ប្រជាពលរដ្ឋប្រមាណ៣០នាក់រងគ្រោះដោយក្រុមហ៊ុនអតីតឧកញ៉ាឡេង ចាន់ណា ប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តសៀមរាប នៅពេលល្ងាចថ្ងៃទី២ និងព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ស្នើសុំពន្លឿនការកាត់ក្ដី ក្រោមហេតុផលថា ពួកគេកំពុងប្រឈមនឹងបញ្ហាបំណុលហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
ពលរដ្ឋរស់នៅក្រុងរុនតាឯក លោកបូរ ពេជ្យរស្មី និយាយថា ការសម្រេចឡើងមកមុខតុលាការខេត្ត ដើម្បីជំរុញឱ្យស្ថាប័នតុលាការពន្លឿននីតិវិធីក្នុងការដោះស្រាយសំណុំរឿងរបស់លោកស្រី ឡេង ចាន់ណា ដែលលោកអះអាងថា បានអស់ប្រាក់ចំនួន ១ ៤០០០ដុល្លារ កាលពីឆ្នាំ២០២៣។
លោកលើកឡើងថា ប្រាក់ទាំងនោះលោកបានមកពីការខ្ចីបុលធនាគារ ដែលបច្ចុប្បន្នលោកបានរងបណ្ដឹងពីធនាគារ ដោយបង្ខំឱ្យលោកលក់ផ្ទះដែលបានដាក់បញ្ចាំយកប្រាក់វិនិយោគជាមួយក្រុមហ៊ុនប្រ៊ីលាន ស៊ី ធី របស់អតីតឧកញ៉ា ឡេង ចាន់ណា នេះ។
លោកបន្តថា ធនាគារសម្រេចប្ដឹងលោកទៅតុលាការខេត្តសៀមរាប បន្ទាប់ពីលោកលែងមានប្រាក់បង់សងប្រមាណ៣០០ដុល្លារក្នុងមួយខែបន្តទៀត ដែលមានរយៈពេលជិត២ឆ្នាំមកហើយ ។
លោក អះអាងបន្ថែមថា សព្វថ្ងៃភាគីធនាគារ បានដាក់សម្ពាធឱ្យលោកលក់ផ្ទះដែលកំពុងស្នាក់នៅ ឱ្យបានត្រឹមចុងឆ្នាំនេះ ឬនៅក្នុងឆ្នាំ២០២៧។ ក្នុងរឿងក្ដីនេះ លោកពេជ្យរស្មី ស្នើសុំប្រាក់ដើមត្រលប់មកវិញ ដើម្បីលោកយកទៅសងធនាគារបន្ត។
លោកបន្ថែមទៀត់ថា៖ «ខ្ញុំសំណូមពរដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ជួយពន្លឿនរឿងក្ដីពួកខ្ញុំ។ ខ្ញុំសំណូមពរដល់ខាងតុលាការ មេធាវីជួយដោះស្រាយរឿងនេះឱ្យឆាប់រហ័ស។ បើមិនចឹងទេ ពួកខ្ញុំទាំងអស់គ្នានេះ អស់ដីអស់ធ្លីគ្រប់គ្នា»។
ពលរដ្ឋរងគ្រោះមួយរូបទៀត អ្នកស្រី លាវ ហូវ អាយុ៦០ឆ្នាំ រស់នៅភូមិតានី ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប និយាយថា អ្នកស្រី បានខ្ចីបុលគេចំនួន៥ម៉ឺនរៀល សម្រាប់ជាសោហ៊ុយធ្វើដំណើរមកកាន់សាលាដំបូងខេត្ត ដើម្បីស្វែងរកដំណោះស្រាយពីសំណុំរឿងដែលអ្នកស្រីបានបាត់បង់ប្រាក់ចំនួន២ម៉ឺនដុល្លារ។
អ្នកស្រីបន្តថា ប្រាក់ទាំងនោះ គឺអ្នកស្រីបានមកពីការដាក់កម្ចីធនាគារ ដែលបច្ចុប្បន្នបន្ទុកនៃការបង់សងបានធ្លាក់លើកូនៗរបស់អ្នកស្រី។
អ្នកស្រីបញ្ជាក់ថា៖ «មួយខែជាង៥០០ដុល្លារ ដល់រត់អត់រួច សុំគេឡើង(ពន្យាពេល) ១០ឆ្នាំ អីឡូវ៣៧៥ដុល្លារ [បង់] ជិត១០ឆ្នាំ។ លំបាកកូនរកលុយឡើងស្គមខ្លួន ខ្លាចគេរឹបអូសផ្ទះ។ សំណូមពរជួយឱ្យតុលាការដោះស្រាយឱ្យពួកខ្ញុំ»។
ចំណែកពលរដ្ឋមួយរូបដែលឡើងមកពីខេត្តកំពង់ធំ អ្នកស្រី កែវ គឺ អាយុ៦៦ឆ្នាំ រស់នៅភូមិត្រពាំងសាលា ឃុំឈូក ស្រុកប្រាសាទសំបូរ ស្នើសុំតុលាការជួយពន្លឿនរឿងក្ដី ដើម្បីបានប្រាក់១ម៉ឺនដុល្លារត្រលប់មកវិញ សម្រាប់សងធនាគារ។
អ្នកស្រី និយាយថា៖ «មានអ្វីនៅពីក្រោយខ្នងក៏ជួយពន្លឿនដោះស្រាយឱ្យខ្ញុំឱ្យបាន។ ឱ្យខ្ញុំមានដំណោះស្រាយ លុយកាក់ដល់ពួកខ្ញុំផង ចង់បានតែប៉ុណ្ណឹងទេ។ ចង់បានតែលុយ១ម៉ឺនដុល្លារមកវិញទេ ខ្ញុំសងធនាគារឱ្យខ្ញុំរួចកម្មទៅ»។
ជុំវិញករណី អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង មិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញករណីរឿងនេះទេ ដោយលោកបានបញ្ជាក់ថា តុលាការបានណែនាំឱ្យប្រជាពលរដ្ឋត្រឡប់ទៅផ្ទះវិញរួចហើយ និងរង់ចាំមើលសេចក្តីជូនដំណឹងដែលនឹងផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុករបស់លេខាធិការដ្ឋានសាលាដំបូងខេត្តសៀមរាបវិញ។

រីឯអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា បង្វែរសំណួរទៅកាន់សាលាដំបូងខេត្តសៀមរាបវិញ ដោយលោកថា សំណុំរឿងនេះស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់សាលាដំបូងខេត្តសៀមរាប រួមទាំងនីតិវិធី និងការចាត់ចែងទ្រព្យសម្បត្តិ។
លោកបន្តថា៖ «កន្លងមក អាជ្ញាធរមានសមត្ថកិច្ច និងតុលាការបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយបានឃាត់ខ្លួន និងចោទប្រកាន់បុគ្គលពាក់ព័ន្ធជាបន្តបន្ទាប់។ ភាពយឺតយ៉ាវ ឬភាពស្មុគស្មាញនៃសំណុំរឿងបែបឆបោកទ្រង់ទ្រាយធំនេះ កើតចេញពីទំហំរឿងក្តី ដែលមានជនរងគ្រោះរាប់ពាន់នាក់ ទំហំទឹកប្រាក់ច្រើន និងពាក់ព័ន្ធនឹងការស្រាវជ្រាវ ផ្ទៀងផ្ទាត់ឯកសារ ក៏ដូចជាការស្វែងរក និងបង្កកទ្រព្យសម្បត្តិ ដើម្បីការពារផលប្រយោជន៍ជនរងគ្រោះ។ តុលាការត្រូវធ្វើការឱ្យបានហ្មត់ចត់បំផុត ដើម្បីធានាភាពត្រឹមត្រូវ និងយុត្តិធម៌»។
នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត យល់ថា ជនរងគ្រោះចង់បានដំណោះស្រាយឱ្យបានឆាប់រហ័ស ដោយសារការអូសបន្លាយសំណុំរឿងបានធ្វើឱ្យពួកគាត់ជួបការលំបាកផ្នែកជីវភាព និងបំណុលធនាគារកាន់តែធ្ងន់ធ្ងរ រហូតអ្នកខ្លះប្រឈមនឹងការបាត់បង់ដីធ្លី និងផ្ទះសម្បែង។ ស្របពេលជាមួយគ្នា លោកជំរុញឱ្យតុលាការពន្លឿននីតិវិធី និងស្ថាប័នពាក់ព័ន្ធស្វែងរកយន្តការដោះស្រាយជូនជនរងគ្រោះឱ្យបានឆាប់តាមលទ្ធភាព។
លោក មានប្រសាសន៍ថា៖«នីតិវិធីរបស់តុលាការ មានភាពស្មុគស្មាញដោយសារតែជនរងគ្រោះមានចំនួនច្រើន។ ប៉ុន្តែទោះយ៉ាងណាតុលាការត្រូវតែពន្លឿននីតិវិធី ដើម្បដោះស្រាយលើសំណុំរឿងពួកគាត់ឱ្យបានឆាប់រហ័សដែលអាចធ្វើទៅបាន ព្រោះដំណើរការនីតិវិធីតាមផ្លូវតុលាការគឺអាចមានភាពវែងឆ្ងាយទៅទៀត គឺដំណើរការនីតិវិធីនៅសាលាដំបូង បើមានបណ្តឹងបន្តគឺអាចដំណើរការនៅសាលាឧទ្ធរណ៍ និងតុលាការកំពូលទៀត»។
កាលពីដើមឆ្នាំ២០២៤ សមត្ថកិច្ចខេត្ដសៀមរាបបានឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី និងបក្ខពួកពីបទ«ឆបោក រំលោភលើទំនុកចិត្ដ និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់» តាមដីកាបញ្ជាឱ្យចូលខ្លួន បន្ទាប់ពីពលរដ្ឋជាង៨០០នាក់បានដាក់ពាក្យបណ្ដឹងកាលពីពាក់កណ្ដាលខែកុម្ភៈ ពាក់ព័ន្ធនឹងឆបោកលុយរាប់លានដុល្លារ។
ក្នុងខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋប្រហែល៣០០នាក់ បានឡើងមកក្រសួងយុត្តិធម៌ នៅរាជធានីភ្នំពេញ ដោយជំរុញឱ្យអាជ្ញាធរពន្លឿនសំណងពីគម្រោង «ប្រ៊ីលាន ស៊ីធី» ឆ្នាំ២០២៤។
ករណីនេះ ត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងថវិកា ២០០លានដុល្លារ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលជំរុញឱ្យមានការស៊ើបអង្កេតលើការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីនៅក្រសួងការពារជាតិ រួមទាំងនៅក្រសួងអប់រំ និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានបើកការស៊ើបអង្កេតលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា ដែលបានបោកប្រាស់ប្រជាពលរដ្ឋរាប់ពាន់នាក់ និងអស់ទឹកបា្រក់រាប់លានដុល្លារ។
យោងតាមការស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គភាពប្រឆាំងអំពើពុករលួយ លោក ស៊ាន បូរ៉ាត់ និងលោក ស ថាវី បានជាប់ពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ។ នៅក្នុងសំណុំរឿងបើកការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយលើ ស៊ាន បូរ៉ាត និងស ថាវី នេះ អ្នកទាំងពីរមិនមែនជាសាក្សីទេ គឺជាជនសង្ស័យនៃសំណុំរឿង។
ក្នុងខែសីហា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) សម្រេចព្យួរតំណែងអនុប្រធានអង្គភាពរបស់ខ្លួន និងមានតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ គឺលោក ស៊ាន បូរ៉ាត់ បន្ទាប់ពីមានការស៊ើបអង្កេតរកឃើញថា លោក និងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាប់ពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារជាមួយអគ្គនាយកក្រុមហ៊ុន Brilliant City លោកស្រី ឡេង ចាន់ណា៕










