សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ភ្ញៀវទេសចរជាង៣លាននាក់ ដើរកម្សាន្តក្នុងពិធីបុណ្យអុំទូករយៈពេលបីថ្ងៃ​កើនឡើង ៣៧,៥ភាគរយ បើធៀបនឹងឆ្នាំ២០២៥

ប្រជាពលរដ្ឋមកចូលរួមមើលការប្រណាំងទូកខ្នាតតូច នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានទូកចំនួន៣៤ចូលរួមប្រណាំង។ រដ្ឋបាលខណ្ឌព្រែកព្នៅបានរៀបចំការប្រណាំងទូកនេះ អស់រយៈពេល៤-៥ឆ្នាំហើយ ដើម្បីចូលរួមអបអរពិធី «បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក»។ (ខេមបូចា/ព្រីង សំរាំង)
ប្រជាពលរដ្ឋមកចូលរួមមើលការប្រណាំងទូកខ្នាតតូច នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានទូកចំនួន៣៤ចូលរួមប្រណាំង។ រដ្ឋបាលខណ្ឌព្រែកព្នៅបានរៀបចំការប្រណាំងទូកនេះ អស់រយៈពេល៤-៥ឆ្នាំហើយ ដើម្បីចូលរួមអបអរពិធី «បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក»។ (ខេមបូចា/ព្រីង សំរាំង)

ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ៣,២៥លាននាក់ បានធ្វើដំណើរកម្សាន្ត​ទៅកាន់តំបន់ទេសចរណ៍​នានា​ទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ទោះបីរដ្ឋាភិបាល​កម្ពុជាបានប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទុកនៅរាជធានីភ្នំពេញ។

រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យនេះនៅតាមដង ទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ​ដោយ​សារ​ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ និងជាពិសេស រដ្ឋាភិបាលត្រូវធ្វើការដោះស្រាយ​បញ្ហាជូន​ប្រជាពលរដ្ឋ​ភៀសសឹក និងកិច្ចការអាទិភាពចំពោះមុខមួយចំនួនទៀត។ 

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់សារព័ត៌មានខេមបូចាថា ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​ដែលបានធ្វើដំណើរកម្សាន្តក្នុងរយៈពេលបីថ្ងៃនេះ មានចំនួនសរុប ៣លាន ២សែននាក់ កើនឡើង ៣៧,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ក្នុងចំណោមភ្ញៀវទេសចរសរុបនេះ មានភ្ញៀវទេសចរជាតិ ៣ ២០៩ ១២៤នាក់ ខណៈភ្ញៀវទេសចរអន្តរជាតិមានចំនួន ៤១ ៨១៣នាក់។

យោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងទេសចរណ៍ គោលដៅទេសចរណ៍ដែលមានភ្ញៀវទៅកម្សាន្តច្រើនជាង​គេទាំង៥ រួមមាន រាជធានីភ្នំពេញ ឈរនៅលំដាប់ទី១ មានចំនួន ៥៦៨ ៤៤១នាក់ បន្ទាប់មកខេត្តកំពត មានចំនួន ៤១២ ៦៦៨​នាក់ ខេត្តសៀមរាបមានចំនួន ៤០៣ ៥១៧នាក់ ខេត្តព្រះសីហនុមានចំនួន ៣៤២ ៩៦២នាក់ និងខេត្តតាកែវមានចំនួន ៣០៤ ៧០៥នាក់។

លោក តុប សុភ័ក បានបញ្ជាក់ថា ខេត្តគោលដៅទាំង៥ ដែលទទួលភ្ញៀវច្រើនជាងគេ មានស្ថានភាពណែនណាន់កកកុញ ដែលអាចបង្កឱ្យមានចន្លោះប្រហោងទាក់ទងនឹងសេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារ។ ទោះជាយ៉ាងណា លោក​បាន​គូសបញ្ជាក់ថា បាតុភាពទាំងនោះមិនមានអ្វីជាធំដុំគួរ​ឱ្យកត់សម្គាល់នោះទេ។

លោកបានបន្តទៀតថា៖ «ខេត្តគោលដៅចំនួន៥ ដែលទទួលទេសចរច្រើនជាងគេក្នុងពេលឈប់សម្រាកនេះ គឺ​ស្ថានភាពណែនណាន់កកកុញ ហើយអញ្ចឹងទៅគោលដៅខ្លះ គឺលើសចំណុះ បើលើសចំណុះអញ្ចឹង វាអាច​ធ្វើឱ្យ​មានបាតុភាពកើតឡើងខ្លះ ទាក់ទងនឹងសេវាកម្មស្នាក់នៅ ក៏ដូចជាសេវាកម្មម្ហូបអាហារក្ដី ក៏ប៉ុន្តែបាតុភាពទាំងអស់នេះ គឺមិនមានអ្វីជាធំដុំគួរឱ្យកត់សម្គាល់ទេ»។ 

លោកលើកឡើងទៀតថា ក្រោមការយកចិត្តទុកដាក់របស់គណៈបញ្ជាការឯកភាពរាជធានី ខេត្តតាមគោលដៅនីមួយៗ បាន​ខិតខំដោះស្រាយសម្របសម្រួល​ជូនទៅដល់បងប្អូនប្រជាពលរដ្ឋ  ក៏ដូចជាទេសចរទៅលេងកម្សាន្ត បាន​ប្រកប​ទៅ​ដោយបរិយាកាសសប្បាយរីករាយ មិនមានចំណុចអ្វីដែលថាកើតឡើងជាបញ្ហាធំដុំនោះទេ។

លោក តុប សុភ័ក ក៏បានកត់សម្គាល់ផងដែរថា កម្ពុជាបានបង្ហាញឱ្យឃើញពីភាពជាគោលដៅទេសចរណ៍ដែលមាន​សុវត្ថិភាព បរិយាកាសសប្បាយរីករាយ និងភាពកក់ក្ដៅ ដោយរក្សា និងធានាបាននូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ក្រោមកិច្ចខិតខំប្រឹងប្រែងដោះស្រាយ និងសម្របសម្រួល​ពី​គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ព្រមទាំងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

លើសពីនេះ ក្រសួងទេសចរណ៍បានបង្ហាញថា ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ក្នុង​ឱកាសពិធីបុណ្យ​ប្រពៃណីជាតិនេះ បានជំរុញសកម្មភាពទេសចរណ៍ និងចរន្តសេដ្ឋកិច្ចនៅមូលដ្ឋាន​ឱ្យមានភាព​សស្រាក់សស្រាំ និងរស់រវើក ជាពិសេសសម្រាប់អ្នកប្រកបរបរក្នុងវិស័យសេវាកម្មទេសចរណ៍ និងអ្នកទទួល​ផលប្រយោជន៍ផ្សេងៗ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម