សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​លោក​នាយក​រដ្ឋមន្ត្រី លើកឡើង​ថា​ ថៃបាន​ចូល​កាន់​កាប់​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​លោក​ស្រី​ Louise Mushikiwabo អគ្គលេខា​ធិការ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ចាប់​ដៃ​គ្នា​ក្រោយ​សុន្ទរកឋា​បើក​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​លើកទី​២០ នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦​។ (ខេមបូចា/ព្រីង សំរាំង)​
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​លោក​ស្រី​ Louise Mushikiwabo អគ្គលេខា​ធិការ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ចាប់​ដៃ​គ្នា​ក្រោយ​សុន្ទរកឋា​បើក​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​លើកទី​២០ នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦​។ (ខេមបូចា/ព្រីង សំរាំង)​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​យក​ឱកាស​ថ្លែង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូ​ហ្វូនី នៅ​ថ្ងៃអាទិត្យ​ ទី១៥ ខែវិច្ឆិកា ដើម្បី​បង្ហាញ​ពី​វត្ត​មាន​កងទ័ព​ថៃ​នៅ​លើ​ផ្នែក​ខ្លះ​នៃ​ទឹក​ដី​កម្ពុជា ក្រោយ​ប្រទេស​ទាំង​ពីរ​មានការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​នឹង​គ្នា​នៅ​តាម​ព្រំ​ដែនកាល​ពី​ឆ្នាំ​មុន​។​

លោក​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថា​៖​ «កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមបាញ់មុននោះទេ» ដោយសំដៅទៅលើការប៉ះទង្គិចគ្នាចំនួនពីរលើកក្នុងឆ្នាំ២០២៥ ដែលភាគីនីមួយៗបានចោទប្រកាន់គ្នាទៅវិញទៅមក។ លោកបន្តថា៖ «ផ្នែកខ្លះនៃទឹកដីអធិបតេយ្យរបស់កម្ពុជា នៅតែត្រូវបានកាន់កាប់ដោយកងទ័ពថៃ»។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ២០ ០០០ នាក់ នៅតែមិនអាចវិលត្រឡប់​ទៅលំនៅឋានរបស់ខ្លួនវិញបាននៅ​ឡើយ។ ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យមានការគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្នើឱ្យបន្តដំណើរការបោះបង្គោលព្រំដែនរួមគ្នាឡើងវិញ។ លោកនាយក​រដ្ឋ​មន្ត្រី​ក៏បាន​ស្នើ​នួវ​របៀប​វារៈ​គន្លឹះ​ចំនួន​បី «​ការបង្ការ ការត្រៀម​ខ្លន និង​​ការ​កងសាង​វិបុលភាព» ដល់​អង្គការ​ហ្រ្វង់កូហ្វូនី ដោយ​បាន​ស្នើ​ឲ្យ​បណ្ដាញ​ហ្វ្រង់កូហ្វូនី​សម្របសម្រួល​ជម្លោះ​មុន​មាន​អំពើ​ហិង្សា​កើតឡើង រៀប​ចំកម្មវិធី​បណ្ដុះ​បណ្ដាល​យុវវ័យ​លើ​បច្ចេក​វិទ្យាបញ្ញា​សិប្បនិម្មិត ឬ​ AI និង​រឹត​ចំណង​ពាណិជ្ជកម្ម​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ជា​សមាជិក​ហ្វ្រង់កូហ្វូនី និង​ប្រទេសជា​សមាជិក​អាស៊ាន​។​

ការ​លើក​ឡើង​ពី​បញ្ហា​ព្រំ​ដែន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កើត​មាន​ក្រោយ​ប្រទេស​ថៃ​ព្រមាន​កម្ពុជា​មិន​ឲ្យ​លើក​បញ្ហា​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល ដោយថា​ការ​លើក​បែបនេះ​នឹង​ធ្វើ​ឲ្យ​បាត់​បង់កិច្ច​ខិត​ខំ​កសាង​ទំនុក​ចិត្ត​គ្នា​ឡើង​វិញ​។​

សកម្ម​ជន និង​អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​ក៏​បាន​ដាក់​សម្ពាធ​ដល់​កម្ពុជា​លើ​​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាល​​មុន​កិច្ចប្រជុំចូល​មក​ដល់​ផង​ដែរ។ សកម្ម​ជន​កម្ពុជា​បាន​ដាក់​ញត្តិ​នៅ​ស្ថាន​ទូត​បារាំង និង​កាណាដា ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរពសិទ្ធិមនុស្ស និង​ឲ្យ​ប្រទេស​​ទាំងពីរ​ជួយ​អន្តរាគមន៍​លើ​ជម្លោះ​ព្រំ​ដែន​រវាង​កម្ពុជា-ថៃ​។ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជា​ជាតិ​លោក ​ Tom Andrews បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នក​ជាប់​ឃុំ​ជាង​១០០​នាក់ ដោយ​លោក​ជឿ​ថា​អ្នក​ទាំង​នោះ​​ត្រូវ​ជាប់​ឃុំ​ដោយសារ​តែ​ការ​ប្រើ​សិទ្ធិ​បញ្ចេញ​មតិ ការ​ជួប​ជុំ និង​ការ​ប្រមូល​ផ្ដុំ​​ដោយ​ស្រប​ច្បាប់ និង​បាន​អំពាវ​នាវ​ឲ្យ​ថ្នាក់​ដឹក​នាំ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ជួយ​ឲ្យ​មានការ​ដោះ​លែង​អ្នក​ទាំង​នោះ​។​

កិច្ច​ប្រជុំ​កំពូល​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​ មាន​ប្រធាន​រដ្ឋ និង​រដ្ឋាភិបាល​​មក​ពី​ប្រទេស​ជា​សមាជិក​ចំនួន​​៩០​បាន​ចូល​រួម​ ក្នុង​ក្រម​ខណ្ឌ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី​ ឬហៅកាត់ថា​ OIF។ ​សមាជិក​អង្គការ​អន្តរជាតិ​មួយ​នេះ​មាន​គោល​ដៅ​​អាទិភាព​យូរអង្វែង គឺ​ការ​ពិភាក្សា​ផ្នែក​ការទូត សន្តិភាព ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ដឹក​នាំ​ថ្មី​។​

ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ជា​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​មាន​អ្នក​និយាយ​ភាសាបារាំង​ច្រើនជាងគេ និង​ប្រទេស​រវ៉ានដា​ ក៏​ជា​កង្វល់​មួយ​របស់​កិច្ច​ប្រជុំ​កំពូល​នេះ​ដែរ។ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ បាន​គំរាម​ថា​ខ្លួន​នឹង​ដក​ខ្លួន​ចេញពី​អង្គការ​មួយ​នេះ បើ​សិន​ជា​លោក​ស្រី Louise Mushikiwabo ជនជាតិ​រវ៉ាន់ដា ជាប់​ឆ្នោត​ជា​អគ្គលេខាធិការ​​សម្រាប់អាណត្តិទី​៣ ហើយ​ការ​បោះ​ឆ្នោត​នឹ​ងត្រូវធ្វើ​ឡើង​នៅ​ថ្ងៃចន្ទ ស្អែក​នេះ។​​

លោក Emmanuel Macron គឺ​ប្រធានាធិបតីបារាំង​ដំបូង​គេ​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​គិត​តាំងពី​ឆ្នាំ​១៩៩៣​។ លោក​មាន​ប្រសាសន៍​ថា​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី​​ត្រូវដើរ​តួ​នយោបាយ​​ក្នុង​ពិភព​លោក​មួយ​ដែល​កំពុង​ប្រឈម​បញ្ហា​ជា​ច្រើន​ជំពូក​នេះ​។ ដំណើ​រទស្ស​នកិច្ច​របស់​លោក កើត​ឡើង​ក្រោយប្រទេស​បារាំង​បាន​ប្រ​ឈម​នឹង​មហាបាតុកម្ម​ជា​ច្រើន​សប្ដាហ៍​​ទាក់ទង​នឹង​បញ្ហាជីវភាព សេវាសាធារណៈ និង​ប្រព័ន្ធអប់រំ និង​​មាន​មនុស្ស​ជាង​​១០​ម៉ឺន​នាក់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​​នៅទូទាំង​ប្រទេស​កាល​ពី​ថ្ងៃសៅរ៍​កន្លងទៅ​។​​​

លោក​មាន​ប្រសាសន៍​ថា៖ «ភាសា​រួម​របស់​យើង​បាន​នាំ​យើង​ឲ្យ​មានការ​សន្ទនា និង​ការ​សម្រុះ​សម្រួល…វា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ពាក្យពេចន៍ និង​ឧបករណ៍​ដើម្បី​ធានា​​ថា​នីតិរដ្ឋ​ត្រូវ​បាន​ឲ្យ​តម្លៃ​ខ្ពស់​ជាង​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់អាវុធ»។​

នៅ​ក្នុង​ដំណាក់​កាល​មួយ​ដែល​មានការបែក​ខ្ញែក​គ្នា​ក្នុង​កិច្ច​ប្រជុំ​កំពូល លោក Macron បាន​អំពាវ​នាវ​ឲ្យ​មានការ​ស្រុះ​ស្រួល​គ្នា «ដើម្បី​​រក្សា​ចំណង​សាមគ្គីភាព»។​

លោក​បន្ថែម​ថា៖ «​យើង​អាច​មាន​ភាព​ខុស​ប្លែក​គ្នា​ដោយ​មិន​ចាំ​បាច់​បែង​ចែក​គ្នា…​យើង​អាច​ការពារ​អត្តសញ្ញាណ​របស់​យើង​ដោយ​មិន​ចាំ​បាច់​តាំង​ខ្លួន​ប្រឆាំង​នឹង​អ្នក​ផ្សេង​ទៀត»។​

ក្រោយ​មក​លោក​បាន​ប្រគល់​ប្រធាន​ប្ដូរ​វេន​កិច្ច​ប្រជុំ​ពី​បារាំងមក​ឲ្យ​កម្ពុជា។ កម្ពុជា​ធ្លាប់​ជា​ប្រទេស​​មួយ​នៃបារាំង​ឥណ្ឌូចិន ដែល​ក្រោយ​មក​បាន​ទទួល​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ​១៩៥៣​។ បើ​តាម​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី កម្ពុជា​មាន​ប្រជាជន​តែ​០,១៦ភាគ​រយ​ដែល​អាច​និយាយ​ភាសាបារាំង​បាន​។​​

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​​លោក ចាន់ រតនា ប្រាប់​អ្នក​សារព័ត៌មាន​​នៅ​ថ្ងៃអាទិត្យ​នេះថា​ថៃ​ ដែលជា​ប្រទេស​អ្នក​សង្កេតការណ៍​របស់​ហ្វ្រង់កូហ្វូនី​តាំងពី​ឆ្នាំ​២០០៨ បាន​បញ្ជូន​អ្នក​សង្កេត​ការ​ណ៍​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នេះ​ដែរ។​

លោក​បាន​ច្រាន​ចោល​ការ​ទំទាស់​របស់​ថៃ​​ដោយថា «ជា​ទម្លាប់ដដែលៗ​​របស់​ពួកគេ» និង​ថា​កម្ពុជា​បាន​ត្រៀម​ខ្លួន​ជា​យូរ​មក​ហើយ​ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​របស់​ខ្លួន​។​

​លោក​ រតនា មាន​ប្រសាសន៍ទៀត​ថា​អ្នក​សង្កេតការណ៍​ថៃ​ ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃសៅរ៍​បាន​ចុះ​ឈ្មោះ​ឡើង​ថ្លែង​សុទ្ទរកឋា ​ប៉ុន្តែ​បែរជា​មិន​ឡើង​ថ្លែង​វិញ​ពេល​ត្រូវ​បាន​អញ្ជើញ​។ លោក​ថា៖​«​នេះជា​សិទ្ធិ​របស់​ពួកគាត់»។​

​ស្ថាន​ទូត​ថៃ​ប្រចាំ​ទីក្រុង​ភ្នំពេញ​មិន​បាន​ឆ្លើយ​តប​សំណើ​សុំ​អត្ថាធិប្បាយ​នោះទេ​។ រដ្ឋាភិបាល​ក្រុង​បាងកក​បាន​និយាយ​ថា​តំបន់​ព្រំដែនដែល​ទាហាន​ខ្លួន​បាន​ចូល​កាន់​កាប់​ក្រោ​យ​មាន​បទឈប់បាញ់​កាលពីខែ​ធ្នូ ថា​ជា​តំបន់ស ឬ​ជា​ដី​របស់​ខ្លូន​។ ចំណែក​រដ្ឋាភិបាល​កម្ពុជា​វិញ​ថា​ដី​ទាំង​នោះ​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​។​

នៅ​ថ្ងៃចន្ទ ថ្នាក់​ដឹក​នាំ​ទាំង​អស់​នឹង​បោះ​ឆ្នោត​ជ្រើស​រើស​អគ្គលេខាធិការ​​ហ្វ្រង់កូហ្វូនី សម្រាប់អាណត្តិ​បួន​ឆ្នាំ ដោយ​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០២៧ និង​សម្រេច​ចុះ​ឈ្មោះ​សមាជិក​ថ្មី​ៗ​។ ដូច​គ្នា​ដែរ​ប្រទេស​ជា​សមាជិក​ក៏​ត្រូវ​រំពឹង​ថា​នឹង​ចេញ​នូវ​សេចក្ដី​ថ្លែងការណ៍​​ក្រុងភ្នំពេញ និង​ដំណោះស្រាយ​ស្ដីពី​​សន្តិសហវិជ្ជមាន សេដ្ឋកិច្ច និង​កិច្ច​ហសប្រតិបត្តិការ​វប្បធម៌ ដំណោះស្រាយជម្លោះ និង​ការ​ការពារបេតិកភណ្ឌ​វប្បធម៌​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Manet Opens Francophonie Summit by Accusing Thailand of Occupying Cambodian Land

ព័ត៌មានថ្មី

អត្ថបទពេញនិយម