាវនាវឱ្យកម្ពុជាធ្វើការស៊ើបអង្កេតលើករណីសម្លាប់លោក​ លិម​ គិ​មយ៉ា ដែល​មានសញ្ជាតិពីរគឺបារាំងនិងកម្ពុជា។ ការអំពាវនាវនេះ បានធ្វើឡើងអំឡុង​សន្និសីទសារព័ត៌មានរួម​គ្នា​ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅរាជធានីភ្នំ​ពេញ កាលពីថ្ងៃអាទិត្យ។

បុរសទាំងពីរនាក់នេះ ក៏កំពុងប្រឈមមុខនឹងដីកាចាប់ខ្លួននៅក្នុងប្រទេសថៃផងដែរ ដោយប្រ​ទេស​ថៃបានស្នើទៅកាន់ប៉ូលិសអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសបារាំង ឱ្យចេញ​និវេទន៍​ក្រហម ដើម្បី​ចាប់ខ្លួន​អ្នក​ទាំងពីរ​កាលពីខែមករា ឆ្នាំ២០២៥។ ប៉ូលិសថៃបាន​ចោទប្រកាន់ថា លី រតន​រស្មី គឺជាអ្នកជួលខ្មាន់កាំភ្លើង ចំណែកឯ គឹម​ស្រ៊ិ​ន គឺជាអ្នកដើរតួជាអ្នកតាមដាន និងចង្អុល​បង្ហាញ​គោលដៅ។

និវេទន៍​ក្រហមនេះ​ គឺជាការស្នើសុំទៅកាន់ប៉ូលិសនៅជុំវិញពិភពលោកឱ្យស្វែងរកនិងចាប់ខ្លួនបុគ្គល​ណាម្នាក់ ជាបណ្តោះអាសន្ន ខណៈរង់ចាំការ​ធ្វើ​បត្យាប័ន​ ។​ នេះមិនមែនជាដីកាចាប់ខ្លួនអន្តរជាតិនោះទេ។

លោក ទូច សុខៈ និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយថា តើបុរសទាំងពីរនាក់នោះកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ត្រូវបានចាប់ខ្លួន ឬកំពុងស្ថិតក្រោមការស៊ើបអង្កេតដែរឬទេ​​។ ចំណែកលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក ភោគ កុលកុមារ ប្រធានការិយាល័យកណ្តាល​ជាតិរបស់​អាំងទែប៉ូល​ ប្រចាំរាជធានីភ្នំពេញ ក៏មិនអាចទាក់ទងបានដើម្បីសុំការអត្ថាធិប្បាយ​នោះដែរ។

លោក ឡុង ឌី អនុប្រធានការិយាល័យ បានមាន​ប្រសាសន៍​ថា លោកមិនបានដឹងអំពីករណីនេះទេ ដោយសារលោកស្ថិតនៅ «ផ្នែក​​ផ្សេង»។

ស្ថានទូតបារាំងប្រចាំរាជធានីភ្នំពេញ ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ។

លោក គិ​មយ៉ា ជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៧នោះ ត្រូវបានគេបាញ់សម្លាប់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ គឺភ្លាមៗ បន្ទាប់ពីលោកបានធ្វើដំណើរមកដល់ទីក្រុងបាងកកតាមរថយន្តក្រុងពីខេត្តសៀមរាប ជា​មួយ​ភរិយា និងពូរបស់លោក។ លោកបានស្លាប់នៅនឹងកន្លែងកើតហេតុ។

ជនដៃដល់ អេកកាឡាក់ ផែណយ ជាអតីតទាហានជើងទឹកថៃ ត្រូវបានគេកំណត់អត្តសញ្ញា​ណថា ជាខ្មាន់កាំភ្លើង។ ជនដៃដល់​រូបនេះ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជានៅថ្ងៃបន្ទាប់​ពីហេតុការណ៍សម្លាប់នោះ ហើយត្រូវបានប្រគល់​ឱ្យ​ប៉ូលិសថៃ។

ក្រសួងការបរទេសបារាំងបានថ្កោលទោសចំពោះការ​សម្លាប់នេះពីរថ្ងៃ បន្ទាប់ពីហេតុការណ៍នេះ បានកើតឡើង ហើយបានបញ្ជាក់ថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវដំណើរការស៊ើបអង្កេតរបស់អាជ្ញាធរ​ថៃ។

កាល​ពី​ខែតុលា ឆ្នាំ២០២៥ តុលាការក្រុងបាងកកបានកាត់ទោសលោក អេកកាឡាក់ ពីបទឃាត​កម្មគិតទុកជាមុន ដោយដាក់ទោសប្រហារជីវិត ប៉ុន្តែក្រោយមកបានបន្ធូរបន្ថយ​ទោសនោះមកត្រឹម​ជាប់ពន្ធនាគារអស់មួយជីវិតវិញ ដោយសារតែគាត់បានសារភាព។

សេចក្តី​រាយ​ការណ៍របស់ប៉ូលិសថៃ និងវិទ្យុអាស៊ីសេរី (RFA) បានបញ្ជាក់ថា លោក រតនរស្មី គឺជាទីប្រឹក្សារបស់លោក​ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលត្រូវជាឪពុករបស់លោក ហ៊ុន ម៉ាណែត​។ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានឱ្យដឹងថា លោក រតនរស្មី​ ត្រូវបានដកចេញពីតំណែងនេះកាលពីខែមីនា ឆ្នាំ២០២៤។

យោងតាមវិទ្យុអាស៊ីសេរី (RFA) បាន​ឱ្យ​ដឹង​ថា​ លោក រតនរស្មី ធ្លាប់ដឹកនាំក្រុមពលករ​​ដែល​គាំ​ទ្រ​គណបក្សសង្គ្រោះជាតិនៅប្រទេសថៃ ហើយក្រោយមកបានផ្ដាច់ខ្លួនទៅចូលរួមជាមួយគណ​បក្សកាន់អំណាច។ ប្រភពដដែលនេះក៏បានបញ្ជាក់​ផងដែរ​ថា លោក គឹមស្រ៊ិ​ន គឺជាប្អូនប្រុសរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលជាគណបក្សគាំទ្ររដ្ឋាភិបាល​​។

លោក ហ៊ុន ម៉ាណែត បានបដិសេធថា រដ្ឋាភិបាលរបស់លោក ឬឪពុករបស់លោក មិនបានពាក់ព័ន្ធនឹងការសម្លាប់នេះទេ។

អាជ្ញាធរកម្ពុជាបានប្រាប់វិទ្យុអាស៊ីសេរី កាលពីខែមករា ឆ្នាំ២០២៥ ថា ពួកគេនឹងធ្វើការស៊ើបអង្កេត លុះត្រាតែមានសំណើពីភាគីថៃ។ ប៉ុន្តែ​នៅខែបន្ទាប់មកទៀត លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាន​ហៅ​ដីកាចាប់ខ្លួនរបស់ថៃគឺ «គ្មានប្រយោជន៍» ហើយបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនអនុញ្ញាតឱ្យមានការបញ្ជូនពលរដ្ឋកម្ពុជាទៅឱ្យប្រទេសផ្សេងនោះទេ​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ France Seeks Two Cambodians in Lim Kimya Killing With Interpol Red Notices

ព័ត៌មានថ្មី

អត្ថបទពេញនិយម