សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពល​រដ្ឋ​នៅ​សហគមន៍ស្ទឹងកំបុត​១១៨​គ្រួសារ​បន្ត​ស្នើចុះបញ្ជីដីធ្លីជាប្រព័ន្ធ បន្ទាប់​ពី​អូសបន្លាយជិត​២០ឆ្នាំមក​ហើយ​

ប្រជាសហគមន៍ស្ទឹងកំបុត នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រមាណ៥០នាក់ ប្រមូលគ្នាទៅតាមដានញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំចុះបញ្ជីដីធ្លីជាប្រព័ន្ធ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ពូ សូរាជីនី)
ប្រជាសហគមន៍ស្ទឹងកំបុត នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រមាណ៥០នាក់ ប្រមូលគ្នាទៅតាមដានញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំចុះបញ្ជីដីធ្លីជាប្រព័ន្ធ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ពូ សូរាជីនី)

ប្រជាពលរដ្ឋចំនួន ១១៨គ្រួសារ នៅសហគមន៍ស្ទឹងកំបុត រាជធានីភ្នំពេញ បាន​បន្ត​ដាក់ញត្តិ និងឯកសារបន្ថែមទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងស្វែងរកដំណោះស្រាយចំពោះបញ្ហា​ដីធ្លីដែលអូសបន្លាយតាំងពីឆ្នាំ២០០៧មក។

ប្រជាពលរដ្ឋបារម្ភថា ពួកគេអាចប្រឈមនឹងការបាត់បង់លំនៅឋាន ដោយសារដីដែលពួកគេកំពុងរស់នៅ ស្ថិតនៅ​ក្នុងគម្រោងពង្រីកផ្លូវរបស់រដ្ឋបាលរាជធានីភ្នំពេញ។

អាជ្ញាធរ​សង្កាត់​ស្វាយប៉ាកបាន​ឱ្យដឹងថា ពួកគេ​​នៅរង់ចាំតែការ​សហការជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ និងសាលារាជធានីភ្នំពេញ​ប៉ុណ្ណោះ​ ដើម្បីដោះស្រាយបញ្ហានេះ​ជូន​ពល​រដ្ឋ​។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ប្រជាពលរដ្ឋសហគមន៍ស្ទឹងកំបុតបាននាំគ្នាទៅក្រសួងរៀបចំដែនដី ដើម្បីដាក់ឯកសារបំពេញបន្ថែម និងស្នើសុំអន្តរាគមន៍ពីមន្ត្រីពាក់ព័ន្ធ ឱ្យពន្លឿនការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ ខណៈ​ពួកគេមួយចំនួនបានរស់នៅទីតាំងនេះតាំងពីឆ្នាំ១៩៨៦ មកម្ល៉េះ ប៉ុន្តែមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនៅឡើយ។

លោក ឯម ភារិន តំណាងប្រជាពលរដ្ឋសហគមន៍ស្ទឹងកំបុត ស្ថិតនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក បានឱ្យដឹងថា ការដាក់ញត្តិនៅថ្ងៃទី២៦ ខែតុលានេះ គឺជាលើកទី២ បន្ទាប់ពីពួកគេបានដាក់សំណើស្រដៀងគ្នាកាលពីឆ្នាំ២០២១។ ប្រជាពលរដ្ឋមានឯកសារផ្សេងៗដែលបង្ហាញពីការរស់នៅក្នុងតំបន់នេះ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណបណ្ណ សំបុត្រកំណើត សំបុត្រ​អាពាហ៍ពិពាហ៍ និងឯកសារពាក់ព័ន្ធផ្សេងទៀត។

លោក ឯម ភារិន ថ្លែង​ថា៖ «អាជ្ញាធរគាត់ធ្លាប់ឆ្លើយតបពួកយើងពេលទៅប្រជុំនៅសាលាខណ្ឌ៣លើក លើកទី១ គាត់ដោះស្រាយដូរដីនិងអត់មានសំណងសូម្បីតែ ១រៀល។ ការដោះដូរនឹងគាត់ឱ្យទៅកន្លែងឆ្ងាយ មាន 7NG ផ្លូវ51 បន្ទាប់មកប្រជុំជាលើកទី២នៅសាលាខណ្ឌដដែលក៏គាត់ដូរឲ្យយើងមកនៅជិតវិញ ដូចជាសំរោងត្បូង បន្ទាប់មកក៏យើងអត់យល់ព្រមដែរ»។

