សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋជិត៦ម៉ឺនគ្រួសាររងគ្រោះដោយទឹកជំនន់ ក្នុងនោះរាប់ពាន់​គ្រួសារត្រូវ​ជម្លៀសទៅទីទួលសុវត្ថិភាព

គ្រូ និងសិស្សានុសិស្សធ្វើដំណើរចេញពីវិទ្យាល័យមួយកន្លែងក្នុងស្រុកពួក ខេត្តសៀមរាប ដែលកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ប៉ា តុងចិន)
គ្រូ និងសិស្សានុសិស្សធ្វើដំណើរចេញពីវិទ្យាល័យមួយកន្លែងក្នុងស្រុកពួក ខេត្តសៀមរាប ដែលកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ប៉ា តុងចិន)

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកើនដល់ជាង ៥៧ ០០០ គ្រួសារ ក្នុងនោះជាង ៤ ៨០០ គ្រួសារ​ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈផ្ទៃដីដំណាំ​ស្រូវជាង ៧២ ០០០ ហិកតា​ត្រូវរងផលប៉ះពាល់ក្នុង​ខេត្តចំនួន១០នៅ​កម្ពុជា។ នេះបើ​តាមរបាយការណ៍របស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹម​ល្ងាច​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

អ្នកនាំពាក្យគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បញ្ជាក់​នៅ​ថ្ងៃ​​ទី២៩ ខែកញ្ញាថា ខេត្តចំនួន១០ ស្មើនឹង៥៣ក្រុង-ស្រុក ដែលរួមមាន​បាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និង​ឧត្តរ​មានជ័យ កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ លោកបន្តថា ពលរដ្ឋ​ដែល​រងផល​ប៉ះពាល់សរុបមានចំនួន ៥៧ ៩៨០ គ្រួសារ(ស្មើនឹង ៥១ ៨៧៤ ខ្នងផ្ទះ) កើនឡើង​ចំនួន ១៣ ០៩១ គ្រួសារ បើធៀបនឹងតួលេខនៅថ្ងៃទី២៧ ខែកញ្ញា។

លោកបញ្ជាក់ថា ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ជាខេត្ត​ដែល​រង​ផល​ប៉ះពាល់ខ្លាំង​ជាងគេ។ ក្នុងនោះពលរដ្ឋដែលរងប៉ះពាល់នៅខេត្តបាត់ដំបងមានចំនួន ៣២ ៤៤៧ គ្រួសារ ក្នុងនោះជម្លៀសទៅទីទួលសុវត្ថិភាពមាន ១ ៤៨៧ គ្រួសារ ចំណែកស្រូវ​ប៉ះ​ពាល់​ចំនួន ៤៧ ២៥០ ហិកតា។

យ៉ាងណាមិញ តួលេខរបស់មន្ទីរព័ត៌មានខេត្តបាត់ដំបងដែលបានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញានេះលើសតួលេខរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ។ មន្ទីរព័ត៌មាន​ខេត្តបាត់ដំបង​បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៨ ខែកញ្ញា ជំនន់ទឹកភ្លៀងបានបង្ក​ផល​ប៉ះពាល់​ដល់ក្រុងស្រុកចំនួន១៤ក្នុងខេត្តបាត់ដំបង។ ក្នុងនោះមានផ្ទះពលរដ្ឋជាង ៣៦ ០០០ ខ្នង ស្មើនឹងជាង ៤៣ ៦០០គ្រួសារ និងមានពលរដ្ឋ ២ ៧០០គ្រួសារ និង​មនុស្ស​ជាង​១១ ០០០ នាក់ ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព។

