សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

លោក ម៉ាក្រុង ជំរុញឱ្យកម្ពុជាស៊ើបអង្កេតករណីឃាតកម្មលើលោក លិ​ម គិ​មយ៉ា អតីត​​តំ​ណាងរាស្ត្រ​​​គ​ណបក្ស​ប្រឆាំង

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩។ ក្នុងឱកាសនោះ លោក ម៉ាក្រុង បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើករណីសម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំង។ (រូបភាព៖ STPM)
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩។ ក្នុងឱកាសនោះ លោក ម៉ាក្រុង បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើករណីសម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំង។ (រូបភាព៖ STPM)

ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។

កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាធ្វើការស៊ើបអង្កេតលើករណីសម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំង លោក លិ​ម គិ​មយ៉ា ដែលត្រូវបានគេបាញ់​សម្លាប់នៅទីក្រុងបាងកក កាលពីខែមករា ឆ្នាំ២០២៥។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេ​ញ​ លោក ម៉ាក្រុង បានមាន​ប្រសាសន៍​ថា៖ «ខ្ញុំចង់លើកឡើងអំពីករណីឃាតកម្មលើលោក​ លិ​ម គិ​មយ៉ា នៅទីក្រុងបាងកក។ ខ្ញុំចង់ឱ្យមានការស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងនាំខ្លួនជនដៃដល់មកទទួលខុសត្រូវចំពោះមុខច្បាប់»។

លោក ម៉ាក្រុង បានថ្លែងរួម​គ្នា​ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​គ្របដណ្តប់​លើ​ប្រធាន​បទ​ជា​ច្រើន​ ក្នុង​នោះ ក៏មាន​ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដើម្បីពង្រឹងទំនាក់ទំនង និងការ​វិនិយោគរវាងប្រទេសទាំងពីរផងដែរ​។

លោក លិម​ គិមយ៉ា​ ដែលអាយុ​៧៤​ឆ្នាំ និង​មានសញ្ជាតិពីរ គឺ​កម្ពុជា និងបារាំង គឺជាសមាជិកសភាមកពី​គណបក្សសង្គ្រោះជាតិ (CNRP) ដែលធ្លាប់ជាគូប្រជែងដ៏សំខាន់បំផុតរបស់គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចអស់រយៈពេលជាយូរ។ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៧ ដោយចោទប្រកាន់ថា មានផែនការផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ ជា​ការចោទប្រកាន់ ដែលគណបក្សនេះអះអាងថា ជាការប្រឌិត​ ហើយសមាជិកជាច្រើនរបស់គណបក្សនេះ បានប្រឈមមុខនឹងការ​កាត់ទោសទ្រង់ទ្រាយធំ ក្រោមការចោទប្រកាន់ពីបទសមគំនិតប្រព្រឹត្តអំពើក្បត់ជាតិ និងបទញុះញង់​​។

លោក អេកកាឡាក់ ផែណយ ជាអតីតទាហានជើងទឹកថៃ បានបាញ់សម្លាប់លោក លិម​ គិមយ៉ា​ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅជិតផ្លូវខាវសាន​ ក្នុងទីក្រុងបាងកក។ លោក អេកាឡាក់​ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជានៅថ្ងៃបន្ទាប់ ហើយត្រូវបានប្រគល់ជូននគរបាល​ថៃ។

ប៉ុន្មានខែក្រោយមក តុលាការនៅទីក្រុងបាងកកបានកាត់ទោសលោក អេកកាឡាក់​ ពីបទឃាតកម្មគិតទុក​ជាមុន ដោយផ្តន្ទា​ទោសប្រហារជីវិត ប៉ុន្តែក្រោយមកបានបន្ធូរបន្ថយ​ទោសនោះមកជាការជាប់ពន្ធនាគារអស់មួយជីវិតវិញ ដោយសារតែលោក​បានសារភាពកំហុស។

អាជ្ញាធរថៃបានចេញដីកាចាប់ខ្លួនបុរសជនជាតិខ្មែរ​ ២នាក់ គឺលោក លី រតនរស្មី​ ដែលនគរបាល​អះ​អាង​ថា ជាអ្នកជួលលោក អេកកាឡាក់ និងលោក ពេជ្រ គឹមស្រ៊ិ​ន ដែលត្រូវបានគេចោទថា បានជួយប្រាប់​អត្តសញ្ញាណ​របស់​លោក លិម គិមយ៉ា ទៅជនដៃដល់​។ បុរសទាំង ២នាក់នេះនៅតែមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ។

