សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អាជ្ញាធរទុកពេលប្រាំពីរថ្ងៃឱ្យគ្រួសារជនជាតិដើមភាគតិចពូនងចេញពីដីមាន​ជម្លោះជាមួយក្រុមហ៊ុន

អាជ្ញាធរខេត្តមណ្ឌលគិរីជួបប្រជុំជាមួយប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនង​នៅ​ភូមិពូទឺត ដើម្បីពិភាក្សាពីជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនចំនួនពីរ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ (មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)
អាជ្ញាធរខេត្តមណ្ឌលគិរីជួបប្រជុំជាមួយប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនង​នៅ​ភូមិពូទឺត ដើម្បីពិភាក្សាពីជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនចំនួនពីរ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ (មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)

ប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនងនៅភូមិពូទឺត ខេត្តមណ្ឌលគិរី បាននិយាយកាលពីថ្ងៃ​ព្រហស្បតិ៍​​ថា អាជ្ញាធរបានទុកពេលឱ្យពួកគេ៧ថ្ងៃ ដើម្បីរុះរើទីស្នាក់ការសហគមន៍ និង​ចាក​ចេញពី​ដី​ដែល​ពួកគេចាត់ទុកថាជាដីដូនតា ដែលដីនេះត្រូវបានប្រគល់ឱ្យក្រុមហ៊ុនឯកជន។

យោងតាមខ្លឹមសារដែលបង្ហោះលើទំព័រហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី អាជ្ញាធរខេត្ត​បាន​ជួប​ជាមួយតំណាងសហគមន៍ តំណាងក្រុមហ៊ុន និងមន្ត្រីស្រុកនៅដើមសប្តាហ៍នេះ ដើម្បី​ស្វែងរក​ដំ​ណោះ​​ស្រាយ​ជម្លោះ​ដីធ្លីនេះ។ ប្រភពដដែលបានលើកឡើងថា ប្រជាពលរដ្ឋបាន «រំលោភយក» ដីក្នុងតំបន់អភិវឌ្ឍន៍ដែលបានបែងចែកឱ្យក្រុមហ៊ុន Eysan Eco Zone Co. និងក្រុមហ៊ុន CM Construction Co. ។

អ្នកស្រី ឆេស យ៉ាវិន អាយុ ២៧ឆ្នាំ ជាស្ត្រីជនជាតិដើមភាគតិចពូនងមកពីភូមិពូទឺត បាន​និយាយ​​ថា ប្រជាពលរដ្ឋមិនដែលយល់ព្រមឱ្យប្រគល់ដីនេះទៅឱ្យក្រុមហ៊ុនទាំងពីរឡើយ។ អ្នកស្រីថា ក្នុងកិច្ច​ប្រជុំ មន្ត្រី​បានប្រាប់ប្រជាពលរដ្ឋ​ថា ពួកគេសំណាងហើយ​ដែលមិនត្រូវ​ទទួលទោសតាមផ្លូវច្បាប់ ហើយបានជំរុញឱ្យពួកគេបោះបង់ដីដែលកំពុងមាន​ជម្លោះ​នោះ​ទៅ។

លោកស្រី យ៉ាវិន បាននិយាយថា៖ «ពួកគេនិយាយថា យើងធ្វើចម្ការខុសច្បាប់លើដីរដ្ឋ ហើយ​​បើ​មិន​ព្រមចាកចេញទេ យើងអាចជួបការលំបាកកាន់តែខ្លាំង។ អាជ្ញាធរ​កំពុង​និយាយ​កុហកយើង។ តាមពិត ដីនេះជាដីចម្ការ កន្លែងបញ្ចុះសព និងព្រៃសក្ការៈ​របស់​ជនជាតិ​ដើម​ភាគតិចយើងទេតើ»។

លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា បាននិយាយថា ដីនោះជាដីរដ្ឋ ហើយរដ្ឋមានសិទ្ធិ​បែងចែក​​ដី​​ឱ្យ​​ក្រុម​ហ៊ុនដើម្បី​​អភិវឌ្ឍន៍ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ លោក​​បានបន្ថែមថា មុនចាកចេញពីដីដែលក្រុមហ៊ុនកាន់កាប់ ប្រជាពលរដ្ឋអាចរុះរើ​សំណង់​ដែលពួកគេបានសាងសង់ និងយកឈើ ព្រមទាំងសម្ភារផ្សេងៗទៅជាមួយបាន។

លោកបាននិយាយថា៖ «មិនមានការរំលោភសិទ្ធិរបស់នរណាម្នាក់ឡើយ។ ក្រុមហ៊ុន​មាន​សិទ្ធិ​ស្រប​ច្បាប់​ពេញ​លេញ ដោយមាននីតិវិធី និងឯកសារត្រឹមត្រូវ»។

អ្នកភូមិជនជាតិដើមភាគតិចពូនងម្នាក់ថ្លែងក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរ​ខេត្តមណ្ឌលគិរី ស្តីពីជម្លោះ​ដីធ្លី​របស់សហគមន៍ជាមួយក្រុមហ៊ុនពីរ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ (មន្ទីរព័ត៌មាន​ខេត្ត​មណ្ឌល​គិរី)

យោងតាមឯកសារដែលប្រជាពលរដ្ឋបានផ្តល់ឱ្យសារព័ត៌មានខេមបូចា គម្រោងរបស់​ក្រុមហ៊ុន​ទាំង​ពីរ​ស្ថិត​ក្នុងតំបន់សេដ្ឋកិច្ចពិសេសពហុបំណងមួយ ដែលលាតសន្ធឹងតាម​បណ្តោយ​ព្រំដែនវៀតណាម កាត់ស្រុកពេជ្រាដា និងស្រុកអូររាំង។ ឯកសារបង្ហាញថា ក្រុមហ៊ុន CM Construction កាន់កាប់ដីជាង ៣០០ ហិកតា ខណៈក្រុមហ៊ុន Eysan Eco Zone កាន់កាប់ដីប្រហែល ៦៧០ហិកតា។

ឯកសារដដែលបង្ហាញថា រដ្ឋបាលខេត្តបានអនុម័តថ្មីៗនេះឱ្យក្រុមហ៊ុន CM Construction ឈូស​ឆាយ​​​ដី​​នៅទីតាំងចំនួនពីរ ដោយទទួលបានការឯកភាពជាគោលការណ៍​ពី​ក្រសួង​រៀបចំដែនដី​ហើយ​។ ក្រុម​ហ៊ុនគ្រោងដាំកាហ្វេ និងសាងសង់ការិយាល័យមួយ​នៅក្នុង​តំបន់​នោះ​។ ចំណែកក្រុមហ៊ុន Eysan Eco Zone ក៏កំពុងអភិវឌ្ឍចម្ការកាហ្វេផងដែរ។

យោងតាមកំណត់ត្រាចុះបញ្ជីអាជីវកម្មរបស់ក្រសួងពាណិជ្ជកម្ម លោក អ៊ឹងស៊ីតាត វីរៈ ជា​ប្រធាន​​ក្រុម​ហ៊ុន​ CM Construction។ លោកមានគោរមងារ «អ្នកឧកញ៉ា» ដែលជាគោរមងារ​មួយកម្រិតខ្ពស់ជាង «ឧកញ៉ា» ដែលព្រះមហាក្សត្រប្រទានដល់អ្នកជំនួញ ជាទូទៅ បន្ទាប់​ពីពួកគេបរិច្ចាគថវិកាយ៉ាងតិច ៥០ម៉ឺនដុល្លារដល់រដ្ឋ។

លោក វីរៈ ក៏ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តមណ្ឌលគិរី និង​ជា​ជំនួយការ​​ផ្ទាល់​របស់លោកស្រី ប៊ុន រ៉ានី ផងដែរ នេះបើយោងតាមសារព័ត៌មានជាភាសាខ្មែរ Oknha News ដែល​​ផ្សាយ​ព័ត៌មាន​ពីឧកញ៉ា និងសហគមន៍ធុរកិច្ចនៅកម្ពុជា។ លោកស្រី ប៊ុន រ៉ានី ជា​ប្រធាន​កាក​បាទ​ក្រហមកម្ពុជា និងជាភរិយារបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​កាន់តំណែងយូរឆ្នាំ។

លោក វីរៈ មិនបានទទួលទូរសព្ទតាមលេខដែលមានក្នុងកំណត់ត្រាអាជីវកម្មរបស់លោកទេ។ ចំណែក​​លោក ហ៊ី ផល្គុន នាយកក្រុមហ៊ុន CM Construction បានបិទទូរសព្ទ ភ្លាមៗ  ពេល អ្នកសារព័ត៌មានខេមបូចាចាប់ផ្តើមសួរសំណួរ។

អ្នកសារព័ត៌មានខេមបូចាមិនអាចទាក់ទងលោក Choeung Kokyuang ប្រធានក្រុមហ៊ុន Eysan Eco Zone ដើម្បីសុំការអត្ថាធិប្បាយបានទេ។

កាលពីខែមុន ប្រជាពលរដ្ឋបានចោទប្រកាន់ក្រុមហ៊ុន Eysan Eco Zone ថា បានឈូសឆាយ​ដីចម្ការ កន្លែង​​បញ្ចុះសព និងព្រៃសក្ការៈរបស់ពួកគេ។ ពួកគេក៏បានផ្ញើលិខិតមួយទៅ​អភិបាល​ខេត្ត ដោយ​ស្នើឱ្យបញ្ឈប់​គម្រោងអភិវឌ្ឍន៍នេះ។

កាលពីខែកញ្ញា លោក ព្យឺយ ផៀង អ្នកភូមិពូទឺត បានប្រាប់ខេមបូចាថា សហគមន៍​មិនមាន​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លីផ្លូវការសម្រាប់តំបន់នេះទេ។

សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាបានតស៊ូអស់រយៈពេលជាយូរមកហើយ ដើម្បី​ទទួល​​​បាន​បណ្ណ​កម្មសិទ្ធិដីសមូហភាព។ ការមិនទាន់មានបណ្ណកម្មសិទ្ធិធ្វើឱ្យសហគមន៍​ទាំងនេះងាយ​រងគ្រោះ​ក្នុ​ង​ជម្លោះដីធ្លី និងការរំលោភយកដីដោយសារគម្រោងអភិវឌ្ឍន៍ និងពាណិជ្ជកម្ម។

លោក ស្រឹម ឈួញ ប្រធានបណ្តាញសហគមន៍ជនជាតិដើមភាគតិច បាននិយាយថា អាជ្ញាធរ​គួរតែ​ប្រកាន់ជំហរអព្យាក្រឹត ពិនិត្យប្រវត្តិនៃការកាន់កាប់ដី និងពិចារណាថាតើគម្រោង​ទាំង​នេះ​​​អាច​ផ្លាស់​ប្តូរ​ទៅទីតាំងផ្សេងបានដែរឬទេ។

លោក ឈួញ បាននិយាយថា៖ «នៅពេលអាជ្ញាធរសម្រេចបែបនេះ ពួកគេកំពុងរំលោភសិទ្ធិ​របស់​ជន​ជាតិ​​ដើម​ភាគតិចរួចទៅហើយ។ ការអភិវឌ្ឍគ្រប់ប្រភេទមិនគួរ​រំលោភសិទ្ធិ​របស់​នរណា​ម្នាក់ឡើយ»។

នេះមិនមែនជាលើកទីមួយទេដែលប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនងនៅឃុំប៊ូស្រា ស្រុក​ពេជ្រា​ដា​ ជួបប្រទះជម្លោះដីធ្លី។ កាលពីឆ្នាំ២០០៨ ប្រជាពលរដ្ឋបានចោទប្រកាន់ថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Socfin Group បានប្រើកម្លាំងឈូសឆាយ និងដណ្តើមយកដីចម្ការ កន្លែង​បញ្ចុះ​សព និងព្រៃសក្ការៈ​របស់ពួកគេ បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់ដីសម្បទាន​សម្រាប់ដាំ​កៅស៊ូ​។

លោក ស្រួច ប៉ី អ្នកភូមិពូទឺតម្នាក់ទៀត បាននិយាយថា កាលពីឆ្នាំ២០១៥ ក៏មាន​ជម្លោះ​ជាមួយ​​ក្រុម​ហ៊ុន​ LKL Co. ពាក់​ព័ន្ធនឹង​ដីដដែលនេះបានឈានដល់ការប៉ះទង្គិចគ្នាដោយ​អាវុធ។ លោកបានបន្ថែម​ថា ក្រោយ​មក អាជ្ញាធរខេត្តបានដកហូតអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ហើយលោក ស្វាយ សំអ៊ាង ដែលជាអភិបាល​ខេត្តមណ្ឌលគិរីនៅពេលនោះ បានប្រគល់​ដី​ចំនួន៨២៦ហិកតា ឱ្យពលរដ្ឋ​ក្នុង​សហគមន៍​​ចំនួន១៥២គ្រួសារ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Mondulkiri Bunong Families Given Seven Days to Leave Land Granted to Companies

ព័ត៌មានថ្មី

អត្ថបទពេញនិយម