ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅខេត្តបាត់ដំបង បានត្អូញត្អែរ ចំពោះស្ថានភាពផ្លូវ នៅក្នុងក្រុងបាត់ដំបង ដែលលំបាកក្នុងការធ្វើដំណើរ និងហុយ ប៉ះពាល់ខ្លាំងដល់ការរកស៊ី និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរាប់ឆ្នាំមកហើយ ហើយពួកគាត់ចង់ឱ្យអាជ្ញាធរជួយធ្វើផ្លូវនេះឱ្យបានលឿន កុំទុកចោលយូរបែបនេះ។
កំពុងអង្គុយវេច និងច្រកណែមបណ្តើរ អ្នកស្រី កែវ ធឿន បានត្អូញត្អែរថា ផ្លូវពិបាក និងហុយខ្លាំងប្រហែល២ឆ្នាំមកហើយ បានប៉ះពាល់ដល់ការរកស៊ី និងការរស់នៅប្រចាំថ្ងៃ។ អ្នកស្រី បានបញ្ជាក់ថា៖ «លំបាកណាស់! វាហុយ ហើយរលាក់ គ្រលុកច្រើន ប៉ះពាល់ដល់ការលក់ដូរ ឱ្យលក់មិនសូវដាច់»។
អ្នកស្រី កែវ ធឿន ជាអាជីវករលក់ណែមនៅសង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ហើយគាត់បានប្រាប់ថា អាជ្ញាធរបានចាប់ផ្តើមធ្វើប្រព័ន្ធលូកាលពី២ឆ្នាំមុន ដោយកាយកណ្តាលផ្លូវ ហើយបិទឱ្យធ្វើដំណើរតែមួយចំហៀង ប្រហែល ២ ទៅ ៣ខែ បណ្តាលឱ្យប៉ះពាល់ដល់ការរកស៊ី។ លុះក្រោយពីជីកដាក់លូរួច ផ្លូវចាប់ផ្តើមលំបាក និងហុយខ្លាំងពេលរាំងភ្លៀង។ អ្នកស្រីបន្តថា គាត់គាំទ្រគម្រោងអភិវឌ្ឍន៍ ប៉ុន្តែសុំឱ្យធ្វើផ្លូវឱ្យបានលឿនជាងនេះ កុំទុកចោលរាប់ឆ្នាំបែបហ្នឹង។
អ្នកស្រីបន្ថែមថា៖ «កាលពីមុនអត់អីទេ លុះគេកាយលូកណ្តាលផ្លូវទៅ វាក៏ហុយ និងគ្រលុក។ ពេលហ្នឹងប៉ះពាល់រាប់ខែ ផ្លូវលំបាក គេបិទច្រកឱ្យធ្វើដំណើរតែមួយចំហៀង ធ្វើឱ្យលក់អត់ដាច់។ លើកក្រោយសំណូមពររាជរដ្ឋាភិបាលធ្វើផ្លូវឱ្យស្អាត និងបានលឿន កុំទុកចោលយូរអ៊ីចឹង»។
មិនមែនមានតែអ្នកលក់ណែមខាងលើនេះទេ ដែលត្អូញត្អែរ ប៉ុន្តែប្រជាពលរដ្ឋ និងអាជីវករផ្សេងទៀត នៅក្នុងក្រុងបាត់ដំបងក៏បានរអ៊ូរទាំដូចគ្នា។ អ្នកខ្លះបានបង្ហោះរិះគន់តាមបណ្តាញសង្គម ហើយមន្ទីរជំនាញបានចុះឈូសឆាយ និងបាញ់ទឹកកាត់បន្ថយដីហុយជាបណ្តោះអាសន្ន ពេលមានការរិះគន់។
អ្នកស្រី ស្រី រ័ត្ន ជាអាជីករលក់បុកល្ហុង និងបាយកុម្ម៉ង់នៅមុខវត្តពោធិវង្ស ក្រុងបាត់ដំបង បាននិយាយថា ពេលមេឃក្តៅវាហុយខ្លាំង ពេលមានភ្លៀងតិចៗមិនសូវអីទេ ប៉ុន្តែបើមានភ្លៀងខ្លាំងវិញ គឺលិចផ្លូវតែម្តង ដែលប៉ះពាល់ដល់ការលក់ដូរយ៉ាងខ្លាំង។
អ្នកស្រីនិយាយថា៖ «ផ្លូវហុយអ៊ីចឹង មិនសូវមានម៉ូយមកអង្គុយញ៉ាំផ្ទាល់ទេ មានតែមកទិញច្រកទៅញ៉ាំនៅផ្ទះ ឬកុម្ម៉ង់តាមអេប (App) ខ្លះ ដើម្បីគ្រាន់ទប់ទល់ការចំណាយផ្សេងៗ និងថ្លៃជួលតូប»។ អ្នកស្រីបញ្ជាក់ថា៖«ក្នុងចិត្តខ្ញុំ ពេលមានគម្រោងលើកក្រោយៗ សូមធ្វើផ្លូវឱ្យបានលឿនៗ កុំទុកចោលអ៊ីចឹង ប៉ះពាល់ដល់ការលក់ដូរ និងការធ្វើដំណើរណាស់»។
តាមអាជ្ញាធរខេត្តបាត់ដំបង បានឱ្យដឹងថា ខេត្តទទួលបានគម្រោងធំៗចំនួន៣ ដែលជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអនុវត្តគម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងទី១ គឺការសាងសង់ទីលានចាក់សំរាមស្តង់ដានៅឃុំតាគ្រាម ស្រុកបាណន់ ហើយគម្រោងទី២ការសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់ នៅប៉ែកខាងកើតស្ទឹងសង្កែ ដោយបានសាងសង់រួចរាល់ ១០០% និងបានស្ថាបនាជួសជុលផ្លូវជាបន្តបន្ទាប់រួចរាល់ហើយ។
ចំណែកគម្រោងទី៣ ជាគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹង ដែលបានសម្រេចការសាងសង់រួចរាល់កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយត្រូវប្រមូលទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តិកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ ហិកតា នៅស្រុកឯកភ្នំ។ ក្រោយពីគម្រោងខាងលិចស្ទឹងសង្កែ បានបញ្ចប់ជិត២ឆ្នាំមក ផ្លូវនានាក្នុងក្រុង បានរងការខូចខាត ហើយមិនទាន់បានស្ថាបនាឡើងវិញនៅឡើយទេ ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ការលក់ដូរ និងអ្នកធ្វើដំណើរឆ្លងកាត់។

ជុំវិញការត្អូញត្អែររបស់ប្រជាពលរដ្ឋទាក់ទងនឹងផ្លូវលំបាកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលធ្វើការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើការស្តារឡើងវិញនូវផ្លូវសំខាន់ៗចំនួន ២១ខ្សែ ក្នុងក្រុងបាត់ដំបង ដោយចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៦នេះទៅ ខណៈពេលនេះគម្រោងកំពុងស្ថិតក្នុងវគ្គដេញថ្លៃចុងក្រោយហើយ។
លោកបានថ្លែងបែបនេះ ក្នុងពិធីអញ្ជើញជាអធិបតី «ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)» នៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦។ លោកបន្តថា ក្រៅពីគម្រោងផ្លូវខាងលើ រាជរដ្ឋាភិបាលបានអនុម័តឱ្យធ្វើផ្លូវបន្ថែមចំនួន ៧ខ្សែទៀត ប្រវែង ១១គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលកន្លែងខ្លះបានចាប់ផ្តើមធ្វើបណ្តើរៗហើយ មុនពេលទឹកជំនន់មកដល់។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «យើងស្តារ និងជួសជុលឡើងវិញឱ្យល្អលើសមុនទៀតសម្រាប់ខេត្តបាត់ដំបង។ អាចថា ក្នុងពេលឆាប់ៗមុនដាច់ឆ្នាំនេះ គឺការជួសជុលផ្លូវក្នុងក្រុងឡើងវិញ»។ លោកបន្ថែមថា៖ «សរុបទាំងអស់មាន ២៨ខ្សែ ដោយផ្តោតលើផ្លូវសំខាន់ៗ និងអាទិភាពមុនគេ គឺធ្វើទៅជាមួយគ្នាតែម្ដងទាំងផ្លូវទាំងលូ កុំធ្វើផ្លូវហើយដាក់លូ ឬដាក់លូហើយកាត់ផ្លូវ…។ អា៧ខ្សែហ្នឹង កន្លែងណាមានប្រព័ន្ធលូហើយ ស្តារវាភ្ជាប់ទៅ កន្លែងណាអត់ ក៏ធ្វើទៅជាមួយគ្នា កុំធ្វើផ្លូវដាក់លូ ដាក់លូកាត់ផ្លូវ»។
លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADO)ប្រចាំតំបន់ យល់ស្របតាមការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដោយលោកបានបញ្ជាដោយមានចំណុចសំខាន់ៗ ទី១ កុំទុកផ្លូវដែលគ្រោងធ្វើចោលយូរ ព្រោះវាប៉ះពាល់ដល់ការធ្វើចរាចរណ៍ សុខុមាលភាពរបស់ប្រជាពលរដ្ឋ (បញ្ហាដីហុយ) និងខូចសោភ័ណភាពទីក្រុង។ រដ្ឋគួរតែមានថវិកាបម្រុង ឬកញ្ចប់ថវិកាបុរេប្រទានណាមួយសម្រាប់ចំណាយជាមុន មុនពេលគម្រោងផ្លូវការមកដល់។
ចំណែកចំណុចទី២ លោកនាយករដ្ឋមន្រ្តី ឱ្យរៀបចំផែនការសាងសង់ឱ្យបានត្រឹមត្រូវ។ គម្រោងនីមួយៗត្រូវចំណាយថវិកាច្រើន ដូច្នេះការធ្វើប្រព័ន្ធលូរួច ទើបធ្វើផ្លូវតាមក្រោយ ជាការល្អប្រសើរ។ ប្រសិនបើធ្វើផ្លូវមុន ហើយកាយធ្វើលូតាមក្រោយ វានឹងនាំឱ្យខាតបង់ និងខ្ជះខ្ជាយថវិកាជាតិ។
លោក គង់ជិត បានបញ្ជាក់ថា៖ «ដើម្បីចៀសវាងការខូចខាតផ្លូវ បន្ទាប់ពីមានទឹកជំនន់ គម្រោងសាងសង់ផ្លូវនីមួយៗ ត្រូវតែមានគុណភាពខ្ពស់ និងស្របតាមបទដ្ឋានបច្ចេកទេស ដូចជាការប្រើប្រាស់ថ្ម ក្រួស និងដែកសរសៃធំ សម្រាប់ធ្វើជាគ្រឹះស្រទាប់ក្រោមឱ្យបានក្រាស់ រួចទើបចាក់កៅស៊ូក្រាស់ពីលើ។ លើសពីនេះ ត្រូវសាងសង់ប្រឡាយមេមួយ ដើម្បីរំដោះទឹកភ្លៀងចេញពីក្រុង នាំបង្ហូរចូលទៅក្នុងស្ទឹងវិញជាដើម»។
ក្រៅពីក្នុងក្រុងបាត់ដំបង បណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង ក៏មានផ្លូវជាច្រើនរងការខូចខាតផងដែរ ដោយសារជំនន់ទឹកភ្លៀង នាឆ្នាំ២០២៦នេះ ក្នុងនោះមានស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកគាស់ក្រឡ និងស្រុកបាណន់ ជាដើម។
កំពុងអង្គុយលក់ចាប់ហួយ និងយោលអង្រឹងក្បែរខ្លួនឱ្យចៅដេក អ្នកស្រី សុខ គឹមឡេង អាយុ ៧៣ឆ្នាំ រស់នៅភូមិរហាលសួង ឃុំពាមឯក ស្រុកឯកភ្នំ បាននិយាយថា ទឹកជំនន់បានលិចផ្លូវពី ៥ ទៅ ៦ថ្ងៃ ដោយកន្លែងខ្លះត្រឹមចង្កេះ ខ្លះត្រឹមជង្គង់ ពិបាកធ្វើដំណើរណាស់ ឡាននិងម៉ូតូរលត់អស់ ជិះបានតែគោយន្តដើម្បីដឹកអីវ៉ាន់ និងដឹកមនុស្សទៅមកប៉ុណ្ណោះ។
អ្នកស្រីបន្ថែមថា ក្រោយពេលទឹកជំនន់ស្រក ផ្លូវកៅស៊ូដែលទើបតែធ្វើហើយ បានខូចខាតដាច់កន្លែងខ្លះ ហើយផ្លូវក្រួសក្រហមក៏លិចជ្រៅៗខូចខាតខ្លាំងដែរ។ «ពេលទឹកជំនន់ ឡាននិងម៉ូតូមករលត់អស់ ជិះបានតែគោយន្ត។ ផ្លូវកៅស៊ូធ្វើបានប្រហែលជិត ២ឆ្នាំហើយ ក៏ត្រូវខូចខាតខ្លះដោយសារទឹកជំនន់ សូមស្នើសុំឱ្យមានការជួសជុលឡើងវិញ កុំឱ្យខូចខាតធ្ងន់ធ្ងរជាងនេះ»។ អ្នកស្រីបន្ថែមទាំងញញឹមស្ងួតថា៖ «អំឡុងពេលទឹកជំនន់មកទល់ពេលនេះ លក់ដូរមិនដាច់ទេ លក់បានមួយម៉ឺន ចាយអស់បីបួនម៉ឺន!»។

ចំណែកលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានថ្លែងក្នុងកិច្ចពិភាក្សាតុមូល ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្ត កាលពីថ្ងៃទី៧ ខែតុលាថា ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ផ្លូវថ្នល់ ដែលគ្រប់គ្រងដោយមន្ទីរអភិវឌ្ឍន៍ជនបទចំនួន ២៣ខ្សែ ក្នុងនោះមានផ្លូវក្រួសក្រហម ១៣ខ្សែ ស្ថិតក្នុងស្រុកចំនួន៦ មានដូចជា ស្រុកសង្កែ, សំឡូត, ថ្មគោល, ឯកភ្នំ, គាស់ក្រឡ និងក្រុងបាត់ដំបង។ លោកបន្ថែមថា ផ្លូវដែលជន់លិចទាំង ២៣ខ្សែនេះ មានប្រវែងសរុបជាង ២៩៥គីឡូម៉ែត្រ ក្នុងនោះខូចខាតដាច់តួផ្លូវជាង ១គីឡូម៉ែត្រ និងហូរច្រោះជើងទេរជាង ១គីឡូម៉ែត្រទៀត។
លោកបន្ថែមថា ក្រោយពេលទឹកថមថយ ក្រុមការងារបានចុះសិក្សាស្ថានភាពផ្លូវខូចខាតក្នុងស្រុកទាំង៦ ដើម្បីធ្វើរបាយការណ៍ជូនលោកអភិបាលខេត្ត, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីម្ចាស់ជំនួយដូចជា JICA, ADB និង World Bank ដើម្បីឱ្យបានជ្រាបពីស្ថានភាពផ្លូវដែលខូចខាតដោយគ្រោះទឹកជំនន់នេះ។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងរូបនេះ បានបញ្ជាក់ថា៖ «រហូតមកទល់ពេលនេះ ភាគីម្ចាស់ជំនួយបានចុះមកជាបន្តបន្ទាប់ហើយ ទាំងម្ចាស់ថវិកា និងក្រុមហ៊ុនទទួលបន្ទុក ក្នុងសុពលភាពថែទាំ ដើម្បីសិក្សាពីផលប៉ះពាល់ ថាតើផ្លូវខូចខាតប៉ុន្មាន និងត្រូវចំណាយថវិកាប៉ុន្មាន។ ចំណែកឯផ្លូវដែលធ្វើដោយថវិកាជាតិ ក៏បានចុះពិនិត្យជាបណ្តើរៗហើយដែរ»។
ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ លោក វ៉ាន់ ថុល បានបន្ថែមថា ខ្សែផ្លូវដែលដាច់មួយចំនួនត្រូវបានសម្រួលឱ្យធ្វើដំណើរឡើងវិញបានខ្លះហើយ ដោយបានដាក់ស្ពានឈើ និងចាក់ដីសម្រួលបណ្តោះអាសន្ន ហើយនៅពេលម្ចាស់គម្រោង និងខាងគ្រប់គ្រងគ្រោះមហន្តរាយចុះសិក្សារួចរាល់ នឹងចាប់ផ្តើមធ្វើជាបន្តបន្ទាប់។
ចំណែក លោក ផេង ច័ន្ទឆាយា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានឱ្យដឹងដែរថា ផ្លូវថ្នល់ស្ថិតក្នុងវិស័យសាធារណការ ដែលរងការជន់លិច និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ មានចំនួន ៣០ខ្សែ ប្រវែងជាង ២១៥គីឡូម៉ែត្រ ក្នុងនោះមានផ្លូវជាតិជាង ២៤គីឡូម៉ែត្រ, ផ្លូវខេត្តក្រាលកៅស៊ូ DBST ចំនួន ១៤ខ្សែ សរុបជាង ១០៣គីឡូម៉ែត្រ និងផ្លូវក្រាលក្រួស ១១ខ្សែ ប្រវែង ៨៧គីឡូម៉ែត្រ។
លោកបានបញ្ជាក់ពីការដោះស្រាយចំពោះមុខថា៖ «មន្ទីរបានជួសជុលភ្លាមៗពេលទឹកស្រកនៅបណ្តាផ្លូវនានាក្នុងក្រុង ដោយកៀរសម្រួលបណ្តោះអាសន្ន និងបន្តសម្រួលផ្លូវជាបន្តបន្ទាប់»។
លោកបន្ថែមថា មន្ទីរក៏បានចុះសិក្សាធ្វើរបាយការណ៍ពីទីតាំងជន់លិចភ្លាមៗ ដោយបានជួសជុលជាបន្ទាន់ ដូចជាផ្លូវដែលដាច់នៅស្រុកគាស់ក្រឡ, សំឡូត, ផ្លូវល្វា ឃុំព្រៃខ្ពស់ ស្រុកបវេល និងស្រុកបាណន់ ជាដើម។
លោកបន្ថែមទៀតថា៖ «គ្រឿងចក្រមួយក្រុមទៀតបានចុះទៅក្រោមហើយ ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀង គ្រឿងចក្រចូលយកក្រួសអត់បាន ដូច្នេះត្រូវរង់ចាំមេឃរាំង ទើបអាចចូលជួសជុលសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបន្តទៀត»។
នៅក្នុងឱកាសចុះពិនិត្យជាក់ស្ដែងលើហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ២ខ្សែ ក្នុងស្រុកសង្កែ ដែលរងគ្រោះដោយទឹកជំនន់ កាលពីដើមខែតុលានេះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់អគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ឱ្យសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក-ឃុំ ដោះស្រាយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដោយរៀបចំផ្លូវវាង ឬស្ពានឈើបណ្តោះអាសន្ន។
បន្ថែមលើនេះលោករដ្ឋមន្ត្រីបានណែនាំថា៖ «ត្រូវស្រង់ទិន្នន័យវាយតម្លៃផលប៉ះពាល់ និងពិនិត្យលទ្ធភាពបច្ចេកទេស ដើម្បីជួសជុល និងស្តារលើកម្ពស់គុណភាពផ្លូវនេះឡើងវិញ នៅពេលទឹកស្រក ក្នុងស្មារតីបង្ការហានិភ័យនាថ្ងៃអនាគត»៕








