សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រុម​សកម្មជន​ដាក់​ញត្តិ​ជូន​ស្ថានទូតបារាំង ដោយ​ស្នើ​ឱ្យ​លោក​ ម៉ាក្រុង ធ្វើ​អន្តរា​គមន៍​​នៅ​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេសថៃ​

ក្រុម​សកម្មជនបានដាក់ញត្តិទៅកាន់ស្ថានទូតបារាំងប្រចាំរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីស្នើឱ្យឱ្យលោក ម៉ាក្រុង ធ្វើអន្តរាគមន៍​ក្នុងជម្លោះព្រំដែន​ជាមួយ​​​ប្រទេសថៃ។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)
ក្រុម​សកម្មជនបានដាក់ញត្តិទៅកាន់ស្ថានទូតបារាំងប្រចាំរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីស្នើឱ្យឱ្យលោក ម៉ាក្រុង ធ្វើអន្តរាគមន៍​ក្នុងជម្លោះព្រំដែន​ជាមួយ​​​ប្រទេសថៃ។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។

នៅសប្តាហ៍នេះ ក្រុម​សកម្មជនបានដាក់ញត្តិទៅកាន់ស្ថានទូតបារាំងប្រចាំរាជធានីភ្នំពេញជាថ្មី​ម្តង​ទៀត ដោយលើក​នេះ គឺ​ពាក់​ព័ន្ធ​នឹង​ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ សកម្មភាពនេះធ្វើឡើងមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃអា​ទិត្យខាងមុខនេះ ហើយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នឹងអញ្ជើញ​ចូលរួមក្នុង​កិច្ច​ប្រជុំ​នេះ​ផងដែរ។

ក្រុម​សកម្មជនជា​យុវជន​ចំនួន១០នាក់ រួមជាមួយព្រះតេជគុណ អួន គង់ ជាព្រះសង្ឃមួយអង្គដែល​គេ​ស្គាល់​តាមរយៈអត្ថាធិប្បាយ​អំពីបញ្ហាសង្គម និងសកម្មភាពការពារបរិស្ថាន បានទៅ​កាន់ស្ថានទូតនៅ​ព្រឹក​ថ្ងៃសុក្រនេះ​ ដើម្បីដាក់ញត្តិជូនលោក ម៉ាក្រុង ដោយស្នើឱ្យលោកជួយដោះ​ស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ។

ញត្តិ​នេះ បាន​សរសេរ​ថា៖ «សកម្មភាពរបស់កងទ័ពថៃ កំពុងបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខក្នុងតំបន់ សន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តោយព្រំដែន»។

មន្ត្រីស្ថានទូតម្នាក់ ដែលបានទទួលយក​ញត្តិនៅព្រឹកថ្ងៃសុក្រនេះ​ បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនឹងកត់ត្រាទុក ហើយយើងនឹងបកប្រែញត្តិ​នេះ​»។

ញត្តិ​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ញត្តិ​ពីរ​ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ដាក់​ជូន​ស្ថាន​ទូត​បារាំង និង​កាណាដា ​នៅក្នុង​​ខែ​នេះ ដោយ​ញត្តិ​មួយ​មក​ពី​សម្ព័ន្ធ​សហជីព និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ហើយ​​មួយ​ទៀត​ដាក់ជូ​ន​ដោយ​​លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​ជាន់​ខ្ពស់ ​នៃ​គណបក្ស​កម្លាំង​​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង។

សម្ព័ន្ធសហជីព និងអង្គការសិទ្ធិ​មនុស្ស​​ បានជំរុញឱ្យរដ្ឋាភិបាលនានាដាក់សម្ពាធលើកម្ពុជា ដើម្បី​ឱ្យដោះលែងសកម្មជន ដែលកំពុងជាប់ឃុំ និងបើកលំហប្រជាធិបតេយ្យឡើងវិញ ខណៈលោក រ៉ុង ឈុន បានស្នើសុំឱ្យ​ជួយ​ស្តារ​សិទ្ធិនយោបាយរបស់លោក។ លោក ថម អេនឌ្រូ​ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅ​កម្ពុជា ក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាកាល​ពី​ថ្ងៃចន្ទ ឱ្យដោះលែងសកម្មជនទាំងនោះ មុនកិច្ចប្រជុំកំពូលចាប់ផ្តើម។

កា​រ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ខែ​កក្កដា និងខែធ្នូ ឆ្នាំមុន បានបណ្តាលឱ្យមនុស្សជាង១០០នាក់ស្លាប់ និងរាប់សែននាក់ទៀតនៃ​ប្រទេស​ទាំង​ពីរ ត្រូវភៀសខ្លួនពីលំនៅឋាន មុនពេលមានបទឈប់បាញ់​។ ភាគីនីមួយៗបានចោទប្រកាន់ភាគីម្ខាងទៀតថា ជាអ្នកបង្កឱ្យមានការប្រយុទ្ធគ្នា ដែលបាន​ជំរុញឱ្យមានស្មារតីជាតិនិយមនៅក្នុងប្រទេសទាំងពីរ ហើយជម្លោះនេះមួយ​ផ្នែក​ កើតចេញ​ពីការកំ​ណត់ខ្សែបន្ទាត់​​ព្រំដែនក្នុងសម័យអាណានិគមបារាំងផងដែរ។ កម្ពុជាបានអះ​អាង​​ថា ពលរដ្ឋរបស់ខ្លួនជាង ២០ ០០០នាក់ ដែលរស់នៅក្នុងភូមិជាប់ព្រំដែន បច្ចុប្បន្នស្ថិតនៅក្រោយរបាំងរបស់ថៃនោះ នៅមិន​អាច​ត្រឡប់​ទៅកាន់​​ផ្ទះសម្បែង​របស់​ពួកគេ​នៅឡើយ​​។

ប្រទេសបារាំងបានជំរុញឱ្យភាគីទាំងពីរដោះស្រាយជម្លោះដោយសន្តិវិធី ហើយបានផ្តល់ជូនកម្ពុជា និងថៃ នូវសិទ្ធិចូលទៅពិនិត្យមើលឯកសារនៅ​បណ្ណសារព្រំដែននាសម័យអាណានិគម​។

លោក អ៊ឹង សេរីវុធ ជាសកម្មជនយុវជនម្នាក់ បាននិយាយ​ថា ក្រុមរបស់លោកបានងាកទៅរកប្រទេសបារាំង ដោយសារកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលមួយ ដែលជាការជួបជុំ​គ្នា នៃមេដឹកនាំមកពីអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី ដែលជាប្លុក​ប្រទេស និងរដ្ឋាភិបាលដែល​និយាយ​ភាសាបារាំង។ លោក​និយាយ​ថា លោករំពឹង​ថា មេដឹកនាំ ដែលចូលរួមក្នុងកិច្ច​ប្រជុំនេះ នឹងលើកយក «បញ្ហាដែលកម្ពុជាត្រូវបានប្រទេសថៃ​រំលោភបំពាន»​ មកពិភា​ក្សា​។​​

ព្រះតេជគុណ​ អួន គង់ មាន​សង្ឃដីកា​ថា ព្រះអង្គ​សង្ឃឹមថា ប្រទេសបារាំង និងប្រទេស​ផ្សេងទៀត​ដែលជាហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលបានបញ្ចប់​សង្គ្រាម​ស៊ីវិលនៅ​កម្ពុជា នឹងមាន «ស្មារតីទទួលខុសត្រូវ» ក្នុងការជួយ​ «ការពារ និងអន្តរាគមន៍»​ ប្រឆាំងនឹង «រដ្ឋណាមួយ ដែលឈ្លានពានកម្ពុជា»។

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានព្រ​មាន​កម្ពុជានៅថ្ងៃសុក្រនេះ​ថា ការប្រើប្រាស់កិច្ចប្រជុំកំពូលនេះ ដើម្បី “​បង្ហាញ​ព័ត៌មាន​តែ​ម្ខាង​អំ​ពី​ជម្លោះព្រំដែនថៃ-កម្ពុជា” អាចធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសទាំងពីរ​។

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា សមាជិកនៃអង្គការអន្តរជាតិ​ហ្វ្រង់កូហ្វូនី «មានសិទ្ធិលើកឡើងអំពីបញ្ហាដែលមានសារៈ​សំខាន់និងពាក់ព័ន្ធ»។

លោក​នា​យករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ​ អគ្គលេ​ខា​ធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី អញ្ជើញចូលរួមក្នុងពិធីបើកដំណើរ​ការ​​ភូមិហ្វ្រង់កូហ្វូនីជា​ផ្លូវ​ការ នៅសួនច្បារវត្តបទុមវត្តី ក្នុងរាជធានីភ្នំពេញ មុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូលហ្វ្រង់​កូហ្វូនី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

នៅចម្ងាយពីរបីគីឡូម៉ែត្រពីស្ថានទូត​ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថាជាសាធារណៈលើកដំបូងពាក់​ព័ន្ធ​នឹង​កិច្ចប្រជុំកំពូលនេះ នៅ​ថ្ងៃសុក្រ ក្នុងពិធីបើកពិព័រណ៍វប្បធម៌នៃកិច្ចប្រជុំកំពូល​នេះ​។

លោកបានមានប្រសាសន៍ថា៖ «សម្រាប់ហ្វ្រង់​កូហ្វូនី មិនមែនគ្រាន់តែជារឿងភាសាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ពាក់ព័ន្ធនឹងវប្បធម៌ដែលកំពុងរស់រវើកផងដែរ។ វាគឺជាវេទិកា​សម្រាប់ការផ្លាស់ប្តូរបទពិសោធន៍​ ពាណិជ្ជកម្ម និងនវានុវត្តន៍​ ហើយក៏ជាការប្រមូលផ្តុំ នៃគុណតម្លៃនានា ដូចជា សន្តិភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព។ ប្រទេសរបស់យើងយល់ដឹងអំពីសារៈសំខាន់នៃសន្តិភាពដែលមិនអាចកាត់​ថ្លៃ​បាន​​ ហើយ​ប្រហែលជាយល់​ច្បាស់ជាងប្រទេសភាគច្រើន​ទៅទៀត»។

សកម្មជនកម្ពុជាបានប្រើប្រាស់​ដំណើរទស្សនកិច្ចរបស់មេដឹកនាំបរទេសជាយូរ​មក​ហើយ​ ដើម្បីស្វែងរកការដាក់សម្ពាធពីខាងក្រៅមកលើរដ្ឋាភិបាល រួមទាំងការទាមទារឱ្យដោះលែងអ្នករិះគន់រដ្ឋាភិបាល​ ដែលកំពុងជាប់ឃុំផងដែរ​ ប៉ុន្តែលទ្ធផល ដែលទទួលបាន មានទាំងជោគ​ជ័យនិង​បរាជ័យ។

កាល​ពី​ឆ្នាំ២០១២ សាលា​ឧទ្ធរណ៍បានដោះលែងសកម្មជនដីធ្លីតំបន់បឹងកក់ចំនួន១៣នាក់ប៉ុន្មាន​សប្តាហ៍ បន្ទាប់ពីលោកស្រី ហ៊ីលឡារី គ្លីនតុន ជា​រដ្ឋមន្ត្រីការបរទេសសហ​រដ្ឋអាមេរិកនៅពេលនោះ បានជំរុញ​ឱ្យដោះលែងពួកគេ និងមិន​យូរ​ប៉ុន្មាន​ ​មុនពេល​លោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន​​។

មួយទសវត្សរ៍ក្រោយមក លោក ចូ បៃដិន ដែល​ពេលនោះ ជា​ប្រធានាធិបតីសហរដ្ឋអាមេរិក បាន​ដាក់​សម្ពាធ​លោក ហ៊ុន សែន ដែល​ពេលនោះ ជា​នាយករដ្ឋមន្ត្រីកម្ពុជាអំឡុងកិច្ចប្រជុំកំពូលអាស៊ានមួយ ឱ្យដោះលែងមេធាវីសញ្ជាតិខ្មែរ​-អាមេរិក​ គឺលោកស្រី សេង ធារី។ បច្ចុប្បន្ននេះ លោកស្រីនៅតែជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយ​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Activists Ask Macron to Intervene in Thai Border Dispute in Latest Embassy Petition

ព័ត៌មានថ្មី

អត្ថបទពេញនិយម