លោកបន្តថា៖ «នៅពេលលើកចុងក្រោយបំផុតគាត់បានឲ្យយើងមករស់នៅកន្លែងក្រោយគីឡូ៦ កន្លែងលូរធ្វើនៅក្រោយវត្តគីឡូ៦នឹង ហើយពួកយើងនឹងអត់ទាន់ឯកភាពយកដែរដោយ​សារទី១ពួកយើងក្រតាំងពីដើមមកហើយ ហើយទម្រាំយើងបានតែប៉ុណ្ណឹង នេះយើងនៅខ្វះមុខខ្វះក្រោយ ចុះទម្រាំ​បើយើងទៅនៅកន្លែងផ្សេង​»។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋធ្លាប់​បាន​ដាក់ញត្តិទៅកាន់ស្ថាប័នរដ្ឋមួយចំនួន រួមមាន ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី ក្រសួងយុត្តិធម៌ រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីស្នើសុំ​ការ​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះស្រាយបញ្ហាដីធ្លី​នេះ​។ ប៉ុន្តែមិនទាន់ទទួលបានដំណោះស្រាយជាក់លាក់ណាមួយ​នៅឡើយ​ទេ​។

លោក ឯម ភារិន បានស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ និងជំរុញមន្ត្រីថ្នាក់ក្រោមចុះពិនិត្យ និងពន្លឿនការចុះបញ្ជីដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងសហគមន៍​នេះ​​ ខណៈ​អាជ្ញា​ធរ ​តែង​តែចោទ​ប្រកាន់​ពល​រដ្ឋ​​ថាមក​រស់នៅទីនេះ​ខុសច្បាប់។

លោកលើកឡើងថា៖ «មុន​ដំបូងចោទពួកយើងរស់នៅលើ​ប្រឡាយ នៅពេលដែលប្រឡាយវាអសកម្មទៅហើយ បែរជាចោទយើងរស់នៅផ្លូវសាធារណៈវិញ ហើយចំពោះការចោទប្រកាន់នេះឲ្យតែកន្លែងណាមានដីឧកញ្ញ៉ា ដីបុរីគឺប្រជាពលរដ្ឋតែងតែខុស»។

លោក​បាន​លើកឡើង​ថា ដីនៅ​ជាប់​គ្នា​ក្នុង​តំបន់​តែមួយ ប៉ុន្តែ​ដី​ឧកញ៉ា និង​ក្រុម​ហ៊ុន​សាងសង់​បុរី​​បែរជាអាចស្នើ​សុំ​ធ្វើ​ប្លង់បាន ប៉ុន្តែ​ប្រជាពល​រដ្ឋ​បែរ​ជាស្នើសុំ​ធ្វើ​ប្លង់មិន​បាន​ទៅ​វិញ។«ខ្ញុំមានចម្ងល់តែកន្លែងហ្នឹង ហេតុអ្វីបានជាប្រជាពលរដ្ឋ មានសិទ្ធិតិចតួចបំផុត ? ប៉ុន្តែចំពោះអ្នកមាន មានសិទ្ធិច្រើន សូម្បីតែខាងបុរីគេមករស់នៅទីនេះក្រោយពួកខ្ញុំ ហេតុអ្វីគេមានសិទ្ធិធ្វើប្លង់បាន ប៉ុន្តែចំពោះពួកយើងធ្វើអត់បាន? វាជារឿងអយុត្តិធម៍ណាស់សម្រាប់ប្រជាពលរដ្ឋដូចខ្ញុំ»។

ប្រជាពល​រដ្ឋ​​សហគមន៍​ស្ទឹង​កំបុត​មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ខណៈពួកគេបានទទួល​ដំណឹងថា ការវាស់វែងដីធ្លី អាចនឹងបិទបញ្ចប់នៅចុងឆ្នាំ២០២៦ និងការផ្តល់បណ្ណកម្មសិទ្ធិនឹងធ្វើឡើងនៅឆ្នាំ២០​២៧។ ពួកគេបារម្ភ​ថា ប្រសិនបើមិនទាន់ទទួលបានដំណោះស្រាយទេ ពួកគេអាចបាត់បង់លំនៅឋាន ឬត្រូវផ្លាស់ទៅរស់នៅទីតាំងឆ្ងាយពីកន្លែងចាស់។

លោក ឯម ភារិន លើកឡើងថា ដីនៅជុំវិញសហគមន៍ស្ទឹងកំបុត រួមមាន បុរី លឹម ឈាងហាក់ និងដីបុរីអង្គរ អាជ្ញាធរ​បានចេញបណ្ណកម្មសិទ្ធិរួចហើយ ខណៈដីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍នៅមិនទាន់មានបណ្ណកម្មសិទ្ធិនៅឡើយ។

ផ្ទះពលរដ្ឋនៅតាមបណ្តោយផ្លូវកប់ស្រូវដែលរងផលប៉ះពាល់ពីគម្រោងពង្រីកផ្លូវ​ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រូបថតកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/ពូ សូរាជីនី)

ស្រដៀងគ្នានេះ​ អ្នកស្រី រឿង អូន ជាប្រជាពលរដ្ឋម្នាក់នៅសហគមន៍ស្ទឹងកំបុត បានឱ្យដឹងថា កន្លងមក ប្រជាពល​រដ្ឋ​ធ្លាប់ដាក់ញត្តិដើម្បីស្នើសុំដោះស្រាយបញ្ហាដីធ្លីជាច្រើនលើក ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលទៅ​តាម​ការ​រំពឹងទុកនោះទេ។

អ្នកស្រីបញ្ជាក់ថា ការខ្វះបណ្ណកម្មសិទ្ធិបានបង្កការលំបាកដល់ការរស់នៅប្រចាំថ្ងៃ ជាពិសេសការជួសជុល ឬសាងសង់ផ្ទះឱ្យបានរឹងមាំ និងការពង្រីកមុខរបររកស៊ី។ អ្នកស្រីបារម្ភ​ពី​ការផ្លាស់ទីលំនៅទៅកន្លែងឆ្ងាយដែល​អាចប៉ះពាល់ដល់ការសិក្សារបស់កូនៗ និងជីវភាពគ្រួសារផងដែរ។

អ្នកស្រីលើកឡើងថា៖ «ព្រោះតែអត់ប្លង់ហ្នឹងហើយ បានខ្ញុំព្រួយបារម្ភការប៉ះពាល់ទី១ យើងចង់ពង្រីកមុខរបរ ក៏យើងពង្រីកអត់បានចង់ធ្វើផ្ទះធំអីចឹងទៅ ក៏យើងធ្វើអត់បានដែររប្រៀបថាសំណង់រឹង ធ្វើអត់បានទេ ហើយបើយើងមានប្លង់អ៊ី​ចឹងទៅយើងស្រួលដាក់ធនាគារ យកលុយធ្វើផ្ទះពង្រីកមុខរបបអ៊ីចឹងទៅ»។

អ្នក​ស្រី​បន្ថែមថា៖ «ជាពិសេសប៉ះពាល់ដល់កូនកំពុងតែរៀនសូត្របើយើងមានការបណ្តេញចេញ​ទៅ។ សួរថា កូនកំពុងតែរៀនសូត្រ យើងទៅនៅកន្លែងឆ្ងាយ ទម្រាំតែការអភិវឌ្ឍជឿនលឿនឡើងទៅមុខទៅមិនតិចឆ្នាំទេ»។

ប្រជាពលរដ្ឋមួយចំនួន​អះអាងថា ពួកគេ​បានមក​រស់នៅក្នុងតំបន់នេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយសង្ឃឹមថា អាជ្ញាធរនឹងជួយដោះស្រាយបញ្ហាកម្មសិទ្ធិដីធ្លី ដើម្បីឱ្យ​ពួកគេ​​អាចបន្តរស់នៅក្នុងសហគមន៍របស់ខ្លួន​បាន​​ជាបន្តទៅទៀត​។

អ្នកស្រីបន្តថា៖ «ពិបាកណាស់សព្វថ្ងៃ​នេះ​ រស់នៅគ្មានប្លង់ដី​ដូចថាយើងតូចចិត្ត កន្លែងគេទទួលប្លង់អស់ហើយ ចំណែកយើងអត់ទទួលបានប្លង់។ អ៊ី​ចឹងយើងតូចចិត្តយើងជាប្រជាជន រស់នៅហ្នឹងដែរ។ ទី១ប្រជាជនរស់នៅសហគមន៍ស្ទឹងកំបុតនេះសុទ្ធតែបោះឆ្នោតឲ្យគណបក្ស​ប្រជាជនទាំងអស់មិនថាអាណត្តិណាទេ គ្រប់អាណត្តិគឺពួកខ្ញុំបោះឆ្នោត ដើម្បីចង់បានប្លង់កម្មសិទ្ធិដីធ្លី»។

បន្ថែមពីនេះ​​ស្ត្រី​រូបនេះ​បាន​អះអាងថា៖ «ហើយមួយទៀតអាជ្ញាធរធ្លាប់បានសន្យាប្រាប់​ប្រជាពលរដ្ឋនៅក្នុងសហគមន៍ស្ទឹងកំបុតថា ឲ្យតែបោះឆ្នោតឲ្យគណបក្សប្រជាជនអាជ្ញាធរ​សន្យាធ្វើប្លង់​ដី​ឱ្យ​​បាន​រស់នៅ​ទីនេះ​បន្តទៅ​ទៀត​»។

ចំណែកពល​រដ្ឋម្នាក់ទៀត ​អ្នកស្រី ឃុត ណាវី បានឱ្យដឹងថា គាត់បានរស់នៅសហគមន៍​ស្ទឹង​កំបុតនេះ តាំងពីឆ្នាំ២០០០ ដោយដីគាត់មាន​បណ្តោយ​១២ ម៉ែត្រ និងទទឹង​ ៨ម៉ែត្រ។

ស្ត្រី​រូបនេះឱ្យដឹងថា៖ «ខ្ញុំរស់នៅហ្នឹងយូរហើយអត់មានប្លង់កម្មសិទ្ធិសោះ។ គេអ្នកមកនៅក្រោយ គេមានប្លង់នៅអស់ហើយ គេធ្វើបុរីប៉ុនៗណាណី។ ចំណែកពួកខ្ញុំបានត្រឹមជួសជុល អត់មានឱ្យសិទ្ធិធ្វើលំនៅឋានរឹងមាំទេ អ៊ីចឹងពួកខ្ញុំរស់នៅកន្លែងហ្នឹងពិបាកណាស់ លិចទឹកលិចអីត្រឹមជង្គង់ ផ្ទះខ្ញុំលិចត្រឹមភ្លៅ ហើយអត់មានឃើញអាជ្ញាធរចុះជួយមើលទេ»។

ស្ត្រីវ័យ ៣៨ឆ្នាំរូបនេះបារម្ភថា ទៅថ្ងៃខាងមុខអាជ្ញាធរអាចបណ្ដេញគាត់ឱ្យទៅរស់នៅទីតាំងផ្សេង ដោយសារគាត់លឺពីគម្រោងពង្រីកផ្លូវទទឹងបន្ថែមដល់​៣០ម៉ែត្រ។

អ្នកស្រី ឃុត ណាវី និយាយថា៖«ខ្ញុំរស់នៅហ្នឹងយូរហើយ ខ្ញុំសុំត្រឹមប្លង់កម្មសិទ្ធិដើម្បីរស់នៅហ្នឹងបន្តទៀត ខ្ញុំអត់ចង់ទៅនៅឯណាឆ្ងាយពីហ្នឹងទេ ព្រោះកូនខ្ញុំរៀននៅហ្នឹងទាំងអស់ ហើយដោះដូរសាលាពិបាក។ ខ្ញុំសំណូមពរឱ្យសម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យគាត់ជួយរៀបចំដល់មន្ត្រីថ្នាក់ក្រោមភូមិ ឃុំ សង្កាត់ ឱ្យគាត់ជួយរៀបចំឡើងវិញ ធ្វើប្លង់កម្មសិទ្ធិឱ្យពួកខ្ញុំផង»។

សារព័ត៌មានខេមបូចាមិនអាចស្នើ​សុំការអធិប្បាយលើបញ្ហា​នេះពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក សេង ឡូត បានទេនៅ​ថ្ងៃទី​២៩​ ខែតុលានេះ​។

ប៉ុន្តែ​យ៉ាងណាក្តី ពាក់ព័ន្ធនឹងបញ្ហានេះ លោក ផាន ហួត ចៅសង្កាត់ស្វាយប៉ាក ប្រាប់ថា​ មូលហេតុដែលអាជ្ញាធរមិនចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីជូនប្រជា​ហគមន៍ស្ទឹងកំបុតទាំង២១០ក្បាលដី នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវនេះ​ គឺដោយសារតែទីតាំងពួកគាត់ចំគម្រោងពង្រីកផ្លូវរបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោក ផាន ហួត មានប្រសាសន៍ថា៖​ «គម្រោងហ្នឹងវាមានយូរដែរហើយ ប៉ុន្តែដោយសាររដ្ឋបាលរាជធានីភ្នំពេញកំពុងដុតដៃដុតជើងដើម្បីរកដីដោះដូរ​ជូនពួកគាត់ នរណាប៉ះទាំងស្រុងរដ្ឋបាលរាជធានីភ្នំពេញដោះជូនទៅ នរណានៅអីចាំមើលគេគិតក្រោយទៀត នរណាដែលសល់ដីសល់អី»។

លោកចៅសង្កាត់ស្វាយប៉ាកឱ្យដឹងថា លោកនៅរង់ចាំតែសហការជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ និងសាលារាជធានីភ្នំពេញដើម្បីដោះស្រាយបញ្ហានេះជូនពលរដ្ឋ ហើយចំពោះសំណង និងការដោះដូរដីជូនពលរដ្ឋនោះ លោកមិនដឹងទេ ព្រោះវាជាការរៀបចំដោយសាលារាជធានីភ្នំពេញ។

បញ្ហាដីធ្លីរបស់សហគមន៍ស្ទឹងកំបុតពាក់ព័ន្ធនឹងគម្រោងការពង្រីកផ្លូវ ៣០ម៉ែត្រដែលមានឈ្មោះ «ផ្លូវកប់ស្រូវ» ដែលស្ថិតនៅតាមបណ្ដោយផ្លូវពីមុខទីតាំងថ្មីរបស់ក្រសួងរៀបចំដែនដី ឆ្ពោះទៅកាន់ទំនប់កប់ស្រូវ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ តំបន់នេះមានសំណង់លំនៅឋាន និងគម្រោងអភិវឌ្ឍលំនៅឋានជាច្រើន ខណៈប្រជាពលរដ្ឋមួយចំនួនត្អូញត្អែរពីការ​មិនទាន់ទទួលបានបណ្ណកម្មសិទ្ធិដី​នៅឡើយ។

ចំពោះបញ្ហានេះ លោក អំ សំអាត នាយកប្រតិបត្តិកិច្ចការទូទៅនៃអង្គការលីកាដូ បានលើកឡើងថា បញ្ហាដីធ្លីរបស់សហគមន៍ស្ទឹងកំបុត បានអូសបន្លាយអស់រយៈពេលជាយូរមកហើយ ហើយប្រជាពលរដ្ឋមួយចំនួនក៏ធ្លាប់ប្រឈមនឹងបណ្តឹងនៅតុលាការ និងការឃាត់ខ្លួនផងដែរ​។ លោកយល់ថា ការមិនទាន់មានដំណោះស្រាយច្បាស់លាស់ធ្វើឱ្យប្រជាពលរដ្ឋបន្តរស់នៅក្នុងភាពមិនប្រាកដប្រជា និងបារម្ភពីសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ខ្លួន។

លោកបន្តថា ក្រសួង​ដែន​ដី​ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យ និងពន្លឿនការដោះស្រាយបញ្ហាដីធ្លីរបស់សហគមន៍ ដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់ប្រជាពលរដ្ឋចំពោះការកាន់កាប់ដីធ្លី និងផលប៉ះពាល់ដល់ជីវភាពរស់នៅ។

លោក អំ សំអាត មានប្រសាសន៍ថា៖ «អង្គការលីកាដូ គឺចង់ឃើញការអភិវឌ្ឍមួយប្រកប​ដោយបរិយាបន្ន តម្លាភាព និងយុត្តិធម៌។ ដូច្នេះ ក្រសួង អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យ និងពន្លឿនដំណោះស្រាយសម្រាប់សហគមន៍ពួកគាត់ ដើម្បីកុំឱ្យពួកគាត់រស់នៅក្នុងភាពបារម្ភ​​ពីសុវត្ថិភាពការកាន់កាប់ដីធ្លី និងការប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេសធ្វើយ៉ាងណាដើម្បីកុំឱ្យមានការបណ្តេញចេញដោយបង្ខំ»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម