ការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ នៅក្នុងរយៈពេលជាងកន្លះឆ្នាំមកនេះ បានធ្វើឱ្យអាជីវករ និងអ្នកប្រកបរបររកស៊ី នៅខេត្តសៀមរាប ប្រឈមនឹងការលំបាក ដោយថ្ងៃខ្លះរកចំណូលទប់ថ្លៃចំណាយមិនសឹងតែបានផង ហើយគ្រឹះស្ថានអង្គរ ក៏ទើបបានប្រកាសពីតួលេខនៃចំនួនភ្ញៀវបរទេស ដែលបានមកកម្សាន្តនៅតំបន់អង្គរ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦នេះ ដោយមានការថយចុះ៣០,៧៩ភាគរយ។
ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ អាជីវករ និងអ្នកប្រកបរបររកស៊ី នៅតំបន់អង្គរ ខេត្តសៀមរាប បានអះអាងថា ចរន្តភ្ញៀវទេសចរក្នុងស្រុក បានក្លាយជាឆ្នាំងបាយដ៏សំខាន់របស់ពួកគេ ធ្វើឱ្យដំណើរការរកស៊ី នៅតែអាចបន្តទៅមុខ ទោះស្ថិតក្នុងស្ថានភាពខ្សត់ខ្សោយ ប៉ុន្តែប្រសើរជាងបិទអាជីវកម្ម ទៅចាប់បើកមុខរបរថ្មី ដែលមិនមែនជាជំនាញរបស់ខ្លួន និងកាន់តែមានការលំបាកថែមទៀត។
ជាអ្នកលក់ដូរតត្រកូល នៅតំបន់អង្គរ តាំងពីឆ្នាំ១៩៩៣ លោក សុខ ហៃ បានប្រាប់ខេមបូចាថា កាលសម័យកូវីដ១៩ ការលក់ដូរនៅតំបន់អង្គរនេះ ធ្លាក់ដល់ចំណុចសូន្យ ហើយនៅពេលមានសង្រ្គាម នៅតាមព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថានភាពលក់ដូរនៅទីនេះ បានជួបវិបត្តិម្តងទៀត ចំណែករយៈពេល៧ខែ នៅឆ្នាំ២០២៦នេះ ស្ថានភាពក៏មិនទាន់ប្រសើរប៉ុន្មានដែរ ដោយសារជារដូវកាលខ្សត់ភ្ញៀវបរទេស ប៉ុន្តែនៅតែអាចដំណើរការទៅមុខបាន។
លោក សុខ ហៃ ដែលបានលក់វត្ថុអនុស្សាវរីយ៍ និងភេសជ្ជៈផ្សេងៗ នៅក្នុងតំបន់អង្គរវត្ត បានឱ្យទៀត ការលក់ដូររបស់គាត់នៅពេលនេះ ពឹងខ្លាំងទៅលើភ្ញៀវទេសចរក្នុងស្រុក ដែលបានមកលេងជាហូរហែមិនដាច់ទេ ចំណែកភ្ញៀវទេសចរបរទេស មានមកមួយៗដែរ មិនអត់ទេ ជាពិសេសរយៈពេល៣សប្តាហ៍ចុងក្រោយនេះ។
លោក ហៃ បាននិយាយថា៖ «ការលក់ដូរ នៅអង្គរវត្ត គឺប្រជាជននៅតែអាចរកបានខ្លះ ចំណែកប្រាសាទផ្សេងៗទៀត អត់សូវមានមនុស្សដើរទេ ព្រោះអង្គរវត្តជាបេះដូងនៃតំបន់ទេសចរណ៍នៅខេត្តសៀមរាប ដែលប្រជាពលរដ្ឋខ្មែរយើង នៅតែមកកម្សាន្តជាហូរហែ នៅពេលមានកម្មវិធីបុណ្យផ្សេងៗ និងនៅចុងសប្តាហ៍ ចំណែកភ្ញៀវទេសចរបរទេស មិនសូវមានទេ ព្រោះនេះជារដូវកាលបៃតង (Green Seasion)»។
ជាមួយលំហូរចរន្តភ្ញៀវទេសចរក្នុងស្រុក មកពីខេត្តផ្សេងៗនេះ លោក សុខ ហៃ បានកត់សម្គាល់ឃើញថា ខេត្តដែលមិនធ្លាប់មកកម្សាន្តនៅអង្គរ ដូចជាខេត្តពោធិ៍សាត់ ព្រែវែង កំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យជាដើម បែរជាមកលេងច្រើន ចំណែកអ្នកនៅភ្នំពេញ ដែលធ្លាប់មកច្រើន បែរជាថមថយទៅវិញ។
លោកបញ្ជាក់ថា៖ «កាលពេលធ្វើអង្គរសង្ក្រាន្ត មុនមានសង្រ្គាម ឃើញអ្នកភ្នំពេញមកច្រើន ប៉ុន្តែបន្ទាប់ពីសង្រ្គាម បែរជាអ្នកខេត្តមកលេងច្រើនវិញ ជាពិសេសខេត្តនៅជាប់ព្រំដែន ព្រោះពួកគាត់ អាចធុញថប់នឹងសង្រ្គាម ហើយក៏មកដើរកម្សាន្ត ដើម្បីមើលស្ថានភាពសេដ្ឋកិច្ចនៅទីនេះ ចំណែកអ្នកខ្លះទៀត ក៏មកដើម្បីបន់ស្រន់ សុំសេចក្តីសុខ ព្រោះអង្គរវត្ត ជាប្រាសាទសាសនាដ៏ធំ អ៊ីចឹងទោះស្ថានភាពបែបណា ក៏ពួកគាត់នៅតែនឹកឃើញ»។
ចំពោះចំណូលដែលទទួលបានពីការលក់វត្ថុអនុស្សាវរីយ និងភេសជ្ជៈផ្សេងៗ នៅក្នុងតំបន់អង្គរ ក្នុងរយៈពេលជាង៧ខែចុងក្រោយនេះ លោក សុខ ហៃ បានទម្លាយថា ខែខ្លះក៏សល់បានខ្លះ តែខែខ្សត់ភ្ញៀវ ក៏អត់មានសល់ គឺទូទាត់ទៅ អាចសល់ចន្លោះពី៤០០ទៅ៥០០ដុល្លារដែរ ត្រឹមតែការចំណាយប៉ុណ្ណោះ។
បុរសវ័យ៤២ឆ្នាំរូបនេះ បានចាត់ទុកអ្នកលក់ដូរ នៅក្នុងតំបន់អង្គរប្រៀបដូចជាភាវៈមានជីវិតមួយ ដើម្បីចាំស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ជាតិសាសន៍ គឺនៅពេលភ្ញៀវទេសចរមានការហេវហាត់ពីការដើរមើលប្រាង្គប្រាសាទ ពួកគាត់នឹងដើរមកទីតាំងនេះ ដើម្បីទិញភេសជ្ជៈ និងរបស់របរហូប ជាពិសេសទិញវត្ថុអនុស្សាវរីយ៍ផ្សេងៗ សម្រាប់ដាក់តាមខ្លួនត្រឡប់ទៅវិញ ហើយនេះជារសជីវិតដែលផ្តល់ក្តីសង្ឃឹមសម្រាប់អ្នកលក់ដូរនៅទីនេះ មិនអាចបោះបង់មុខរបររបស់ខ្លួន ទៅចាប់មុខរបរថ្មី។
លោក សុខ ហៃ បានបញ្ជាក់ដោយស្នាមញញឹមបែបខ្មែរអង្គរថា៖ «សល់មិនច្រើនទេបងអើយ! បានត្រឹមមើរស់ និងអាចមានលទ្ធភាពបង់សាលាឱ្យកូន និងការចំណាយថ្លៃទឹក ភ្លើង»។ បុរសខ្មៅស្រអែមរូបនេះ បន្ថែមថា៖ «និយាយទៅ យើងអ្នករកស៊ី មិនដឹងប្តូរធ្វើអីទៀត! ម្យ៉ាងខ្ញុំលក់ដូរ នៅតំបន់អង្គរនេះចូល៣២ឆ្នាំហើយ គឺតត្រកូល តាំងពីសម័យអ៊ិនតាក់មក អ៊ីចឹងមានតែព្យាយាមពង្រឹងសេវាកម្មឱ្យល្អទៅ ដើម្បីរកស៊ីទៅមុខទៀត»។
ចំណែកអ្នកស្រី ពេជ្រ ម៉ារ៉ាឌី ម្ចាស់ផ្ទះសំណាក់វរ្ម័នអង្គរ (Varman Angkor Guest House) បាននិយាយថា នៅក្នុងរយៈពេលជិត១ឆ្នាំនេះ ភ្ញៀវបរទេសមានការធ្លាក់ចុះច្រើន អាចថាដល់៦០ភាគរយ ព្រោះប្រទេសយើងបានជួបប្រទះនឹងសង្រ្គាម នៅតាមព្រំដែន ហើយក្រោយមកទៀត យើងបានផ្ទុះរឿងបទល្មើសតាមបច្ចេកវិទ្យា (Online Scams) ដោយលេចឮមកថា មានការចាប់ជំរិត និងកើតមានបទល្មើសផ្សេងៗទៀត ធ្វើឱ្យភ្ញៀវបរទេសកាន់តែខ្លាច និងមិនសូវហ៊ានមកលេងកម្ពុជា។
ស្រ្តីវ័យ៣២ឆ្នាំរូបនេះ បានបន្តថា បើទោះបីជារាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការផ្សេងៗ ក្នុងការចុះបង្រ្កាបបទល្មើស Online Scams និងបទល្មើសផ្សេងៗទៀត ប៉ុន្តែបញ្ហាទាំងនេះ នៅតែជាប្រធានបទក្តៅ ធ្វើឱ្យបរទេសខ្លាចរអា ហេតុនេះមុខរបររកស៊ី ដែលពឹងលើវិស័យទេសចរណ៍ បានប្រឈមនឹងការពិបាក ដោយសណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងលក់ដូរមួយចំនួន បានបិទទ្វារ និងប្តូរម្ចាស់ថ្មី ព្រោះរត់ទៅមុខលែងរួច។
យ៉ាងណាក៏ដោយ ម៉ារ៉ាឌី បានអះអាងថា ផ្ទះសំណាក់របស់នាង បានផ្តោតខ្លាំងទៅលើភ្ញៀវក្នុងស្រុក ដោយនាងមានទំនាក់ទំនងល្អជាមួយក្រុមអ្នករៀបចំដំណើរកម្សាន្ត (Tour) និងក្រុមតៃកុងឡាន ក្នុងការដឹកនាំភ្ញៀវមកស្នាក់នៅផ្ទះសំណាក់នេះ ក្នុងតម្លៃ១៥ដុល្លារ សម្រាប់បន្ទប់គ្រែ២ និង១៣ដុល្លារ សម្រាប់បន្ទប់គ្រែ១ មានម៉ាស៊ីនត្រជាក់ដូចគ្នា ហើយក៏មានការសម្រួលឱ្យចូលគេងបានច្រើនគ្នាក្នុង១បន្ទប់ៗផងដែរ។
ពេជ្រ ម៉ារ៉ាឌី បានបញ្ជាក់ថា៖ «កាលមុនសង្រ្គាម យើងសល់ច្រើនដែរក្នុង១ខែៗ ប៉ុន្តែពេលមានសង្គ្រាម រហូតមកដល់ពេលនេះ យើងរកបានត្រឹមទប់ទល់ ប៉ុន្តែរកបានប៉ុណ្ណឹងវាប្រសើរពេកហើយ ព្រោះបងមើលទៅក្នុងខេត្តទៅ ភាគច្រើនមានការដាក់ស្លាកលក់ និងជួល ដោយមានការប្តូរម្ចាស់ចុះឡើងៗ»។
«អ៊ីចឹងក្នុងអំឡុងពេលមានសង្រ្គាមយើងឈរជើងបានប៉ុណ្ណឹង ខ្ញុំគិតថា អស្ចារ្យ និងល្អហើយ ដែលយើងនៅមានភ្ញៀវចេញចូលៗមកផ្ទះសំណាក់របស់យើងមិនដាច់បែបនេះ ព្រោះសម័យនេះ បើយើងផ្តោតតែទៅលើភ្ញៀវបរទេស មិនអាចទេ ច្បាស់ជាបិទទ្វាហើយ»។ ពេជ្រ ម៉ារ៉ាឌី បានបញ្ជាក់បន្ថែម។
យ៉ាងណាក៏ដោយ ម្ចាស់ផ្ទះសំណាក់ ដែលមានប្តីជានាយកសាលាឯកជនរូបនេះ បានឱ្យដឹងថា ខែដែលខ្សត់ភ្ញៀវទេសចរ និងពិបាករកចំណូលជាងគេ គឺខែកក្កដា សីហា និងខែកញ្ញា ព្រោះជាខែភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែផុតពីខែកញ្ញាទៅ ពេជ្រ ម៉ារ៉ាឌី សង្ឃឹមថា នឹងមានភ្ញៀវមកលេងនៅតំបន់អង្គរច្រើនវិញ។

តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី១ ខែសីហា បានឱ្យដឹងថា កម្ពុជាទទួលបានចំណូលជាង២០លានដុល្លារអាមេរិក ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៧ខែ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានភ្ញៀវទេសចរបរទេសចំនួន ៤២៨ ២២៣នាក់។
គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ៧ខែ ឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ មានចំនួន ២០ ៣២៦ ៩៦៦ដុល្លារ ថយចុះ ២៩,០៣% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស ចំនួន ៤២៨ ២២៣នាក់នេះ គឺថយចុះ ៣០,៧៩%។
ងាកមកមើលអាជីវករលក់ដូរម្ហូបអាហារ ភេសជ្ជៈ នំចំណី សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ក្នុងតំបន់រៀបចំដោយអាជ្ញាធរខេត្ត នៅខាងមុខប្រាសាទអង្គរវត្តវិញ ក៏ស្ថិតក្នុងស្ថានភាពមិនទាន់គាប់ប្រសើរប៉ុន្មាននោះដែរ ដោយការលក់ដូររបស់អាជីករមួយចំនួនធំ បានជួបការលំបាក ហើយពេលខ្លះ រកតែថ្លៃដើមមិនចង់បានក៏មាន តែសម្រាប់អាជីករលក់ម្ហូបអាហារ ហាក់មានភាពប្រសើរទៅតាមពេលវេលា ជាពិសេសនៅចុងសប្តាហ៍ ដោយសារមានភ្ញៀវទេសចរក្នុងស្រុកទៅហូបច្រើនគួរសម។
ជាក្មេងស្រី ដែលធ្លាប់ដើរលក់វត្ថុអនុស្សាវរីយ៍ នៅតំបន់អង្គរតាំងពីនៅជាយុវតីនោះ ទឿម តុលា បានបើកតូចលក់សម្លៀកបំពាក់ និងរបស់របរជាវត្ថុអនុស្សាវរីយ៍នៅតំបន់នេះ ចូល៦ឆ្នាំហើយ ហើយនាងបានឱ្យដឹងថា មុនពេលមានសង្រ្គាមឈ្លានពាននៅតាមព្រំដែន មុខរបររបស់ខ្លួន មានភាពល្អប្រសើរច្រើន ប៉ុន្តែតាំងពីមានសង្រ្គាម បន្តរហូតដល់រយៈពេល៧ខែ ឆ្នាំ ២០២៦នេះ ការលក់ធ្លាក់ចុះច្រើន ក្រោយខ្សត់ភ្ញៀវទេសចរបរទេស។
ស្រ្តីទើបរៀបការបាន២ឆ្នាំរូបនេះ និយាយថា៖ «មុនពេលមានសង្រ្គាម ការលក់ដូររបស់ខ្ញុំដាច់បានច្រើន ដោយថ្ងៃខ្លះចំណេញបានចូល៣០ដុល្លារ ឬច្រើនជាងនេះ ប៉ុន្តែពេលនេះ ចំណេញបាន ២ទៅ៣ម៉ឺនអីទេ ចំណែកថ្ងៃខ្លះលក់មិនបានក៏មានដែរ ជាពិសេសពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ គឺបានតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយមានតែខ្មែរយើងទិញដែរទេ ចំណែកបរទេសមានមកមួយៗអីទេ ហើយពិបាកហៅចូលទិញបានទៀត»។
សម្រាប់ចំណូលលក់ដូរប្រចាំខែ មុនពេលមានសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ ទឿម តុលា បានឱ្យដឹងថា នាងអាចរកបានចន្លោះពី ៧០០ទៅ ១០០០ដុល្លារ ប៉ុន្តែនៅឆមាសទី១ ឆ្នាំ២០២៦នេះ អាចបានផលចំណេញចន្លោះពី ២០០ទៅ៣០០ដុល្លារអីទេ ហើយពេលខ្លះក៏តិចជាងហ្នឹងក៏មាន ព្រោះអតិថិជនធំរបស់នាង គឺភ្ញៀវបរទេស។
ស្រ្តីវ័យ២៦ឆ្នាំរូបនេះ បានបន្តថា ភ្ញៀវមកពីក្រៅស្រុក ចូលម្តងៗទិញច្រើនឈុត ខុសពីខ្មែរយើង ទិញមិនច្រើនទេ ដោយសារសម្លៀកបំពាក់នេះ មានលក់នៅក្នុងស្រុកយើងច្រើន។ យ៉ាងណាក៏ដោយ តុលា មិនអស់សង្ឃឹមនោះទេ ដោយនាងជឿថា ភ្ញៀវទេសចរបរទេស នឹងមានការកើនឡើងវិញ ចាប់ពីខែតុលាទៅ ជាពិសេសនៅចុងឆ្នាំ ដែលមានភ្ញៀវមកពីប៉ែកអឺរ៉ុបច្រើន ឱ្យតែស្រុកយើងមានសុខសន្តិភាពយូរអង្វែង។
ស្រ្តីកូន១ ទឿម តុលា បានបញ្ជាក់ដោយសំឡេងបែបអស់សំណើចថា៖ «ពីមុនចំណេញបានច្រើន តែឥឡូវអស់ហើយ ប៉ុន្តែខ្ញុំនៅតែពុះពារបន្តទៅមុខទៀត ព្រោះការងាររបស់យើងមានតែប៉ុណ្ណឹង បើយើងមិនខំតស៊ូទៀត ទៅធ្វើអីវិញ! ខ្ញុំនៅតែសង្ឃឹមថា មុខរបរលក់ដូររបស់ខ្ញុំនេះ នឹងវិលទៅរកភាពល្អប្រសើរវិញ គឺឱ្យតែសន្តិភាពរបស់យើង មើលទៅល្អ ភ្ញៀវបរទេស នឹងមកកម្សាន្តនៅតំបន់អង្គរច្រើនវិញ»។
ចំណែកអ្នកស្រី ទី កូលីន ដែលជាអ្នកលក់កាហ្វេ និងភេសជ្ជៈនៅក្រៅតំបន់អង្គរនោះដែរ បានឱ្យដឹងថា ការលក់ដូរនៅពេលនេះរាងស្ងាត់ ជាពិសេសពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយក្នុង១ថ្ងៃ អាចលក់បានត្រឹម១០ម៉ឺនរៀលអីទេ ព្រោះមិនសូវមានភ្ញៀវបរទេសមកលេង ចំណែកនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រាងគ្រាន់ ដោយអាចលក់បានចន្លោះពី ២០ទៅ៣០ម៉ឺនរៀល តែចំនួននេះមិនទាន់គិតថ្លៃចំណាយទេ។
«មួយរយៈនេះរាងស្ងាត់ ហើយក្នុងមួយខែៗដូចគ្មានឃើញសល់អីទេ លក់ហើយទិញអីវ៉ាន់ និងចាយអស់ទៅវិញ»។ ស្រ្តីវ័យ៤៥ឆ្នាំរូបនេះ បានបន្ថែមថា៖ «កាលមុនសង្រ្គាម ភ្ញៀវទេសចរបរទេសក៏មកច្រើន ខ្មែរក៏មកច្រើន អ៊ីចឹងពេលពួកគាត់ដើរកាត់នេះ ជួយទិញយើងបានច្រើន តែចាប់តាំងពីមានសង្រ្គាមមក ភ្ញៀវទេសចរបរទេសស្ងាត់ គឺមានតែខ្មែរយើងទេឥឡូវនេះ»។
យ៉ាងណាក៏ដោយ អ្នកស្រី ទី កូលីន គ្មានបំណងផ្លាស់ប្តូរមុខរបរនេះទេ។ បើទោះបីជាអ្នកស្រី ធ្លាប់រកចំណូលបានច្រើន កាលលក់បាយនៅមុខអង្គរ ប៉ុន្តែអ្នកស្រីដឹងថា តូបដែលគេផ្តល់ឱ្យជំនួយទីតាំងចាស់រាងតូចបន្តិច ដែលអាចត្រឹមលក់កាហ្វេ និងភេសជ្ជៈមួយចំនួន ហើយអ្នកស្រីក៏មិនចង់ផ្លាស់ប្តូរទៅណាទៀតនោះដែរ។
និយាយលាយឡំនឹងសំណើច អ្នកស្រី កូលីន បញ្ជាក់ថា៖ «អត់អីទេអូន អាចបន្តទៅមុខទៀតបាន ព្រោះយើងមានកន្លែងខ្លួនឯង មិនបានជួលកន្លែងគេទេ អ៊ីចឹងទោះជាស្ថានភាពការលក់ដូរប៉ុន្មានខែនេះមានការពិបាក ខ្ញុំនៅតែអាចពុះពារទៅមុខទៀតបាន គ្រាន់បានសល់តិចតួច សម្រាប់ការចំណាយលើគ្រួសារ ហើយបើទៅថ្ងៃមុខ ទេសចរមានការកើនឡើងវិញ គឺយើងមានតែសប្បាយចិត្ត»។

ផ្ទុយពីនេះ អ្នកលក់ម្ហូបអាហារពីរនាក់ប្តីប្រពន្ធ នៅផ្លូវម្ខាងទល់មុខនឹងតូបលក់ស្លៀកបំពាក់របស់អ្នកស្រី ទឿម តុលា គឺពួកគាត់មានការមមាញឹកខ្លាំង ក្នុងការអាំងសាច់ រៀបចំបាយ និងទឹកជ្រលក់ដាក់ឱ្យភ្ញៀវ ព្រោះនៅក្នុងទិវារត់ប្រណាំងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ កាលពីថ្ងៃទី២ ខែសីហា កន្លែងលក់បាយនេះ មានភ្ញៀវចូលហូបច្រើន។
អ្នកស្រី ភុន សេរី បានឱ្យដឹងថា គាត់បានលក់ដូរនៅតំបន់អង្គរ ជាង៣០ឆ្នាំហើយ តែទើបបានមកចូលលក់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលរៀបចំដោយអាជ្ញាធរខេត្ត បានប្រមាណ៦ឆ្នាំ។ អ្នកស្រី បានឱ្យដឹងថា រយៈពេល៦ខែ ដើមឆ្នាំ ២០២៦នេះ រាងខ្សត់ភ្ញៀវ ប៉ុន្តែជាង១ខែចុងក្រោយនេះ ឃើញភ្ញៀវមករាងច្រើនគួរសម ក្នុងនោះក៏មានបរទេស ដើរជាក្រុមៗផងដែរ។
អ្នកស្រី ភុន សេរី បាននិយាយដោយទឹកមុខញញឹមថា៖ «ខ្ញុំបានត្រៀមម្ហូបអាហារច្រើនជាងសព្វដង អាចថាគុណនឹង៤ដងឯណោះ ព្រោះថ្ងៃនេះ គេរត់ម៉ារ៉ាតុង មានភ្ញៀវទេសចរ និងអ្នករត់មកច្រើន ហើយពិតណាស់ ខ្ញុំលក់ដាច់មែនទែន រកដកដៃមិនរួច»។
ចំណែកស្វាមីអ្នកស្រី ដែលកំពុងអាំងសាច់មាន់ និងត្រីឱ្យភ្ញៀវ កំពុងអង្គុយរង់ចាំនៅតុនោះ បានបន្ទរតាមពីក្រោយប្រពន្ធថា៖ «បើលក់ដាច់ដូចតែថ្ងៃនេះ មិនដឹងយកលុយទៅណាអស់ទេក្មួយ! ប៉ុន្តែវាមិនអ៊ីចឹងនោះទេ ព្រោះសព្វដង យើងលក់បានគួរសមតែនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ តែក៏មិនដាច់ខ្លាំងដូចថ្ងៃនេះនោះដែរ»។
យ៉ាងណាប្តីប្រពន្ធមានវ័យចំណាស់មួយគូនេះ បានដឹងរួចទៅហើយថា ស្ថានភាពលក់ដូរនៅក្នុងតំបន់រមណីយដ្ឋានអង្គរ បច្ចុប្បន្ននេះ វាមិនមែនជាឱកាស ដែលអាចឱ្យពួកគាត់រកបានចំណូលច្រើន ដូចពេលមុនកើតសង្រ្គាមឈ្លានពាននោះទេ ប៉ុន្តែពួកគាត់សប្បាយចិត្តនៅពេលឃើញមានរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ផ្សេងៗនៅអង្គរ ជាពិសេសព្រឹត្តិការណ៍ម៉ារ៉ាតុងនេះ ដោយសារមានអ្នកចូលរួមច្រើន ធ្វើឱ្យអាជីវករ និងអ្នករកស៊ី អាចរកបានចំណូលសម្រាប់យកទៅផ្គត់ផ្គង់គ្រួសារ។
សម្រាប់ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ ដែលបានរៀបចំនៅមុខអង្គរវត្ត កាលពីថ្ងៃទី២ ខែសីហា កន្លងមកនេះ មានអ្នកចូលរួមរត់សរុប ៦៥០០នាក់ កើនឡើង២៥% ធៀបនឹងឆ្នាំ២០២៥ ក្នុងនោះ អត្តពលិកខ្មែរមានចំនួន ៥ ៤៥០នាក់ និងអត្តពលិកអន្តរជាតិ ១ ០៥០នាក់ មកពី៥១ប្រទេស គឺអ្នករត់មកចិនច្រើនជាងគេ មាន ២០១នាក់ ជប៉ុន ១០០នាក់ និងចក្រភពអង់គ្លេស១០០នាក់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានគ្រប់គ្រងគណៈកម្មការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា អ្នកចូលទាំង ៦៥០០០នាក់ សុទ្ធតែបាននាំយកថវិកា ទៅចាក់ចូលចរន្តសេដ្ឋកិច្ច នៅខេត្តសៀមរាប ដោយម្នាក់ៗចំណាយមិនក្រោម៥០ដុល្លារនោះទេ។
លោកបញ្ជាក់ថា៖ «នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនៃម៉ារ៉ាតុងនេះ យើងគិតថា មិនតិចជាងកន្លះលានដុល្លារទេ ដែលចាក់ចូលសេដ្ឋកិច្ច ធ្វើឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អ្នកលក់ អ្នកប្រតិករទេសចរណ៍ អាជីវកម្មតូចតាចទាំងអស់ នៅខេត្តសៀមរាបសប្បាយចិត្តទាំងអស់គ្នា»។
លោក វ៉ាត់ ចំរើន បានឱ្យដឹងថា ចំនួនអ្នកចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុង នៅអង្គរ នឹងមានអត្តពលិកបរទេសចូលរួមកាន់តែច្រើន ជាពិសេជនជាតិចិន ព្រោះរាជរដ្ឋាភិបាល កំពុងអនុវត្តការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែន PRC ចូលមកកម្ពុជា ដោយអាចស្នាក់នៅបាន១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ ហើយនៅចុងឆ្នាំនេះ លោក ចំរើន ថា ការហោះហើរពីយូណាន់ មកសៀមរាប នឹងមានការហោះហើរ១ថ្ងៃ១ជើង ដែលកាន់តែស្រូបភ្ញៀវទេសចរពីចិនមកកម្ពុជាច្រើនឡើងថែមទៀត។
លោកថ្លែងថា៖ «បើសិនជាមិនមានអ្វីកើតឡើងទេ នៅឆ្នាំក្រោយ យើងត្រៀមជាមួយឯកអគ្គរដ្ឋទូតចិន (លោក Wang Wenbin) ដោយលោកជួយជំរុញថា ធ្វើម៉េចយើងឈានទៅដល់១ម៉ឺននាក់ នៅក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ នៅឆ្នាំក្រោយ។ នៅក្នុងដំណាក់កាលនេះ យើងមានតែរួបរួមគ្នា ធ្វើម៉េចទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន គឺយើងនឹងខិតខំធ្វើដើម្បីទេសចរណ៍ និងចរន្តសេដ្ឋកិច្ចរបស់យើងទាំងអស់គ្នា»។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានចូលរួម នៅក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ កាលពីថ្ងៃទី២ ខែសីហានោះដែរ ដោយលោកបានសាទរចំពោះភាគជោគជ័យនៃព្រឹត្តិការណ៍នេះ ហើយលោករំពឹងថា ទិវារត់ប្រណាំងនេះ នឹងមានអ្នកចូលរួមកាន់តែច្រើន ជាពិសេសបរទេស ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជាជួយទៅដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាជីវករជាអ្នកលក់ដូរធំតូច និងអ្នកប្រតិករទេសចរណ៍ នៅខេត្តសៀមរាបទាំងអស់គ្នា ទទួលបានចំណូលកាន់តែច្រើន។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ ទើបតែបានដាក់ចេញវិធានការគន្លឹះបន្ទាន់ ដើម្បីស្តារទំនុកចិត្ត និងជំរុញកំណើនទេសចរអន្តរជាតិ មកទស្សនាកម្ពុជាឡើងវិញ ដើម្បីពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា ហើយវិធានការនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី៤ ខែសីហា ដឹកនាំកិច្ចប្រជុំដោយលោក ហួត ហាក់។
កិច្ចប្រជុំនេះ ជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាពការងារ ដោះស្រាយបញ្ហាប្រឈម ឆ្លើយតបសំណូមពររបស់វិស័យឯកជន និងកំណត់វិធានការគន្លឹះសម្រាប់ស្តារ និងពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។
លោក ហួត ហាក់ បានថ្លែងថា កិច្ចប្រជុំនេះមានសារៈសំខាន់ និងទាន់សភាពការណ៍ ជាពិសេសក្នុងបរិបទដែល «វិស័យទេសចរណ៍កម្ពុជា កំពុងប្រឈមនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃភ្ញៀវទេសចរអន្តរជាតិ ក្នុងឆមាសទី១ ឆ្នាំ២០២៦» ដែលរងឥទ្ធិពលពីកត្តាប្រឈមជាច្រើន រួមមានព័ត៌មានអវិជ្ជមាន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ដូចជាភាពតានតឹង និងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យថ្លៃប្រេងឥន្ធនៈកើនឡើង និងប៉ះពាល់ដល់ការធ្វើដំណើរអន្តរជាតិ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីគាំទ្រវិស័យឯកជន ហើយភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺជាកម្លាំងដ៏ចាំបាច់ក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និងជំរុញការស្តារវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ»។
ជាមួយគ្នានោះ អង្គប្រជុំ បានវាយតម្លៃពីកិច្ចខិតខំប្រឹងប្រែងរបស់តំណាងភាគី រដ្ឋ ឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដែលសម្រេចបាននូវលទ្ធផលការងារវិជ្ជមាន ដោយវិធានការចំនួន២២ សម្រេចបានពេញលេញទាំងអស់ ហើយវិធានការទើបសម្រេចបានចុងក្រោយ គឺទី១ ការអភិវឌ្ឍតំបន់ភ្នំគូលែនជាតំបន់ទេសចរណ៍ធម្មជាតិ និងទី២ ការអភិវឌ្ឍខ្សែក្រវាត់បៃតង ដោយក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវាត់បៃតង នៅតំបន់ទេសចរណ៍ និងពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។
បន្ថែមលើនេះអង្គប្រជុំ បានពិនិត្យពិភាក្សាលើសំណូមពរទាំង១១របស់វិស័យឯកជន ដែលមានជាអាទិ ការស្នើសុំលើកលែងទិដ្ឋាការសម្រាប់ទីផ្សារគោលដៅ, មូលនិធិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីកសាងម៉ាកសញ្ញា និងជំរុញការផ្សព្វផ្សាយទេសចរណ៍ទៅក្រៅប្រទេស, ការដំឡើងកម្រិតព្រឹត្តិការណ៍ជាតិធំៗ ទៅជាកម្រិតអន្តរជាតិ, ការតភ្ជាប់ផ្លូវហោះហើរក្នុងស្រុកឱ្យកាន់តែងាយស្រួលពីគោលដៅទេសចរណ៍១ ទៅ ១ ទៀត, ការបង្កបរិយាកាសអនុគ្រោះបន្ថែមទៀតដល់ការវិនិយោគ និងធុរកិច្ចក្នុងវិស័យទេសចរណ៍។
កិច្ចពិភាក្សា ក៏បានផ្តោតលើសំណើក្នុងការជំរុញផ្លូវហោះហើរត្រង់ឱ្យបានច្រើនពីទីផ្សារគោលដៅសំខាន់ៗ ដែលទាមទារឱ្យមានការពិភាក្សាស៊ីជម្រៅរវាងទេសចរណ៍ អាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ និងផ្នែកឯកជន។ ជាលទ្ធផល អង្គប្រជុំបានស្នើដាក់ចេញនូវវិធានការចាំបាច់បន្ទាន់ និងវិធានការគន្លឹះជាក់លាក់ ដោយផ្តោតលើការស្តារកិត្តិនាម និងរូបភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ, ពង្រឹងទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ, ជំរុញការផ្សព្វផ្សាយទីផ្សារទេសចរណ៍ឱ្យកាន់តែសកម្ម, ទាក់ទាញ និងនាំយកព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗមករៀបចំនៅកម្ពុជាឱ្យបានកាន់តែច្រើន ព្រមទាំងជំរុញចលនាទេសចរណ៍ក្នុងស្រុកឱ្យកាន់តែផុលផុស៕










