សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នកទៅទស្សនា​«សមរាត្រី»​នៅប្រាសាទអង្គរវត្តកើនឡើងទ្វេដង តែអ្នកខ្លះទៅ​ផ្ទះវិញ​ទាំង​ស្តាយ

ភ្ញៀវទេសចរបរទេសម្នាក់កំពុងថតរូបប្រាសាទអង្គរវត្ត ភ្ជាប់ជាមួយអ្នកទេសចរជាច្រើនទៀតដែលទៅទស្សនាព្រឹត្តិការណ៍សមរាត្រីនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ប៉ា តុងចិន)
ភ្ញៀវទេសចរបរទេសម្នាក់កំពុងថតរូបប្រាសាទអង្គរវត្ត ភ្ជាប់ជាមួយអ្នកទេសចរជាច្រើនទៀតដែលទៅទស្សនាព្រឹត្តិការណ៍សមរាត្រីនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ប៉ា តុងចិន)

សៀមរាប៖ ចំនួនអ្នកទៅទស្សនា«សមរាត្រី​»នៅប្រាសាទអង្គរវត្តក្នុងរយៈពេល ៣ថ្ងៃ នាខែកញ្ញា ឆ្នាំ​២០២៦​នេះកើនឡើងជិត ៧០ភាគរយ បើធៀបឆ្នាំមុន។ ប៉ុន្តែ ពលរដ្ឋមួយចំនួន​ដែល​ធ្វើ​ដំណើរ​ពីបណ្តាលខេត្តឆ្ងាយៗរាប់រយគីឡូម៉ែត្រ ត្រូវត្រឡប់ទៅផ្ទះវិញទាំងស្តាយ ដោយ​សារ​នៅ​ថ្ងៃទី១ និងទី២ នៃព្រឹត្តិការណ៍នេះ មិនមានវត្តមានព្រះអាទិត្យ​រះលើ​កំពូល​ប្រាសាទ​។

ព្រឹត្តិការណ៍សមរាត្រី ឬហៅថាថ្ងៃរះចំកំពូលប្រសាទអង្គរវត្ត បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញាថ្មីៗនេះ។ នៅថ្ងៃនីមួយៗមានមនុស្សជាច្រើនប្រមូលផ្តុំគ្នា​នៅ​មុខ​ប្រសាទ​អង្គរវត្តដើម្បីរង់ចាំមើល និងថត តាំងពីម៉ោងទាបភ្លឺដូចលើកមុនៗដែរ។ ក៏ប៉ុន្តែ​ដោយ​សារ​កត្តាអាកាសធាតុនៅថ្ងៃទី១ និងទី២ នៃព្រឹត្តការណ៍នេះ ព្រះអាទិត្យពុំបាន​បង្ហាញ​​វត្តមានរះចំកំពូលប្រាសាទអង្គរវត្តឡើយ ខណៈនៅថ្ងៃទី៣ អ្នកទស្សនាអាចមើល​ឃើញ​​ព្រះអាទិត្យនៅលើកំពូលប្រាសាទ។

ពលរដ្ឋវ័យ ៦៩ឆ្នាំមកពីស្រុកស្អាង ខេត្តកណ្តាល អ្នកស្រី ញឹប រឿន បង្ហាញការសោក​ស្តាយ ដែលមកទស្សនានៅទី២១ ខែកញ្ញា ដែលជាថ្ងៃទី១នៃព្រឹត្តិការណ៍នេះ ប៉ុន្តែមិនបាន​ឃើញថ្ងៃរះចំកំពូលប្រាសាទ និងត្រូវត្រឡប់ទៅផ្ទះវិញនៅថ្ងៃនោះ។ អ្នកស្រីឱ្យដឹងថា ដំបូង​ឡើយគាត់មកចូលរួមមង្គលការចៅជាទាហាននៅខេត្តឧត្តរមានជ័យ ប៉ុន្តែក្រោយ​លឺគេ​និយាយ​តៗគ្នា គាត់ក៏ធ្វើដំណើរពីខេត្តឧត្តរមានជ័យស្កាត់មកខេត្តសៀមរាប។

ស្ត្រីវ័យ៦៩ឆ្នាំរូបនេះបន្តថា៖ «សោកស្តាយណាស់អត់បានឃើញ​ ខំស្កាត់មកពីណាពីណី​មក​។ ចង់មកឃើញថាដឹងរះបែបម៉េចៗ ព្រោះមិនដែលឃើញសោះ មិនដឹងចំឡែកបែប​ម៉េច មិនដែលឃើញសោះ ឃើញតែថ្ងៃរះធម្មតារាល់ថ្ងៃ អត់ដែលឃើញថ្ងៃរះចំកំពូល»។

ចំណែកពលរដ្ឋវ័យ ៥៤ឆ្នាំម្នាក់ទៀត អ្នកស្រី អ៊ូច សារុំ ឱ្យដឹងថា គាត់និងអ្នកភូមិសរុបជាង ៣០នាក់​ផ្សេងទៀត បានជួលរថយន្តជិះមកពីស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីចង់ឃើញ​ព្រឹត្តិការណ៍​នេះជាលើកដំបូង។ អ្នកស្រីបន្តថា ធ្លាប់តែឃើញគេបង្ហោះលើហ្វេសប៊ុក និង​យូធូប ដូច្នេះបានរៀបចំគម្រោងមកកម្សាន្ត និងថតរូប ប៉ុន្តែដោយសារមិនមានថ្ងៃរះ​ដូចការ​គ្រោង​ទុក គាត់និងអ្នកភូមិបានសម្រេចចិត្តទៅផ្ទះទាំងសោកស្តាយ ដោយសារមិនអាច​រង់​ចាំ​នៅថ្ងៃទី២ និងទី៣បាន។

អ្នកស្រីថា៖ «បានតែដើរមើលដូចថាអង្គរតូច អង្គរធំ ភ្នំគូលេន ក៏ប៉ុន្តែសំខាន់បំផុត​ចង់មក​មើល​ថ្ងៃរះ។ ក៏ប៉ុន្តែអត់បានមើលអ៊ីចឹង សោកស្តាយ មានតែចាំមកខែ៣ម្តងទៀត»។ អ្នកស្រីបន្តថា៖ «អ៊ីនឹងមកម្តងទៀតនៅខែ៣ ដោយសារយើងថ្ងៃនេះខកខាន អ៊ីចឹងខែ ៣មកម្តងទៀត»។

នៅពេលរំលឹកដល់បុព្វបុរសដែលសាងសង់ប្រាសាទអង្គរវត្ត ពលរដ្ឋមកពីខេត្តកណ្តាល អ្នកស្រី យន់ កែម ស្រាប់តែរំជួលចិត្តស្រក់ទឹកភ្នែកភ្លាមៗ។ អ្នកស្រីអះអាងថា កន្លង​មក​គាត់​តែងគិតថានៅថ្ងៃណាមួយនឹងបានទស្សនាព្រឹត្តិការណ៍នេះផ្ទាល់ ប៉ុន្តែលើក​នេះ​មិន​បានដូចបំណង។

អ្នកស្រីបន្ថែមថា៖ «ឃើញហើយមានអារម្មណ៍ថា អណ្តែតបេះដូងគួរឱ្យរំភើប គ្មានអ្វី​ប្រៀប​ផ្ទឹមមិនបាន ព្រោះអីមានអច្ឆរិយដ៏ស្ងប់ស្ងែងស្រុកខ្មែរយើង មិនមានកន្លែងណា​មានដូច»។

មិនមែនតែអ្នកដែលមិនធ្លាប់មកទស្សនាទេដែលចង់ឃើញព្រឹត្តិការណ៍នេះ ប៉ុន្តែ​ព្រះតេជគុណ ឆេង គឹមសាន គង់នៅវត្តព្រះដាក់ ក្នុងស្រុកបន្ទាយស្រី មានសង្ឃដីកាថា ធ្លាប់​បាននិមន្តមកទស្សនា ៤ដងមកហើយ ប៉ុន្តែព្រះអង្គនៅតែចង់និមន្តមកទៀត ដោយ​សារ​​ភាពអស្ចារ្យ ដែលឃើញហើយចង់ឃើញទៀត។

ព្រះអង្គមានសង្ឃដីកាថា៖ «អាត្មាគិតថា ថ្ងៃរះមានរាល់ថ្ងៃ ប៉ុន្តែព្រឹត្តិការណ៍ដែលសំខាន់គឺ ក្នុងមួយឆ្នាំយើងមិនងាយបានឃើញទេ។ អ៊ីចឹងឱកាសហ្នឹង ក្នុងមួយឆ្នាំមានតែ២ដងទេ អ៊ីចឹងបានន័យថាបើយើងមិនបានមក យើងខាត»។

ព្រះតេជគុណបន្តថា៖ «វាជាព្រឹត្តិការណ៍ដែលយើងសឹងមិនគួរឱ្យជឿ។ យើងធ្លាប់តែ​លឺគេ​និយាយ តែដល់ពេលយើងមកឃើញផ្ទាល់បានអារម្មណ៍យើងរំភើប ញាប់ញ័រ មិនមានអ្វី​ដែលអាចយកមកប្រៀបស្មើបាន ព្រោះជាព្រឹត្តិការណ៍ដែលអស្ចារ្យ ដែលនឹកស្មានមិន​ដល់»។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ពាន់នាក់ប្រមូលផ្តុំគ្នាចូលទៅប្រាសាទអង្គរវត្តនាថ្ងៃដំបូងនៃព្រឹត្តិការណ៍សមរាត្រី កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ប៉ា តុងចិន)

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ធិម សេរីវុឌ្ឍ ឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ​នៃព្រឹត្តិការណ៍សមរាត្រីចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋសរុបប្រមាណ ៣៧ ៥៣៣ នាក់ បានចូល​ទស្សនា​ប្រាសាទអង្គរវត្ត។ ចំនួននេះលោកថា មានការកើនឡើងជាង ៦៧ភាគរយ បើ​ធៀប​នឹងឆ្នាំ២០២៥កន្លងទៅ។ ក្នុងនោះមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ​ប្រមាណ​ជាង ៣៥ ០០០នាក់ កើនឡើងជាង ៧៣ភាគរយ និងភ្ញៀវទេសចរបរទេសមានប្រមាណ​ជាង ២ ១០០ នាក់ កើនឡើងជាង ៦ភាគរយ។

បើតាមលោក សេរីវុឌ្ឍ ការកើនឡើងនេះ ដោយសាររដ្ឋបាលខេត្តសៀមរាប និង​ក្រសួង​ទេសចរណ៍ បានរៀបចំព្រឹត្តិការណ៍អមមួយចំនួនដូចជាការជិះកង់រួមគ្នា យុទ្ធនាការរត់ ១ម៉ឺននាក់ ១ម៉ឺនរូបភាព ១ម៉ឺនសារ និងដំណើរផ្សងព្រេងនៅលើភ្នំគូលេន។ មិនតែប៉ុណ្ណោះ លោកថាការផ្សព្វផ្សាយចម្រុះបានធ្វើឱ្យមហាជនផ្សេងៗកាន់តែចាប់អារម្មណ៍ចង់ទស្សនាភាពអស្ចារ្យនេះ។

ប្រធានមន្ទីរទេសចរណ៍រូបនេះថា ពលរដ្ឋមួយចំនួនត្រឡប់ទៅផ្ទះទាំងស្តាយមែន ប៉ុន្តែ​លោក​​លើកទឹកចិត្តឱ្យពួកគេមកទស្សនានៅអំឡុងខែមីនា ដើម្បីអាចទស្សនាព្រឹត្តិការណ៍​នេះបាន ដោយគ្មានការរំខានពីអាកាសធាតុ។

លោកថ្លែងថា៖ «សូមឱ្យគាត់អញ្ជើញមកខែ៣ ពិតជាបានឃើញហើយ ព្រោះថាខែ៣ ជាខែប្រាំង អ៊ីចឹង៣ថ្ងៃហ្នឹងពិតជាបានឃើញ។ ប៉ុន្តែខែ៩នេះជារៀងរាល់ឆ្នាំ គឺបាន​ឃើញ​ខ្លះ មិនបានឃើញខ្លះ ក៏ប៉ុន្តែបើបានឃើញ គឺស្អាត។ សំណូមពរឱ្យគាត់​អញ្ជើញ​មកម្តងទៀត នេះជាភាពអស្ចារ្យ ដែលសឹងតែថាមួយជីវិតនេះគួរតែត្រូវបាន​ឃើញ​សម្រាប់​​ប្រជាពលរដ្ឋខ្មែរ»។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក និងប្រធានសមាគមទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា(CATA) អ្នកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា ការរៀបចំកម្មវិធី​ផ្សេងៗ​ដើម្បីអមក្នុងអំឡុងព្រឹត្តិការណ៍នេះ បានរួមចំណែកទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និង​អន្តរជាតិយ៉ាងកក់ក្តៅ។ ក្រៅពីនេះ ក្រសួងទេសចរណ៍ក៏បានដាក់បំរាមមិនឱ្យមានការ​ដំឡើង​​ថ្លៃ ជាពិសេសបានរៀបចំទាំងអ្នកជំនាញថតរូបជូនភ្ញៀវទេសចរដោយឥតគិតថ្លៃ​ផង​។

របាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាបបង្ហាញថា ព្រឹត្តិការណ៍សមរាត្រីកាលពី​ឆ្នាំ​២០២៥ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ២២ ៣៨៦ នាក់។ ក្នុងនោះទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ២០ ៣៧០ នាក់ និង​ទេសចរបរទេស​មានចំនួនប្រមាណ ២ ០១៦ នាក់។

ដោយឡែក របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា រយៈពេល ៨ខែដំបូង​នៃ​ឆ្នាំ​២០២៦ ភ្ញៀវទេសចរជាតិសរុបមានជាង ២៥លាននាក់ កើនជាង ៤៨ភាគរយ។ រីឯភ្ញៀវ​ទេសចរណ៍​អន្តរជាតិចូលមកកម្ពុជាមានជាង ២ ២៥លាននាក់ ថយចុះជាង ៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥៕​

ព័ត៌មានថ្មី

អត្ថបទពេញនិយម