នៅក្នុងឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាបានជួបគ្រោះមហន្តរាយធំៗចំនួនពីរ ដោយសារអាកាសធាតុ គឺគ្រោះរាំងស្ងួត ដែលកាន់តែធ្ងន់ធ្ងរឡើងកាលពីខែកក្កដា និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខែកញ្ញា ដែលព្រឹត្តិការណ៍ទាំងនេះមានជាប់ពាក់ព័ន្ធនឹងបាតុភូត អែលនីញ៉ូ (El Niño)។ គ្រោះមហន្តរាយដែលកើតឡើងបន្តបន្ទាប់គ្នានេះ បានបង្កការខូចខាតដល់ផលដំណាំ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ដោយធ្វើឱ្យកសិកររាប់ពាន់គ្រួសារជួបការលំបាកយ៉ាងខ្លាំង។
អាជ្ញាធរបានប្រញាប់ប្រញាល់ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់គ្រួសារ ដែលរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតាមខេត្តមួយចំនួន ខណៈកម្រិតទឹកដែលកើនឡើងបានបង្កការខូចខាតដល់លំនៅឋាន ផ្លូវថ្នល់ ស្រែចម្ការ និងប៉ះពាល់ដល់សេវាកម្មចាំបាច់នានា។ សកម្មភាពឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីមានស្ថានភាពអាកាសធាតុមិនទៀងទាត់អស់រយៈពេលជាច្រើនសប្តាហ៍ ដែលជាប់ពាក់ព័ន្ធនឹងវដ្តនៃបាតុភូតអែលនីញ៉ូ នាពេលបច្ចុប្បន្ន ដែលបានបង្កឱ្យមានគ្រោះរាំងស្ងួតអូសបន្លាយ និងភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួននៃប្រទេសកម្ពុជា។
យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានឱ្យដឹងថា កាលពីខែកក្កដា គ្រោះរាំងស្ងួតបានប៉ះពាល់ដល់ផ្ទៃដីដំណាំស្រូវជិត ២៩០ ០០០ ហិកតា នៅក្នុងខេត្តចំនួនប្រាំបី។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានឱ្យដឹងទៀតថា នៅក្នុងខែកញ្ញា ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់នៅក្នុងខេត្តចំនួន១០ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ៦០ ០០០គ្រួសារ និងប្រមាណ ៥០០០គ្រួសារទៀត ត្រូវបង្ខំឱ្យជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព។ ក្នុងពេលនោះដែរ ផ្ទៃដីដំណាំស្រូវប្រមាណ ១៥០ ០០០ ហិកតាត្រូវបានជនលិច ដែលស្មើនឹងប្រហែល ៥% នៃផ្ទៃដីដាំដុះស្រូវរដូវវស្សាសរុបចំនួន៣លានហិកតានៅទូទាំងប្រទេស។
គេរំពឹងថា បាតុភូតអែលនីញ៉ូ នឹងបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរជាងនេះ
មានការព្យាករណ៍ថា គ្រោះមហន្តរាយនេះ នឹងកាន់តែធ្ងន់ធ្ងរជាងមុន។ បាតុភូតអែលនីញ៉ូខ្លាំងបំផុត (Super El Niño) មិនធ្លាប់មានពីមុនមកនិងអាចបំបែកកំណត់ត្រាចាស់ៗ កំពុងកើតឡើងនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ហើយអាចនឹងបន្តកើតមានរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដោយរំពឹងថា នឹងឈានដល់កម្រិតខ្លាំងបំផុតនៅចុងឆ្នាំ២០២៦។
នៅក្នុងខែតុលានេះ ប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារព្យុះឈ្មោះ ចម្ពី (Champi) ជាព្យុះទី៣០ នៃឆ្នាំនេះ ដោយនាំមកនូវទឹកភ្លៀវ និងផ្គររន្ទះគ្របដណ្ដប់ពី៣០% ទៅ៥០% នៃផ្ទៃប្រទេស រហូតដល់ថ្ងៃទី២៣ ខែតុលា។ យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ព្យុះចម្ពីនេះ បានកកើតចេញពីប្រព័ន្ធសម្ពាធទាបនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយកំពុងជះឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលគ្របដណ្ដប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ព្រមទាំងតំបន់ដីគោក និងតំបន់ឆ្នេរសមុទ្រនានា។
ក្រសួងធនធនទឹក និងឧតុនិយម បានអះអាងនាពេលថ្មីៗនេះថា ប្រទេសកម្ពុជានៅតែរងឥទ្ធិពលពីប្រព័ន្ធសម្ពាធនេះ ដោយមានភ្លៀងធ្លាក់កម្រិតមធ្យម ខ្យល់បក់ខ្លាំង និងមានផ្គររន្ទះផងដែរ ទោះបីជាមានឥទ្ធិពលពីព្យុះចម្ពីក៏ដោយ។
ស្របពេលជាមួយគ្នានេះ អង្គការយូនីសេហ្វ (UNICEF) បានព្រមានថា មណ្ឌលសុខភាពជាង ៤០០កន្លែងនៅទូទាំងប្រទេសកម្ពុជា កំពុងប្រឈមនឹងហានិភ័យពីគ្រោះមហន្តរាយធម្មជាតិ រួមទាំងទឹកជំនន់ផងដែរ ខណៈបាតុភូតអែល នីញ៉ូ កំពុងរំខានដល់របបទឹកភ្លៀង ព្រមទាំងបង្កឱ្យមានគ្រោះរាំងស្ងួត និងភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់មួយចំនួនក្នុងប្រទេស។ ផលប៉ះពាល់ទាំងនេះ ក៏ធ្វើឱ្យកុមារកម្ពុជាប្រមាណ ១,៣លាននាក់ ប្រឈមហានិភ័យនៃផលប៉ះពាល់នានាដែលទាក់ទងនឹងអាកាសធាតុផងដែរ។
កាលពីថ្ងៃទី១៣ ខែតុលា ភ្លៀងធ្លាក់ខ្លាំងបានបោកបក់មកលើស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្ដាលឱ្យមន្ទីរពេទ្យបង្អែកក្រគរ ត្រូវជន់លិច។ បុគ្គលិកសុខាភិបាលត្រូវបញ្ជូនអ្នកជំងឺ១៥២នាក់ទៅកន្លែងសុវត្ថិភាព និងបញ្ជូនអ្នកជំងឺធ្ងន់ទៅមន្ទីរពេទ្យបង្អែកខេត្ត។
លោក ជាង សុខុន អនុប្រធានមន្ទីរពេទ្យបង្អែកក្រគរ បានប្រាប់សារព័ត៌មានខេមបូចាថា ទឹកជំនន់បានស្រកចុះស្ទើរតែទាំងស្រុងពីបរិវេណមន្ទីរពេទ្យ។ លោកបានឱ្យដឹងថា បុគ្គលិកមន្ទីរពេទ្យកំពុងមមាញឹកសម្អាត និងរៀបចំដំណើរការមន្ទីរពេទ្យឡើងវិញ។
លោក សុខុន បានមានប្រសាសន៍ថា៖ «យើងអាចបញ្ជូនអ្នកជំងឺត្រឡប់ទៅមន្ទីរពេទ្យវិញនៅថ្ងៃនេះ ប៉ុន្តែយើងមិនទាន់អាចសម្អាតភាពរញ៉េរញ៉ៃបានទាំងស្រុងនៅឡើយទេ។ ប៉ុន្តែនៅពេលនេះ អ្វីៗ គឺស្ថិតនៅក្រោមការគ្រប់គ្រង។ មានឧបករណ៍មន្ទីរពេទ្យមួយចំនួនតូចប៉ុណ្ណោះបានខូចខាត»។
លោកបានបន្ថែមថា ចំនួនអ្នកជំងឺបានថយចុះមកនៅសល់ប្រហែល១០០នាក់ ហើយពួកគេអាចផ្លាស់ទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលជាទៀងទាត់បាន។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានប្រាប់សារព័ត៌មានខេមបូចាថា គណៈកម្មាធិការនេះ កំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីវាយតម្លៃការខូចខាត និងផ្តល់ការគាំទ្រដល់សហគមន៍ ដែលរងផលប៉ះពាល់ ដោយបន្ថែមថា ស្ថានភាពបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រង។

ដោយឡែកនៅឯខេត្តបាត់ដំបងវិញ លោក សុខ លូ អភិបាលខេត្ត បានផ្តល់ជំនួយដល់ប្រជាពលរដ្ឋជាង ១៣០០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅក្នុងស្រុករុក្ខគិរី ស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងក្រុងបាត់ដំបង។ លោកបានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាព ជាពិសេសចំពោះមនុស្សចាស់ និងកុមារតូចៗ ព្រមទាំងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម។
កសិករទទួលរងផលប៉ះពាល់ធំៗពីរ
ការប្រែប្រួលអាកាសធាតុមិនមែនជាបញ្ហាប្រឈមតែមួយគត់ ដែលកសិករកំពុងជួបប្រទះនោះទេ។ សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈ ជីកសិកម្ម និងសារធាតុគីមីកសិកម្មកើនឡើងខ្ពស់ បានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ពួកគេផងដែរ។
ផលប៉ះពាល់ពីបាតុភូតអែលនីញ៉ូ ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ និងសីតុណ្ហភាពកើនឡើង បានធ្វើឱ្យសម្ពាធលើកសិករកាន់តែធ្ងន់ធ្ងរឡើងថែមទៀត។
សម្រាប់កសិករជាច្រើន ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានកើតឡើងភ្លាមៗ បន្ទាប់ពីគ្រោះរាំងស្ងួត ដែលធ្វើឱ្យការខាតបង់កាន់តែធ្ងន់ធ្ងរឡើង។ អាជ្ញាធរបានចុះវាយតម្លៃការខូចខាត ជម្លៀសគ្រួសារប្រជាពលរដ្ឋ និងត្រៀមពូជស្រូវសម្រាប់ការដាំដុះឡើងវិញ ប៉ុន្តែទំហំនៃការបំផ្លិចបំផ្លាញនេះ បានជំរុញឱ្យមានការអំពាវនាវជាថ្មី ឱ្យមានការគ្រប់គ្រងធនធានទឹកកាន់តែរឹងមាំជាងមុន ប្រព័ន្ធព្រមានទុកជាមុន និងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
ខេត្តបាត់ដំបង គឺជាខេត្តមួយក្នុងចំណោមខេត្ត ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីគ្រោះទឹកជំនន់នៅក្នុងខែកញ្ញា។ មន្ត្រីទទួលបន្ទុកគ្រោះមហន្តរាយខេត្តបានរាយការណ៍ថា ក្រុង និងស្រុកទាំង១៤ ក្នុងខេត្តនេះ សុទ្ធតែរងផលប៉ះពាល់ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋចំនួន ២១ ៨០៧ គ្រួសារ។ ទឹកជំនន់នេះ ក៏បានបង្កការខូចខាតដល់ផ្ទះសម្បែងចំនួន ១៩ ២៩១ខ្នង ហេដ្ឋារចនាសម្ព័ន្ធចំនួន ៧៨០កន្លែង និងដំណាំស្រូវចំនួន ៣៥ ៦១២ហិកតា។ ចំណែកមនុស្សជាង ២៧០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
