សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ប្រព័ន្ធទឹក​ស្អាត​ត្រូវបានដំឡើងសម្រាប់​ពលរដ្ឋពិសា​នៅ​សួន​វត្ត​បទុម​ មុន​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូ​នី​​មក​ដល់

កម្មករ​កំពុង​ភ្លក់​ទឹក​ចេញ​ពី​ប្រភព​ទឹក​ស្អាត​ដែល​​ទើប​ដំឡើង​នៅ​មុខ​វត្ត​បទុម ដែល​ជាការ​ត្រៀម​​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី ក្នុងទីក្រុង​ភ្នំពេញ។ ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ២០២៦​។ កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៦​។ (ខេមបូចា/ព្រីង សំរាំង)​​
កម្មករ​កំពុង​ភ្លក់​ទឹក​ចេញ​ពី​ប្រភព​ទឹក​ស្អាត​ដែល​​ទើប​ដំឡើង​នៅ​មុខ​វត្ត​បទុម ដែល​ជាការ​ត្រៀម​​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី ក្នុងទីក្រុង​ភ្នំពេញ។ ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ២០២៦​។ កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៦​។ (ខេមបូចា/ព្រីង សំរាំង)​​

ប្រ​ព័ន្ធទឹក​ស្អាត​ដែល​អាច​ពិសា​រដោយ​មិនគិត​​ថ្លៃ​មាន​វត្ត​មាន​នៅ​សួន​មុខ​វត្ត​បទុម គឺជា​និមិត្តរូប​នៃ​កិច្ច​សហប្រតិបត្តិការ​បារាំង​-កម្ពុជា មុន​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី ឈាន​ចូល​មក​ដល់​។ ជាមួយ​គ្នានេះ​ដែរ ប្រជា​ពល​រដ្ឋ​មាន​ចម្ងល់​ដែរថា​តើ​ប្រព័ន្ធ​ទឹក​ស្អាតនេះនឹង​នៅ​តែ​រក្សាទុក​បម្រើ​ជា​ប្រយោជន៍​សាធារណ​ក្នុង​រាជធានី​ភ្នំពេញ​ទៀត ​ឬ​យ៉ាង​ណា​ក្រោយ​ចប់​កិច្ច​ប្រជុំ​កំពូល​នេះ។​

​ប្រព័ន្ធ​ទឹក​ស្អាត​សម្រាប់​ពិសានេះ​ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​ភូមិហ្វ្រង់កូហ្វូនី​នៅសួន​មុខវត្ត​បទុម ដែល​ទី​សាធារណៈ​មួយ​សម្រាប់​ប្រជា​ពល​រដ្ឋ​សម្រាក ឬ​ធ្វើ​លំហាត់​ប្រាណ​។ ក្នុង​កិច្ច​ប្រជុំ​កំពូល​ខាង​មុខ​​អ្នក​ទស្សនា អ្នក​តាំង​ពិព័រណ៍ និង​អ្នក​ចូល​រួម​ជា​ច្រើន​ទៀត​​នឹង​អាច​ប្រើ​ប្រាស់​ទឹក​ស្អាត​សម្រាប់​ពិសា​នេះ​បាន​។ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​បារាំង AFD។​

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​​លើក​ទី​២០​ពី​ថ្ងៃទី​១៣​ ដល់ ទី​១៧​ ខែ​វិច្ឆិកា នៅក្នុង​រាជធានីភ្នំពេញ ក្នុង​នោះ​ថ្នាក់​ដឹក​នាំ​ប្រទេស​ចំនួន​៩០​ ដែល​ជា​ប្រទេស​សមាជិក​អង្គការ​អន្តរជាតិ​ហ្វ្រង់​កូហ្វូនី នឹង​អញ្ជើញ​ចូល​រួម​។​

ប្រធានាធិបតីបារាំង​លោក Emmanual Macron ក៏​នឹង​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ដែរ។ នេះ​បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួងការ​បរទេស​កម្ពុជា​ និង​ថា​កិច្ចព្រម​ព្រៀង និង​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន ទាក់ទង​នឹង​សេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ​ក៏​នឹង​ត្រូវចុះ​​ហត្ថលេខា​នា​ឱកាស​នោះ​ផង​ដែរ។​

​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​បារាំង​បាន​ឲ្យ​ដឹង​ថា​ ការ​ដំឡើង​ប្រព័ន្ធ​ទឹកស្អាត​សម្រាប់​ពិសាជាមួយ​​រដ្ឋាករទឹកស្វយ័ត​ក្រុង​​ភ្នំពេញ​ បាន​បង្ហាញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​រវាង​បារាំង-កម្ពុជា​ ជា​ច្រើន​ទសវត្សរ៍ រួម​ទាំងគម្រោង​​ស្ថានីយ​ទឹក​ស្អាត​បាក់ខែង ដែល​បាន​ជួយ​ផ្គត់​ផ្គង់​ទឹក​ស្អាត​សម្រាប់​ប្រជា​ពល​១,៣លាន​នាក់​នៅ​ភ្នំពេញ​បាន​​ប្រើ​ប្រាស់​។​

លោក ទួន តាន អ្នក​រត់​កង់បី​ដែលតែង​រង់ចាំ​ម៉ូយ​នៅ​ម្ដុំ​សួន​វត្ត​បទុមវត្តី បាន​ឲ្យ​ដឹងថា​៖ «​យើង​មិន​ដែល​មាន​ប្រភព​​ទឹក​ស្អាត​សម្រាប់​ផឹក​ដោយ​មិន​គិត​ថ្លៃ​បែប​នេះទេ»។​

លោក​បន្ថែម​ថា៖ «​វា​ជា​រឿង​ល្អ​បើសិនជាមាន​កម្មវិធី​ដូច​នេះ ព្រោះ​ថា​ខ្ញុំ​ទិញ​ទឹក​បរិសុទ្ធ​តាម​ផ្លូវ​រាល់ថ្ងៃ ចំណាយ​​ ៤ ០០០​រៀល សម្រាប់​ទឹក​ពីរ​ដប។ មាន​ប្រភព​ទឹក​ស្អាត​សម្រាប់​ផឹក​បែបនេះ​នឹង​ល្អ​សម្រាប់​ខ្ញុំ និង​ប្រជា​ពល​រដ្ឋ​ផ្សេង​ទៀត»។​

លោក​ឲ្យ​ដឹង​ទៀតថា​៖ «​ខ្ញុំ​ចង់​ឲ្យ​វា [ប្រភព​ទឹក​ស្អាត​ទាំងនេះ]នៅ​មាន​ជា​អចិន្រ្តៃយ៍ ដូច​នេះ​ប្រជា​ពល​រដ្ឋ​អាច​បាន​ទឹក​ផឹក​ពេល​ដើរ​តាម​ដង​ផ្លូវ»។​

លោក​បន្ត​ថា៖ «​ប្រភព​ទឹក​ស្អាត​សម្រាប់​ផឹក​ពិត​ចា​ចាំ​បាច់។ ពេល​ខ្លះ​ខ្ញុំ​ឃ្លាន ខ្ញុំ​អាច​បាន​ត្រឹម​ផឹក​ទឹក​ជំនួយ​បាយ»។ លោកបន្ថែម​ថា ​ប្រភព​ទឹក​ស្អាត​នេះ​នឹង​ជួយ​ប្រជា​ពល​រដ្ឋ​សន្សំសំចៃ​ប្រាក់​ពី​ការ​ទិញ​ទឹក​បរិសុទ្ធ​។​

កម្មករ​ដំឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ស្អាត​សម្រាប់​ពិសា​នៅ​សួន​មុខ​វត្តបទុមវត្តី ក្នុង​រាជធានីភ្នំពេញ​មុន​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​ចូល​មក​ដល់។ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៦។ (ខេមបូចា/ព្រីង សំរាំង)

លោក ចិត្ត សៀង វ័យ​៣៥​ឆ្នាំ ជា​កម្មករ​ដំឡើង​ប្រព័ន្ធ​ទឹ​ក​ស្អាត​សម្រាប់​ពិសា​នេះ បាន​ប្រាប់​សារព័ត៌មានខេមបូចា​ថា​ ប្រព័ន្ធ​ទឹក​នេះ​ដំឡើង​ជា​ពិសេស​សម្រាប់​កម្មវិធី​ហ្វ្រង់កូហ្វូនី​។​​

លោកលើកឡើងថា ​ប្រព័ន្ធ​ទឹក​ស្អាត​សម្រាប់​ពិសានេះ​ ប្រជា​ពល​រដ្ឋ​អាច​ប្រើប្រាស់​បាន​ដោយ​មិន​គិត​ថ្លៃ​។ លោក​បន្តថា៖ «​បើ​សិនជា​មាន​ប្រព័​ន្ធ​ទឹកស្អាត​សាធារណៈសម្រាប់​ផឹក​នៅ​ច្រើន​កន្លែង វា​នឹង​កាត់​បន្ថយ​ការចំណាយ​លើថ្លៃ​​ទិញ​ទឹក​បរិសុទ្ធ»។​

លោក​បន្ត​ថា៖ «​ខ្ញុំ​ចង់​​ឲ្យ​មាន​ប្រព័ន្ធ​ទឹក​ស្អាត​សម្រាប់​ផឹក​នេះ​មាន​នៅ​តាមទីសាធារណៈ​ច្រើន​កន្លែង ដូច​នេះ​ប្រជា​ពល​រដ្ឋ​អាច​ទទួល​បានទឹក​ផឹក​ដោយ​មិន​គិត​ថ្លៃ​ពេល​កំពុង​ហាត់​ប្រាណ[ក្នុង​សួន]»។

​សម្រាប់​រយៈពេល​៣០​ឆ្នាំ​កន្លង​មក​នេះ បារាំង​បាន​ជួយ​គាំទ្រ​ដល់​រដ្ឋាករទឹកស្វយ័ត​ក្រុង​ភ្នំពេញ​​តាម​រយៈទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ហៅ​កាត់​ថា​​ AFD ក្នុង​ការ​កសាង ពង្រីង និង​ធ្វើ​ទំនើប​កម្ម​លើ​បណ្ដាញ​ទឹកស្អាត​ក្នុងទីក្រុង​ភ្នំពេញ គម្រោង​កម្មវិធី​​វិនិយោគ និង​កសាង​សមត្ថភាព​។​

លោក យង់ គិមអេង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌលប្រជា​ពល​រដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព មាន​ប្រសាសន៍​ថា​ នៅ​មាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​មិន​ទាន់​បាន​ទទួល​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​។​

លោក​បន្តថា៖ «​យើង​ឃើញ​ថា​ចំនួន​ប្រជា​ពល​រដ្ឋ​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​មានការ​កើន​ឡើង​ និង​​ជា​ច្រើន​កន្លែង។ ​យើង​គិត​ថា​នេះជា​ការ​អភិវឌ្ឍវិជ្ជមាន​មួយ​ដែល​អាច​ឲ្យ​សាធារណជន រួម​ទាំង​អ្នក​គ្មាន​ផ្ទះ​សម្បែង អាច​ទទួល​បាន​ទឹក​ស្អាត​សម្រាប់​បរិភោគ»។​

​ទោះ​យ៉ាង​ណា​លោក​ថា​ បញ្ហា​ប្រឈម​នៅ​តែ​មាន​សម្រាប់​កម្ពុជា ក្នុង​ការធានា​ថា ​ប្រជា​ពល​រដ្ឋ​នៅតាមទីជនបទ​អាច​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់ ហើយ​ការ​ផ្គត់​ផ្គង់ទឹកស្អាត​នៅ​តែមានការ​ខ្វះ​ខាត​បើទោះបីជា​រដ្ឋាភិបាលបាន​ខិត​ខំប្រឹង​ប្រែង​អនុវត្ត​គោល​នយោបាយ​ទឹក​ក៏ដោយ​។​

លោក សឿង សារ៉ន នាយកប្រតិបត្តិ​អង្គការ​សមាគម​ធាង​ត្នោត បាន​សាទរ​ទៅ​នឹង​ការ​ដំឡើង​ប្រព័ន្ធទឹកស្អាត​សម្រាប់​ពិសា​នៅ​សួន​សាធារណៈ​។ លោកថ្លែង​ថា៖ «​នៅ​បរទេស ទឹក​ស្អាត​គឺ​មាន​នៅ​ស្ទើរតែ​គ្រប់​ទីសាធារណៈ។ ក្នុង​ប្រទេស​យើង ​នេះគឺ​ជា​ចំណុច​ចាប់​ផ្ដើម​ដ៏​ល្អ​»។​

​អ្នកនាំពាក្យ​រដ្ឋាបាល​រាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បដិសេធ​អត្ថាធិប្បាយ​លើ​រឿង​នេះ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Free Drinking Water Fountain Installed at Wat Botum Park to Mark Francophonie Summit 

ព័ត៌មានថ្មី

អត្ថបទពេញនិយម