សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋរាប់រយនាក់ស្នើឱ្យក្រសួងយុត្តិធម៌ជួយពន្លឿនដំណោះស្រាយករណីក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី បានឆបោកលុយរាប់លានដុល្លារ

ពលរដ្ឋរាប់រយនាក់ប្រាប់ថា ពួកគេត្រូវបានអតីតឧកញ៉ា ឡេង ចាន់ណា ដែលកំពុងជាប់ពន្ធនាគារឆបោក បានធ្វើបាតុកម្មនៅក្រសួងយុត្តិធម៌ ដោយអំពាវនាវឱ្យមានការសងប្រាក់វិញ។ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/ឃួន ណារីម)
ពលរដ្ឋរាប់រយនាក់ប្រាប់ថា ពួកគេត្រូវបានអតីតឧកញ៉ា ឡេង ចាន់ណា ដែលកំពុងជាប់ពន្ធនាគារឆបោក បានធ្វើបាតុកម្មនៅក្រសួងយុត្តិធម៌ ដោយអំពាវនាវឱ្យមានការសងប្រាក់វិញ។ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/ឃួន ណារីម)

រយៈពេលជិតពីរឆ្នាំ ចាប់តាំងពីត្រូវបានចោទប្រកាន់ថា បានឆបោកលុយរាប់លានដុល្លារក្នុងគម្រោងវិនិយោគ ដោយអតីតឧកញ៉ា ឡេង ចាន់ណា ដែលកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។ ពលរដ្ឋរាប់ពាន់នាក់នៅតែស្វែងរកការអន្តរាគមន៍ពីរដ្ឋាភិបាលដើម្បីសម្រាលបន្ទុកបំណុលរបស់ពួកគេ និងពន្លឿនរឿងក្តី។

ពលរដ្ឋប្រហែល ៣០០នាក់បានលើកឡើងថា ពួកគេត្រូវបានគេបោកប្រាស់ ដែលភាគច្រើនបានយកប្រាក់កម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្ថុទៅវិនិយោគ។ ពួកគេបានតវ៉ានៅក្រសួងយុត្តិធម៌ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារដោយជំរុញឱ្យអាជ្ញាធរពន្លឿនសំណងពីគម្រោង «ប្រ៊ីលាន ស៊ីធី» ឆ្នាំ២០២៤។

លោកស្រី ចាន់ណា ដែលគេស្គាល់ថា ជាម្ចាស់អំណោយដ៏ច្រើនសន្ធឹកសន្ធាប់ដល់រដ្ឋាភិបាល ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងការលាងលុយកខ្វក់ក្នុងខែមីនា ឆ្នាំ២០២៤។

លោកស្រីក៏ត្រូវបានដកហូតតំណែងជា «ឧកញ៉ា» ដែលជាការផ្តល់កិត្តិយសដល់បុគ្គលដែលបរិច្ចាគយ៉ាងហោចណាស់ ៥០ ម៉ឺនដុល្លារដល់រដ្ឋាភិបាល។

ករណីនេះ ត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងថវិកា ២០០លានដុល្លារ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលជំរុញឱ្យមានការស៊ើបអង្កេតលើការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីនៅក្រសួងការពារជាតិ និងអប់រំ និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។

លោក ហាប់ ហៀប តំណាងក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យអាជ្ញាធរជួយពន្លឿនរឿងក្តីដើម្បីឈានដល់ការចេញសាលក្រមយ៉ាងឆាប់រហ័សដោយនិយាយថាមនុស្សជាច្រើនបានតស៊ូអស់ជាច្រើនឆ្នាំដើម្បីរកដំណោះស្រាយនិងសងប្រាក់កម្ចីរបស់ពួកគេ។

អ្នកស្រី ហៀប បាននិយាយថា៖ «​តើ​យើង​ត្រូវ​បន្ត​បង់​ប៉ុន្មាន​ខែ​ទៀត​នៅ​ពេល​ដែល​មិន​មាន​ដំណោះស្រាយ​?» អ្នកស្រី​បាន​បន្ត​ថា បច្ចុប្បន្ន​អ្នកស្រី​បង់​ប្រាក់​ចំនួន ១ ០០០ ដុល្លារ​ក្នុង​មួយ​ខែ​ក្នុង​ការ​ប្រាក់​លើ​កម្ចី ៥៧ ០០០ ដុល្លារ ដែល​នាង​យក​ទៅ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​របស់ ចាន់ណា កាល​ពី៣ឆ្នាំ​មុន។

ក្រុមបាតុករប្រមូលស្នាមមេដៃដើម្បីដាក់ញត្តិទៅក្រសួងយុត្តិធម៌ ដើម្បីស្វែងរកអន្តរាគមន៍ក្នុងករណីក្រុមហ៊ុនវិនិយោគ «ប្រ៊ីលាន ស៊ីធី»។ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/ឃួន ណារីម)

បាតុករម្នាក់ទៀត ឈ្មោះ ចាប ប៊ុនហៀង បាននិយាយថា គាត់បានខ្ចីប្រាក់ចំនួន ១៤ ៦០០ ដុល្លារពីធនាគារមួយ ហើយបង់ការប្រាក់ប្រហែល ១ ០០០ ដុល្លារក្នុងរយៈពេលប្រាំមួយខែ មុនពេលមន្ត្រីឥណទានបានអនុញ្ញាតឱ្យគាត់ពន្យារពេលការទូទាត់។ លោកបន្ត​ថា លោកបាន​វិនិយោគ​ព្រោះ​ក្រុមហ៊ុន​ហាក់​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង មានប្រសាសន៍ថា ករណីលោកស្រី ចាន់ណា កំពុងស្ថិតក្រោមការស៊ើបអង្កេតពីតុលាការ ហើយមិនទាន់មានសេចក្តីសម្រេចណាមួយចេញនៅឡើយ។

លោក គី តិច មេធាវី​រដ្ឋាភិបាល​តំណាង​ដើម​បណ្តឹង​ជាច្រើន​នាក់​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីខែតុលា ឆ្នាំ២០២៥ ដែលចុះផ្សាយដោយបណ្តាញ​ព័ត៌មាន Fresh News លោកបាននិយាយថា ដើមបណ្តឹងចំនួន ៤ ៩២៩នាក់ បានស្ម័គ្រចិត្តស្នើសុំតំណាងស្របច្បាប់ក្នុងសំណុំរឿងនេះ។

នាយកទទួលបន្ទុកចាត់ការទូទៅនៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​នេះ​មាន​ភាព​ស្មុគ​ស្មាញ​ខ្លាំង ហើយ​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​។

លោក​បាន​បន្ត​ថា​៖ «​តុលាការ​គួរ​ពន្លឿន​នីតិវិធី​ក្នុង​រឿង​នេះ​ព្រោះ​ជនរងគ្រោះ​កំពុង​រង​ទុក្ខ​ក្នុង​ពេល​រង់ចាំ​ដំណោះស្រាយ​»។លោកបាន​បន្ថែម​ថា ​ហានិភ័យ​ជាច្រើនដែលប្រឈម​នឹង​បាត់បង់​ទ្រព្យសម្បត្តិ​ឬ​ផ្ទះ​ដែល​ប្រើ​ជា​វត្ថុ​បញ្ចាំ ​ប្រសិនបើ​ពួកគេ​មិន​អាច​សង​បំណុល​បាន​។

អ្នក​នាំ​ពាក្យ ACU លោក សយ ច័ន្ទវិចិត្រ មិន​អាច​ទាក់​ទង​បាន​ភ្លាមៗ​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hundreds Demonstrate at Justice Ministry Over Stalled ‘Brilliant City’ Trial

ព័ត៌មានថ្មី

អត្ថបទពេញនិយម