លោក ឆាត ឆាន់ ជាកសិករម្នាក់រស់នៅក្នុងភូមិ និងឃុំអូរតាគី ស្រុកថ្មគោល បានឱ្យដឹងថា នៅឆ្នាំនេះ លោកបានជួបប្រទះគ្រោះមហន្តរាយធម្មជាតិធំៗចំនួនពីរ គឺគ្រោះរាំងស្ងួតក្នុងខែកក្កដា និងគ្រោះទឹកជំនន់នៅក្នុងខែតុលា។ ស្រែរបស់លោកពឹងផ្អែកលើទឹក ដែលបង្ហូរពីអាងស្តុកទឹកកំពីងពួយទៅកាន់ប្រឡាយទឹកនៅតំបន់ខាងក្រោម។ ផ្ទៃដីស្រែចំនួន ៦ហិកតា បានរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ។
លោក ឆាន់ បានព្យាយាមស្តារដីស្រែរបស់គាត់ឡើងវិញ ដោយប្រើប្រាស់ជី ដើម្បីបង្កើនផលិតភាព។ ជាអកុសល ភ្លៀងធ្លាក់ខ្លាំងបានប៉ះពាល់ដល់ទិន្នផលស្រូវ បូករួមទាំងការខ្វះខាតប្រព័ន្ធធារាសាស្ត្រសម្រាប់រំដោះទឹកចេញផងដែរ។
លោកបាននិយាយថា៖ «ខ្ញុំបានខ្ចីប្រាក់ ដើម្បីទិញជី និងថ្នាំសម្លាប់សត្វល្អិត ដើម្បីស្តារដីស្រែ ឱ្យប្រសើរឡើងវិញ និងដើម្បីប៉ះប៉ូវការខាតបង់ [បណ្តាលមកពីគ្រោះរាំងស្ងួតកន្លងមក] ប៉ុន្តែពេលនេះ ខ្ញុំមិនអាចប្រមូលផលស្រូវបានទេ ដោយសារតែទឹកជំនន់។ ស្រែទាំងមូលត្រូវបានលិចលង់អស់ហើយ»។
លោក ឆាន់ ត្អូញត្អែរថា៖ “ខ្ញុំមិនដឹងថា ត្រូវសងប្រាក់កម្ចីដោយរបៀបណាទេ ប្រសិនបើទឹកនៅតែបន្តជន់លិច” ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់សារព័ត៌មានខេមបូចាថា គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន១៤។ លោកបានបញ្ជាក់ថា ទឹកជំនន់ថ្មីៗនេះ បានប៉ះពាល់ដល់ដំណាំកសិកម្មចំនួន ២៤០ ៥៨៣ហិកតា ដែលស្មើនឹង ៥,៩៧% នៃផ្ទៃដីដាំដុះសរុបនៅទូទាំងប្រទេស ហើយបានបង្កការខូចដល់ផ្ទៃដីចំនួន ១០៧ ៣៥៣ហិកតា ឬស្មើនឹង ២,៦៦%។
ក្នុងចំណោមផ្ទៃដី ដែលរងផលប៉ះពាល់ ដំណាំស្រូវមានចំនួន ២២១ ៩៩១ហិកតា ក្នុងនោះមាន ៩៨ ៦៦២ហិកតា បានរងការខូចខាត។ ចំណែកដំណាំចម្រុះសម្រាប់អាហារ និងទ្រទ្រង់សេដ្ឋកិច្ចផ្សេងទៀតមានចំនួន ១៨ ៥៩២ហិកតា ដែលក្នុងនោះមាន ៨ ៦៩១ហិកតា បានរងការខូចខាត។
ទោះជាយ៉ាងណា លោក ហ្វីណង់ មិនអាចផ្តល់មតិយោបល់អំពីដំណោះស្រាយនោះទេ ដោយសារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) កំពុងវាយតម្លៃផលប៉ះពាល់។ លោកបានមានប្រសាសន៍ថា៖ «ចំពោះដំណោះស្រាយសម្រាប់ដំណាំស្រូវដែលរងផលប៉ះពាល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកំពុងសិក្សាអំពីផលប៉ះពាល់នេះ ដោយអនុលោមតាមផែនទីបង្ហាញផ្លូវរបស់យើង»។
នៅពេលទាក់ទងទៅកាលពីថ្ងៃសុក្រ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា លោកជាប់រវល់ ហើយបានសុំឱ្យផ្ញើសំណួរតាមតេឡេក្រាមវិញ។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានឆ្លើយតបមកវិញទេ គិតត្រឹមពេលចេញផ្សាយព័ត៌មាននេះ។
ការដោះស្រាយការខូចខាតក្នុងវិស័យកសិកម្ម
នៅខេត្តបន្ទាយមានជ័យ អាជ្ញាធរបានចុះពិនិត្យការខូចខាតដំណាំស្រូវ ដែលបង្កឡើងដោយទឹកជំនន់ នៅភូមិដីឡូត៍ ឃុំទឹកថ្លា ក្រុងសិរីសោភ័ណ។
ទឹកជំនន់បានប៉ះពាល់ក្រុង និងស្រុកចំនួន១៣ នៅក្នុងខេត្តសៀមរាប ដោយប៉ះពាល់ឃុំចំនួន ៨៦ និងភូមិចំនួន៥០៤។ ប្រជាពលរដ្ឋប្រមាណ ២៧ ១១៥គ្រួសារ បានរងផលប៉ះពាល់ ហើយផ្ទៃដីដំណាំស្រូវចំនួន ៣៤ ៥១៩ហិកតា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ក៏បានរងការខូចខាតផងដែរ។ យោងតាមលោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានឱ្យដឹងថា ក្នុងចំណោមផ្ទៃដីដំណាំស្រូវទាំងនោះ មានផ្ទៃដីចំនួន ២ ៥១០ហិកតា មិនអាចស្តារឡើងវិញបានឡើយ។
នៅលើគណនីហ្វេសប៊ុករបស់លលោក លោក គន់ គីម បានលើកឡើងថា ការវាយតម្លៃនេះមានសារៈសំខាន់សម្រាប់ការផ្តល់ព័ត៌មានក្នុងការធ្វើការសម្រេចចិត្ត ការកំណត់អាទិភាពលើជំនួយ និងការស្នើសុំធនធានចាំបាច់នានា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំបានណែនាំដល់នាយកដ្ឋានជំនាញនានា ឱ្យសហការជាមួយក្រុង និងស្រុក ដែលរងផលប៉ះពាល់ ដើម្បីពន្លឿនការវាយតម្លៃការខូចខាត និងកំណត់ការផ្តល់ពូជស្រូវសម្រាប់ការស្តារឡើងវិញ»។

នៅក្នុងខេត្តឧត្តរមានជ័យ ទឹកជំនន់បានវាយប្រហារឃុំចំនួន២៣ និងភូមិចំនួន១៣៦ ដោយធ្វើឱ្យដំណាំស្រូវចំនួន ៣ ៨០៤ហិកតា រងការខូចខាត។ ប្រជាពលរដ្ឋប្រមាណ ២ ៩១៣គ្រួសារ ក៏បានរងផលប៉ះពាល់ផងដែរ។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មានប្រសាសន៍ថា ទឹកជំនន់បានប៉ះពាល់ដល់ពលរដ្ឋច្រើនគ្រួសារ និងកសិផលរបស់ពួកគាត់។ អាជ្ញាធរកំពុងដោះស្រាយផលប៉ះពាល់ ដោយផ្តល់គ្រាប់ពូជដល់គ្រួសារ ដែលដីស្រែ ត្រូវបានជន់លិច ដើម្បីឱ្យពួកគាត់អាចចាប់ផ្ដើមដាំដុះវិញ បន្ទាប់ពីទឹកស្រកចុះ។ លោកបានបន្ថែមថា ប៉ុន្តែគ្រួសារដែលដំណាំស្រូវខូចខាត នឹងទទួលបានជំនួយ។
លោកមានប្រសាសន៍ថា៖ «ទឹកជំនន់បានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារវាបានបំផ្លាញដំណាំស្រូវរបស់ពួកគាត់ ដែលក្នុងនោះ មួយចំនួនត្រូវបានខូចខាតទាំងស្រុង។ យើងកំពុងពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះ»។
លោក ខូយ រីដា មានក្តីបារម្ភថា ភ្លៀងធ្លាក់ខ្លាំងនឹងបង្កឱ្យមានទឹកជំនន់នៅតាមតំបន់ជាច្រើនទៀត នៃខេត្តពោធិ៍សាត់ ដែលនឹងបំផ្លាញដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធនានា។
យោងតាមលទ្ធផលបឋមនៃកិច្ចប្រជុំ ឃុំចំនួន២១ នៅក្នុងក្រុង និងស្រុកចំនួន៥ ក្នុងខេត្តពោធិ៍សាត់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់។ ដំណាំស្រូវលើផ្ទៃដីចំនួន ៣ ៥០១ហិកតាក្នុងឃុំចំនួន១៩ បានរងការខូចខាត ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២៤៣៥គ្រួសារ។
លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
លោក ទុំ ពន្លក សមាជិកក្រុមប្រឹក្សាឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានឱ្យដឹងថា ប្រហែល ៩៥ភាគរយនៃផ្ទៃដីស្រែសរុបចំនួន ៩ ០០០ហិកតា ត្រូវបានទឹកជន់លិច។ គ្រួសារមួយចំនួន ដែលរងផលប៉ះពាល់បានទទួលជំនួយឧបត្ថម្ភ រួមមានស្បៀងអាហារដូចជាអង្ករ និងសម្ភារៈចាំបាច់សម្រាប់ការចម្អិនអាហារ។
លោកបានប្រាប់ខេមបូចាព័ត៌មានថា៖ «យើងកំពុងវាយតម្លៃផលប៉ះពាល់នៃទឹកជំនន់ និងទិន្នន័យពាក់ព័ន្ធនឹងការធ្វើដំណើរ ដើម្បីយើងអាចស្នើសុំការគាំទ្រពីអាជ្ញាធរខេត្ត»។
រដ្ឋបាលឃុំរបស់លោក ពន្លក កំពុងប្រមូលទិន្នន័យអំពីគ្រួសារដែលរងផលប៉ះពាល់ ដោយដំណាំស្រូវរបស់ពួកគាត់ត្រូវបានខូចខាតដោយទឹកជំនន់។ យោងតាមលិខិតមួយរបស់ឃុំអូរតាគី ដែលសារព័ត៌មានខេមបូចាទទួល បានបង្ហាញថា ក្នុងចំណោមប្រជាពលរដ្ឋចំនួន ៩៤៩គ្រួសារ មាន១៨៧គ្រួសារត្រូវបានចាត់ទុកថា ជាគ្រួសារដែល «រងផលប៉ះពាល់ធ្ងន់ធ្ងរ» និងត្រូវការជំនួយស្បៀងអាហារ។
លោក ពន្លក មានប្រសាសន៍ថា៖ «យើងត្រូវការពូជស្រូវថ្មីសម្រាប់ដាំដុះឡើងវិញ ដើម្បីជំនួសដំណាំកសិកម្ម ដែលបានខូចខាត។ យើងកំពុងស្នើសុំគ្រាប់ពូជពីអាជ្ញាធរពាក់ព័ន្ធ»។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានលើកឡើងថា ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធ គឺមានសារៈសំខាន់ណាស់សម្រាប់ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។ លោកបានបញ្ជាក់ថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដូចជាអាងស្តុកទឹកជាដើម អាចជួយបញ្ចេញទឹកចេញពីស្រែ អំឡុងពេលមានទឹកជំនន់ និងជួយផ្តល់ទឹកដល់ស្រែ អំឡុងពេលមានគ្រោះរាំងស្ងួត។
លោកបានមានប្រសាសន៍ថា៖ «ដោយសារយើងមិនអាចដឹងមុនថា តើគ្រោះមហន្តរាយដែលបង្កឡើងដោយអាកាសធាតុ នឹងមានលក្ខណៈបែបណា ឬស្ថានភាពអាចនឹងប្រែប្រួលរបៀបណានោះទេ ដូច្នេះយើងចាំបាច់ត្រូវរៀបចំយុទ្ធសាស្ត្រ និងវិធីសាស្ត្រនានា ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ។ យើងត្រូវពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រឱ្យបានគ្របដណ្តប់គ្រប់ទីកន្លែង គឺប្រៀបបានទៅនឹងប្រព័ន្ធចរន្តឈាមនៅក្នុងរាងកាយមនុស្សដែរ»។
ដើម្បីទប់ស្កាត់គ្រោះមហន្តរាយជាតិ ដែលមិនធ្លាប់មានពីមុនមក កម្ពុជាចាំបាច់ត្រូវត្រៀមលក្ខណៈឱ្យបានល្អ និងអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដោយសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Double Blow to Farmers: Authorities Rush to Provide Aid After Flooding Hits Provinces