លោក ហ៊ុន ម៉ាណែត បានបដិសេធថា រដ្ឋាភិបាលរបស់លោក ឬឪពុករបស់លោក មិនបានពាក់ព័ន្ធនឹងការសម្លាប់នេះទេ។

អាជ្ញាធរកម្ពុជាបានប្រាប់វិទ្យុអាស៊ីសេរី (RFA) កាលពីខែមករា ឆ្នាំ២០២៥ ថា ពួកគេនឹងធ្វើការស៊ើបអង្កេ​ត​លុះត្រាតែមានសំណើពីភាគីថៃ។ នៅខែបន្ទាប់មកទៀត លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហា​ផ្ទៃ បានហៅ​ដីកាចាប់ខ្លួនរបស់ថៃ គឺ «គ្មានប្រយោជន៍»ហើយបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនអនុញ្ញាតឱ្យមានការបញ្ជូនពលរដ្ឋកម្ពុជាទៅឱ្យប្រទេសផ្សេងនោះទេ។

ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល មិនបាន​ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

ក្រសួងការបរទេសបារាំងបានថ្កោលទោសការ​សម្លាប់នេះ រយៈ​ពេល​ពីរថ្ងៃ បន្ទាប់ពីហេតុការណ៍បានកើតឡើង ហើយបានបញ្ជាក់ថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវការស៊ើបអង្កេតរបស់ភាគីថៃ។

លោក លិម ថូម៉ាស់ ជា​កូនប្រុសរបស់លោក គិមយ៉ា​ បានថ្លែងអំណរគុណដល់លោក ម៉ាក្រុង​ និងរដ្ឋាភិបាលបារាំង តាមរយៈការបង្ហោះសារលើហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ ដែលបានលើកឡើងពីករណីឃាតកម្មលើឪពុករបស់លោក​។

លោកបានប្រាប់សារព័ត៌មានខេមបូចាថា៖ «ជាអកុសល យើងដឹងច្បាស់ណាស់ថា ប្រសិនបើគ្មានការចូលរួម និងការតាមដានយ៉ាងយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីសំណាក់ប្រទេសបារាំងទេនោះ ការស៊ើបអង្កេតនេះអាចនឹងមាន​វាសនាដូចករណីជាច្រើនទៀត ដែលពាក់ព័ន្ធនឹងការធ្វើឃាតគូប្រជែងនយោ​បាយ​នៅកម្ពុជា ដែលករណីទាំងនោះមិនដែលត្រូវបានស៊ើបអង្កេតឱ្យបានត្រឹមត្រូវ ឬដោះស្រាយ​រហូត​ដល់​ទីបញ្ចប់​ឡើយ​»។

លោក​បានលើកឡើងថា ក្រុមគ្រួសារសង្ឃឹមថា ជនសង្ស័យទាំងពីរនាក់ គឺ លី រតនរស្មី​ និង ពេជ្រ គឹមស្រ៊ិន​ នឹងត្រូវបានចាប់ខ្លួនក្នុងពេលឆាប់ៗ ហើយតួនាទីរបស់ពួកគេនឹងត្រូវបានកំណត់ឱ្យច្បាស់លាស់នៅក្នុង​តុលាការ។

លោក លិម ថូម៉ាស់ សរសេរ​ថា៖ «ទោះជាយ៉ាងណាក៏ដោយ យើងមិនមានការយល់ឃើញខុសឡើយ៖ យើងជឿជាក់ថា បុគ្គលទាំងពីរនាក់នេះ មិនមែនជាមេគំនិត​ពិតប្រាកដ នៅពីក្រោយអំពើឃាតកម្មលើឪពុករបស់ខ្ញុំនោះទេ។ យើងជឿថា ពួកគេគ្រាន់តែជាអន្តរការី​ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ វាជារឿងចាំបាច់ណាស់ ដែលការស៊ើបអង្កេតមិនត្រូវបញ្ចប់ត្រឹមជនសង្ស័យទាំងពីរនាក់នេះទេ ប៉ុន្តែត្រូវបន្តទៅមុខទៀត រហូតដល់រកឃើញអ្នកដែលបានបញ្ជា និងរៀបចំអំពើឃាតកម្មនេះពិតប្រាកដ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Macron Presses Cambodia to Investigate Murder of Former Opposition Lawmaker Lim Kimya

 

ព័ត៌មានថ្មី

អត្ថបទពេញនិយម