ប្រភពបន្តថា ទឹកជំនន់នេះបានលិចលង់ដំណាំស្រូវសរុបជាង ៩២ ៧០០ ហិកតា ដែលមាន​ស្រូវ​ទុំជាង ១៤ ៤០០ហិកតា និងដំណាំរួមផ្សំជាង ១៤ ៧០០ ហិកតា។ ទំហំការ​ខូចខាត​នេះ អាជ្ញាធររំពឹងថានឹងអាចស្តារឡើងវិញបានប្រមាណជាង ៣៧ ៨០០ ហិកតា ក្រោយ​ពេល​ទឹកស្រកនាពេលខាងមុខ។

ងាកមកលោក សុទ្ធ គឹមកុលមុន្នី វិញបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មានពលរដ្ឋ​រងផល​ប៉ះពាល់​ចំនួន ៣ ២១៤ គ្រួសារ ក្នុងនោះជម្លៀសចេញចំនួន ១ ៤៨១ គ្រួសារ និងប៉ះពាល់ស្រូវចំនួន ១២ ០១៨ ហិកតា។ ដោយឡែក ខេត្តសៀមរាបវិញលោកថា ប៉ះ​ពាល់​ពលរដ្ឋចំនួន ១២ ៣៣៣ គ្រួសារ  ជម្លៀសចេញ ១៧៣ គ្រួសារ និងប៉ះពាល់​ស្រូវ​ចំនួន ៤ ៨៦២ ហិកតា។

លោកបន្តថា ទឹកទន្លេមេគង្គនៅស្ថានីយសំខាន់ៗភាគច្រើននៅក្រោមកម្រិតប្រុងប្រយ័ត្ន និងមាននិន្នាការស្រកចុះ។ លោកបន្តថា ស្ថានភាពទឹកនៅខេត្តបន្ទាយមានជ័យ​ផ្នែក​ខាង​លើ​​បានស្រកមកប្រក្រតីវិញហើយ គិតត្រឹមថ្ងៃត្រង់នាថ្ងៃទី២៩ ខែកញ្ញានេះ។

លោកបញ្ជាក់ថា៖ «នៅខាងប៉ោយប៉ែត ទឹកចាប់ផ្ដើមស្រកបណ្ដើរៗហើយ ប៉ុន្តែទឹកនោះ​បាន​​ធ្លាក់​មកតាមស្ទឹងសិរីសោភណ្ឌ ធ្វើឱ្យតំបន់នៅតាមជុំវិញស្ទឹងសិរីសោភណ្ឌ​មានការ​កើន​ឡើង និងមានការជន់លិច ប៉ុន្តែមិនមានបង្កផលប៉ះពាល់»។

លោក គឹមកុលមុនី បន្ថែមទៀតថា នៅខេត្តបាត់ដំបងនឹងផុតពីការជន់លិច បើមិនមាន​ភ្លៀង​​​ធ្លាក់បន្តទៀត៖ «ហើយតាមដងស្ទឹងសង្កែក៏ចាប់ផ្ដើមស្រកបណ្ដើរៗហើយ។ ល្ងាច​នេះ​បើទឹកស្រកទៀត ទឹកដែលលិចក្នុងក្រុងអាចចូលក្នុងស្ទឹងវិញ»។

លោក តាន់ វ័យ កំពុងមើលគោនៅក្បែរវាលស្រែដែលរងការជន់លិចក្នុងស្រុកពួក ខេត្តសៀមរាប ហើយស្រូវរបស់លោកជាង ១ហិកតា ក៏កំពុងរងការជន់លិចដែរ។ រូបភាពថតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។។ (ខេមបូចា/ប៉ា តុងចិន)

រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា គិតត្រឹមវេលាថ្ងៃត្រង់នៃថ្ងៃទី២៩ ខែកញ្ញានេះថា ស្ថានភាព​ទឹកស្ទឹងសង្កែក្រុងបាត់ដំបងបន្តស្រកចុះមកត្រឹមកម្ពស់ ១៣.៥០ម៉ែត្រ ដែល​ជា​កម្រិតក្រោមប្រកាសអាសន្ន។

អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៤ ដល់​ទី២៨ ខែកញ្ញា ក្រុងស្រុកទាំងអស់នៃខេត្តសៀមរាបសុទ្ធតែ រងផលប៉ះពាល់ដោយសារ​ជំនន់ទឹកភ្លៀងនេះ។ ក្នុងនោះលោកថា ពលរដ្ឋដែលប៉ះពាល់សរុបមានជាង ១៥ ០០០ គ្រួសារ ដោយប៉ះពាល់ធ្ងន់ធ្ងន់មានជាង ១ ៤០០គ្រួសារ និង ២៦គ្រួសារបានជម្លៀស​ទីទួល​សុវត្ថិភាព។

លោកបន្តថា ជំនន់ទឹកភ្លៀងនេះ ក៏ប៉ះពាល់ដល់សាលារៀន ៦០កន្លែង មន្ទីរពេទ្យ និង​មណ្ឌលសុខភាព ៩កន្លែង រួមនិងវត្តនិងទីតាំងសាសនាចំនួន ១៨កន្លែង។ ចំណែក​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវថ្នល់ជាច្រើនរងការជន់លិច ប៉ុន្តែគិតត្រឹមថ្ងៃទី២៩ ខែកញ្ញានេះ ស្ថានភាព​​ទឹកបានស្រកទៅវិញអស់ហើយ។ យ៉ាងណាលោកថា វាបានបន្សល់​ការខូចខាត​កំណាត់​ផ្លូវជាតិ និងផ្លូវបេតុងសរុបជាង ៧០ម៉ែត្រ និងផ្លូវដីប្រមាណ ៤៥០០ម៉ែត្រ។

លោកថ្លែងថា៖ «ឥឡូវនេះនៅសល់ទឹកដក់តែខាងជីក្រែងលើផ្លូវបន្តិចទេ។ ក្រៅពីហ្នឹង​ គឺទឹកបានចូលមកក្នុងស្ទឹងវិញ ចូលប្រព័ន្ធប្រឡាយអស់ហើយ វាលែងបែក​ស្ញែកទៀត​ហើយ»។

លោកបន្តថា ស្រូវពង្រោះរបស់ពលរដ្ឋប្រមាណជាង ២៦ ០០០ ហិកតាក៏រងការជន់លិច​ដែរ ប៉ុន្តែនៅមិនទាន់ដឹងថាខូចខាតប៉ុន្មាននៅឡើយ ដោយរង់ចាំការចុះបូកសរុបសិន។

លោកសន្និដ្ឋានថា៖ «ឥឡូវស្រូវហ្នឹងគឺវាខូចខាត វាមិនមែនប៉ះពាល់ទៀតទេ។ ខូចខាត​យើងត្រូវធ្វើផែនការមួយស្នើសុំពូជ ពីគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ និង​ក្រសួង​សេដ្ឋកិច្ចដែលមានការពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅវិញ»។

បើតាមលោក គឹមលាង សុវត្ថិភាព និងទ្រព្យសម្បត្តិពលរដ្ឋ ជាអទិភាពដែលអាជ្ញាធរ​ពាក់​ព័ន្ធ​​​បាន​យកចិត្តទុកដាក់ បន្ទាប់មកគឺហេដ្ឋារចនាសម្ព័ន្ធ និងដំណាំស្រូវ។

សម្រាកលើអង្រឹងក្រោមដើមឈើក្បែរវាលស្រែ លោក តាន់ វ័យ មានអាយុ ៦៧ឆ្នាំប្រាប់ថា ភ្លៀងជាប់ៗគ្នា បានបង្កឱ្យផ្ទះអ្នកភូមិមួយចំនួនដែលរស់នៅក្នុងភូមិប្រយុទ្ធ នៃស្រុកពួក ខេត្ត​​សៀមរាប លិចដល់ជើងសសរផ្ទះ និងខ្លះលិចចូលដល់ក្រោមផ្ទះក៏មាន។ ចំណែក​ស្រូវ​ពង្រោះដែលកំពុងបែកគុម្ព លោកថាត្រូវបានជំនន់ទឹកភ្លៀងពន្លិចឱ្យនៅត្រាំក្នុងទឹក ខ្លះ​នៅ​សល់​ចុងឡឹមៗ និងខ្លះលិចបាត់ទាំងស្រុង។

ក្នុងចំណោមស្រូវដែលរងការជន់លិចនេះ ក៏មានស្រូវរបស់លោកតា វ័យ ជាង ១ហិកតា​ដែរ ដែលកន្លងមកលោកមើលថែ ដាក់ជី និងបាញ់ថ្នាំស្មៅសរុបអស់ប្រហែល ៣ទៅ ៤លានរៀល រហូតលូតលាស់ស្មើនឹងចង្កេះ។

លោកបន្តថា៖ «ភ្លៀង ៣យប់ ៣ថ្ងៃ លិចទាំងដំណាំ! លិចទាំងអីទាំងអស់! លិចទាំងស្រែ​ទៀត!»​។

ទោះបីមេឃរាំងភ្លៀង២ថ្ងៃជាប់គ្នាហើយក៏ដោយ ប៉ុន្តែលោកថាមិនទាន់បានទៅមើលស្រូវ​នៅឡើយ ព្រោះជាប់មើលគោ ហើយណាមួយផ្លូវទៅស្រែនៅលិចទឹកនៅឡើយ។ យ៉ាងណា​បុរសមាឌល្អិត សម្បុរសណ្តែកបាយរូបនេះនិយាយដោយមិនស្ទាក់ស្ទើរថា ស្រូវរបស់គាត់ទំនងមិនអាចគេផុតពីការរលួយទេ ព្រោះគិតត្រឹមថ្ងៃទី២៩ ខែកញ្ញានេះ លិចទឹក ៥ថ្ងៃហើយ។

លោកនិយាយដោយមិនស្ទាក់ស្ទើរថា៖ «តែ៣ ៤យប់ខូចអស់! វាលិចពីនេះ ទម្រាំ​ដល់​បិណ្ឌធំ​(ភ្ជុំបិណ្ណ)មកលិចទៀត អស់បណ្ដោយ»។

និយាយដោយសម្តីមួយៗថា ឆ្នាំនេះទឹកជំនន់ហក់ឡើងលឿន ខណៈរាល់ឆ្នាំទាល់តែ​ថ្ងៃ​បុណ្យភ្ជុំធំ ឬក្រោយភ្ជុំទើបមានទឹកជំនន់។ យ៉ាងណាកសិករដែលអាស្រ័យផល​ពីការ​ចិញ្ចឹម​គោ និងធ្វើស្រែរូបនេះ អះអាងថា ទឹកជំនន់តែងតែបន្សល់ការខូចខាតស្រូវ​របស់​គាត់​រាល់ឆ្នាំកម្រខាន។

អ្នកស្រី តែ ម៉ារ័ត្ន ជាកសិករម្នាក់នៅស្រុកពួក ខេត្តសៀមរាប កំពុងដើរពិនិត្យស្រូវទុំរបស់គាត់ដែលរងការជន់លិចជាច្រើនថ្ងៃ។ រូបភាពថតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ហុង សេរីហ្វុង)

ចំណែកស្រូវប្រាំងប្រមាណ ១ហិកតា របស់គ្រួសារអ្នកស្រី តែ ម៉ារ័ត្ន ដែលជាកសិករ​ម្នាក់ទៀត​នៅឃុំពួកដដែលនេះ ក៏ត្រូវលិចលង់អស់គ្មានសល់។ អ្នកស្រី ម៉ារ័ត្ន ដែល​គ្មាន​ស្រែចម្ការផ្ទាល់ខ្លួន មានតែធ្វើស្រែប្រាំងរួមជាមួយប្អូនស្រី ដោយប្អូនរបស់គាត់ប្រមូលផល​លើកដំបូងយក និងពេលសារស្រូវលាស់ផ្លែជាថ្មី នោះគាត់ជាអ្នកប្រមូលផល។

នៅមុនពេលមានជំនន់ទឹកភ្លៀង អ្នកស្រី និងប្តី បានគិតគ្នាថាស្រូវនោះអាចប្រមូល​ផល​បាន​ប្រហែល ៥០០គីឡូ ដែលអាចហូបបានខ្លះ និងដកលក់បានខ្លះ។ ក៏ប៉ុន្តែពួកគាត់ទើប​ច្រូត​បានប្រហែលមួយរ៉ឺម៉កប៉ុណ្ណោះ ក្រៅពីនោះត្រូវលិចទឹកទាំងអស់។ អ្វីដែលអ្នកស្រី​សោកស្តាយ​បំផុតនោះ គឺស្រូវដែលច្រូតហើយខំជញ្ជូនទុកក្រោមរោង ក៏ត្រូវដុះ​ជា​ពន្លក​អស់។

អ្នកស្រីលើកឡើងថា៖ «សោកស្តាយខ្លាំង ខំច្រូតហាលភ្លៀងហាលផ្គរ ហើយខំជញ្ជូនមក អូសផង ជញ្ជូនផង ទម្រាំបានមកដល់គោក ឥឡូវខូចអស់រលីង ដុះអស់»។

អ្នកស្រីថា៖ «រំពឹងថាយើងបានលក់ខ្លះ បានហូបខ្លះ ដល់អញ្ចេះទៅវាខូចអស់ទៅ ជំពាក់​ជី​​គេ​ទៀត»។ អ្នកស្រីបន្ថែមថា៖«យើងអត់លុយហើយ អត់អីហូបហើយ ដល់ពេលខូច​អស់អ៊ីចឹងទៀត អត់មានអីរំពឹងទេ មានតែខ្ចីអង្គការ»។

បើតាមអ្នកស្រី ម៉ារ័ត្ន ស្រូវប្រាំងឆ្នាំនេះចំណាយអស់ជាង ១លានរៀល ប៉ុន្តែចុងក្រោយ​ខាត​ទាំងអស់​។ បច្ចុប្បន្នប្តីរបស់អ្នកស្រីបានចេញទៅជួលបន្ទប់ស្នាក់នៅ​ធ្វើការសំណង់​នៅស្រុកស្រីស្នំ ខណៈអ្នកស្រីលក់បបរពេលព្រឹក និងលក់អន្សមអាំងពេលរសៀល ដើម្បី​រកលុយបង់បំណុលធនាគារ និងជួយកូនស្រីម្នាក់ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅ​រាជធានី​ភ្នំពេញ។

អ្នកស្រីស្នើថា៖ «សំណូមពររាជរដ្ឋាភិបាលឱ្យមានជួយនៅភូមិប្រយុទ្ធសុទ្ធតែក្រីក្រដែរ ហើយស្រូវក៏លិចអស់អត់មាន សុំជាពូជក៏បាន ជាអង្ករក៏បានដែរ»។

អំឡុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ​​នៅថ្ងៃ​ទី២៨ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ពលរដ្ឋថា​នឹងឱ្យអាជ្ញាធរ​ខេត្តជួយមើលពលរដ្ឋ។

លោកថ្លែងថា៖ «បន្តិចទៀតទឹកស្រកវិញ យើងជួយស្តារវិញ។ ឥឡូវសំខាន់យើង​សុវត្ថិភាព​​ខ្លួន​សិន»។

លោក ហ៊ុន ម៉ាណែត សរសើរស្មារតីរឹងមាំរបស់ពលរដ្ឋនៅក្រុងប៉ោយប៉ែត និងតំបន់ជុំវិញ ដែលប្រឈមនឹងការលំបាកផ្ទួនៗក្នុងរយៈពេលជាងមួយឆ្នាំនេះ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម