សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អាជ្ញាធរអាមេរិកចាប់ឃុំខ្លួនព្រះអង្គ ប៊ុត​ ប៊ុនតិញ​ ជាង១សប្តាហ៍ដោយ​ចោទ​ថា ស្នាក់នៅហួសទិដ្ឋាការ

ព្រះសង្ឃ ប៊ុត ប៊ុនតិញ ត្រូវបានគេឃើញក្នុងរូបថតមួយសន្លឹកបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ព្រះអង្គនៅថ្ងៃទី៧ ខែវិច្ឆិកា ប្រហែលមួយសប្តាហ៍មុនពេលព្រះអង្គត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចអន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក។
ព្រះសង្ឃ ប៊ុត ប៊ុនតិញ ត្រូវបានគេឃើញក្នុងរូបថតមួយសន្លឹកបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ព្រះអង្គនៅថ្ងៃទី៧ ខែវិច្ឆិកា ប្រហែលមួយសប្តាហ៍មុនពេលព្រះអង្គត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចអន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក។

ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានអាជ្ញាធរអន្តោប្រវេសន៍សហរដ្ឋអាមេរិក ហៅកាត់ថា ICE​ចាប់ឃុំខ្លួនជាមួយអ្នកដំណើរមួយចំនួនផ្សេងទៀត កាលពីថ្ងៃទី១១ ខែវិច្ឆិកា សប្ដាហ៍មុននេះ នៅអាកាសយានដ្ឋានអន្តរជាតិ Louis Armstrong New Orleans។​ ដោយក្រសួងសន្តិសុខមាតុភូមិអាមេរិក(DHS)​ ចោទប្រកាន់ថា ព្រះអង្គបានស្នាក់នៅហួសកំណត់ទិដ្ឋាការ។ ហើយបច្ចុប្បន្ន ព្រះអង្គ កំពុងឃុំខ្លួននៅមណ្ឌលឃុំឃាំង Pine Prairie​ ក្នុងរដ្ឋ Louisiana។ 

ឆ្លើយតបតាមអ៊ីម៉ែល អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូចាថា ព្រះអង្គបានចូលមកអាមេរិកដោយស្របច្បាប់ជាច្រើនដងចន្លោះ​ឆ្នាំ២០១៥ ដល់២០១៧ ប៉ុន្តែក្រោយមកបានស្នាក់នៅហួសកំណត់ដោយបំពានច្បាប់។ ព្រះអង្គនឹងបន្តស្ថិតក្រោមការឃុំខ្លួន ដើម្បីរង់ចាំនីតិវិធីបណ្តេញចេញ។

យ៉ាងណាក្តី លោក មួង ណារ៉េត អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី បានលើកឡើងតាមរយៈវីដេអូ YouTube របស់លោកថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានឯកសារស្របច្បាប់គ្រប់គ្រាន់ក្នុងការស្នាក់នៅអាមេរិក ហើយលោកហៅការឃុំខ្លួននេះថាជា «ការរើសអើងជាតិសាសន៍»។ លោកបន្តថា ព្រះតេជគុណត្រូវបានចាប់ខ្លួន ខណៈកំពុងនិមន្តពីរដ្ឋ Massachusetts ទៅរដ្ឋ Louisiana ដើម្បីដឹកនាំពិធីបង្សុកូលជូនគ្រួសារសពខ្មែរមួយ។ បច្ចុប្បន្ន សហគមន៍ខ្មែរអាមេរិកាំងបានជួលមេធាវី និងស្នើសុំឱ្យដោះលែងព្រះអង្គវិញហើយ។

ជុំវិញករណីនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានថ្លែងថា ប្រសិនបើព្រះអង្គត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ នោះពិតជាបង្កហានិភ័យ និងក្តីបារម្ភចំពោះសុវត្ថិភាពរបស់ព្រះអង្គ ដោយសារការរិះគន់រដ្ឋាភិបាល។ ប៉ុន្តែលោកសង្ឃឹមថា ស្ថានភាពផ្លូវច្បាប់ និងតួនាទីរបស់ព្រះអង្គនៅវត្តអារាមក្នុងសហរដ្ឋអាមេរិក អាចជួយបញ្ចៀសការបញ្ជូនត្រឡប់មកវិញបាន។

ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងវិញកាលពីខែមករា ឆ្នាំ២០២៥ រដ្ឋបាលរបស់លោកបានបើកយុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍យ៉ាងទូលំទូលាយ។ អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិអាមេរិក បានព្រមានថា ជនបរទេសខុសច្បាប់នឹងមិនអាចធ្វើដំណើរតាមជើងហោះហើរបានទៀតទេ លើកលែងតែការហោះហើរចាកចេញពីអាមេរិក​ដោយស្ម័គ្រចិត្ត។ ទោះជាយ៉ាងណា ក្រុមសិទ្ធិមនុស្សរិះគន់ថា ការបញ្ជូនអ្នកសុំសិទ្ធិជ្រកកោន និងអ្នកប្រឆាំងទៅកាន់ប្រទេសដើមវិញ អាចធ្វើឱ្យពួកគេជួបគ្រោះថ្នាក់។

គួររម្លឹកថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលមានព្រះជន្ម ៤៦ វស្សា គឺជាស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដែលល្បីល្បាញផ្នែកការពារបរិស្ថាន និងការរិះគន់រដ្ឋាភិបាលកម្ពុជា។ ព្រះអង្គបានភៀសព្រះកាយទៅអាមេរិកក្នុងឆ្នាំ២០១៧ បន្ទាប់ពីរងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ដែលក្រុមសិទ្ធិមនុស្សចាត់ទុកថាជារឿងនយោបាយ ហើយនៅឆ្នាំ ២០២០ តុលាការកម្ពុជាបានកាត់ទោសកំបាំងមុខឱ្យព្រះអង្គជាប់ពន្ធនាគារ ២០ខែ​​​ ពីបទញុះញង់៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម