សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំមិនឱ្យមានស្តង់ដារពីរ​នៅតាមសាលារដ្ឋ និងកំណត់ការអប់រំកម្រិតមូលដ្ឋានឱ្យមានគ្រឹះរឹងមាំ

សិស្សវិលចូលសិក្សាក្នុងថ្នាក់រៀន បន្ទាប់ពីសាលារៀនបានបើកទ្វារឡើងវិញក្នុងរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
សិស្សវិលចូលសិក្សាក្នុងថ្នាក់រៀន បន្ទាប់ពីសាលារៀនបានបើកទ្វារឡើងវិញក្នុងរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ណែនាំឱ្យសាលារដ្ឋទាំងអស់​នៅប្រទេសកម្ពុជា ជាសាលាគំរូ ដោយមិនត្រូវអនុវត្តស្តង់ដារ​ពីរឡើយ ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយ​លោកចាត់ទុកការអប់រំនៅតាមមូលដ្ឋាន ជាគ្រឹះសំខាន់សម្រាប់បណ្ដុះបណ្ដាល​ធនធានមនុស្ស ស្របពេលដែល​​គុណភាពសិក្សាត្រូវដើរទន្ទឹមគ្នាទាំងសាលារៀននៅទីក្រុង​ជនបទ និងតំបន់ដាច់ស្រយាល។

លោកមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិន្ទេស A  កាល​ពី​ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ លោក​បញ្ជាក់ថា សម្រាប់វិស័យអប់រំនៅកម្ពុជា រដ្ឋាភិបាលមិនលើកទឹកចិត្តឱ្យបង្កើត​ឈ្មោះសាលាគំរូ សាលាជំនាន់ថ្មី និងសាលារៀនគំរូ គ.វ.អ.  (គ្រូបង្រៀន វិន័យ និងអភិបាលកិច្ច)ជាដើមទេ ហើយ​ការលើកឡើងនេះ ក្រោយមាន​ការស្នើសុំរបស់គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ក្នុងការពង្រីកសាលារៀនគំរូ គ.វ.អ.នៅតាមសាលាបឋមសិក្សា។

ប្រមុខដឹកនាំ​ប្រទេស​រូបនេះ បាន​ថ្លែង​ថា៖ «គោលដៅខ្ញុំមិនត្រូវពង្រីកសាលា គ.វ.អ  ឬ​សាលាគំរូ ៥០០ទៅ ១០០០កន្លែង គឺអត់ទេ។  គោលគំនិតធំរបស់ខ្ញុំ មិនត្រូវបង្កើតស្តង់ដា២ ក្នុងសាលារដ្ឋទេ ប៉ុន្តែត្រូវរកវិធីសាស្ត្រដែលល្អ ដើម្បីឱ្យសាលាទាំងអស់ ជាសាលាមានសមត្ថភាព ហើយក្លាយជាសាលាគំរូគ្រប់សាលាទាំងអស់»។ 

លោក ហ៊ុន ម៉ាណែត បានបន្តថា៖ «ថ្ងៃក្រោយយករូបមន្តដែលយើងបាន​ដកពិសោធន៍នៅសាលាទាំងអស់នេះ។ សាលាទាំងអស់នេះដូចជាមន្ទីរពិសោធន៍ត្រូវដាក់ទិសដៅអ៊ីចឹង។ ទិសដៅគឺ៧ពាន់ ៨ពាន់ ឬ១ម៉ឺនសាលា ដែលជាសាលាគំរូទាំងអស់។ នេះបានត្រូវជាគោលដៅ។ គោលដៅយើងមិនមែនបង្កើតសាលា ពីរស្តង់ដារទេ គ្រាន់តែលទ្ធភាពយើងមិនអាចរុញទាំងអស់ យើងរុញតាមជំហាន»។

នៅ​ត្រង់ចំណុចនេះ លោក​នាយក​រដ្ឋមន្រ្តី បញ្ជាក់​ថា គោលដៅរបស់រដ្ឋាភិបាល គឺប្រែក្លាយសាលារៀននៅទូទាំងប្រទេសជាសាលាគំរូ ខណៈបច្ចុប្បន្នសាលា១៦១​ហើយ កំពុងអនុវត្តវិធានការគន្លឹះលើការអប់រំ រួមមាន​អភិបាលកិច្ចសាលារៀន (ការពង្រឹងភាពជាអ្នក​ដឹកនាំ​របស់ថ្នាក់ដឹកនាំ និងគ្រូបង្រៀន), ការពិនិត្យកែ​លម្អ​កម្ម​វិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌,​ ការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្ស និងការជំរុញ និង​លើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

ទន្ទឹម​នឹងនេះ ​លោក ម៉ាណែត ក៏បានណែនាំឱ្យសាលារដ្ឋគ្រប់កម្រិតទាំងអស់ បន្ថែមម៉ោងសិក្សាដល់៦ម៉ោង លើម៉ោងក្នុងកម្មវិធីសិក្សាបច្ចុប្បន្ន ដែលមានការ​ផ្តោតទៅអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា។        លោកពន្យល់ថា ​​ការបន្ថែម​២ម៉ោងលើកម្មវិធីសិក្សា ដែលមានស្រាប់ គឺសិស្សានុសិស្សមានឱកាសរៀនសូត្រលើមេរៀន ដើម្បីពង្រឹងសមត្ថភាពបន្ថែម និងបញ្ចៀសការសេពគប់មិត្តភក្តិមិនល្អជាដើម។

លោកថ្លែងថា៖ «ម៉ោងសិក្សាចំណេញ២យ៉ាង ទី១ យើងថែម២ម៉ោងពេលល្ងាច ដើម្បីសិស្សអាចសួរមេរៀន ដើម្បីឱ្យគាត់បានកាន់តែឆ្អិនទៅលើអ្វីដែលយើងផ្តោតឥឡូវនេះទៅលើគណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ ដើម្បីឱ្យរឹងមាំ​។ ប៉ុន្តែឱ្យគិតគូរមើលតើ៦ម៉ោងនេះយើងធ្វើអ្វីខ្លះ? ទី២ ពេលសិស្សនៅក្នុងសាលា ឪពុកម្តាយលែងលំបាក ព្រោះបើមិនរៀនក្មេងទៅបង្ហោះកង់ ឬទៅដើរលេង គ្រោះថ្នាក់ បងតូចបងធំ! ខ្លះឈានទៅដល់ប្រើគ្រឿងញៀន។ តែឥឡូវពេលល្ងាច កូននៅក្នុងសាលារៀន»។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់សារជាថ្មីថា រដ្ឋាភិបាលនឹងមិនកាត់បន្ថយការចំណាយថវិកាជាតិលើវិស័យធំៗ រួមមានវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីបង្កើនការចំណាយថវិកាជាតិលើវិស័យការពារជាតិវិញ សម្រាប់ឆ្នាំ២០២៧​ខាងមុខឡើយ។ 

លោកសង្កត់​ធ្ងន់​ថា៖ «សូមបញ្ជាក់ចំពោះការយល់ច្រឡំថា រដ្ឋាភិបាលអត់ចេះគិត កាត់វិស័យសុខាភិបាល និងវិស័យអប់រំ ដើម្បីយកទៅបំពេញនូវតម្រូវការក្រសួងការពារជាតិ។ អត់ទេ នៅតែកើន ហើយក្នុងគម្រោងផែនការរបស់យើងនៅបីឆ្នាំខាងមុខក៏មានការកើនជាប្រចាំ»។

ចំណែក​លោក ឈិន វ៉ាន់និត ជាគ្រូបង្រៀននៅសាលាបឋមសិក្សាខ្សាច់សរ នៅឃុំខ្សាច់សរ ស្រុកបាភ្នំ ខេត្តព្រៃវែង បាន​យល់ស្របទៅនឹងការបន្ថែមម៉ោងសិក្សាដល់សិស្ស ព្រោះលោកសង្កេតឃើញថា សិស្សសាលារបស់លោកមិនទាន់អាចរៀនបានគ្រប់គ្រាន់ ជាពិសេសលើមុខវិជ្ជាភាសាខ្មែរ​ និងគណិតវិទ្យា។ លោកបន្តថា ការឱ្យសិស្សរៀនច្រើនអាចកាត់បន្ថយការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ដូចជាទូរសព្ទដៃ ព្រោះគ្រូបង្រៀនមិនអាចតាមដានសិស្សបានគ្រប់ពេលទេ។

លោក​ថ្លែង​ថា៖ «ខ្ញុំគិតថាល្អ ព្រោះអាចបង្វែរពីការលេងច្រើនរបស់គាត់វិញ។ ពេលខ្លះយើងរៀនតែពេលព្រឹក ពេលថ្ងៃមិនប្រាកដថា គាត់ចេញពីសាលាទៅ គាត់ស្វ័យសិក្សាដោយខ្លួនឯងនៅផ្ទះទេ។ អ៊ីចឹងគាត់អាចយកសកម្មភាពទៅធ្វើអីផ្សេង ជាការលេងរបស់គាត់ដោយមិនបានមើលសៀវភៅ ស្វ័យសិក្សា មើលមេរៀនតាមប្រព័ន្ធថ្នាលដែលក្រសួងបានបង្កើតឱ្យនោះទេ»។

លោក​គ្រូ ឈិន វ៉ាន់និត បាន​​យល់​ឃើញ​ថា ការបង្រៀននៅតាមសាលាបឋមសិក្សា ត្រូវការកម្មវិធីសិក្សាច្បាស់លាស់ ដើម្បីទទួលបានគុណភាពសិក្សាមួយល្អ ហើយលោកគិតថា លោកគ្រូអ្នកគ្រូអាចបែងចែកកាលវិភាគបង្រៀនលើមុខវិជ្ជាគណិតវិទ្យា និងភាសាខ្មែរ។

ចំណែក​ប្រធានសមាគមគ្រូបង្រៀន លោកស្រី អ៊ុក ឆាយ៉ាវី  ​បាន​យល់ស្របចំពោះការបង្កើនគុណភាពអប់រំដែលស្មើភាពគ្នាទាំងនៅទីក្រុង ជនបទ និងតំបន់ដាច់ស្រយាល ដោយមិនតម្រូវឱ្យបង្កើនសាលាច្រើនប្រភេទ ដែលអាចធ្វើឱ្យការផ្ដល់ការអប់រំមិនស្មើភាពគ្នារវាងសិស្សក្រីក្រ និងសិស្សដែលមកពីគ្រួសារមាន​ជីវភាពធូរធា។

លោកស្រី​លើកឡើង​ថា ការដែលមានការដាក់​គោល​នយោបាយថ្មី ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា ព្រោះរដ្ឋាភិបាលថ្មីដឹងថា ប្រព័ន្ធអប់រំនៅកម្ពុជាមិនទាន់មានស្តង់ដារ និងមិន​ទាន់អាចទទួលយកបានទេ ហើយនេះ​ជាកត្តាជំរុញ​ឱ្យរដ្ឋាភិបាលថ្មី​គិតគូរ និងដាក់ចេញ​នូវ​​គោល​នយោបាយថ្មីដែលតម្រូវឱ្យ​គ្រូទាំងអស់យកចិត្តទុកដាក់ជាមួយសិស្សានុសិស្ស ដើម្បីពង្រឹង​វិស័យ​អប់រំ​ឱ្យ​​មាន​គុណភាពឡើងវិញ។

លោកស្រី អ៊ុក ឆាយ៉ាវី ​ថ្លែង​ថា៖ «ខ្ញុំចង់ឱ្យឃើញថាគឺសាលាដូចពីសម័យមុន ដែលមិនបង់ប្រាក់ គឺថាការចូលរៀនដោយមិនបង់ប្រាក់។ ខ្ញុំចង់ឃើញអ៊ីចឹង ព្រោះអីយើងឃើញហើយថា បច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើនមានជីវភាពខ្វះខាត។ ខ្ញុំចង់ឃើញប្រជាពលរដ្ឋទទួលបានការអប់រំស្មើៗគ្នា»។

លោកស្រី ចោទជាសំណួរ​ថា៖ «សំណួរសួរថា តើអាបានលុយផង ផ្ដុំសុទ្ធតែសិស្សពូកែផង រឿងអីថាមិនបានជោគជ័យ។ ចំពោះអ្នកដែលរៀនខ្សោយ ធ្វើឱ្យមានគម្លាត អ៊ីចឹងធ្វើឱ្យអ្នកមិនសូវចេះនៅសាលាមួយ អ្នកចេះនៅសាលាមួយ។ ធ្វើអ៊ីចឹងគឺមិនត្រឹមត្រូវទេ»។

សិស្សានុសិស្សកំពុងរៀននៅក្នុងថ្នាក់រៀននៃសាលារៀនជំនាន់ថ្មី (NGS) កាលពីពេលថ្មីៗនេះ។ (រូបភាព៖ លោក សម្យ កំសាន្ត)
សិស្សានុសិស្សកំពុងរៀននៅក្នុងថ្នាក់រៀននៃសាលារៀនជំនាន់ថ្មី (NGS) កាលពីពេលថ្មីៗនេះ។ (រូបភាព៖ លោក សម្យ កំសាន្ត)

យ៉ាងណាក៏​ដោយ​សារព័ត៌មានខេមបូចា មិនទាន់​អាច​ទាក់ទង​​អ្នកនាំពាក្យ​ ក្រសួងអប់រំ យុវជន និងកីឡា លោក ស្រី ឃួន វិច្ឆិកា ដើម្បី​សុំការពន្យល់​បន្ថែម​ជុំ​វិញ​ប្រធានបទ​នេះ​បានទេ កាល​ពី​ថ្ងៃទី២៨​ ខែតុលា ឆ្នាំ​២០២៦។

ចំណែក​នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បាន​លើកឡើងថា តាមច្បាប់រដ្ឋធម្មនុញ្ញពលរដ្ឋកម្ពុជា មានសិទ្ធិទទួលបានការ​អប់រំស្មើៗគ្នា មិនថាចំពោះសិស្សានុសិស្សមកពីគ្រួសារក្រីក្រ ឬមកពីគ្រួសារអ្នកមាននោះទេ ប៉ុន្តែលោកសង្កេតឃើញថា សម្រាប់គុណភាពអប់រំនៅកម្ពុជា ហាក់នៅមានកម្រិត ដែលតម្រូវឱ្យរដ្ឋាភិបាលសាកល្បងនូវការបង្កើតសាលាថ្មីៗ ដូចជាសាលាគំរូ សាលាជំនាន់ថ្មី។

លោកបន្តថា ប្រសិនបើការបង្កើតសាលាសាកល្បងនោះ ទទួលបានជោគជ័យលើការពង្រឹងគុណភាពអប់រំ គឺ​សាលារដ្ឋនៅទូទាំងប្រទេស​អាចបញ្ចូលកម្មវិធីសិក្សាសាកល្បងនោះចូលក្នុងកម្មវិធីសិក្សាទូទៅ ប៉ុន្តែលោកថា ការអនុវត្តគោលការណ៍ថ្មីតែងតែជួបឧបសគ្គ ដោយសារកត្តាផ្សេងៗ ដូចជាកត្តាថវិកាជាតិ និងធនធានគ្រូបង្រៀនជាដើម។

លោកបញ្ជាក់​ថា៖ «មែនទែនទៅ វាទាមទារឱ្យមានការសាកល្បង។ ឧទាហរណ៍ថា សាកល្បងសាលាជំនាន់ថ្មី សាលាគំរូណាមួយពីរបី ឬក៏បួនប្រាំអ៊ីចឹងទៅ រួចប្រសិនបើសាកល្បងវាជោគជ័យ សិស្សមានគុណភាពអប់រំល្អ សិស្សមានសមត្ថភាពជាងលក្ខណៈធម្មតា យើងអាចយកកម្មវិធីសាកល្បងទៅដាក់អនុវត្តនៅសាលាទូទៅបាន»។

លោកបន្ថែមថា៖ «ប៉ុន្តែបញ្ហាវានៅត្រង់ណា! បញ្ហាវានៅត្រង់ថា សាលាផ្សេងៗទៀតនៅទូទាំងប្រទេសមានលក្ខណៈដូចគ្នា ដែលយកការអនុវត្តសាកល្បងទៅអនុវត្តបានឬអត់។ នេះជាចំណុចដែលយើងត្រូវពិចារណាទាក់ទងទៅនឹងថវិកាជាតិ ធនធានគ្រូ ទាំងសម្ភារឧបទេស ទាំងការចូលរួមពីអាណាព្យាបាលសិស្ស»។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយសាលារៀនគំរូ ដើម្បីលើកកម្ពស់គុណភាពអប់រំ ចាប់ពីថ្នាក់មត្តេយ្យដល់អនុវិទ្យាល័យ ស្របតាមដំណាក់កាលទី១ នៃ​យុទ្ធសាស្ត្របញ្ចកោណ ដែលរួមមាន  ទី១ ការកែលម្អអភិបាលកិច្ចសាលារៀន ហើយ​ទី២ ពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព​ក្រៅ​ម៉ោង​សិក្សាឱ្យស្របទៅតាមតម្រូវការ។

ចំណែក​ទី៣ តាម​រយៈ​ការថែរក្សាសុខភាព​សិស្សតាមកម្មវិធី​អាហារូបត្ថម្ភ​របស់កុមារ និងការត្រួតពិនិត្យគុណភាពអាហារនៅក្នុងសាលារៀន។ ជាចុងក្រោយ ដើម្បីលើកទឹកចិត្ត​ឱ្យ​មាន​​ការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងវិស័យអប់រំ ស្របតាមពាក្យស្លោក «ភាពជា​ដៃគូ​រដ្ឋ និងសហគមន៍សម្រាប់ការអប់រំ»។

ចំណែកនៅ​ក្នុង​ឆ្នាំ​សិក្សា ២០២៦-២០២៧  ក្រសួងអប់រំ យុវជន និងកីឡាក៏បានដាក់ចេញនូវ​គោលដៅបញ្ចូលកម្មវិធីសិក្សា​សាលារៀនជំនាន់​ថ្មី ​នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដើម្បី​បង្កើន​​ការ​រៀន​មុខវិជ្ជា​បច្ចេកវិទ្យា ​និង​វិទ្យាសាស្ត្រ ផងដែរ។

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិន្ទេស A  កាល​ពី​ព្រឹកថ្ងៃទី២៨ ខែតុលា​នោះ​ដែរ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលដៅរបស់រដ្ឋាភិបាលក្នុងការបញ្ចូលសាលាគំរូ គឺដើម្បីអនុវត្តសាកល្បង ក្នុងរយៈពេលណាមួយ ដើម្បីយកបទពិសោធន៍របស់សាលានេះ ទៅអនុវត្តនៅទូទាំងប្រទេស មិនមែនជាការពង្រីកសាលាគំរូដែល​នាំឱ្យមានស្តង់ដាពីរក្នុងប្រព័ន្ធអប់រំនោះ​ទេ។

លោកបាន​បន្ថែមថា រាជរដ្ឋាភិបាលនឹងសិក្សា​ដាក់ចេញ​នូវផែនការយុទ្ធសាស្រ្ត សម្រាប់ជំរុញការកសាងធនមនុស្សកម្ពុជា ស្របតាមការរីកចម្រើនយ៉ាង​ឆាប់​រហ័សនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ផងដែរ។

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្ស​ជំនាន់​ថ្មី មានប្រសាសន៍​ថា រដ្ឋាភិបាលត្រូវដាក់ចញនូវគោលនយោបាយអប់រំច្បាស់លាស់ ដើម្បីពង្រឹងគុណភាពអប់រំ ជាពិសេសធនធានគ្រូ​បង្រៀន​។ លោកបន្តថា ការបង្កើតឱ្យមានស្តង់ដា​២នៅសាលារដ្ឋ ធ្វើឱ្យសិស្សានុសិស្សទទួលបានការអប់រំមិនស្មើគ្នា ហើយធនធានគ្រូបង្រៀនក៏ចុះខ្សោយ ព្រោះតែគ្រូបង្រៀនមិនសូវយកចិត្តទុកដាក់លើម៉ោងរដ្ឋ ដោយផ្ដោតលើការបង្រៀនលក្ខណៈឯកជនជាដើម។

លោកលើកឡើងថា៖ «ត្រូវមានផែនការហ្មត់ចត់ក្នុងការពង្រឹងសាលារដ្ឋ។ ខ្ញុំឃើញប្រទេសគេ គេឱ្យគុណតម្លៃសាលារដ្ឋជាងសាលាឯកជន។ ទីផ្សារវិនិយោគលើការអប់រំ វាត្រឹមត្រូវហើយ មានសាលាឯកជន ប៉ុន្តែត្រូវបែងចែកឱ្យដាច់រវាងគ្រូគុណភាពនៅក្នុងសាលារដ្ឋ និងគ្រូដែលឆក់ឱកាស។ ចៀសវាងការអនុវត្តការសិក្សាស្តង់ដារពីរ»។

ប្រធានគណបក្ស​ជំនាន់​ថ្មី​រូបនេះបន្ថែមថា៖ «គ្រូបង្រៀនត្រូវមានគរុកោសល្យ ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ជាគ្រូបង្រៀន ហើយក៏វាពាក់ព័ន្ធនឹងប្រាក់ខែដែរ។ បើយើងបន្ថែមម៉ោងបង្រៀនដល់គាត់​ ថាតើប្រាក់ខែវាសមស្របសម្រាប់ជីវភាពរបស់គាត់ឬអត់»។

តាមរយៈសារាចរវិស័យសង្គមកិច្ច ត្រូវបានគ្រោងប្រមាណ ៤,៨២%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់ឆ្នាំ ២០២៧ ពោលគឺនៅតែចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ក្នុងនោះសំដៅបន្តរក្សាលំនឹងជីវភាពប្រជាជន ព្រមទាំងលើកកម្ពស់សមធម៌សង្គម, បន្តលើកកម្ពស់គុណភាពអប់រំ និងគាំទ្រដល់ការពង្រឹង និងពង្រីកការទទួលបានសេវាអប់រំ, ការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវ​ការទីផ្សារ។ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ បញ្ជាក់ថា រដ្ឋាភិបាលបានចាយប្រមាណ ៦៥៤លានដល្លារសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម